ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​ ក្នុង​រៀងរាល់​អាការ​ឈឺពោះ​ ច្បាស់ជា​មាន​ដើមហេតុ​របស់​វា​ទាំងអស់​។ នៅ​ពេលនេះ​ យើង​នាំគ្នា​មក​យល់ដឹង​អំពី​សញ្ញា​អាក្រក់​ដែល​កើតឡើង​នៅពេល​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ដែល​បើសិនជា​វា​កើត​អាការ​ឈឺ​ញឹកញាប់​ជាបន្តបន្ទាប់​ក្នុង​លក្ខ​ណៈ​ផ្សេង​ៗនោះ​ មានន័យថា​រាងកាយ​របស់​យើង​កំពុង​បញ្ជូន​សញ្ញា​ប្រាប់​អំពី​ជំងឺ​អាក្រក់​ណាមួយ​ហើយ​…។

អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​លើ​(ម្ដុំ​ៗក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​)នៅពេល​លោកអ្នក​កើតមាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​លើ​ ហើយ​អាការ​ឈឺ​នោះ​ច្រើនតែ​កើតឡើង​ក្រោយពេល​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ នោះ​អាច​មានន័យថា​ លោកអ្នក​កំពុង​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ជំងឺ​ក្រួស​ក្នុង​ថង់​ទឹកប្រមាត់​ រួម​ទាំង​ជំងឺថ្លើម​ផង​ដែរ​។ ចំណុច​សង្កេត​សំខាន់​ដែល​នឹង​ជួយ​បញ្ជាក់​បាន​ថា​ អាច​ជា​ជំងឺ​ទាំង​នោះ​គឺ​ ពេល​យកដៃ​ទៅ​ចុច​សង្កត់​លើ​បរិវេណ​ដែល​មាន​អាការ​ឈឺ​នោះ​ អាច​នឹង​ប៉ះ​នឹង​ដុំ​សាច់​រឹង​ៗ ចំណែក​អាការ​ដែល​តាម​មក​នោះ​គឺ​ មាន​អាការ​ខ្លួនប្រាណ​ឡើង​លឿង​ និង​ភ្នែក​លឿង​។

អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ពេល​កើតមាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ ចាប់ផ្ដើម​តាំងពី​ម្ដុំ​ជុំវិញ​រន្ធ​ផ្ចិត​រហូត​ទៅដល់​ក្រោម​ពោះ​ផ្នែក​ខាង​ក្រោម​ស្ដាំ​។ ពេល​យកដៃ​ទៅ​ស្ទាប​លើ​បរិវេណ​ដែល​មាន​អាការ​ឈឺ​នោះ​ នឹង​មាន​ប៉ះ​នឹង​ដុំ​សាច់​ សង្កត់ពីលើ​ ហើយ​មាន​អាការ​ឈឺ​ ប្រកប​នឹង​ការ​ឈឺចុក​សៀត​គ្រប់ពេលវេលា​ បើ​មាន​សភាព​បែបនេះ​ ចូរ​សន្និដ្ឋាន​ទុកជា​បឋម​ថា​ អាច​ជា​រោគសញ្ញា​រលាក​ខ្នែងពោះវៀន​ហើយ​ តែបើ​មាន​អាការ​ឈឺ​ស្រដៀង​មាន​ខ្យល់​នៅក្នុង​ពោះ​ មាន​អា​ការ​រមូរ​ៗពោះ​រួម​ជាមួយ​ផង​នោះ​ អាច​បណ្ដាលមកពី​ការ​ធ្វើការងារ​ខុសប្រក្រតី​របស់​ពោះវៀនធំ​។

អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​បំផុត​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​បំផុត​នេះ​ នឹង​មាន​អាការ​ឈឺ​ឡើង​រឹង​កើតឡើង​ជា​ដំ​ណា​ក់ៗ​ មាន​អាការ​ឈឺ​ផ្នែក​ខាងក្រោម​ពោះ​បំផុត​ផ្នែក​ខាងស្ដាំ​រាលដាល​ទៅដល់​ដើមភ្លៅ​ ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​ អាច​មាន​បញ្ហា​សុខភាព​កើតឡើង​នៅ​ម្ដុំ​តម្រងនោម​ តែបើ​សិន​មាន​អាការ​គ្រុនក្ដៅ​ខ្លាំង​ មាន​អារម្មណ៍​រងាញាក់​ ហើយ​ថែមទាំង​មាន​ធ្លាក់ស​(ចំពោះ​ស្រ្តី​) រួម​ជាមួយ​ផង​នោះ​ អាការ​ក្នុង​លក្ខណៈ​បែបនេះ​ គឺជា​សញ្ញា​របស់​ជំងឺ​រលាក​ដៃស្បូន​ ដែល​បើសិនជា​យើង​យកដៃ​ស្ទាប​ត្រង់កន្លែង​ដែល​ឈឺ​ នឹង​ប៉ះ​ដុំ​សាច់​ទៀតផង​។

អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ឆ្អឹងជំនី​ ពេល​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ឈឺ​បែប​ក្រ​ហាយ​ៗនៅ​ក្រោម​ឆ្អឹងជំនី​ ដោយចំពោះ​អ្នកខ្លះ​អាច​មាន​អាការ​ឈឺ​ចុកសៀត​ និង​ចុកពោះ​រួម​ជាមួយ​ផង​ នោះ​មានន័យថា​ អាច​ជា​ការ​ធ្វើការ​ខុសប្រក្រតី​របស់​ពោះវៀនតូច​។ មាន​មូលហេតុ​មក​ពី​ការ​កើត​ប្រតិកម្ម​ចាញ់​ប្រូ​តេ​អុីន​គ្លុ​យតេន​ ហុច​ផល​ប៉ះពាល់​ធ្វើ​ឱ្យ​ពោះវៀន​មិន​អាច​បឺត​ជ្រាប​អាហារ​បាន​ល្អ​ដូច​ប្រក្រតី​ ធ្វើ​ឱ្យ​កើត​អាការ​ឈឺពោះ​។ បើសិន​បណ្ដោយ​ទុក​មិន​ធ្វើការ​ព្យាបាល​រយៈពេល​យូរ​ អាការ​ទាំងនេះ​នឹង​ប្រមូល​សន្សំ​រហូត​កើតជា​សភាវ​រាករូស​រ៉ាំរ៉ៃ​ ហើមពោះ​ ហើយ​ថែមទាំង​អាច​វិវឌ្ឍ​ទៅជា​ជំងឺ​រលាក​ពោះវៀនតូច​បាន​ទៀតផង​។

អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​កណ្ដាល​(ចង្កេះ​ខាងស្ដាំ​)បើសិន​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​កណ្ដាល​ រួម​ទាំង​បន្ទោបង់​មក​មាន​ឈាម​ ឬប្រព័ន្ធ​បន្ទោបង់​មាន​ភាព​ខុស​ប្រក្រតី​នោះ​ អាច​ជា​សញ្ញា​ដាស់តឿន​ថា​ អ្នក​កំពុង​ជិត​កើត​ជំងឺ​រលាក​ពោះវៀនធំ​ហើយ​ ដែល​បើសិនជា​ពិនិត្យ​ទៅ​ឃើញ​មាន​ដុំ​សាច់​ផង​នោះ​ ក៏អាច​ជា​ការ​បង្ហាញ​ឱ្យ​ឃើញថា​ អ្នក​អាច​នឹង​កើតរោគ​ដុះ​សាច់​ក្នុង​ពោះវៀនធំ​។ តែបើ​សិន​ជា​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ចាប់ផ្ដើម​ពី​ចង្កេះ​រាលដាល​ទៅដល់​គល់​ភ្លៅ​វិញ​នោះ​ អាច​នឹង​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ដុំ​ក្រួស​នៅក្នុង​ក្រលៀន​ ឬបើ​មាន​អាការ​ឈឺចង្កេះ​ខាងស្ដាំ​ ព្រមទាំង​មាន​គ្រុនក្ដៅ​រងា​ រួម​ទាំង​មាន​ទឹកមូត្រ​ពណ៌​កករ​ល្អក់​ផង​ ក៏អាច​ជា​សញ្ញា​មួយ​ប្រាប់​ថា​ អ្នក​អាច​នឹង​កើតជំងឺ​រលាក​បំពង់​តម្រងនោម​។

អាការ​ឈឺពោះ​ខាងស្ដាំ​ពេល​មានគភ៌​​​ត្រូវតែ​សុំ​ប្រាប់​ស្រ្តី​ដែល​កំពុង​មានគភ៌​នៅពេល​នេះ​ថា​ អាការ​ឈឺពោះ​ខាងស្ដាំ​ដែល​កើតឡើង​ក្នុង​ខណៈ​ដែល​យើង​កំពុង​ជិត​មានកូន​តូច​នោះ​ មិនមែន​ជា​រឿង​ដែល​ត្រូវ​កង្វល់​នោះ​ទេ​ ព្រោះ​បើ​មាន​អាការ​ឈឺពោះ​ មិនថា​តែ​ខាងស្ដាំ​ ឬខាងឆ្វេង​នោះ​ទេ​ បើសិនជា​ការ​ឈឺ​នោះ​ជា​ការ​ឈឺ​បែប​ស្រាល​ៗ នោះ​គឺ​ដោយសារតែ​តួ​ជីវិត​ចាប់ផ្ដើម​បង្កប់ខ្លួន​ទៅ​ក្នុង​ស្បូន​។ អាការ​បន្ត​ដែល​ស្រ្តី​មានផ្ទៃពោះ​នឹង​ត្រូវ​ជួប​ គឺ​អាការ​ឈឺ​ក្នុង​ស្បូន​ ព្រោះ​ស្បូន​នឹង​ចាប់ផ្ដើម​រីកធំឡើង​ជា​បណ្ដើរ​ ដែល​ពេលនោះ​ស្រ្តី​មានគភ៌​នឹង​មាន​អារម្មណ៍​ឈឺ​នៅក្នុង​ពោះ​ផ្នែក​ខាងក្រោម​(ថ្ងាសក្រោម​)ជាពិសេស​។
ក្រៅពីនោះ​ បើសិន​ស្រ្តី​មានគភ៌​មាន​ភេទ​សម្ព័ន្ធ​ញឹកញាប់​ ដើរ​ច្រើន​ ឡើងចុះ​ជណ្ដើរ​ញឹកញាប់​ ឬហាត់ប្រាណ​ប្រចាំ​ ក៏​អាច​ធ្វើ​ឱ្យ​កើតមាន​អាការ​ឈឺពោះ​ម្ដុំ​ផ្នែក​ខាងក្រោម​ដែរ​ ដោយសារតែ​ការប្រើ​សាច់ដុំ​នៅត្រង់​ផ្នែក​នោះ​។ បើសិនជា​មាន​អារម្មណ៍​ថា​ឈឺពោះ​ផ្នែក​ខាង​ស្ដាំ​ខ្លាំង​ៗរហូត​មាន​អារម្មណ៍​ថា​ទ្រាំ​លែង​បាន​ យើង​សូម​ណែនាំ​ឱ្យ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ ដើម្បី​បាន​ប្រញាប់​ពិនិត្យ​វិនិច្ឆ័យ​យ៉ាង​លម្អិត​ និង​ចាប់ផ្ដើម​ព្យាបាល​តាម​អាការ​រហូត​ទាល់តែ​ជា​ គឺជា​រឿង​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ខ្លាំង​បំផុត​៕

Advertisement