ពេល​រលាក​ដោយ​វត្ថុ​ក្ដៅ​ធ្ងន់ធ្ងរ តើ​គួរ​សង្គ្រោះ​បឋម​បែបណា​ល្អ?

June 27, 2019​ ម៉ោង 8:55 am

ពេលខ្លះ​អ្នកមាន​ការ​ធ្វេសប្រហែស​ ធ្វើ​ឱ្យ​រលាកភ្លើង​ ឬវត្ថុ​ក្ដៅ​។ មាន​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​អំពី​វិ​ធី​ងាយ​ៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា​រលាកភ្លើង​ ឬទឹក​ក្តៅ​ គឺ​គ្រាន់តែ​យក​ផ្នែក​ពណ៌ស​នៃ​ស៊ុតមាន់​ ទៅ​លាប​ឱ្យ​សព្វ​លើ​បរិវេណ​ដែល​ត្រូវ​ទឹក​ក្តៅ​រលាក​ ទុកចោល​មួយសន្ទុះ​ រហូតដល់​ស្ងួត​ ទើប​លាង​ជម្រះ​ដោយ​ទឹក​ឱ្យ​ស្អាត​ជាការស្រេច​។ វិធី​នេះ​អាច​បំបាត់ស្នាម​ដំបៅ​ក្រហម​ ឬពងបែក​នៅ​លើ​ស្បែក​បាន​ ប៉ុន្តែ​ករណី​ដែល​រលាក​ខ្លាំង​ ហើយ​ធ្ងន់ធ្ងរ​នោះ​ វិធី​ងាយ​មួយ​នេះ​ ក៏​មិនបាន​ហុច​ផល​ឱ្យ​ស្បែក​ជាសះស្បើយ​ទាំងស្រុង​នោះ​ទេ​។ នៅពេល​អ្នក​ជួបប្រទះ​នូវ​បញ្ហា​រលាកភ្លើង​ ឬរលាក​ទឹក​ក្ដៅ​ខ្លាំង​ សូម​ប្រតិបត្តិ​តាមវិធី​សាស្ត្រ​សង្គ្រោះ​បឋម​មួយចំនួន​ដូច​ខាងក្រោម​នេះ​៖

1- សង្គ្រោះ​រាងកាយ​
ក្នុងករណី​ត្រូវ​ទឹក​ក្ដៅ​រលាក​ទាំង​សម្លៀកបំពាក់​ ចូរ​ប្រញាប់​ឆក់​ ឬដោះ​សម្លៀកបំពាក់​ចេញ​ពី​រាងកាយ​ឱ្យ​បាន​លឿន​ជាទីបំផុត​ ឬបើ​មិន​អាច​យកចេញ​បានទេ​ ចូរ​ប្រញាប់​យក​ទឹក​ត្រជាក់​មក​ស្រោច​ពីលើ​រាងកាយ​ភ្លាម​។ ក្នុងករណី​ដែល​អ្នក​ត្រូវ​ភ្លើង​រលាក​ បើ​សម្លៀកបំពាក់​ឆេះ​ភ្លើង​ ត្រូវ​ប្រញាប់​យក​ទឹក​មក​ជះ​ពន្លត់​ភ្លាម​។ បើ​មិន​មាន​ទឹក​នៅ​ក្បែរ​នោះ​ទេ​ ចូរ​គេង​ទៅលើ​ដី​ ហើយ​ប្រមៀល​ចុះឡើង​ ដើម្បី​ពន្លត់ភ្លើង​ដែល​ឆេះ​ខោអាវ​នោះ​ជាមុន​សិន​។

2- បញ្ចុះ​កម្ដៅ​ដល់​ស្បែក​
អ្នក​ត្រូវ​បញ្ចុះ​កម្ដៅ​ស្បែក​ត្រង់​បិ​វេ​ណដែល​រលាក​ ដោយ​ទឹក​ត្រជាក់​ ឬទឹកកក​ ព្រោះ​បើ​អ្នក​មិន​បញ្ចុះ​កម្ដៅ​ភ្លាម​ៗទេ​ ស្បែក​ត្រង់​បរិវេណ​នោះ​វា​នឹង​រីក​ពងទឹក​។ ការ​បញ្ចុះ​កម្ដៅ​ស្បែក​អាច​ធ្វើ​បាន​ដោយ​ការ​ស្រោចទឹក​ត្រជាក់​ដោយ​ផ្ទាល់​ ឬយក​ទឹកកក​ខ្ចប់​ក្នុង​ក្រណាត់​ស្អាត​មក​ស្អំ​ពីលើ​ស្បែក​ក៏បាន​។ តែ​ហាម​យក​អ្វី​ដែល​ត្រជាក់​ ហើយ​មិន​ស្អាត​មក​បិទ​ជាដាច់ខាត​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​មុខ​របួស​រលាកភ្លើង​ឆ្លង​មេរោគ​បាន​។

3- សម្អាត​ស្បែក​ត្រង់​បរិវេណ​ ដែល​ត្រូវ​ភ្លើង​ ឬទឹក​ក្ដៅ​រលាក​
លាង​សម្អាត​ដោយ​សា​ប៊ូស្រា​លៗ​ ជាមួយ​នឹង​ទឹក​ស្អាត​។ ចូរ​ចងចាំ​ថា​ មិន​ត្រូវ​ដុស​ស្បែក​ដែល​រលាកពង​នោះ​ទេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​ ហើយ​ប្រែ​ទៅជា​ដំបៅក្លាយ​ខូច​ស្បែក​កាន់តែ​ធំ​។

4- រុំ​មុខរបួស​ឱ្យ​ជិត​ស្អាត​
ក្រោយពេល​សម្អាត​ស្បែក​ត្រង់កន្លែង​ដែល​រលាក​នោះ​រួចហើយ​ ចូរ​ប្រើ​បង់​រុំ​ដំបៅ​ ឬសំឡី​ស្អាត​ដែល​សម្លាប់​មេរោគ​រួចមក​ជូត​ស្នាមរបួស​ឱ្យ​ស្អា​តថ្នម​ៗ។ បន្ទាប់មក​សឹម​បិទមុខ​របួស​ដោយ​បង់​ដែល​មិន​មាន​មេរោគ​ ដើម្បី​ការពារ​ស្នាមរបួស​ឱ្យ​មាន​អនាម័យ​ជានិច្ច​។ ក្នុងករណី​ស្នាមរបួស​តូចតាច​ អ្នក​គ្រាន់តែ​លាបថ្នាំ​ផ្សះ​សម្រាប់​រលាកភ្លើង​ ឬរលាក​ទឹក​ក្ដៅ​ ឬក៏​អាច​ប្រើ​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ ដែល​ចិត​សម្រក​ខាងក្រៅ​ចេញ​ទុក​តែ​សាច់​ខាង​ក្នុង​ថ្លា​ៗដូច​ចាហួយ​ និង​លាង​សម្អាត​ជ័រ​ហើយ​មក​បិទ​ពីលើ​ស្នាមរលាក​ក៏បាន​

5- ប្រញាប់​បញ្ចូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ​ ក្នុង​ករណី​៖
– កើតមាន​អាការ​ស្លុត​ ឬឆក់​ខ្សែភ្លើង​
– មាន​អាការ​ខ្វះ​ជាតិទឹក​ ក្នុងករណី​រលាក​ភ្លើង​ធ្ងន់ធ្ងរ​ វា​អាច​បណ្ដាល​ឱ្យ​រាងកាយ​អ្នក​ខ្វះ​ជាតិទឹក​។
– ស្នាមរលាក​មានមុខ​ធំ​ ឈឺចាប់​ខ្លាំង​ រលាក​ហើមប៉ោង​ ឬពងទឹក​ខ្លាំង​។
– ក្ដៅខ្លួន​ខ្លាំង​លើស38អង្សា​សេ​។
– រលាក​លើ​ផ្នែក​សំ​ខាន់​ៗ ដូចជា​ ក្បាល​ ក មុខ​និង​ខ្នង​ជាដើម​។
– អ្នក​រលាក​ គឺជា​មនុស្សចាស់​ ឬក្មេង​អាយុ​តិច​ជាង5ឆ្នាំ​។
– អ្នក​រលាក​ គឺជា​អ្នកជំងឺ​ទឹកនោមផ្អែម​ អ្នក​ជំងឺបេះដូង​ និង​អ្នកជំងឺ​លើសឈាម​ជាដើម​៕