ចំណេះដឹង10យ៉ាង​ក្នុង​ការថែទាំ​សម្រស់​ស្បែក ក្រចក និង​សក់​តាម​ធម្មជាតិ

ចំណេះ​ទាំង10ខាងក្រោម​នេះ​ ក្រៅពី​ងាយស្រួល​អនុវត្ត​ហើយ​ នៅ​មិន​អស់​លុយ​ច្រើន​ទៀតផង​ និង​អ្វី​ដែល​សំខាន់​នោះ​គឺ​ យើង​សង្កត់ធ្ងន់​រឿង​របស់​ធម្មជាតិ​ជាមួយ​ស្បែក​ ដើម្បី​ឱ្យ​ទទួល​បាន​ស្បែក​ដែល​ល្អ​ស្អាត​ពិ​តៗ​ តែ​យ៉ាងណាក៏ដោយ​ក៏​កុំ​ភ្លេច​ថា​ ការ​ឧស្សាហ៍​ថែបំប៉ន​នេះ​ គួរ​ធ្វើឡើង​យ៉ាង​ជាប់លាប់​ទើប​ទទួល​បាន​លទ្ធផល​ល្អ​ពិត​។

1. ថែបំប៉ន​ដោយ​ចេកទុំ​ និង​ស៊ុត​
ចង់ឱ្យ​សក់​ភ្លឺរលោង​ស្អាត​ទេ​មិត្ត​អ្នកអាន​? ងាយស្រួល​ខ្លាំង​ណាស់​ គ្រាន់តែ​លាយ​ស៊ុត​មួយ​គ្រាប់​ជាមួយ​ចេកទុំ​កិន​ម៉ដ្ឋ​ ហើយ​យក​មក​ផ្អាប់​លើ​សក់​(បើ​សក់​វែង​ និង​ក្រាស់​ខ្លាំង​នោះ​ អាច​បន្ថែម​ល្បាយ​នេះ​ឱ្យ​ច្រើនឡើង​បាន​) ទុកចោល​10​-30នាទី​ បន្ទាប់ពី​នោះ​ក៏​កក់សក់​ចេញ​ដោយ​សាប៊ូកក់​សក់​តាមធម្មតា​ តែបើ​ចង់​ប្រើ​គ្រី​មអប់​សក់​ផង​ ចូរ​ប្រើ​ចំពោះតែ​បរិវេណ​ចុង​ៗសក់​បាន​ហើយ​។ ធ្វើ​ឱ្យ​បាន​យ៉ាងតិច​ក្នុង​មួយ​អាទិត្យ​ម្តង​ តែ​សម្រាប់​សក់​ដែល​ស្ងួត​ខ្លាំង​ អាច​ធ្វើ​បាន2ដង​ក្នុង​មួយ​សប្តាហ៍​កាន់តែ​ល្អ​។

2. ថែបំប៉ន​ក្រចក​បង្កើន​សំណើម​
ធ្វើ​ក្រចកដៃ​ញឹកញាប់​ ចង់ឱ្យ​ក្រចក​រឹងមាំ​ស្រស់​រលោង​ភ្លឺ​ថ្លា​នោះ​ ចូរ​យក​ប្រេង​ម្កាក់​ក្តៅ​ឧណ្ហ​ៗ ហើយ​ដាក់ដៃ​ត្រាំ​នៅក្នុង​នោះ​ប្រមាណ​ជា​5នាទី​ នឹង​ទទួល​បានដៃ​ដ៏​ទន់ភ្លន់​ ជាមួយនឹង​ក្រចក​ដែល​រឹងមាំ​ល្អ​ស្អាត​មិនខាន​ ចូរ​ធ្វើ​ឱ្យ​បាន​រៀងរាល់​សប្តាហ៍​។

3. ម៉ាស​ទឹកឃ្មុំ​បែ​បងាយៗ​
ទឹកឃ្មុំ​សុទ្ធ​អាច​ជួយ​នា​រីៗ​យើង​ក្នុង​រឿង​ស្បែក​បាន​ច្រើនណាស់​ ជាពិសេស​ការ​ប្រឆាំង​មេរោគ​បាក់តេរី​ និង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ស្រទន់​យ៉ាង​ឆាប់រហ័ស​ តែ​សូម​បញ្ជាក់​ថា​ ត្រូវតែ​ជា​ទឹកឃ្មុំ​សុទ្ធ​ប៉ុណ្ណោះ​។ ចូរ​ធ្វើ​ម៉ាស​មុខ​មួយ​សប្តាហ៍​ម្តង​ ដោយ​ប្រើ​ទឹកឃ្មុំ​ 1ស្លាបព្រាបាយ​ ឬច្រើនជាង​នោះ​បន្តិច​ដោយ​មុននឹង​យក​មក​ប្រើ​ ចូរ​យក​ទៅ​ដាក់​កម្តៅ​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​ឱ្យ​ក្តៅ​ឧណ្ហ​ៗសិន​ ហើយ​យក​មក​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ ទុកចោល5​-10នាទី​បន្ទាប់ពី​នោះ​សឹម​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗនិង​ផ្តិត​មុខ​ឱ្យ​ស្ងួត​ជាការស្រេច​។

4. ធ្វើ​សាប៊ូកក់​សក់​បែ​បងាយៗ​ជួយ​កម្ចាត់​វត្ថុ​ កខ្វក់​ដែល​នៅ​សេសសល់​លើ​ស្បែក​ក្បាល​
អ្នកប្រើ​សាប៊ូកក់​សក់​ធម្មតា​ដែល​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ តែ​ពេលខ្លះ​សាប៊ូកក់​សក់​ទាំង​អស់នោះ​ក៏​ធ្វើ​ឱ្យ​មាន​វត្ថុ​កខ្វក់​នៅ​សេសសល់​នៅ​លើ​ស្បែក​ក្បាល​របស់​អ្នក​ដែរ​ បើសិនជា​លាង​មិន​ស្អាត​មែនទែន​នោះ​។ វិធី​ដែល​ជួយ​កម្ចាត់​វត្ថុ​កខ្វក់​ទាំងនោះ​បាន​នោះ​គឺ​ លាយ​ទឹកខ្មេះ​ធ្វើ​ពី​ផ្លែ​ប៉ោម1​/4ពែង​ ជាមួយ​ទឹក​ស្អាត1ពែង​ យក​មក​កក់​សក់​ជំនួស​សាប៊ូកក់​សក់​ រួចហើយ​តាមដោយ​ការ​អប់​សក់​តាម​ប្រក្រតី​។ នៅពេល​ណា​ដែល​អ្នកមាន​អារម្មណ៍​ថា​រាង​ស្អិត​ៗក្បាល​ សក់​ឆាប់​កខ្វក់​នោះ​សូម​សាកល្បង​ធ្វើ​លមើល៍​។

5. ដុសខាត់​កែងដៃ​ និង​ក្បាលជង្គង់​ ទទួលយក​ស្បែក​ស្អាត​ស្រស់ថ្លា​
ហាន់​ផ្លែក្រូច​ឆ្មារ​កាត់ទទឹង​ជា​ពីរ​ ដើម្បី​យក​មក​ដុស​លើ​កែងដៃ​ និង​ក្បាលជង្គង់​ ឬនៅ​ត្រង់​កន្លែងណា​ដែល​ក្រិន​ខ្មៅ​ វា​នឹង​ជួយ​ឱ្យ​ស្បែក​ត្រង់​កន្លែង​នោះ​ស និង​ទន់​ឡើងវិញ​ ហើយ​ថែមទាំង​មាន​ក្លិនក្រអូប​ទៀតផង​។ បន្ទាប់ពី​ដុសខាត់​រួច​ហើយ​ ចូរ​លាង​សម្អាត​ចេញ​តាមធម្មតា​។

6. ដុសខាត់​រាងកាយ​បែប​ទន់ភ្លន់
​លាយ​ប្រេង​ម្កាក់​ ជាមួយ​អំបិល​ម៉ដ្ឋ​ក្នុង​អត្រា2​:1 ហើយ​យក​មក​ដុសខាត់​ស្បែក​ នឹង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ស្លាប់​ហើយ​ចេញ​ ធ្វើ​ឱ្យ​ស្បែក​ស្រទន់​ និង​ភ្លឺ​ថ្លា​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ យើង​អាច​លាយ​បាន​ដោយខ្លួនឯង​ នឹក​ចង់​ធ្វើ​ពេលណា​ក៏បាន​មិន​ចាំបាច់​ទិញ​គេ​ឡើយ​។

7. បំប៉ន​សរសៃសក់​ឱ្យ​ទន់​រំសាយ​
ចង់​មាន​សក់​ស្រទន់​ និង​មាន​សំណើម​ មិន​ស្ងួត​បែក​ចុង​ដែរ​ឬទេ​? បើ​ចង់​ ចូរ​យក​ប្រេងដូង​មក​ផ្អាប់​សរសៃសក់​ និង​ធ្វើ​ម៉ាស្សា​ស្បែក​ក្បាល​ ដោយ​ផ្អាប់​តាំងពី​គល់​រហូតដល់​ចុង​សក់​ ទុកចោល​ប្រមាណ​ជា2​-3ម៉ោង​ បន្ទាប់ពី​នោះ​ក៏​ទៅ​កក់​សម្អាត​ចេញ​ អាច​នឹង​ត្រូវ​កក់​សម្អាត​ដល់ទៅ2​-3ដង​ទើប​ស្អាត​ និង​មិន​ចាំបាច់​ប្រើ​គ្រី​មអប់​សក់​ទេ​ ហើយ​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ក្បាល​ឡើង​ប្រេង​ អាច​ធ្វើការ​ផ្អាប់​ចំពោះតែ​ចុង​សក់​បាន​ហើយ​។

8.គ្រី​មរំ​អិ​លសម្រាប់​កោរ​រោម​បែប​គ្មាន​សារធាតុពុល​
ចូរ​ប្រើ​ប្រេងដូង​លាប​ឱ្យ​សព្វ​បរិវេណ​ដែល​ត្រូវ​កោរ​ មិនថា​តែ​នៅ​លើ​ជើង​ ឬក្លៀក​ជំនួស​គ្រី​មរំអិល​សម្រាប់​កោរ​រោម​ វា​នឹង​ជួយ​ឱ្យ​ការ​កោរ​នោះ​កាន់តែ​ងាយស្រួល​ឡើង​ និង​ថែបំប៉ន​ស្បែក​ក្នុង​ពេល​ជាមួយគ្នា​ទៀតផង​។

9. កម្ចាត់​មុន​ក្បាល​ខ្មៅ​ដោយ​រូបមន្ត​ធម្មជាតិ​
បន្តក់​ទឹកឃ្មុំ4​-5ដំណក់​នៅ​លើ​សម្បក​ផ្លែ​ក្រូចឆ្មារ​ រួច​យក​មក​ដុស​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ប្រមាណ​ជា1នាទី​ ដោយ​សង្កត់ធ្ងន់​លើ​បរិវេណ​ដែល​មាន​មុន​ក្បាល​ខ្មៅ​ រួចហើយ​ទុកចោល5នាទី​មុននឹង​លាង​ចេញ​ដោយ​ទឹក​ត្រជាក់​ (ចូរ​ធ្វើ​នៅពេល​យប់​ ហាម​ធ្វើ​នៅពេល​ព្រឹក​ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​ក្រហាយ​នៅពេល​ចេញទៅ​ប៉ះ​នឹង​កម្តៅ​ និង​ពន្លឺថ្ងៃ​)។

10​.ប្រើ​ច្រាស​ទន់​ៗដុស​ស្បែក​ ដើម្បី​ទទួល​បាន​ស្បែក​ដ៏​ល្អ
​ការប្រើ​ច្រាស​ទន់​ៗដុសខាត់​នៅ​លើ​ស្បែក​គឺ​ជា​ការ​ឌី​ថក់ស៍​ស្បែក​បែ​បងាយៗ​ ដុស​ថ្នម​ៗប្រៀប​ដូចជា​ការ​ធ្វើ​ម៉ាស្សា​ស្បែក​ កម្ចាត់​កោសិកា​ស្បែក​ដែល​ស្លាប់​ហើយ​ តែ​នៅតែ​តោង​នៅ​លើ​ស្បែក​មិន​ព្រម​ជ្រុះចេញ​ ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រោគ​រឹងមាំ​ឡើង​ កម្ចាត់​សេល​លូ​ឡៃ​ត៍​ ជំរុញ​អ័រម៉ូន​ និង​ជួយ​រឹត​បន្តឹង​ស្បែក​។ គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ និង​មិន​អស់ប្រាក់​ច្រើន​ទៀតផង​៕

Advertisement