មើម​ខ្ជាយ មានគុណ​ប្រយោជន៍​ខ្ពស់​ហួស​ពី​ការរំពឹងទុក

ខ្ជាយ​ ជា​រុក្ខជាតិ​ឱសថ​បុរាណ​ដែល​ភាគច្រើន​មាន​ដាំ​តាម​ផ្ទះ​ ហើយ​ផ្នែក​ដែលគេ​អាច​យក​ទៅ​ប្រើ​ធ្វើជា​អាហារ​ និង​ឱសថ​នោះ​ គឺ​គល់​ និង​មើម​ខ្ជាយ​ដែល​កប់​ក្នុង​ដី​ ព្រោះ​វា​មានគុណ​សម្បត្តិ​ជាច្រើន​ប្រភេទ​។ គ្រូឱសថបុរាណ​ខ្មែរ​ ច្រើន​យក​គល់​ និង​មើម​ខ្ជាយ​ទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាការ​ឈឺពោះ​ កែរោគ​ឆ្អល់​ចុកសៀត​ក្នុង​ពោះ​ កែរោគ​ក្រពះ​ ព្យាបាល​ដំបៅ​នៅក្នុង​មាត់​ ធ្វើជា​ថ្នាំ​បង្កើន​អាយុ​ បង្កើន​កម្លាំង​ និង​បំបាត់រោគ​អសមត្ថភាព​ផ្លូវភេទ​ជាដើម​។

1. សម្រាល​អាការ​ចុកសៀត​ណែន​ក្នុង​ពោះ​ : យក​មើម​ខ្ជាយ​ប្រមាណ​ជា​កន្លះ​ក្តាប់​ទៅ​ស្ងោរ​ឱ្យ​ពុះ​ រួច​ញ៉ាំទឹក​នោះ​។
2. បំបាត់រោគ​ក្រពះ​ : ញ៉ាំ​មើម​ខ្ជាយ​ស្រស់​ៗប៉ុន​ម្រាម​កូនដៃ​ដោយ​មិន​បក​សម្បក​ មួយថ្ងៃ​ 3ពេល​មុន​ពេលបាយ​ 15នាទី​រយៈពេល​ 2សប្តាហ៍​។
3 . ព្យាបាល​ដំបៅ​នៅក្នុង​មាត់​ : កិន​មើម​ខ្ជាយ​ទាំង​សម្បក​ចំនួន​ 2មើម​លាយ​ទឹក​ស្អាត​ 1កែវ​ ថែម​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ រួចហើយ​ត្រង​ដោយ​ក្រណាត់​ស្បៃ​ស្អាត​យក​កាក​ចេញ​ ហើយ​យក​មក​ខ្ពុរមាត់​ មួយថ្ងៃ​ 3ពេល​ រហូត​ទាល់តែ​ដំបៅ​ជា​សះ​ដាច់​។
4 . ថ្នាំ​បង្កើន​អាយុ​ : យក​ម្សៅ​មើម​ខ្ជាយ​ដែល​កិន​ហ្មត់​ស្ងួត​ទាំង​សម្បក​មក​លាយ​ជាមួយ​ទឹកឃ្មុំ​ ពូត​ជាគ្រាប់​ថ្នាំ​តូច​ៗ ញ៉ាំ​ 1ថ្ងៃ​ 3គ្រាប់​ មុន​ពេល​ចូល​គេង​។ មាន​របាយការណ៍​ថា​ រូបមន្ត​នេះ​ថែមទាំង​អាច​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​បាន​ទៀត​ផង​។
5 . ព្យាបាល​អាការ​អសមត្ថភាព​ផ្លូវភេទ​ (ប្រដាប់បន្តពូជ​មិន​ឡើង​រឹង​)
វិធី​ទី​ 1 : កិន​មើម​ខ្ជាយ​ដែល​លាង​ស្អាត​ទាំង​សម្បក​ឱ្យ​បែ​កល្មម​ៗ រួច​ចាក់​ចូល​ដប​កែវ​មាត់ធំ​បិទ​គម្រប​ឱ្យ​ជិត​ រួច​យក​ទៅ​ក្លា​ស្សេ​ទុក​ក្នុង​ទូទឹកកក​។ ញ៉ាំ​មុន​ពេលបាយ​ 15នាទី​ម្តង​ 1ស្លាបព្រា​កាហ្វេ​ មួយថ្ងៃ​ 3ពេល​ ប្រមាណ​ជា7ថ្ងៃ​ ហើយ​ប្រសិទ្ធភាព​ នឹង​ឃើញ​ឱ្យ​ក្រោយពី​ញ៉ាំ​បាន​ 3 – 4ថ្ងៃ​។
វិធី​ទី​ 2 : យក​មើម​ខ្ជាយ​ដែល​ហាល​ស្ងួត​ហើយ​ទៅ​បុក​ឱ្យ​ក្លាយជា​ម្សៅ​ រួច​ដាក់​ចូលក្នុង​គ្រាប់​កាប់​ស៊ុល​ មួយ​គ្រាប់​ 250មីល្លី​ក្រាម​ ញ៉ាំ​មួយ​ថ្ងៃ​ 1គ្រាប់​ មុន​ពេលបាយ​ព្រឹក​ក្នុង​សប្តាហ៍​ដំបូង​ និង​មួយថ្ងៃ​ 2គ្រាប់​ ពេលព្រឹក​ក្នុង​សប្តាហ៍​ទី2​។ បើ​នៅតែ​មិនទាន់​ឃើញ​លទ្ធផល​ ចូរ​ញ៉ាំ​ 2គ្រាប់​មុន​ពេលបាយ​ល្ងាច​បន្ថែម​ទៀត​ និង​សូមកុំ​ភ្លេច​ហាត់ប្រាណ​ឱ្យ​បាន​ជាប់លាប់​ផង​ ដើម្បី​សុខភាព​កាន់​តែ​ល្អ​រឹងមាំ​៕

Advertisement