ត្រី​ប្រាកំពូល​ត្រី​ទឹកសាប មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា 3ខ្ពស់ ល្អ​ចំពោះ​សុខភាព

ត្រី​ទឹកសាប​ក៏មាន​សារធាតុ​អូ​មេ​ហ្កា 3 ខ្ពស់​ដែរ ជាពិសេស​នោះ​គឺ ត្រី​ប្រា ត្រី​រ៉ស់ និងត្រី​ឆ្ពុង​សតែម្ដង ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​ច្រើន​ទៅ​ទិញ​ត្រី​សមុទ្រ​ដែលមាន​តម្លៃថ្លៃៗមក​ទទួលទាន ដើម្បី​ទទួលបាន​សារធាតុ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្កា 3 ច្រើន​នោះទេ។ភាគច្រើន​ឱ្យ​តែ​ឮពាក្យ​ថា​ “អូ​មេ​ហ្កា​-3” យើង​ច្រើនតែ​នឹក​ទៅដល់​អាស៊ីត​ខ្លាញ់​ដែល​មាននៅ​ក្នុង​សាច់​ត្រី​សមុទ្រ​ ដូចជា​ ត្រី​សា​លម៉ុន​ ត្រីេ្រថៅ​ត៍​ ត្រី​សា​ឌីន​ ត្រី​ធូ​ណា​ ត្រី​មែក​ខា​រេល​ ដែល​ជា​ត្រី​នាំចូល​មក​ពី​បរទេស​ និង​មាន​តម្លៃ​ថ្លៃ​ៗ ដោយ​មិនសូវ​មាន​អ្នក​គិតដល់​ត្រី​ទឹកសាប​ដែល​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3នេះ​ខ្ពស់​នៅក្នុង​ស្រុក​ឡើយ​ គឺ​មាន​ខ្ពស់​មិនចាញ់​ត្រី​សមុទ្រ​ស្រុកក្រៅ​ឡើយ​ ជាពិសេស​គឺ​ “ត្រីប្រា​” របស់​ខ្មែរយើង​តែម្ដង​ គឺជា​ត្រី​ទឹកសាប​ដែល​មាន​អូ​មេ​ហ្កា3ខ្ពស់​បំផុត​ដល់ទៅ​ 2,570​ មិល្លីក្រាម​ក្នុង​ 100​ ក្រាម​ ច្រើនជាង​ត្រី​សមុទ្រ​ខ្លះ​ដូចជា​ “ត្រី​សា​លម៉ុន​” ទៅ​ទៀត​ ព្រោះ​ត្រី​សា​លម៉ុន​មាន​អូ​មេ​ហ្កា3​ ប្រមាណ​ត្រឹមតែ​ 1,000​ – 1,700​ មិល្លីក្រាម​ក្នុង​ 100​ ក្រាម​ប៉ុណ្ណោះ​។ ចំណែក​ “ត្រីរ៉ស់​” ក៏​មាន​អូ​មេ​ហ្កា3​ ខ្ពស់​ដែរ​ គឺ​មានដល់​ទៅ​ 870​ មិល្លីក្រាម​ក្នុង​ 100​ ក្រាម​ឯណោះ​។ បន្ទាប់មក​ទៀត​គឺ​ “ត្រី​ឆ្ពុង​” ដោយមាន​អូ​មេ​ហ្កា3​ ប្រមាណ​ជា​ 310​ មិល្លីក្រាម​ក្នុង​ 100​ក្រាម​។ ហើយ​ប្រភេទ​ត្រី​ទឹកសាប​កម្ពុជា​អស់​ទាំងនេះ​ មិន​ពិបាក​ឱ្យ​យើង​រក​ទិញ​ឡើយ​ និង​ថែមទាំង​មានតម្លៃ​ថោកជាង​ត្រី​សមុទ្រ​ទឹកប្រៃ​ទៅទៀត​។

ខាងក្រោម​នេះ​ គឺជា​អត្ថ​ប្រយោជន៍​របស់​ “អូ​មេ​ហ្កា3​” ដោយ​ ឡា​រ៉ែ​ន ជឿ​ថា​ ពេល​លោកអ្នក​បាន​អាន​ហើយ​ មុខ​ជា​ចង់ទៅ​ទិញ​យក​មក​ទទួលទាន​ជាក់ជា​មិនខាន​ ៖* ការពារ​ជំងឺបេះដូង​ និង​សរសៃឈាម​ ព្រោះ​អូ​មេ​ហ្កា3​ នឹង​ជួយការ​ពារ​ការ​ប្រមូលផ្ដុំ​សារជាតិ​ខ្លាញ់​បង្កក​ខ្លួន​ ឬខូ​លេ​ស្តេ​រ៉ូល​ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​សរសៃឈាម​ញ៉ុក​ណែន​។
* បំប៉ន​ខួរក្បាល​ ព្រោះ​អាស៊ីត​ខ្លាញ់​ DHA​ដែល​មាន​ក្នុង​អូ​មេ​ហ្កា3​ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ចងចាំ​ ការ​ស្វែងយល់​សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​ អារម្មណ៍​ និង​ផ្នែក​ផ្សេង​ៗជាច្រើន​ទៀត​ រហូតដល់​បណ្ដាល​ឱ្យ​កើតមាន​ជា​ពាក្យ​មួយ​ឃ្លា​ថា​ “ញ៉ាំ​ត្រី​ច្រើន​ឆ្លាត​” រហូតមកដល់​សព្វថ្ងៃ​ទៀតផង​។
* បំប៉ន​ប្រព័ន្ធ​ប្រសាទ​ និង​ភ្នែក​ ព្រោះ​អូ​មេ​ហ្កា3​ ជា​អាស៊ីត​ខ្លាញ់​ដែល​ចាំបាច់​ដល់​ការ​សាង​ជញ្ជាំង​កោសិកា​។
* អាស៊ីត​ EPA​ នៅក្នុង​ខ្លាញ់ត្រី​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​សោកសៅ​ អារម្មណ៍​មិន​ស្ងប់​ ឬគេង​មិន​លក់​។
* ជួយ​កាត់បន្ថយ​ភាព​ប្រថុយ​ក្នុង​ការ​កើត​រោគ​មហារីក​ប្រភេទ​ផ្សេង​ៗមួយចំនួន​។តែបើ​អ្នកជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ទទួលទាន​សាច់​ត្រី​ ឬពិបាក​រក​ត្រី​មក​ទទួលទាន​នោះ​ក៏​នៅ​មាន​អាហារ​ប្រភេទ​ផ្សេង​ៗជាច្រើន​ទៀត​ដែល​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3​ ខ្ពស់​ ដែល​អាច​ឱ្យ​អ្នកមាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួលទាន​ ដោយ​ ឡា​រ៉ែ​ន នឹង​លើកយក​មក​បង្ហាញ​ប្រិយមិត្ត​អ្នកអាន​នៅ​លេខ​ក្រោយ​ទៀត​ ដូច្នេះ​សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ណា៎​៕

Advertisement