វិធីសម្អាតធ្មេញសម្រាប់អ្នកពត់ធ្មេញ

ធ្មេញ​ស្អាត​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់​គ្នា​ ហេតុនេះ​ហើយ​បាន​ជា​មនុស្ស​មួយចំនួន​ដែល​មាន​ធ្មេញ​មិន​ត្រង់​ស្អាត​បាន​ចំណាយពេល​ និង​ប្រាក់កាស​ ដើម្បី​ធ្វើការ​ព្យាបាល​ធ្មេញ​ឱ្យមក​ត្រង់​ស្អាត​វិញ​ តាមរយៈ​ការ​ពត់​ធ្មេញ​។ បន្ទាប់ពី​បាន​ធ្វើការ​ពត់​ធ្មេញ​ លោកអ្នក​ប្រាកដជា​មាន​អារម្មណ៍​ថា​ ធ្មេញ​របស់​អ្នកមាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ពុត​ធ្មេញ​ យើង​ក៏​ជឿ​ដែរ​ថា​ មាន​ប្រិយមិត្ត​មិន​តិច​ទេ​ដែល​រអ៊ូរទាំ​រឿង​ការពិបាក​ក្នុង​ការ​សម្អាត​ធ្មេញ​។ បាន​ហើយ​! ឈប់​បារម្ភ​ទៀត​ទៅ​ ហើយ​ងាក​មក​សាកល្បង​ធ្វើការ​សម្អាត​ធ្មេញ​តាមរយៈ​ការណែនាំ​មួយចំនួន​ដូចតទៅ​នេះ​ ៖

– ដំបូង​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​ អ្នក​ពិតជា​បាន​ដុស​សម្អាត​ធ្មេញ​រាល់ពេល​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​។
– មុន​ពេល​ចាប់ផ្តើម​ដុសធ្មេញ​ ត្រូវ​ខ្ពុរមាត់​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យ​បាន​សព្វ​ ដើម្បី​ជួយ​បន្ធូរ​កម្ទេច​អាហារ​ដែល​មាននៅ​ក្នុង​មាត់​កុំឱ្យ​តោង​ជាប់​ខ្លាំងពេក​។

ពេល​ដុសធ្មេញ​ : ការ​ដុសធ្មេញ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​ដូចតទៅ​ ៖
1. ធ្មេញមុខ​ : ចាប់ផ្តើម​ដុស​ផ្នែក​ខាងមុខ​នៃ​ធ្មេញ​ពីលើ​ចុះ​មក​ក្រោម​ រួច​ក៏​បន្ត​ទៅ​ដុស​ផ្នែក​ខាងក្នុង​វិញ​ម្តង​។
2. ធ្មេញ​ក្រោម​ : ត្រូវ​ដុស​ក្នុង​ទិសដៅ​ពី​ក្រោម​ឡើង​ទៅលើ​ រួច​ក៏​សំដៅ​ទៅ​ដល់​ផ្នែក​ខាងក្នុង​ដូចមុន​ដែរ​។

– បន្ត​ទៅ​កន្លែង​ផ្សេង​ៗទៀត​នៃ​ធ្មេញ​របស់​អ្នក​ដូចជា​ ធ្មេញ​ថ្គាម​ ទាំង​ផ្នែក​ខាងលើ​ ខាងក្រៅ​ និង​ខាងក្នុង​ ប៉ុន្តែ​សូម​ចងចាំ​ថា​ រាល់ពេល​ដុស​ធ្មេញ​ ជាពិសេស​ធ្មេញមុខ​ទាំង​លើ​ទាំង​ក្រោម​ អ្នក​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​ខ្សែ​ពត់​ធ្មេញ​ញឹកញាប់​ពេក​ ហើយ​អ្នក​គួរតែ​ប្រើ​ជំនួយ​ពី​អណ្តាត​ ដើម្បី​ទប់​ថ្នាំ​ដុសធ្មេញ​ឱ្យ​ជាប់នឹង​ធ្មេញ​ ហើយក៏​ដើម្បី​ការពារ​ការ​ជ្រុះ​ធ្លាក់​នៃ​ខ្សែ​ពត់​ធ្មេញ​ដែល​នៅ​លើ​ធ្មេញ​របស់​អ្នកផង​ដែរ​។
– ខ្ពុរ​សម្អាត​មាត់​ធ្មេញ​របស់​អ្នក​ម្តង​ទៀត​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យ​បាន​ត្រឹមត្រូវ​ បន្ទាប់ពី​ដុសធ្មេញ​រួច​។
– បើ​ទោះជា​ក្នុង​ពេល​ពត់​ធ្មេញ​ក៏ដោយ​ ក៏​ការ​ទាក់​សម្អាត​ធ្មេញ​ដោយ​ខ្សែ​សម្អាត​ធ្មេញ​នៅ​តែ​មាន​ភាព​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ធ្មេញ​ស្អាត​បាន​យ៉ាង​ល្អ​ដែរ​ ដូច្នេះ​សូម​បន្ត​ធ្វើ​វា​ទៀត​ចុះ​។អ្នកជំនាញ​បាន​ធ្វើការ​ណែនាំ​ឱ្យ​សម្អាត​ធ្មេញ​រយៈពេល​យ៉ាងតិច2នាទី​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ​ គួរតែ​ចំណាយពេល​ឱ្យ​ច្រើនជាង​នេះ​បន្តិច​ក្នុង​ការ​ដុសធ្មេញ​ ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ប្រសើរ​ជាង​មុន​៕

Advertisement