សុខភាព​ល្អ ដោយ​ការជ្រើសរើស​ទទួលទាន​អាហារ​តាម​វ័យ

មានឈ្មោះ​ថា​ អាហារ​ មិនថា​តែ​បង្អែម​ ឬចម្អាប​ឡើយ​ ឡា​រ៉ែ​ន ជឿ​ថា​ នរ​ណាៗ​ក៏​ចាប់​អារម្មណ៍​ដែរ​ ប៉ុន្តែ​ តើមាន​ប៉ុន្មាន​អ្នក​ទៅ​ ដែល​យកចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើ​ឱ្យ​អាហារ​ដែល​លោកអ្នក​កំពុង​ទទួលទាន​នោះ​ស័ក្តិសម​ត្រូវ​នឹង​វ័យ​ និង​មានប្រយោជន៍​ មានគុណ​តម្លៃ​ដល់​រាងកាយ​របស់​ខ្លួនឯង​នោះ​? យើង​គួរតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​ត្រូវ​ និង​តាម​អំឡុង​ពេល​របស់​អាយុ​ ឬវ័យ​របស់​យើង​ ព្រោះ​ក្នុងអំឡុងពេល​នៃ​វ័យ​នី​មួយ​ៗ វា​មាន​ភាព​ខុសប្លែក​ពីគ្នា​ខាង​ការ​វិវឌ្ឍ​របស់​រាងកាយ​ និង​លក្ខណៈ​ការរស់នៅ​។

រឿងរ៉ាវ​របស់​ចំណីអាហារ​ដែល​ពាក់ព័ន្ធ​នឹង​វ័យ​ទាំង​ 4 របស់​មនុស្ស​ មិនមែន​ជា​រឿង​ពិបាក​យល់​នោះ​ឡើយ​ លោកអ្នក​អាច​សាកល្បង​ធ្វើតាម​ដូច​ខាងក្រោម​៖
ក្នុង​អំឡុង​អាយុ​ចាប់ពី​ 20ឆ្នាំ​ឡើង​ទៅ​ គឺជា​អំឡុង​ពេល​ដែល​រាងកាយ​មានការ​វិវឌ្ឍ​ និង​ចម្រើន​ធំធាត់​ពេញទំហឹង​ មិនថា​តែ​រឿង​ការរៀនសូត្រ​ ឬការ​ធ្វើការងារ​ឡើយ​ ហើយក៏​ជា​វ័យ​ដែល​សកម្ម​ មិន​ចេះ​នឿយហត់​ ហើយ​រឹតតែ​សកម្ម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ច្រើន​ប៉ុនណា​ រាងកាយ​ក៏​រឹតតែ​ដុត​បំផ្លាញ​ និង​ប្រើប្រាស់​កម្លាំងថាមពល​ច្រើន​ប៉ុន​នោះ​ដែរ​ ដូច្នេះ​យើង​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​បាន​ស័ក្តិសម​នឹង​តម្រូវការ​របស់​រាងកាយ​ក្នុង​វ័យ​នោះ​។
ក្នុង​វ័យ​នេះ​ ចូរ​ជ្រើសរើស​ទទួលទាន​ពពួក​សាច់សត្វ​ និង​សណ្តែក​ផ្សេង​ៗ រួម​ទាំង​បាយ​ និង​ម្សៅ​ជា​អាហារ​លំដាប់​ទី1​ តាមដោយ​បន្លែ​-ផ្លែឈើ​ជា​អាហារ​លំដាប់​ទី2​ ចំណែក​ឯទឹកដោះគោ​ និង​អាហារ​ជំនួស​ជាតិ​កាល់ស្យូម​ផ្សេង​ៗដូចជា​ តៅហ៊ូ​ ទឹក​សណ្តែក​លឿង​ ដើម្បី​បង្កើន​កាល់ស្យូម​ជា​អាហារ​លំដាប់​ទី3​ និង​ចូរ​ផ្តល់​ភាព​សំខាន់​ចំពោះ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ជាលំដាប់​ក្រោយ​គេ​បង្អស់​។
សាច់​ត្រី​ជា​អាហារ​ជំនួយ​ខួរក្បាល​ដែល​ជួយ​រក្សា​ព្យាបាល​ជញ្ជាំង​កោសិកា​ប្រសាទ​ក្នុង​ខួរក្បាល​ឱ្យ​រឹងមាំ​ មិនឆាប់​ភ្លេចភ្លាំង​។ បន្លែ​ពណ៌បៃតង​ដូចជា​ ត្រកួន​ កញ្ឆែត​ ខាត់ណា​ សណ្តែក​គួ​ ជួយ​បំប៉ន​ខ្សែភ្នែក​ សាង​ឆ្អឹង​ និង​ធ្មេញ​ឱ្យ​រឹងមាំ​។

វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 3
អាយុ​ឡើង​ដល់​លេខ3​ នាំមុខ​ មនុស្សជា​ច្រើន​ចាប់ផ្តើម​ភ័យ​ ប៉ុន្តែ​ការ​ចេះ​ជ្រើសរើស​ទទួលទាន​អាហារ​ នឹង​ធ្វើ​ឱ្យ​អ្នកឯទៀត​មិន​អាច​ស្មាន​ដឹងពី​អាយុ​របស់​អ្នក​តាមរយៈ​រូបរាង​ ឬមុខមាត់​បាន​ឡើយ​។ ក្នុង​អំឡុង​វ័យ​ចាប់ផ្តើម​ជា​មនុស្សចាស់​នេះ​ តម្រូវការ​ផ្នែក​ថាមពល​នៅតែ​មាន​ ព្រោះ​ជា​ចន្លោះ​ជីវិត​នៃ​ការ​ធ្វើការងារ​ តែ​ត្រូវ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​ក្នុង​រឿង​ជាតិ​ខ្លាញ់​ និង​កូ​លេ​ស្តេ​រ៉ូល​ ដែល​អាច​មានផល​ប៉ះពាល់​ដល់​រូបរាង​ មុខមាត់​សម្បក​ក្រៅ​ដែល​មើលឃើញ​មានការ​ប្រែប្រួល​បាន​យ៉ាង​ច្បាស់​។ ដូច្នេះ​គួរ​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ដូចជា​ សាច់​ជ្រូក3ជាន់​ ប៊័រ​ដុំ​ និង​ខ្ទិះ​ជាដើម​។
លោកអ្នក​អាច​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ ដូចជា​ ត្រី​សមុទ្រ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ ពពួក​គ្រាប់​សណ្តែក​ស្ងួត​ ដូចជា​ សណ្តែក​ក្រហម​ សណ្តែក​ខៀវ​ សណ្តែក​លឿង​ ជួយ​កាត់បន្ថយ​ភាព​ប្រថុយ​ពី​ជំងឺបេះដូង​ និង​មាន​ប្រូ​តេ​អុីន​ខ្ពស់​ និង​អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់​ដែល​ជួយ​ឱ្យ​ឆ្អែត​ពោះ​បាន​យូរ​ និង​មាន​ផល​ល្អ​ដល់​ពោះវៀនធំ​ទៀតផង​។

វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 4
ដោយសារតែ​សភាព​រាងកាយ​ចាប់ផ្តើម​ប្រែប្រួល​ ជាពិសេស​ចំពោះ​ស្ត្រី​ ឯបុរស​ក្នុង​វ័យ​នេះ​វិញ​ក៏​ចាប់ផ្តើម​មាន​រោ​គា​ផ្សេង​ៗកើតឡើង​ដែរ​ តែ​ទាំងអស់​នេះ​ការ​ពន្យារ​វ័យ​ ឬការ​ការពារ​រោគា​ផ្សេង​ៗដែល​មក​ជាមួយ​វ័យ​ មិនបាន​លំបាកលំបិន​ហួសពី​យើង​អាច​ធ្វើ​បាន​នោះ​ឡើយ​។
សម្រាប់​ចន្លោះ​វ័យ​នេះ​ តម្រូវការ​ខាង​ថាម​ពល​នឹង​ថយ​ចុះ​ តែ​តម្រូវការ​កាល់ស្យូម​ និង​វី​តា​មីន​ផ្សេង​ៗកើនឡើង​ ដែល​រាងកាយ​អាច​នឹង​ទទួល​បាន​ពី​បន្លែ​ផ្លែឈើ​ដែល​មាន​កាក​សរសៃ​អាហារ​ខ្ពស់​ ហើយ​ថែមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ទៀតផង​។ ឯវីតាមីនC​ ពី​ចំណីអាហារ​ដែល​ងាយ​រកទទួលទាន​បាន​នោះ​ មាន​ដូចជា​ ផ្លែក្រូច​ ត្របែក​ ប៉េងប៉ោះ​ ត្រសក់ស្រូវ​ជាដើម​ចំណែក​អាហារ​ដែល​មាន​វីតាមីនE​ គឺ​ប្រេងសណ្តែក​ប៊័រ​សណ្តែក​ សណ្តែក​ដី​ និង​គ្រាប់​អាល់​ម៉ុន​។ ក្រៅ​ពីនេះ​គួរ​ទទួលទាន​តៅហ៊ូ​ ប្រូតេអ៊ីន​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ដែល​ផ្តល់​កាល់ស្យូម​ច្រើនជាង​សាច់​សត្វ​ផ្សេង​ៗ និង​គួរ​ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ និង​កា​ហ្វេ​អុីន​ផង​។

វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 5
ការ​ឈាន​ចូល​ដល់​វ័យ​ 50​ នោះ​ មិនមែន​មាន​ផល​ប៉ះពាល់​ចំពោះ​រាងកាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ​ តែ​នៅ​មានផល​ដល់​សភាព​ផ្លូវចិត្ត​ផង​ដែរ​ ដូច្នេះ​ដើម្បី​ត្រៀមខ្លួន​ទប់ទល់​ជាមួយនឹង​វ័យ​នេះ​លោកអ្នក​គួរ​យល់ដឹង​ពី​ការ​ធ្វើការងារ​របស់​រាងកាយ​ដែល​មានប្រសិទ្ធភាព​ថយ​ចុះ​ ជាពិសេស​ប្រព័ន្ធ​ការ​រំលាយ​ និង​ការ​បឺត​យក​សារធាតុ​អាហារ​ធ្វើ​ឱ្យ​រាងកាយ​ខ្វះ​សារធាតុ​អាហារ​ប្រភេទ​ខ្លះ​។
ក្នុង​អំឡុង​វ័យ​នេះ​ លោកអ្នក​អាច​មិនសូវ​មាន​អារម្មណ៍​ស្រេកទឹក​ប៉ុន្មាន​ទេ​ តែ​គួរ​ពិសា​ទឹក​ឱ្យ​បាន​ទៀងទាត់​ យ៉ាងតិច​ 1ថ្ងៃ​ 8 – 12កែវ​ ដើម្បី​ការពារ​ការ​ខ្វះ​ជាតិទឹក​ដោយ​មិនដឹង​ខ្លួន​។ គួរ​ទទួលទាន​ខា​បូ​ហាយ​ដ្រេ​ត(ម្សៅ​ និង​ស្ករ​-ល-)ឱ្យ​តិច​សង្កត់ធ្ងន់​លើ​អាហារ​ពួក​សាច់​ត្រី​ ដើម្បី​កុំឱ្យ​ខ្វះ​ជាតិ​ប្រូ​តេ​អុីន​ និង​ពួក​សាច់សត្វ​ណា​ដែល​ងាយ​រំលាយ​។ គួរ​ទទួល​បាន​កាល់ស្យូម​ឱ្យ​គ្រប់គ្រាន់​ និង​អាហារ​ដែល​មាន​កាល់ស្យូម​ខ្ពស់​ គឺ​នៅក្នុង​ទឹក​ដោះ​គោ​ យ៉ា​អួ​ប្រភេទ​ក្រែម​ និង​ប៊័រ​ដុំ​ជាដើម​។
រឿង​ដែល​សំខាន់​នោះ​ គឺ​មិនថា​លោកអ្នក​ស្ថិត​នៅក្នុង​វ័យ​ណាក៏ដោយ​ គួរ​យកចិត្ត​ទុកដាក់​រឿង​អាហារ​ការ​ហូបចុក​បាន​គ្រប់ពេល​ ទោះជា​មាន​ជំងឺ​ឬគ្មាន​ក៏ដោយ​ ក្រៅពី​នេះ​គួរ​បង្កើន​ការ​ធ្វើ​ចលនា​(ហាត់ប្រាណ​)ក្នុង​ 1ថ្ងៃ​ៗឱ្យ​បាន​ច្រើន​ និង​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​មាន​សុខភាព​កាន់តែ​ល្អ​ឡើង​ និង​កាត់បន្ថយ​ភាព​ធុញថប់​ តឹងតែង​បាន​ទៀតផង​៕

Advertisement