ទង្វើ5យ៉ាង ពិសោធ​ស្នេហា​របស់ ​គូស្នេហ៍​ក្រោយពេល​រៀបការ

ក្រោយពី​ប្តូរ​ស្ថានភាព​ពី​គូសង្សារ​មក​ជាគូ​ជីវិត​ ឬជាគូ​ស្វាមីភរិយា​ហើយ​នោះ​ ក្រៅពី​ធ្វើ​ឱ្យ​ការរស់នៅ​របស់​អ្នកប្រែ​ប្រួល​ហើយ​អាច​នឹង​ហុច​ផល​ឱ្យ​សេចក្ដីស្នេហា​ប្រែប្រួល​ទៅតាម​នោះ​ផង​ដែរ​។ ការប្រែប្រួល​ទាំងនោះ​អាច​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​នា​រីៗ​យើង​ជាច្រើន​កើតក្តី​សង្ស័យ​ថា​ តើ​ពេលនេះ​គូស្នេហ៍​(ដែល​ឥឡូវ​ក្លាយ​មក​ជា​ស្វាមី​)របស់​ខ្លួន​នៅតែ​មាន​អារម្មណ៍​ស្រឡាញ់​យើង​ដូច​កាលពីមុន​ ឬក៏​អត់​? តែ​ក៏​មិនសូវ​ជា​ហ៊ាន​សួរ​ប៉ុន្មាន​ដែរ​ ព្រោះ​ខ្លាច​ថា​ សំណួរ​មួយ​នេះ​នឹង​នាំ​ឆ្ពោះទៅ​រក​ការ​ឈ្លោះ​ទាស់ទែងគ្នា​។ ដូច្នេះហើយ​ទើប​ថ្ងៃនេះ​ ឡា​រ៉ែ​ន ចង់ឱ្យ​នា​រីៗ​យើង​ទាំងអស់​បាន​យល់ដឹង​ពីចិត្ត​គូស្នេហ៍​របស់​ខ្លួន​កាន់តែ​ច្បាស់​ឡើង​ដើម្បី​មាន​ភាព​ជឿជាក់​លើ​សេចក្តី​ស្នេហា​ដែល​ស្វាមី​របស់​អ្នកនាង​មាន​ចំពោះ​អ្នកនាង​ឱ្យ​កាន់តែ​ច្រើនឡើង​ តាម​រយ:ទង្វើ​ 5យ៉ាង​ដែល​បង្ហាញ​ឱ្យ​ឃើញច្បាស់​ថា​ គេ​(ស្វាមី​)នៅតែ​ស្រឡាញ់​អ្នកនាង​ដដែល​ ដូចតទៅ​ ៖

1. នៅតែ​និយាយ​ថា​ “ស្រឡាញ់​អូន​” ជាប់​ជានិច្ច​…
បើ​គេ​(ស្វាមី​)នៅតែ​ប្រាប់​ថា​ ស្រ​ឡាញ់​អូន​ៗ ជាប់​ជាប្រចាំ​ ដែល​ទោះជា​អ្នកមើល​ឃើញ​ ឬមើល​មិនឃើញ​ពី​ភាព​សំខាន់​របស់​ការ​និយាយ​ថា​“ស្រឡាញ់​អូន​” របស់​គេ​នោះ​ក៏ដោយ​ តែ​គ្រាន់តែ​គេ​បាន​និយាយ​ថា​ គេ​ស្រឡាញ់​អ្នក​ប៉ុណ្ណឹង​ ក៏អាច​ធ្វើ​ឱ្យ​គេ​ញញឹម​បាន​ដែរ​នោះ​ សូមអ្នក​ជឿជាក់​ចុះ​ថា​ គេ​ពិតជា​គិត​ដូច​សម្ដី​ដែល​អ្នក​បានឮ​នោះ​មែន​ហើយ​ ហើយ​គេ​ពិតជា​នៅតែ​មាន​អារម្មណ៍​បែប​នោះ​ជានិច្ច​ ទោះជា​អាពាហ៍​ពិពាហ៍​កន្លង​ផុត​ទៅ​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ​ ហើ​នៅតែ​ស្រឡាញ់​អ្នក​បែប​នោះ​ជានិច្ច​ ដរាបណា​គេ​នៅតែ​មាន​ដង្ហើម​(វ៉ា​វ!)។

2. បង្ហាញ​ច្បាស់​ក្នុង​គ្រប់​ទង្វើ​…
មិនថា​អ្នក​រៀបការ​ជាមួយ​គេ​មក​យូរ​ប៉ុនណា​ហើយក៏​ដោយ​ តែ​គេ​នៅតែ​ជា​មនុស្សម្នាក់​ដែល​ដូច​ពីមុន​ដដែល​ និង​បញ្ជាក់​ច្បាស់​រាល់​ទង្វើ​ដែលគេ​បាន​ធ្វើ​ចំពោះ​អ្នកជា​និច្ច​ វា​គឺជា​ការ​បញ្ជាក់​ពី​បេះដូង​ និង​ដួងចិត្ត​របស់​គេ​ ម្បី​កុំឱ្យ​អ្នក​នៅ​នឹក​សង្ស័យ​ ស្រពេចស្រពឹល​ក្នុងចិត្ត​ ឬមាន​កង្វល់​ណា​មួយ​លើ​រូបគេ​ឱ្យ​សោះ​ ហើយក៏​ជា​ការ​បង្ហាញ​នូវ​ក្តី​ស្នេហា​ដែលគេ​មាន​ចំពោះ​អ្នក​ឥតងាករេ​ ដើម្បី​ឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​ចំពោះ​រូបគេ​ជានិច្ច​ មិនថា​តែ​ការ​ឱប​ កាន់ដៃ​ កៀក​ស្មា​ ឬទង្វើ​អ្វី​ផ្សេង​ទៀត​ក៏ដោយ​ វា​ប្រៀប​ហាក់ដូចជា​ រាល់​ៗថ្ងៃនេះ​ជា​ថ្ងៃ​ដែលគេ​បាន​ជួប​អ្នក​គ្រាដំបូង​ដូច្នោះ​ដែរ​។

3. សេចក្តី​សុខ​របស់​អ្នក​ គឺ​សេចក្តី​សុខ​របស់​គេ​…
បើ​អ្នក​ឃើញថា​ គេ​សប្បាយចិត្ត​ពេល​ដែល​ឃើញ​អ្នកមាន​សេចក្តី​សុខ​ ហើយ​គេ​ព្យាយាម​គ្រប់​វិធី​ដើម្បី​ធ្វើ​ឱ្យ​អ្នកមាន​សេចក្តី​សុខ​នោះ​ ចូរ​ជឿជាក់​ក្នុងចិត្ត​ចុះ​ថា​ ពាក្យ​ថា​ “ស្រឡាញ់​អូន​” របស់​គេ​នោះ​នៅតែ​ជា​ការពិត​ជានិច្ច​ ព្រោះ​បើសិនជា​គេ​មិន​មាន​អារម្មណ៍​បែប​នោះ​ទេ​ គេ​ច្បាស់ជា​មិន​អាច​កុហក​ ឬធ្វើបែប​នោះ​បាន​យូរអង្វែង​ឡើយ​ ហើយ​អ្នកគ្រូ​ ឆវី​ ក៏​ជឿ​ថា​ នា​រីៗ​គ្រប់រូប​ក៏អាច​ដឹងពី​អារម្មណ៍​ទាំងនោះ​បាន​តាម​រយ:សញ្ជាតិ​ញាណ​របស់​ខ្លួនឯង​ស្រាប់​ទៅ​ហើយ​ដែរ​។

4. គេ​ព្រួយ​ និង​មាន​កង្វល់​នៅពេល​មានរឿង​រ៉ាវ​មិនល្អ​កើតឡើង​ចំពោះ​អ្នក​…
អ្នក​អាច​ពិសោធ​បាន​តាមរយៈ​អាកប្ប​កិរិយា​របស់​គេ​នៅពេល​កើតរឿង​រ៉ាវ​មិនល្អ​ណាមួយ​ឡើង​ចំពោះ​រូប​អ្នក​ ដូចជា​ គេ​មាន​អារម្មណ៍​ខឹង​នៅ​ពេល​មាន​អ្នកណា​ធ្វើ​ឱ្យ​អ្នក​ភ័យ​កង្វល់​ ឬគេ​មាន​អារម្មណ៍​ឈឺចាប់​នៅពេល​ឃើញ​អ្នក​ឈឺថ្កាត់​… បើ​អាច​ជ្រើសរើស​បាន​ គេ​ប្រាកដជា​ប្រមូល​យក​អារម្មណ៍​ទុក្ខ​លំបាក​ទាំងអស់​នោះ​មក​ទុក​ក្នុង​ខ្លួន​គេ​ជំនួស​វិញ​មិនខាន​។ គ្រាន់តែ​ប៉ុណ្ណឹង​ក៏​បញ្ជាក់​ឱ្យ​ឃើញច្បាស់​ទៅ​ហើយ​ថា​ គេ​នៅតែ​ស្រឡាញ់​ និង​បារម្ភ​ពី​អ្នកជា​និច្ច​ មិនថា​រស់នៅ​ជាមួយគ្នា​មក​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ​។

5. អ្នក​ គឺជា​ផ្នែក​សំខាន់​បំផុត​របស់​ជីវិត​គេ​…
សញ្ញា​មួយទៀត​ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា​ គេ​នៅតែ​ស្រឡាញ់​អ្នកជា​និច្ច​នោះ​ គឺ​ការ​ដែលគេ​គិតថា​ អ្នក​គឺជា​ចំណែក​សំខាន់​មួយ​របស់​ជីវិត​គេ​ និង​មិន​អាច​នឹង​មានជីវិត​រស់នៅ​តទៅទៀត​បាន​ឡើយ​បើសិនជា​គេ​គ្មាន​រូប​អ្នក​។ អ្នក​អាច​ពិសោធ​រក​ការពិត​លើ​ចំណុច​នេះ​បាន​ តាម​រយ:ការ​ដែលគេ​តែង​នឹកឃើញ​រូប​អ្នក​មុនគេ​បង្អស់​ នៅ​ពេលណា​ដែល​កើតមាន​រឿងរ៉ាវ​អាក្រក់​ ឬល្អ​អ្វី​មួយ​កើតឡើង​ ហើយ​មិនថា​គេ​ចង់​រៀប​ផែនការ​ធ្វើ​អ្វីមួយ​ក៏ដោយ​ គឺ​តែងតែមាន​រូប​អ្នក​នៅក្នុង​អនាគត​របស់​គេ​នោះ​ជានិច្ច​ និង​តែង​ផ្តល់​នូវ​ភាព​សំខាន់​ចំពោះ​រូប​អ្នក​យ៉ាង​ខ្លាំង​ជាប់​ជានិច្ច​… ទាំងអស់​នេះ​ដោយសារតែ​គេ​គិតថា​ អនាគត​របស់​គេ​ គឺ​អនាគត​របស់​អ្នក​ហ្នឹងឯង​។
ក្រៅពី​នេះ​ ជួនកាល​ទោះជា​គេ​មិនបាន​សម្តែង​នូវ​សេចក្តី​ស្រឡាញ់​របស់​គេ​ឱ្យ​អ្នក​បានឃើញ​យ៉ាង​ជាក់ច្បាស់​តាម​រយ:ពាក្យសម្ដី​ ឬទង្វើ​ ឬអ្វី​ៗដែល​ផ្សេង​ពី​សញ្ញា​ទាំង​ 5 ខាងលើ​នេះ​ក៏ដោយ​ ក៏​សូម​ឱ្យ​អ្នក​កុំអាល​យល់​ខុស​ថា​ គេ​អស់​សេចក្តី​ស្នេហា​មក​លើ​រូប​អ្នក​ឱ្យ​សោះ​ ព្រោះ​គេ​អាច​ជា​មនុស្ស​ដែល​មិនសូវ​ចេះ​បង្ហាញ​ពី​អារម្មណ៍​ ឬទង្វើ​ផ្សេង​ៗក៏អាច​ថា​បាន​ដែរ​ ដូច្នេះ​អ្នក​មិន​គួរ​សម្រេច​សេចក្តី​គេ​តែ​លើ​សម្បក​ក្រៅ​ឡើយ​ តែ​ត្រូវ​មើល​ឱ្យ​ជ្រៅ​ទៅដល់​ចរិត​និស្ស័យ​របស់​គេ​ ដើម្បីនឹង​បាន​រស់នៅ​ជាគូ​គ្រង​នឹងគ្នា​ប្រកបដោយ​សេចក្តី​សុខ​រហូតដល់​ដង្ហើម​ចុង​ក្រោយ​រៀង​ៗខ្លួន​៕

Advertisement