ជំងឺ៣ប្រភេទក្នុងរដូវក្ដៅដែល “មនុស្សចាស់” គួរប្រយ័ត្ន

ខណៈ​ដែល​ប្រទេស​យើង​កំពុង​ប្រឈម​នឹង​សភាវ​អាកាសធាតុ​ដែល​ក្ដៅ​ហប់​ ហួតហែង​ដោយសារតែ​សីតុណ្ហភាព​ដែល​កើន​ខ្ពស់​ឡើង​ ដែល​អាច​ធ្វើ​ឱ្យ​កើតរោគ​ភ័យ​ផ្សេង​ៗឡើង​បាន​នោះ​ ជាហេតុ​ធ្វើ​ឱ្យ​យើង​ត្រូវ​មើលថែ​ទាំ​សុខភាព​របស់​អ្នក​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ប្រថុយ​នឹង​ការ​កើតរោគ​ភ័យ​ផ្សេង​ៗ ដូចជា​ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ កូនក្មេង​ ស្រ្តី​មានគភ៌​ និង​ជាពិសេស​មនុស្សចាស់​ សុទ្ធតែ​ជា​ក្រុម​ដែល​ត្រូវ​ផ្ដល់​ភាព​សំខាន់​ជាពិសេស​ ដោយសារតែ​ជា​ក្រុម​មនុស្ស​ដែល​មាន​សុខភាព​រាងកាយ​មិនសូវ​រឹងមាំ​ ងាយ​នឹង​ឈឺថ្កាត់​ជាង​មនុស្ស​ក្នុង​វ័យ​កំលោះ​ក្រមុំ​ បើសិនជា​ត្រូវ​ប្រឈម​នឹង​ធាតុអាកាស​ក្ដៅ​យូរ​ៗទៅ​។លោកគ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​មនុស្សចាស់​ជរា​បានឱ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​យើង​ត្រូវ​ប្រឈម​នឹង​សភាវ​ធាតុអាកាស​ក្ដៅ​ហប់​ហួតហែង​ដូចសព្វថ្ងៃ​នេះ​ ជំងឺ​ដែល​មនុស្សចាស់​ត្រូវ​ប្រយ័ត្ន​ប្រយែង​ និង​ជួបប្រទះ​ញឹកញាប់​នោះ​មាន​ដូចជា​៖

១. ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅ​ ឬហ៊ី​តស្រ្តូក​ (Heat​ Stroke​)
ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅ​ បណ្ដាលមកពី​ការដែល​មនុស្សចាស់​ស្ថិតនៅ​ក្នុង​សភាព​បរិស្ថាន​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ និង​បាន​ទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក​ បណ្ដាល​ឱ្យ​ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ឈាម​រត់​ និង​ប្រព័ន្ធ​ខួរក្បាល​ខុស​ប្រក្រតី​ ដែល​សញ្ញា​ដាស់តឿន​ដ៏​សំខាន់​របស់​ជំងឺ​ហ៊ី​តស្រ្តូក​នេះ​គឺ​ គ្មាន​ចេញ​ញើស​ មុខ​ឡើង​ក្រហម​ ខ្លួនប្រាណ​ក្ដៅ​ឡើង​ជា​រឿយ​ៗ មាន​អារម្មណ៍​ស្រេកទឹក​ខ្លាំង​ វិលមុខ​ ឈឺក្បាល​ ក្អួត​ចង្អោរ​ ដកដង្ហើម​ដង្ហក់​ សាច់ដុំ​ឡើង​រឹង​ ភាំង​ៗ ប្រស្រីភ្នែក​រីក​ធំ​ អារម្មណ៍​ដឹងខ្លួន​ថយ​ចុះ​ អាច​ប្រកាច់​ និង​បាត់ស្មារតី​។ បើ​មិនបាន​ទទួលការ​ជួយសង្គ្រោះ​យ៉ាង​ត្រឹមត្រូវ​ទាន់ពេល​វេលា​ទេ​នោះ​ បេះដូង​អាច​នឹង​ឈប់​ធ្វើការ​ និង​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន​។
សម្រាប់​ការ​ការពារ​ និង​មើលថែ​ទាំ​មនុស្ស​ចាស់​ គឺ​មិន​គួរ​បណ្ដោយ​ឱ្យ​ស្ថិតនៅ​ក្រោម​កម្ដៅ​ថ្ងៃ​នា​ពេលថ្ងៃត្រង់​ ឬចៀសវាង​ពី​ធ្វើ​កិច្ចការ​ងារ​នៅ​កណ្ដាលវាល​ក្នុងអំឡុងពេល​រសៀល​រហូត​ដល់ម៉ោង​ 4ល្ងាច​ តែបើ​មាន​ភាព​ចាំបាច់​ចៀស​មិន​រួច​ដែល​ត្រូវតែ​ប៉ះពាល់​នឹង​កម្ដៅថ្ងៃ​នោះ​ គួរ​ប្រើ​កន្សែងពោះគោ​ជ្រលក់​ទឹក​ជូត​ខ្លួន​ដើម្បី​បន្ថយកម្ដៅ​ក្នុង​ខ្លួន​ និង​គួរ​ក្រេបទឹក​បរិសុទ្ធ​ឱ្យ​បាន​ញឹកញាប់​បំផុត​ក្នុង​ថ្ងៃ​ដែល​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ពាក់​វ៉ែនតាការពារ​ពន្លឺថ្ងៃ​ និង​បាំង​ឆ័ត្រ​មុន​ពេល​ចេញពីផ្ទះ​ គួរ​ស្លៀក​សម្លៀកបំពាក់​ដែល​មាន​ពណ៌​ស្រាល​ៗ ធំ​ទូលាយ​ ស្ដើង​ៗស្រាល​ៗ និង​អា​ចបំ​ភាយ​កម្ដៅ​ និង​ការពារ​កម្ដៅថ្ងៃ​បាន​ល្អ​។

២. ជំងឺរាក​រូស


ក្នុង​អំឡុង​អាកាសធាតុ​ក្ដៅ​បែបនេះ​ មេ​រោ​គផ្សេង​ៗនឹង​រីក​ធំធាត់​យ៉ាង​ល្អ​ ជាពិសេស​ចំណីអាហារ​នឹង​ឆាប់​ជូរ​ផ្អូម​ជាង​ប្រក្រតី​ ដែល​បើសិន​ញ៉ាំ​ចំណីអាហារ​មិន​ស្អាត​ អាការ​រាករូស​នឹង​កើតឡើង​បាន​យ៉ាង​ងាយ​។ ឯវិធីការ​ពារ​គឺ​ គួរ​ប្រកាន់​ខ្ជាប់​គោលការណ៍​ញ៉ាំ​អា​ហា​រក្ដៅៗ​ មាន​ស្លាបព្រា​សម្រាប់​ដួស​ម្ហូប​ដោយឡែក​ លាង​សម្អាត​ដៃ​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ និង​មិន​ញ៉ាំ​អាហារ​ដែល​ទុកចោល​យូរ​ ឬបើ​ទទួលទាន​មិន​អស់​ គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​ ដើម្បី​កុំឱ្យ​អាហារ​នោះ​ជូរ​ផ្អូម​។

៣. ជំងឺ​ស្បែក​ឈឺ​ក្រហាយ​ផ្សា​ ក្រហម​ ឡើង​កន្ទួល​
ជំងឺ​ស្បែក​កើតឡើង​ពី​ការ​ប៉ះពាល់​នឹង​កម្ដៅថ្ងៃ​រយៈពេល​យូរ​ដោយ​គ្មាន​វត្ថុ​ការពារ​ នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​មនុស្សចាស់​កើត​អាការ​ក្ដៅ​ខ្លោច​ ក្រហាយ​ផ្សា​ និង​ឡើង​កន្ទួល​ ដូច្នេះ​គួរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើនជាង​ប្រក្រតី​ ដើម្បី​សាង​ភាព​ស្រស់ថ្លា​ និង​សំណើម​ដល់​ស្បែក​ និង​លាប​គ្រី​មកា​រពារ​កម្ដៅថ្ងៃ​មុន​ចេញទៅ​ប៉ះ​ពន្លឺថ្ងៃ​ប្រមាណ​ 20នាទី​ និង​គួរ​លាប​ថែមទៀត​រៀងរាល់​ 2 – 4ម៉ោង​ម្ដង​ ដើម្បី​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​។
ទាំងអស់​នេះ​ការ​មើលថែ​ទាំ​មនុស្សចាស់​គួរ​យកចិត្ត​ទុកដាក់​លើ​រឿង​សុខភាព​គ្រប់​ផ្នែក​ដោយ​ការរៀបចំ​ទីកន្លែង​ឱ្យ​មាន​ខ្យល់អាកាស​ចេញចូល​ស័ក្តិសម​សម្រាប់​មនុស្សចាស់​ ចៀសវាង​ភាព​សើម​ផ្អាប់​ ព្រោះ​អាច​ជា​ប្រភព​បណ្ដុះ​មេរោគ​ និង​ធ្វើ​ឱ្យ​មិន​ស្រួលខ្លួន​ ក្រៅពី​នេះ​ ត្រូវ​មើលថែ​ទាំ​សភាវ​ខាង​អារម្មណ៍​របស់​មនុស្សចាស់​ ដោយ​ត្រូវ​មើលថែ​យ៉ាង​ចិត្តត្រជាក់​ រួម​ទាំង​សាង​បរិយាកាស​ឱ្យ​ស្រស់ថ្លា​រីករាយ​ជាប់​ជានិច្ច​ និង​បើ​សង្កេតឃើញ​មាន​អាការ​ខុសប្រក្រតី​ណាមួយ​របស់​មនុស្សចាស់​ដែល​បង្ក​ដោយ​ជំងឺ​អ្វី​ម្យ៉ាង​នោះ​ គួរ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ និង​រិះរក​វិធីការ​ពារ​រួមគ្នា​៕

Advertisement