ទៅទស្សនា មេអំបៅរាប់លានក្បាលនៅក្នុង ឧទ្យានខេត្តស្រះកែវប្រទេសថៃ

ក្នុង​អំឡុង​ខែមិថុនា​នេះ​តទៅ​ គឺជា​រដូវ​កាល​នៃ​ការ​ទស្សនា​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​ទៀតហើយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។ ឧទ្យានជាតិ​មួយ​នេះ​មានឈ្មោះ​ថា​ “ប៉ាង​ស៊ីដា​” គឺជា​ឧទ្យានជាតិ​មួយ​កន្លែង​ដែល​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួចស្រេច​ហើយ​។ មិន​ត្រឹមតែ​សម្បូរទៅដោយ​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​នោះ​ទេ​ ឧទ្យានជាតិ​មួយ​នេះ​ ក៏​ជាទី​ដ៏​មនោរម្យ​នៃ​អំណោយផល​ពី​ធម្មជាតិ​ផង​ដែរ​។ រហូតដល់​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា​ “ផែនដី​នៃ​មេអំបៅ​ ដែន​ព្រៃ​នៃ​ព្រះអាទិត្យ​រះ​” កាលណាបើ​ព្រះអាទិត្យ​ហើយ​ នោះ​រុក្ខជាតិ​ និង​សត្វ​មានជីវិត​នៅក្នុង​ព្រៃ​ នឹង​មក​ទទួលយក​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​សប្បាយរីករាយ​ និង​ស្រស់​ត្រកាល​បំផុត​។

ដំបូង​ យើង​មក​ស្គាល់​អំពី​ចំណុច​ពិសេស​នៃ​តំបន់​ទេសចរណ៍​ដ៏​កម្រ​មួយ​នេះ​សិន​ ដែល​ភ្ញៀវ​ទាំងអស់​អាច​ចូល​ទស្សនា​សត្វ​មេអំបៅ​ជាច្រើន​ប្រភេទ​ និង​ទៅតាម​តំបន់​នី​មួយ​ៗ ដែល​មាន​ទាំងអស់12កន្លែង​ធំៗ​ ហើយ​តំបន់​ដែល​ទទួល​បានការ​ពេញនិយម​ច្រើនជាង​គេ​នោះ​គឺ​មាន​3កន្លែង​រួមមាន​៖
1. ព្រៃ​មេអំបៅ​ : គឺជា​ចំណុច​នៃ​ការបង្កើត​ឧទ្យាន​មេអំបៅ​ទាំងមូល​តែម្ដង​។ ភ្ញៀវ​ទេសចរ​អាច​បើក​រថយន្ដ​ឡើង​ទៅ​ទស្សនា​បាន​ដោយខ្លួនឯង​។ តំបន់​នេះ​មាន​ទីធ្លា​ធំ​ទូលាយ​ គឺជា​កន្លែង​ដ៏​ពេញនិយម​ខ្លាំង​ជាងគេ​នៅក្នុង​ឧទ្យានជាតិ​ប៉ាង​ស៊ីដា​ ដែល​ជា​ធម្មតា​ មនុស្ស​ធំ​ត្រូវ​បាន​គិត​តម្លៃ​ 40បាត​ និង​ 20បាត​សម្រាប់​កូនក្មេង​។2. បរិវេណ​ទឹកជ្រោះ​ប៉ាង​ស៊ីដា​ : មុន​ពេល​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ឡើង​ទៅកាន់​ព្រៃ​មេអំបៅ​ នោះ​អ្នក​នឹង​បានឃើញ​ផ្លូវ​ទៅកាន់​ទឹកជ្រោះ​។ នៅ​បរិវេណ​នោះ​ ក៏​មាន​សត្វ​មេអំបៅ​ច្រើន​ក្បាល​កំពុង​រង់ចាំ​ថតរូប​យ៉ាង​ស្អាត​ជាមួយនឹង​ភ្ញៀវ​ទាំងអស់គ្នា​ផង​ដែរ​។ ភាគច្រើន​នៅ​តំបន់​ទឹកជ្រោះ​ គឺ​សម្បូរទៅដោយ​មេអំបៅ​ចម្រុះ​ពណ៌​ ហើយ​ពួក​វា​ហាក់បីដូចជា​ស្និត​ស្នាល​ជាមួយនឹង​មនុស្ស​ខ្លាំង​ណាស់​។3. បរ​វេ​ណថ្ម​មួយ​លាន​ : កន្លែង​មួយ​នេះ​ ភ្ញៀវ​ទេសចរ​ចាំបាច់​ត្រូវ​កា​រម​គ្គុ​ទេស​នាំ​ផ្លូវចូល​ទៅ​ក្នុង​ព្រៃ​ បើមិនដូច្នោះទេ​ អ្នក​អាច​នឹង​វង្វេងផ្លូវ​ក៏​ថា​បាន​ដែរ​ ព្រោះ​ព្រៃ​នៅ​ទីនេះ​គឺជា​ព្រៃ​ជ្រៅ​ហើយ​ធំ​។ កន្លែង​នេះ​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​ធ្វើដំណើរ​ មិន​ងាយស្រួល​សម្រាប់​កូនក្មេង​នោះ​ទេ​ តែ​វាទ​ទួល​បានការ​ពេញនិយម​បំផុត​សម្រាប់​អ្នកចូលចិត្ត​រុករាន​ព្រៃ​។ ប្រសិនបើ​អ្នក​ឡើង​ទៅ​ចំ​ពេលវេលា​ល្អ​ នោះ​មេអំបៅ​ខ្មៅ​នឹង​បង្ហាញ​ខ្លួន​រាប់​សែន​ក្បាល​ឱ្យ​អ្នក​បាន​ទស្សនា​ តែបើ​មិន​ចំ​ពេលវេលា​ទេ​ អ្នក​អាច​នឹង​មិនសូវ​ឃើញ​មេអំបៅ​ច្រើន​ដូច​ក្ដី​ស្រមៃ​នោះ​ទេ​។
បើ​អ្នកមាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទៅ​ទស្សនា​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​នៅក្នុង​ឧទ្យានជាតិ​មួយ​នេះ​ អ្នក​អាច​សាកល្បង​ទៅ​ដោយខ្លួនឯង​បាន​ និង​មិន​មាន​ចម្ងាយ​ឆ្ងាយ​ពី​ខេត្ត​ស្រះ​កែវ​ប៉ុន្មាន​នោះ​ទេ​។ សូម​រីករាយ​ជាមួយនឹង​ដំ​ណើរ​កម្សាន្ដ​ដ៏​អស្ចារ្យ​នារ​ដូវ​វស្សា​ខាងមុខនេះ​៕

Advertisement