ទៅលេង Shizuoka តំបន់តែបៃតងធម្មជាតិក្នុងប្រទេសជប៉ុន

បើ​និយាយ​អំពី​តំបន់​តែ​បៃតង​វិញ​នោះ​ អ្នក​ទេសចរ​ភា​គច្រើន​ៗតែ​នឹក​ទៅដល់​តំបន់​អ៊ុ​ជិ​ ខេត្ត​កៀវ​តូ​ ឬមិន​ទេ​ សា​យ៉ា​ម៉ាក់​ ខេត្ត​សៃ​តា​ម៉ាក់​ មិនខាន​ តែ​ការពិត​វិញ​ ខេ​ត្ត​ឈិ​ហ៊្សូ​អូ​កាក់​(Shizuoka​)គឺជា​មជ្ឈមណ្ឌល​ផលិត​តែ​ធំជាង​គេ​លំដាប់​លេខ1​ របស់​ប្រទេស​ជប៉ុន​។ ខេត្ត​ Shizuoka​ ស្ថិតនៅ​មិន​ឆ្ងាយ​ពីទី​ក្រុង​តូក្យូ​ប៉ុន្មាន​ទេ​ ដូច្នេះ​សម្រាប់​អ្នក​ដែល​បាន​ទៅលេង​ទីក្រុង​តូក្យូ​ ក៏អាច​ធ្វើដំណើរ​ទៅ​ទស្សនា​ចម្ការ​តែ​បៃតង​បាន​យ៉ាង​សប្បាយ​ៗ។

MaKinohora
ម៉ា​គី​ណូ​ហូរ៉ា​ក់​ គឺជា​ចម្ការ​តែ​បៃតង​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ Shizuoka​ ហើយ​ថែមទាំង​ជា​ចម្ការ​តែ​ដែល​មាន​ប្រវត្តិ​ចំណាស់​បំផុត​ក្នុង​ការ​ដាំ​ដើម​តែ​ទៀតផង​។ នៅ​ទីនេះ​ អ្នកស្រុក​នាំគ្នា​ដាំ​ដើម​តែ​តាំងពី​សម័យ​ មេ​ជិ​(គ្រិស្តសករាជ1868​-1912​) ដោយ​ដើម​តែ​នឹង​ដុះ​ធំធាត់​ឡើង​ទៅតាម​បណ្ដោយ​ដងទន្លេ​ អូ​អុិ​។ បើ​បាន​ទៅលេង​ Grinpia​ Makinohora​ យើង​អាច​ចូល​ទៅ​ចូលរួម​បេះ​ស្លឹក​តែ​ និង​ទស្សនា​ដំណាក់កាល​នៃ​ការផលិត​តែ​ដែល​ស្រ​ដៀង​ៗនឹង​រោងចក្រ​ផលិត​តែ​ដែរ​។

Nihondaira​
នី​ហុន​ដៃ​រ៉ា​ក់​ ក៏​ស្ថិតនៅ​ក្នុង​ខេត្ត​ Shizuoka​ ដូចគ្នា​ដែរ​។ ពី​ចម្ការ​តែ​ គេ​អាច​មើលឃើញ​ទស្សនីយភាព​របស់​ភ្នំ​ភ្លើង​ហ៊្វូ​ជី​ ជា​ឆាក​ខាង​ក្រោយ​ដ៏​ស្រស់​ស្អាត​ស៊ីគ្នា​នឹង​ចម្ការ​តែ​ពណ៌បៃតង​ខ្ចី​។ ទីនេះ​ក៏​ដាំ​ដើម​តែ​តាំងពី​សម័យ​ មេ​ជិ​ និង​អាច​ប្រមូល​ផល​តែ​បាន​ក្នុង​អំឡុង​ខែមេសា​ ដល់​ខែតុលា​ដូចគ្នា​។ នៅ​ នី​ហុន​ដៃ​រ៉ា​ក់​ នេះ​មាន​កំពង់ផែ​ ដែល​អ្នកណា​ចង់​មក​កម្សាន្ត​នៅ​ចម្ការ​តែមួយ​នេះ​ អាច​រៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​ 1ថ្ងៃ​បាន​យ៉ាង​ងាយ​ ដោយ​ចាប់ផ្ដើម​ពី​ វត្ត​ប្រវត្តិ​សាស្រ្ត​ ដូចជា​ វត្ត​ ឃុ​ណូ​សាំង​ ថូ​សូ​គុ​ បន្ទាប់មក​សឹម​ធ្វើដំណើរ​មក​ចម្ការ​តែមួយ​នេះ​ ធានា​ថា​ នឹង​បានឃើញ​ទស្សនីយភាព​តាំងពី​ ភ្នំ​ ទីប្រជុំជន​ កំពង់ផែ​ រហូតដល់​ចម្ការ​តែ​បៃតង​ដ៏​ខៀវខ្ចី​។

Kanaya​
ចម្ការ​តែ​ ខា​ណា​យ៉ា​ ស្ថិតនៅ​តាម​បណ្ដោយ​ដងទន្លេ​ អូ​អុិ​ ដែល​ល្បីល្បាញ​ក្នុង​រឿង​ពិធីបុណ្យ​តែ​ ដែល​តែង​រៀបចំឡើង​រៀងរាល់​ 2ឆ្នាំ​ម្ដង​ក្នុង​អំឡុង​អាទិត្យ​ទី2​ នៃ​ខែមេសា​។ ក្នុងអំឡុងពេល​នោះ​នឹង​មាន​ទាំង​ការ​ទូងស្គរ​ ការ​ជិះទូក​ និង​ក្រ​មុំ​ៗអ្នក​បេះ​ស្លឹក​តែ​ដែល​ដើរ​ជា​ក្បួន​រាំ​របាំ​បេះ​តែ​។ នៅ​ទីនេះ​មាន​សារមន្ទីរ​ Ocha​ no​ Sato​ World​ Tea​ ឱ្យ​យើង​បាន​រៀន​យល់ដឹង​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​សាស្រ្ត​តែ​នៅក្នុង​ប្រទេស​ជប៉ុន​ និង​របស់​ពិភពលោក​ ក្រៅពី​នេះ​នៅ​មាន​ភោជនីយដ្ឋាន​ និង​ហាង​កាហ្វេ​ដែល​លក់​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ដែល​ប្រើ​វត្ថុធាតុដើម​ និង​គ្រឿងផ្សំ​ក្នុង​តំបន់​ទៀតផង​ និង​ជាពិសេស​កុំ​ភ្លេច​ភ្លក្ស​ ការ៉េម​ម៉ាត់​ឆា​…។

Kawane​
ទីកន្លែង​មួយ​នេះ​អាច​ជា​ផែនការ​មួយ​នៅក្នុង​ការ​ដើរ​ទស្សនា​ចម្ការ​តែ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​ ព្រោះ​បើសិន​មកដល់​ទីនេះ​តាំងពី​ពេលព្រឹក​ព្រលឹម​ យើង​អាច​បាន​ប៉ះពាល់​នឹង​ស្រទាប់​អ័ព្ទ​នា​ពេលព្រឹក​ និង​ក្រៅពី​ទស្សនីយភាព​ជួរភ្នំ​ដែល​ស័ក្តិសម​ជាមួយ​ការ​ដាំ​ដើម​តែ​ហើយ​នោះ​ ទឹក​ពី​ដងទន្លេ​ អូ​អុិ​ នៅតែ​ជា​ប្រភព​ទឹក​ដ៏​ល្អ​បំផុត​សម្រាប់​ចិញ្ចឹម​ចម្ការ​តែ​ដែល​មានគុណ​ភាពល្អ​បំផុត​។ ជា​តំបន់​ទេសចរណ៍​មួយទៀត​ដែល​មាន​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​មក​កម្សាន្ត​មិន​តិច​ឡើយ​។

Kakegawa​
ក្រៅពី​ល្បីល្បាញ​រឿង​ប្រាសាទបុរាណ​ហើយ​ ចម្ការ​តែ​នៅ​ទីនេះ​ថែម​ទាំង​ល្បីល្បាញ​រឿង​រសជាតិ​ដ៏​ឆ្ងាញ់​របស់​តែ​ទៀតផង​។ កសិករ​នៅ​ទីនេះ​ដាំដុះ​តែ​ដោយ​ពូជ​តែ​ធម្មតា​ តាមវិធី​ធម្មតា​ តែ​ធ្វើ​ឱ្យ​ចម្ការ​តែ​ពោរពេញ​ដោយ​បរិយាកាស​សាមញ្ញ​ និង​មិត្តភាព​ជាមួយ​ធម្មជាតិ​។ ចាប់ផ្ដើម​ពី​ការ​រៀន​យល់ដឹង​ពី​ការ​ឆុង​ទឹកតែ​របស់​ជប៉ុន​ ញ៉ាំ​តែ​ សេន​ឆាក់​ ឬម៉ាត់​ឆា​របស់​ទីនេះ​ ញ៉ាំ​គូគ្នា​ជាមួយ​បង្អែម​ស្ទីល​ជប៉ុន​ នឹង​ធ្វើ​ឱ្យ​លោកអ្នក​ទទួល​បាន​ទាំង​ចំណេះដឹង​ និង​ភាព​ជក់ចិត្ត​ដិតអារម្មណ៍​ក្នុង​រសជាតិ​ដ៏​សែន​មិន​អាច​បំភ្លេច​បាន​៕

Advertisement