ស្តេកត្រីសាល់ម៉ុនបំពងស្រួយ

ងាក​មក​រៀន​ធ្វើម្ហូប​បែប​អឺរ៉ុប​មួយ​មុខ​ទៀត​នោះ​គឺ​ Crispy​ Salmon​ with​ Lemon​ Coriander​ ជា​ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​ដ៏​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ ស្លា​ (Slla​ Sky​ Bar​) ដែល​ស្ថិតនៅ​ជាន់ទី9​ នៃ​សណ្ឋាគារ​ AQUARIUS​ Hotel​ &​ Urban​ Resort​។ បើ​និយាយ​ពី​រសជាតិ​វិញ​នោះ​ គឺ​ឆ្ងាញ់​ប្លែក​មាត់​តែម្តង​ ហើយ​បើ​បាន​ ទទួលទាន​ជាមួយនឹង​ស្រា​សទៀ​តនោះ​គឺ​កាន់តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត​។ ដូច្នេះ​ សូម​រៀន​ចម្អិន​ មុខម្ហូប​នេះ​ជាមួយនឹង​លោក​ ចាន់​ វ៉ាន់​ផល​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ Slla​ Sky​ Bar​ ដូចតទៅ​។

គ្រឿងផ្សំ​
– ត្រី​សាល់​ម៉ុន​ 120g​
– ប្រេង​អូ​លីវ​ 10​ m
– ប្រេងឆា​ 20g
​- ដំឡូងបារាំង​ 100g​
– ប៊័រ​ (សាប​) 15g​
– ទឹកដោះគោ​ស្រស់​ 5g​
– ម្សៅ​ Nutmeg​ 0.5g​
– មើម​ការ៉ុត​ 20g
​- ននោង​បារាំង​ (Zucchini​) 20g​
– ផ្កា​ខាត់ណា​ ប្រូ​ខូ​លី​ 30g
​- ផ្កា​ខាត់ណា​ពណ៌ស​ 30g
​- ស្រា​សស​ម្រាប់​ចម្អិន​អាហារ​ 10ml​
– ខ្ទឹមបារាំង​ 15g
​- ខ្ទឹមក្រហម​ 5g​
– អំបិល​ 2g​
– ម្រេចខ្មៅ​ម៉ដ្ឋ​ 1g
​- គ្រី​មសម្រាប់​ចម្អិន​អាហារ​ 50g
​- ទឹក​សុស​ Caper​ 10g
​- ស្លឹក​ជី​វ៉ាន់ស៊ុយ​ 2g
​- ក្រូចឆ្មារ​ 20g​
– មើម​ Beetroot​ 10g
​- ទឹកឃ្មុំ​ 1g

​វិធី​ចម្អិន​
ដំបូង​ត្រូវ​យក​សាច់​ត្រី​សាល់​ម៉ុន​មួយដុំ​ ដែល​មាន​ទម្ងន់120g​ មក​ប្រឡាក់​ជាមួយនឹង​អំបិល​ និង​ម្រេច​ម៉ដ្ឋ​ រួច​យក​ទៅ​ប្រឡាក់​ជាមួយនឹង​ប្រេង​អូ​លីវ​ ហើយ​យក​ទៅ​ចៀន​នៅក្នុង​ខ្ទះ​ ដោយ​បន្ថែម​ប្រេងឆា​បន្តិច​ឱ្យ​ល្មម​ជាមួយនឹង​សាច់​ត្រី​ មុននឹង​ដាក់​ត្រី​សាល់​ម៉ុន​ចៀន​ អ្នក​ត្រូវ​យក​អំបិល​បន្តិចមក​ប្រឡាក់​នៅ​លើ​ស្បែក​ត្រី​ ដើម្បី​ឱ្យ​ស្បែក​ត្រី​ឡើង​ស្រួយ​ល្អ​ រួច​ចៀន​ដោយ​បើក​ភ្លើង​ឱ្យ​ក្តៅ​ខ្លាំង​ រួច​ចៀន​ឱ្យ​ឆ្អិន​តាម​កម្រិត​ដែល​អ្នកចូលចិត្ត​ (រយៈពេល1នាទី​ប្រែ​ទៅ​មួយ​ជ្រុង​ទៀត​ ដើម្បី​ឱ្យ​ឆ្អិន​ល្មម​ឆ្ងាញ់​)។ ចំណែក​បន្លែ​វិញ​ ត្រូវ​យក​បន្លែ​ទាំងអស់​ដែល​មាន​ដូចជា​ ផ្កា​ខាត់ណា​ ប្រូ​ខូ​លី​ ការ៉ុត​ ខ្ទឹមក្រហម​ ខ្ទឹមបារាំង​ មើម​ Beetroot​ និង​ននោង​បារាំង​ យក​ទៅ​ស្រុះ​ជា​មុន​សិន​ រួច​សឹម​យក​មក​ចៀន​ជាមួយ​ប៊័រ​ ដោយ​បន្ថែម​ម្រេច​ម៉ដ្ឋ​ និង​អំបិល​ចូល​បន្តិច​ ចៀន​ឱ្យ​រាង​ទន់​បន្តិច​ជាការស្រេច​ រួច​ដួស​ដាក់​នៅក្នុង​ចាន​។ ចំណែក​ដំឡូងបារាំង​ត្រូវ​យក​ទៅ​ចំហុយ​ជាមួយ​ទឹកដោះគោ​ស្រស់​ និង​តប់​ឱ្យ​ម៉ដ្ឋ​ រួច​យក​មក​ដាក់​នៅ​លើ​ចាន​ រួច​សឹម​ដាក់​ត្រី​សាល់​ម៉ុន​ចៀន​ពីលើ​ ដោយ​កាត់​ស្បែក​ត្រី​ចេញ​ ដើម្បី​យក​មក​តុបតែង​លម្អ​ និង​ទទួលទាន​បែប​ស្រួយស្រឹប​តែម្តង​។ ជាចុងក្រោយ​ត្រូវ​ស្រោច​ដោយ​ទឹក​សុស​ Caper​ ពីលើ​ជាការស្រេច​៕

Advertisement