ហេតុផល3យ៉ាង​ “ហាម​ដកស្កូវ​”

តើ​អ្វី​នឹង​កើតឡើង​ បើសិន​នៅ​សុ​ខៗ​ស្រាប់តែ​ឃើញ​សរសៃសក់​ពណ៌ស​លេចធ្លោ​ឡើង​?… ប្រហែលជា​ទប់ចិត្ត​មិនបាន​ក្នុង​ការ​ដក​វា​ចេញ​ឡើយ​… តែ​មនុស្សជា​ច្រើន​អាច​នឹង​ត្រូវ​ថ្លឹងថ្លែង​ក្នុងចិត្ត​ខ្លះ​ដែរ​ ព្រោះ​ធ្លាប់​បានឮ​ពាក្យ​ចាស់​ៗនិយាយ​ថា​ ការ​ដកសក់ស្កូវ​ 1សរសៃ​ វា​នឹង​ដុះឡើង​ 1សរសៃ​(ដក​មិន​ចេះ​អស់​) តែ​ហ្នឹង​គ្រាន់តែ​ជា​ “ពាក្យ​និ​យា​យតៗ​គ្នា​” ដែល​គ្មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​មក​ធានា​ឡើយ​ ហើយ​អុីចឹង​ ចម្លើយ​ដែល​ពិតប្រាកដ​នោះ​គឺជា​អ្វី​?
“រឿង​ពិត​” ដែល​នឹង​កើតឡើង​ពេល​អ្នក​ដកសក់ស្កូវ​៖

១. សក់​កំបុត​ : បើ​ដក​សរសៃសក់​ ឬសរសៃ​រោម​ណាមួយ​យ៉ាង​រហ័ស​ចេញពី​ស្បែក​មិនថា​នៅ​លើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​នោះ​ឡើយ​ គឺជា​ការ​រុកកួន​រំខាន​ស្បែក​ឱ្យ​បែក​ ឬអាច​ធ្វើ​ឱ្យ​សាច់​ភ្នាស​នៅ​ម្ដុំ​សរសៃសក់​នោះ​ខូចខាត​ និង​អាច​ហុច​ផល​ប៉ះពាល់​ដល់​ឫស​សក់​ទៀតផង​។ វេជ្ជបណ្ឌិត​ជំនាញ​ខាង​ស្បែក​ អធិប្បាយ​ថា​ ការ​រុកកួន​រំខាន​ស្បែក​បែប​នេះ​ មានផល​អាក្រក់​ច្រើនណាស់​ ជាពិសេស​បញ្ហា​ដែល​ជួបប្រទះ​ច្រើន​បំផុត​ក៏​គឺ​ រោម​កំបុត​ឬសក់​កំបុត​ ព្រោះ​បើ​សាច់​ភ្នាស​ស្បែក​ខូចខាត​នៅពេល​សរសៃសក់​ដុះឡើង​ថ្មី​ នឹង​មិន​អាច​ងើប​ចេញផុត​ពីក្រោម​ស្រទាប់​ស្បែក​បាន​ឡើយ​ ហើយនឹង​ដុះ​លូតលាស់​នៅ​ខាងក្នុង​នោះ​ ក្លាយជា​សរសៃសក់​កំបុត​នៅទីបំផុត​។
រោម​ ឬសរសៃសក់​កំបុត​អាច​បង្ក​ឱ្យ​កើត​អាការ​ឈឺ​ក្រហាយ​ស្បែក​ ចំណែក​នៅ​លើ​អ្នក​ដែល​មាន​សរសៃ​រោម​ ឬសក់​រា​ងរឹងៗ​ អាច​នឹង​ធ្វើ​ឱ្យ​កើតមាន​អាការ​រលាក​ក្លាយជា​ពងបែក​ និង​ឈឺខ្លាំង​ទៀតផង​។

២. សក់ស្ដើង​ : ពេល​កញ្ឆក់​សរសៃសក់​ស្កូវ​ចេញ​ខ្លាំង​ៗ អាច​ហុច​ផល​ឱ្យ​ស្បែក​ក្បាល​ និង​ឫស​សក់​ខូចខាត​អស់​ខ្លះ​។ វេជ្ជបណ្ឌិត​ជំនាញ​ដដែល​បាន​រៀបរាប់​ថា​ វិនាទី​នៃ​ការឈឺចាប់​ដែល​ត្រូវ​កញ្ឆក់​ដកសក់ស្កូវ​នោះ​ អាច​ជា​ពេលវេលា​ដែល​សរសៃឈាមក្រហម​ពង្រីក​ខ្លួន​បញ្ចេញ​ប្រតិកម្ម​ជាមួយ​ភាព​ឈឺចាប់​ត្រឹមតែ​បន្តិចបន្តួច​ដែល​រាងកាយ​បាន​ទទួល​ និង​ហុច​ផល​ទៅដល់​ឫស​សក់​។
ទោះជា​អ្វី​ដែល​អាច​កើតឡើង​តិច​បំផុត​មែន​តែបើ​លោកអ្នក​ដក​ ទាញ​ ឬកញ្ឆក់​សក់ស្កូវ​ជាប់​គ្នា​ខ្លាំង​ៗ ការឈឺចាប់​ដែល​កើតឡើង​ចំពោះ​ស្បែក​ក្បាល​នេះ​ក៏អាច​ធ្វើ​ឱ្យ​សក់​ដុះ​មក​ស្ដើង​ ក្រ​វែង​ ឬអាច​លែង​មាន​សក់​ស្កូវ​ថ្មី​ៗឡើង​មក​ទៀត​តែម្ដង​ក៏​មាន​។

៣. ខាតពេល​វេលា​(ដក​ទៅ​ ក៏​អត់ប្រយោជន៍​) : ការ​ដកសក់ស្កូវ​មិន​មាន​កើត​ប្រយោជន៍​អ្វី​ឡើយ​ ក្រៅតែ​ពី​កែ​បញ្ហា​បានតែ​ម្ដងម្កាល​ប៉ុណ្ណោះ​ ព្រោះ​ក្រោយពី​លោកអ្នក​ចាត់ការ​ទាញ​ដកសក់​ពណ៌ស​នោះ​ចេញ​ហើយ​ វដ្ត​របស់​ឫស​សក់​នឹង​ Reset​ ឡើងវិញ​ដោយខ្លួនឯង​ ហើយ​សរសៃសក់​ថ្មី​ក៏​នឹង​ដុះឡើង​មក​ជំនួស​នៅ​ទីតាំង​ចាស់​ ដោយ​នៅតែ​ជា​សក់​ពណ៌ស​ដដែល​ ដោយសារតែ​កោសិកា​ពណ៌​នៅក្នុង​ឫស​សក់​បាន​ងាប់​បាត់​ទៅ​ហើយ​ហ្នឹងឯង​ ទើប​សក់​ដែល​ដុះ​មក​ថ្មី​នោះ​ខ្វះ​ពណ៌​ ធ្វើ​ឱ្យ​ក្លាយជា​សក់​ស្កូវ​(ពណ៌ស​)ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​មក​ជា​សក់​ពណ៌ខ្មៅ​វិញ​ឡើយ​។
វេជ្ជបណ្ឌិត​ជំនាញ​ដដែល​ថែមទាំង​បាន​បញ្ជាក់​ទៀត​ថា​ គឺជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​ណាស់​ ដែល​មិន​មានការ​រក​ឃើញថា​ តើមាន​អាហារ​ប្រភេទ​ពិសេស​ណា​ ឬអាហារ​បំប៉ន​ពិសេស​ប្រភេទ​ណា​ដែល​អាច​បំប៉ន​ដើម្បី​ពន្យារ​ ឬទប់ស្កាត់​ការ​កើត​សក់ស្កូវ​បាន​ឡើយ​។
ដូច្នេះ​ វិធីការ​ពារ​កុំឱ្យ​សក់​ឡើង​ពណ៌ស​ ឬស្កូវ​មុន​អាយុ​ ឬពន្យារ​ការ​កើត​សក់ស្កូវ​នោះ​ គឺ​ការ​ចៀសវាង​ពី​បច្ច័យ​ដែល​ជាដើម​ហេតុ​ មិនថា​តែ​ការ​មិន​ជក់បារី​ ហើយ​បែរមក​យកចិត្ត​ទុកដាក់​លើ​អាហារ​ការ​ហូបចុក​ និង​គេងលក់​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ ថែទាំ​សភាព​ផ្លូវចិត្ត​ កុំឱ្យ​ភាព​ឆាប់​ខឹងមួម៉ៅ​ច្រើន​មក​កាត់បន្ថយ​ទាំង​សុខភាព​កាយ​ និង​ចិត្ត​៕

Advertisement