មូលហេតុធម្មតាៗដែលធ្វើឱ្យក្រពះពិបាករំលាយអាហារ

តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធ​ហាក់ដូចជា​មាន​អាការ​ឆ្អល់​ តឹងណែន​ មិន​ស្រួល​ពោះ​ បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ដែរ​ឬទេ​? ទាំងនេះ​គឺ​អាច​បណ្តាល​មក​ពី​ការរំលាយអាហារ​ដោយ​ពិបាក​ ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ការ​មិន​រំលាយអាហារ​នេះឯង​។ ការ​មិន​រំលាយអាហារ​ស្ទើរតែ​បាន​ក្លាយជា​បញ្ហា​ទូទៅ​មួយ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​វ័យ​។ ការយល់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​កើតមាន​អាការ​មិន​រំលាយ​អាហារ​ អាច​ជួយ​អ្នក​ក្នុង​ការ​ការពារ​ខ្លួន​ពី​សភាព​បែបនេះ​បាន​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​សាមញ្ញ​មួយចំនួន​ដែល​បណ្តាល​ឱ្យ​មានការ​ពិបាក​ក្នុង​ការរំលាយអាហារ​ ៖

ទម្លាប់​មិនល្អ​ក្នុង​ការ​ទទួលទាន​អាហារ​មានទម្លាប់​មិនល្អ​ក្នុង​ការ​ទទួលទាន​អាហារ​មួយចំនួន​ដែល​បណ្តាល​ឱ្យ​ការរំលាយអាហារ​មាន​បញ្ហា​ ទម្លាប់​មិនល្អ​ទាំងនោះ​មាន​ដូចជា​ ទទួលទាន​លឿន​ពេក​ ដោយ​មិនបាន​ទំពា​អាហារ​ឱ្យ​បាន​ម៉ដ្ឋ​ល្អ​, ទទួលទាន​អាហារ​ច្រើនពេក​, ទទួលទាន​អាហារ​ខ្លាញ់​ ឬហឹរ​ច្រើនពេក​។ ដូច្នេះ​បើ​ចង់ឱ្យ​ក្រពះ​អ្នក​អាច​ធ្វើការងារ​បាន​ល្អ​នោះ​ សូម​ចៀសចេញ​ទម្លាប់​មិនល្អ​ខាងលើ​នេះ​។

ទទួលទាន​ជាតិ​អាល់កុល​ជាតិ​អាល់កុល​ធ្វើ​ឱ្យ​កោសិកា​បាត់បង់​ជាតិទឹក​ ស្ងួត​ និង​ទទួលរង​នូវ​ការបំផ្លាញ​។ នេះ​ជា​កត្តា​មួយផ្សេងទៀត​ដែល​នាំ​ទៅ​រក​ការពិបាក​ក្នុង​ការរំលាយអាហារ​ ដូច្នេះ​ប្រសិន​អ្នកជា​មនុស្សម្នាក់​ដែល​តែងតែ​ទទួលទាន​ស្រា​ជា​ញឹកញាប់​នោះ​ អ្នក​គួរតែ​កំណត់​ឱ្យ​ស្ថិត​ក្នុង​ចំណុះ​តិច​បំផុត​ ដើម្បី​កុំឱ្យ​ក្រពះ​ពិបាក​ក្នុង​ការរំលាយអាហារ​។

បារី​បារី​នឹង​ធ្វើ​ឱ្យ​ចំណង់​អាហារ​ធ្លាក់ចុះ​ ដោយ​ការ​ចូល​ទៅ​បំផ្លាញ​អង់​ហ្សី​មនៃ​ការរំលាយអាហារ​របស់​អ្នក​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ទទួលរង​នូវ​ការបំផ្លាញ​ ជា​មូលហេតុ​បណ្តាល​ឱ្យ​ប្រឈម​នឹង​បញ្ហា​មិន​រំលាយអាហារ​។

កា​ហ្វេ​អុីន​តែ​ កាហ្វេ​ សូកូឡា​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​អាហារ​មួយចំនួន​ទៀត​ដែល​មាន​ផ្ទុក​នូវ​ជាតិកា​ហ្វេ​អុីន​ ក៏អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ក្នុង​ការរំលាយអាហារ​ ដោយ​ការ​ធ្វើ​ឱ្យ​ជាតិ​អាស៊ីត​កើន​ឡើង​។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការរំលាយអាហារ​ អ្នក​គួរ​កំណត់​ជាតិកា​ហ្វេ​អីុន​ឱ្យមក​នៅ​ត្រឹមតែ1​ ឬ2ពែង​ក្នុង​មួយថ្ងៃ​បាន​ហើយ​។

ហាត់​ប្រា​ណភ្លាម​ៗបន្ទាប់ពី​ទទួលទាន​អាហារ​រួច​វា​ជា​រឿង​សំខាន់​ដែល​ថាត្រូវ​ទទួលទាន​អ្វី​បន្តិច​សិន​មុន​ធ្វើការ​ហាត់ប្រាណ​បញ្ចេញ​ថាមពល​រាងកាយ​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ការ​ពេលវេលា​ខ្លះ​ដើម្បី​សម្រាក​ឱ្យ​ស្រក​ពោះ​សិន​ដែរ​ ដូច្នេះ​ចន្លោះ​នៃ​ការហាត់ប្រាណ​ បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ អ្នក​គួរ​សម្រាក​រយៈពេល30ទៅ60នាទី​ជាមុន​សិន​ចាំ​ចាប់ផ្តើម​ហាត់ប្រាណ​។ បន្ទាប់ពី​ទទួលទាន​អាហារ​ ឈាម​ធ្វើ​ចលនា​នៅ​ជុំវិញ​ប្រព័ន្ធ​រំលាយអាហារ​ តែ​ប្រសិនបើ​អ្នកធ្វើការ​ហាត់​ប្រា​ណភ្លាម​ៗ នោះ​ ចលនា​នៃ​ការហាត់ប្រាណ​នឹង​ទាញ​យក​ឈាម​ទាំងនោះ​ចេញ​ដែល​ជា​ការ​រំខាន​ដល់​ការរំលាយអាហារ​។
ដឹង​ហើយ​មែនទេ​ថា​រឿង​សាមញ្ញ​ៗ ដែល​អ្នក​បាន​ធ្វើ​រាល់ថ្ងៃ​នេះ​គឺជា​មូលហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការរំលាយអាហារ​ ដូច្នេះ​សង្ឃឹមថា​ ចាប់ពី​ពេលនេះ​ទៅ​អ្នក​នឹង​មិន​ធ្វើអ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការរំលាយអាហារ​ទៀត​នោះ​ទេ​៕

Advertisement