ស៊ុបកន្ទុយគោ នំប៉័ង ពីភោជនីយដ្ឋាន សេវេន ប្រាយ សាខាទួលគោក

June 17, 2019​ ម៉ោង 2:21 pm

តោះ​រៀន​ធ្វើ​ស៊ុប​កន្ទុយគោ​បែប​ចិន​ សម្រាប់​ជំនួយ​ដល់​សុខភាព​។ សូម​ពិនិត្យមើល​គ្រឿងផ្សំ​ និង​របៀប​ធ្វើ​ ដោយ​មានការ​ណែនាំ​ពីសំណាក់​ លោក​ ឈូក​ សាមិ​ត្ត​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ សេ​វេន​ ប្រាយ​ សាខា​ទួលគោក​ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្ទះលេខ102​ ផ្លូវ315​ សង្កាត់​បឹងកក់​ទី2​ ខណ្ឌទួលគោក​ ដូច​ខាងក្រោម​នេះ​ ៖

គ្រឿងផ្សំ​
– កន្ទុយគោ​ 200g
​- ថ្នាំចិនសែ​
– ស្រា​ចិន​
– ស្ករស​
– ម្សៅស៊ុប​
– ប្រេងខ្យង​
– ក្រូចឆ្មារ
​- ជី​វ៉ាន់ស៊ុយ​
– នំប៉័ង​
– ទឹក​ស្អាត​ ល្មម​លិច​កន្ទុយគោ​

របៀប​ចម្អិន​
ដំបូង​ត្រូវ​យក​កន្ទុយគោ​មក​កាប់​ជាដុំ​តូច​ល្មម​ រួច​យក​ទៅ​លាង​ទឹក​ឱ្យ​ស្អាត​ សឹម​យក​ទៅ​ស្រុស​ជាមួយ​ទឹក​ក្តៅ​ ហើយ​យក​មក​លាង​ជាមួយ​នឹង​ស្រា​ចិន​ម្តង​ទៀត​។ ចំណែក​ថ្នាំចិនសែ​ ចូរ​យក​មក​លាង​ទឹក​ឱ្យ​ស្អាត​ដី​ រួច​យក​ថ្នាំចិនសែ​ទៅ​រំងាស់​ជាមួយនឹង​ទឹក​ល្មម​លិច​កន្ទុយគោ​រយៈពេល​ប្រហែល2ម៉ោង​ រួច​សឹម​ដាក់​កន្ទុយគោ​ចូល​រំងាស់​រយៈពេល1ម៉ោង​រហូតដល់​កន្ទុយគោ​ផុយ​។ បន្ទាប់មក​ត្រូវ​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា​ ស្ករស​ ម្សៅស៊ុប​ ស្រា​ចិន​ និង​ប្រេងខ្យង​ជាដើម​ រួច​ភ្លក្សមើល​តាម​ចំណូលចិត្ត​។ ជាចុងក្រោយ​ ត្រូវ​តុបតែង​បន្ថែម​ដោយ​ជី​វ៉ាន់ស៊ុយ​ និង​ដាក់​ចំណិត​ក្រូចឆ្មារ​នៅ​ជិត​សម្រាប់​ថែម​រសជាតិ​នៅពេល​ទទួលទាន​ជាការស្រេច​។ ស៊ុប​កន្ទុយគោ​នេះ​អាច​ទទួលទាន​ជាមួយនឹង​នំប៉័ង​ក៏បាន​ដែរ​ គឺជា​អាហារ​ជំនួយ​ដល់​សុខភាព​ដ៏​ល្អ​៕