ជំងឺ​ខ្យល់គ រោគ​ដែល​តែង​កើតឡើង​នៅក្នុង​រដូវក្ដៅ

June 12, 2019​ ម៉ោង 10:54 am

បច្ចុប្បន្ន​សភាវ​ពិភពលោក​ឡើង​កម្ដៅ​ជា​បញ្ហា​ដែល​មនុស្ស​គ្រប់រូប​ផ្ដល់​ការ​យកចិត្ត​ទុកដាក់​ ព្រោះ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ សីតុណ្ហភាព​ពិភពលោក​មាន​សញ្ញា​ថា​នឹង​កើន​ខ្ពស់​ឡើង​ជា​រឿយ​ៗ សម្រាប់​ប្រទេស​យើង​វិញ​ ខណៈនេះ​សភាព​ធាតុអាកាស​ក្ដៅ​ខ្លាំង​ជាង​រាល់​ឆ្នាំ​ ធ្វើ​ឱ្យ​ប្រជាជន​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ធ្លាក់ខ្លួន​ឈឺថ្កាត់​ដោយ​ជំងឺ​ជាច្រើន​ ដូចជា​ជំងឺ​ខាង​ប្រព័ន្ធ​រំលាយអាហារ​ ដែល​កើត​ពី​ការ​ទទួលទាន​អាហារ​ និង​ទឹកដែល​មាន​មេរោគ​ប្រឡាក់ប្រឡូស​ញឹកញាប់​បំផុត​ តែ​ជំងឺ​ដែល​មានការ​និយាយ​ដល់តិច​បំផុត​ តែ​មាន​អ្នក​កើត​ញឹកញាប់​បំផុត​ក្នុង​រដូវក្ដៅ​នោះ​គឺ​ “ជំងឺ​ ហ៊ី​ត ស្ត្រូ​ក” (Heat​ Stroke​) ឬ “ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​” ហ្នឹងឯង​។

អាការ​របស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក
ហ៊ី​ត ស្ត្រូ​ក ជា​ជំងឺ​ដែល​បណ្ដាលមកពី​រាងកាយ​បាន​ទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក​ រហូត​ធ្វើ​ឱ្យ​កម្ដៅ​ក្នុង​រាងកាយ​(Core​ Temperature​)ខ្ពស់​ជាង​ 40អង្សាC​។ អាការ​ជាដំបូង​ មាន​ដូចជា​ អស់​កម្លាំង​ នឿយ​ល្វើយ​ មិន​ឃ្លាន​អាហារ​ ក្អួតចង្អោរ​ វិតក្ក​កង្វល់​ វិលវល់​ សម្ពាធ​ឈាមធ្លាក់​ចុះ​ ងងឹតមុខ​ និង​អាច​មាន​អាការ​បន្ថែម​ទៀត​ ដូចជា​ សភាវ​ខ្វះ​ជាតិ​ទឹក​ ដង្ហក់​ បេះដូង​ដើរខុស​ចង្វាក់​ប្រកាច់​ លែង​ដឹង​ខ្លួន​ ដែល​ទាំងអស់​នេះ​ បើ​មិនបាន​ទទួលការ​ព្យា​បា​លភ្លាមៗ​ទេ​នោះ​ អាច​នឹង​នាំទៅ​ដល់​ការ​ស្លាប់​បាត់បង់ជីវិត​បាន​។

បុគ្គល​ដែល​មាន​ភាព​ប្រថុយប្រថាន​ថា​នឹង​កើតជំងឺ​ ហ៊ី​ត ស្ត្រូ​ក
បុគ្គល​ដែល​មាន​ភាព​ប្រថុយប្រថាន​ថា​នឹង​កើតជំងឺ​ ហ៊ី​ត ស្ត្រូ​ក មាន​ដូចជា​ ទាហាន​ដែល​កំពុង​ហ្វឹកហាត់​ដោយ​មិនបាន​ត្រៀម​រាងកាយ​ក្នុង​ការ​ប្រឈម​នឹង​សភាព​ធាតុអាកាស​ក្ដៅ​ រួម​ទាំង​បណ្ដា​អ្នកកីឡា​ស្ម័គ្រចិត្ត​ និង​អ្នក​ដែល​ធ្វើការងារ​ក្នុង​សភាព​ធាតុអាកាស​ដែល​ក្ដៅ​ខ្លាំង​(កម្មករ​សំណង់​) មនុស្សចាស់​ កូនក្មេង​ អ្នក​មិនបាន​គេង​សម្រាក​ អ្នកទទួល​ទាន​ស្រា​ច្រើន​ និង​អ្នក​ដែល​កើតជំងឺ​លើសឈាម​ជាដើម​។

សញ្ញា​សំ​ខាន់​ៗរបស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក
សញ្ញា​សំ​ខាន់​ៗរបស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក គឺ​គ្មាន​ចេញ​ញើស​ ខ្លួនប្រាណ​ក្ដៅ​ឡើង​ជា​រឿយ​ៗ មាន​អារម្មណ៍​ស្រេកទឹក​ខ្លាំង​ វិលមុខ​ ងងឹតមុខ​ ភាំង​ៗ ក្អួត​ចង្អោរ​ ដង្ហក់​ ដែល​ទាំងអស់​នេះ​មាន​សភាព​ខុស​ប្លែក​ពី​ការនឿយហត់​ដោយសារ​កម្ដៅថ្ងៃ​ទូទៅ​ដែល​មាន​ញើស​ចេញ​មក​។ បើ​មាន​កើត​អាការ​ដូច​ខាងដើម​ ត្រូវ​ឈប់​ធ្វើការងារ​ភ្លាម​ និង​សម្រាក​ជាបន្ទាន់​។

បើ​ប្រទះឃើញ​អ្នក​កើតជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​(ហ៊ី​ត ស្ត្រូ​ក) យើង​អាច​ជួយ​បឋម​ព្យាបាល​បាន​តាមរយៈ​ ៖
– នាំ​អ្នក​ដែល​កើត​អាការ​នោះ​ចូលក្នុង​ម្លប់​ ដាក់​ឱ្យ​គេង​រាប​ លើកជើង​ទាំងសងខាង​ឡើង​ខ្ពស់​ ដោះ​សម្លៀកបំពាក់​ចេញ​។
– យក​កន្សែង​ជ្រលក់​ទឹក​ត្រជាក់​ ឬទឹកកក​មក​ដាក់​ស្អំ​តាម​ខ្លួនប្រាណ​ ជាពិសេស​នៅត្រង់​បំពង់ក​ក្លៀក​ ត្រគាក​ ក្បាល​ រួម​ជាមួយ​ការ​បើក​កង្ហារ​ឱ្យ​បក់​ជួយ​បំ​ភាយ​កម្ដៅ​ផង​។
– ចាក់ទឹក​ត្រជាក់​ស្រោច​លើ​ខ្លួនប្រាណ​ ដើម្បី​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ឱ្យ​ធ្លាក់ចុះ​ឱ្យ​បាន​ឆាប់​បំផុត​ ហើយ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​។

វិធីការ​ពារ​ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​គឺ​៖
– បើសិន​ដឹងខ្លួន​ថា​ ត្រូវ​ទៅ​ធ្វើការ​នៅ​កណ្ដាល​សភាព​អាកាសធាតុ​ដែល​ក្ដៅ​ គួរតែ​ត្រៀមខ្លួន​ដោយ​ការហាត់ប្រាណ​នៅ​កណ្ដាលវាល​ឱ្យ​បាន​ជាប់លាប់​ យ៉ាងហោចណាស់​ 1សប្ដាហ៍​ 3ដង​ ម្ដង​ៗយ៉ាងតិច​ 30នាទី​ ដើម្បី​ឱ្យ​រាងកាយ​ស៊ាំ​ធ្លាប់​ជាមួយ​សភាព​ធាតុអាកាស​ក្ដៅ​។
– ញ៉ាំទឹក​ 1-2កែវ​ មុន​ចេញពីផ្ទះ​ក្នុង​ថ្ងៃ​ដែល​មាន​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ហើយ​បើសិន​ត្រូវ​ស្ថិតនៅ​កណ្ដាល​សភាព​ធាតុអាកាស​ក្ដៅ​ ឬហាត់ប្រាណ​កណ្ដាល​សភាព​អាកាសធាតុ​ក្ដៅ​ គួរ​ញ៉ាំទឹក​ឱ្យ​បាន​ 1-ម៉ោង​ 1លីត្រ​។ ទោះជា​មិនសូវ​មាន​អារម្មណ៍​ស្រេកទឹក​ក៏ដោយ​ ហើយ​ទោះជា​ធ្វើការ​នៅ​ក្នុង​ទី​ម្លប់​ក៏ដោយ​ ក៏​គួរតែ​ញ៉ាំទឹក​ឱ្យ​បាន​យ៉ាងតិច​ 1ថ្ងៃ​ 6-8-កែវ​ដែរ​។- ស្លៀក​សម្លៀកបំពាក់​ដែល​មាន​ពណ៌​ស្រាល​ៗមិន​ក្រាស់​ មាន​ទម្ងន់​ស្រាល​ និង​អា​ចបំ​ភាយ​កម្ដៅ​បាន​ល្អ​។
– មុន​ចេញពីផ្ទះ​ គួរ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​។
– ចៀសវាង​ពី​ការ​ស្ថិតនៅ​កណ្ដាលវាល​ ក្នុង​ថ្ងៃ​ដែល​ធាតុអាកាស​ក្ដៅ​ខ្លាំង​។
– ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ប្រតិកម្ម​ចាញ់​ ថ្នាំ​ផ្ដាសាយ​ ជាពិសេស​មុន​ពេល​ហាត់ប្រាណ​ ឬស្ថិត​នៅ​កណ្ដាល​សភាព​ធាតុអាកាស​ក្ដៅ​រយៈពេល​យូរ​។
– ចៀសវាង​ពី​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ និង​គ្រឿងញៀន​គ្រប់​ប្រភេទ​។
– ចំពោះ​ក្មេង​តូច​ និង​មនុស្សចាស់​ជរា​ គួរ​បាន​ទទួលការ​មើលថែ​ទាំ​ជាពិសេស​ ត្រូវ​រៀបចំ​ឱ្យ​ស្ថិតនៅ​ក្នុង​បន្ទប់​ដែល​មាន​ខ្យល់អាកាស​ចេញ​ចូល​ល្អ​ និង​កុំ​បណ្ដោយ​ឱ្យ​កូនក្មេង​ និង​ជន​ជរា​ស្ថិត​នៅក្នុង​រថយន្ត​ដែល​បិទ​ជិត​តែម្នាក់ឯង​៕