ក្បួនទទួលទានអាហារដើម្បីទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត

June 20, 2019​ ម៉ោង 2:36 pm

ប្រាកដ​ណាស់​ថា​ ស្នាមញញឹម​របស់​នា​រីៗ​គឺជា​មន្ត​ស្នេហ៍​មួយ​សម្រាប់​អ្នក​ដែល​បានឃើញ​ ដូច្នេះ​យើង​ត្រូវតែ​មាន​វិធី​មើលថែ​ទាំ​ធ្មេញ​របស់​យើង​ឱ្យ​ស្អាត​ ស និង​រឹងមាំ​ ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ​ឱ្យ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ឈ្លក់​វង្វេង​ តែ​តើ​ត្រូវ​ទទួលទាន​អ្វីខ្លះ​ ដើម្បី​ឱ្យ​ធ្មេញ​សស្អា​ត និង​រឹងមាំ​នោះ​ សូម​តាមដាន​ជា​បន្ត​…។

1. អាហារ​ពពួក​ ខា​បូ​ហាយ​ដ្រេ​ត
អាហារ​ពពួក​ ខា​បូ​ហាយ​ដ្រេ​ត ដែល​មាន​ដូចជា​ ម្សៅ​ បាយ​ និង​នំប៉័ង​ជាដើម​ ច្រើនតែ​ជាប់​នៅ​តាម​ប្រឡោះ​ជើងធ្មេញ​ ឬបរិវេណ​អញ្ចាញធ្មេញ​ បន្ទាប់ពី​នោះ​ម្សៅ​នឹង​បំបែក​ខ្លួន​ក្លាយជា​ស្ករ​មាន​មេរោគ​បាក់តេរី​ ធ្វើ​ឱ្យ​កើត​ស្នាម​កំណក​ និង​អាច​កើតជំងឺ​អញ្ចាញធ្មេញ​បាន​ហើយក៏​អាច​ធ្វើ​ឱ្យ​ធ្មេញ​ពុក​បាន​ដែរ​ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ​ ខា​បូ​ហាយ​ដ្រេ​ត នេះ​គួរ​ទទួលទាន​ចំពោះតែ​ពេល​អា​ហារ​ចម្បង​ៗដូចជា​ ពេលព្រឹក​ ពេលថ្ងៃ​ និង​ពេលល្ងាច​បាន​ហើយ​ ចៀសវាង​ទទួលទាន​លេង​នៅចន្លោះ​ពេល​អាហារ​ទាំងនោះ​ ព្រោះថា​នៅក្នុង​ពេល​អា​ហារ​ចម្បង​ៗទាំងនោះ​ យើង​នឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់​ ទើប​កម្ទេចកំណ​កអាហារ​ទាំងនោះ​ត្រូវ​បាន​លាង​សម្អាត​ចេញ​អស់​ដោយ​ងាយ​។

2. គួរ​ទទួលទានទឹក​តែ​ជាប្រចាំ
មិនថា​តែ​ធម្មតា​ តែ​ខ្មៅ​ ឬតែ​បៃតង​នោះ​ទេ​សុទ្ធ​តែ​មាន​សារធាតុ​ ផូ​លី​ហ្វើ​ណូល​ ដែល​ជា​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​រុក្ខជាតិ​ដែល​ការពារ​មិន​ឱ្យ​កំណក​កខ្វក់​លឿង​ៗមក​តោង​ជាប់​នៅ​លើ​ធ្មេញ​ ជួយ​កាត់បន្ថយ​ឱកាស​ក្នុង​ការ​កើតរោគ​ធ្មេញ​ពុក​ ឬរោគ​អញ្ចាញ​ឱ្យ​ថយ​ចុះ​បាន​។ ក្រៅពី​នេះ​ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់​ ដោយ​មានគុណ​សម្បត្តិ​ទប់ស្កាត់​ការ​រីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែល​ជា​មូលហេតុ​របស់​ក្លិន​មាត់​ថែមទៀត​ ហើយ​ទឹកតែ​ភាគច្រើន​នៅ​មាន​ ភ្លូ​អរ៉ា​យដ៏​ ដែល​បាន​មក​ពី​ស្លឹក​តែ​ទៀតផង​។

3. ទទួលទាន​វីតាមីន​ C ឱ្យ​បាន​គ្រប់គ្រាន់
​វីតាមីន​ C ប្រៀប​ដូចជា​ស៊ី​ម៉ង់​ត៍​ដែល​ភ្ជាប់​កោ​សិកា​ផ្សេង​ៗឱ្យ​ចូល​មក​ជាប់​ជាមួយគ្នា​ វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នានឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ផង​ដែរ​។ អ្នក​ដែល​ទទួលទាន​វីតាមីន​ C តិច​ជាង60មីល្លី​ក្រាម​ក្នុង​មួយថ្ងៃ​ នឹង​មានឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់​ជាង​អ្នក​ដែល​ទទួលទាន​វីតាមីន​ C 180​ មីល្លី​ក្រាម​ ឬច្រើនជាង​នេះ​ 25​% ដូច្នេះហើយ​ទើប​វីតាមីន​ C ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​មើលថែ​ទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង​។

ត្រឹមតែ​វិធី3យ៉ាង​ងាយ​ៗនេះ​ ធានា​ថា​ ធ្មេញ​របស់​អ្នក​នឹង​ស្រស់​ស្អាត​ ភ្លឺ​-ស និង​រឹងមាំ​ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៏​ស្រស់ស្រាយ​ និង​មាន​មន្ត​ស្នេហ៍​យ៉ាង​ពិត​ប្រាកដ​៕