“វិលមុខ” ញឹកញាប់ កើតឡើង​ដោយសារ​អ្វី?

July 10, 2019​ ម៉ោង 3:50 pm

មិនថា​តែ​ពេល​ក្រោក​ចេញពី​លើ​គ្រែ​ហើយ​វិលមុខ​ ងើយ​ ឬឱន​មុ​ខយូរ​ៗហើយ​វិលមុខ​ ឬនៅ​សុ​ខៗ​ក៏​ស្រាប់តែ​មាន​អារម្មណ៍​ដូចជា​ផ្ទះ​កំពុង​វិលខ្ញាល់​ជាដើម​… អាការ​វិលមុខ​ទាំងនេះ​សុទ្ធតែ​ជា​សញ្ញា​គ្រោះថ្នាក់​ ដែល​អាច​សាង​បញ្ហា​ខាង​សុខភាព​ដល់​មនុស្ស​នៅពេល​ក្រោយ​ និង​ថែមទាំង​ជា​គ្រោះថ្នាក់​សម្រាប់​មនុស្សចាស់​ ដែល​អាច​នឹង​កើត​ឧប្បត្តិហេតុ​ដួល​ទាំង​ជំហរ​ពេល​ក្រោក​ពី​អង្គុយ​ ឬដួល​នៅក្នុង​បន្ទប់ទឹក​ ឬនៅ​ត្រង់​ជណ្ដើរ​ រហូត​រង​របួស​ដល់​ថ្នាក់​ធ្វើ​ឱ្យ​ពិការ​បាន​ទាំងអស់​។

មូលហេតុ​នៃ​អាការ​វិលមុខ​
វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ សោត​ឃាន​កណ្ឋ​រោគ​សាស្ត្រ​ បាន​បញ្ជាក់​ថា​ អាការ​វិលមុខ​របស់​មនុស្ស​យើង​កើតឡើង​ដោយសារតែ​ប្រព័ន្ធ​ទប់​លំនឹង​ខ្លួន​ក្នុង​រាងកាយ​បាត់បង់​តុល្យភាព​ ដែល​ប្រព័ន្ធ​គ្រប់គ្រង​ការ​ទប់​លំនឹង​ខ្លួន​របស់​រាងកាយ​នេះ​ប្រកប​ដោយ​ប្រព័ន្ធ​ 4 ដូចជា​ ប្រព័ន្ធ​ការ​ទប់​លំនឹង​ខ្លួន​របស់​ត្រចៀក​ស្រទាប់​ខាងក្នុង​ ប្រព័ន្ធ​ខ្សែភ្នែក​ ប្រព័ន្ធ​ប្រសាទ​ និង​សាច់ដុំ​សន្លាក់​ រហូតដល់​ប្រព័ន្ធ​ដែល​សំខាន់​បំផុត​គឺ​ខួរក្បាល​ ដែល​ត្រូវ​ធ្វើការ​ស៊ីចង្វាក់​គ្នា​។បើសិន​ប្រព័ន្ធ​ណាមួយ​បាត់បង់​តុល្យភាព​ នឹង​ធ្វើ​ឱ្យ​យើង​កើត​អាការ​វិលមុខ​ភ្លាម​ឡើង​តែម្ដង​។

ក្រៅពី​នេះ​នៅ​មាន​មូលហេតុ​ផ្សេងទៀត​ ដូចជា​ ៖. គេង​សម្រាក​មិន​គ្រប់គ្រាន់​។
. ខ្វះ​ការហាត់ប្រាណ​យ៉ាង​ជាប់លាប់​ទៀងទាត់​។
. កើតរោគ​លោហិត​ស្លេក​។
. មាន​ជំងឺ​ប្រចាំ​កាយ​ ដូចជា​ ទឹកនោមផ្អែម​ លើសឈាម​ ជំងឺបេះដូង​ ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ ដែលគេ​ប្រទះឃើញ​ច្រើន​នៅ​លើ​មនុស្ស​ចាស់​។
. ជំងឺ​ដុះ​សាច់​របស់​ប្រព័ន្ធ​ប្រសាទ​ការ​ទប់​លំនឹង​ខ្លួន​ ឬសរសៃប្រសាទ​ការ​ស្ដាប់ឮ​ អាច​មាន​អាការ​វិលមុខ​ ព្រមទាំង​មាន​សំឡេង​រំខាន​នៅក្នុង​ត្រចៀក​។
. រលាក​ស្រទាប់​ត្រចៀក​ខាងក្នុង​ នឹង​មាន​អាការ​វិល​ច្រើនថ្ងៃ​ បើ​មាន​អាការ​ធ្ងន់ធ្ងរ​អាច​នឹង​បាត់បង់​ការបាន​ឮតែម្ដង​។
. ឈាម​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​គ្រប់គ្រាន់​។

វិធី​កាត់បន្ថយ​អាការ​វិលមុខ​
1. គេងលក់​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​។
2. ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ និង​ជាប់លាប់​។
3. ផ្លាស់ប្ដូរ​ឥរិយាប​ថយឺត​ៗ និង​មិន​បង្វិលខ្លួន​ឬក្រោក​ពី​កៅអី​ ឬក្រោកពីដំណេក​ ឬបែរមុខ​ ឬបែរ​ខ្លួន​លឿន​ៗឡើយ​។
4. បន្ថយ​ការ​ជក់បារី​ និង​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ រួម​ទាំង​កាហ្វេ​ផង​។
5. ញ៉ាំទឹក​ឱ្យ​បាន​ច្រើន​។
6. ព្យាយាម​បន្ថយ​អាការ​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ ឬវិតក្ក​កង្វល់​ឱ្យ​បាន​ច្រើន​។
7. ក្នុងអំឡុងពេល​ដែល​មាន​អាការ​វិលមុខ​ញឹកញាប់​ គួរ​ចៀសវាង​ពី​ទង្វើ​ ឬទីកន្លែង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដូចជា​ បើកបរ​រថយន្ត​ ឬឡើង​ទៅ​លើ​ទី​ខ្ពស់​ជាដើម​។បើសិនជា​កើត​អាការ​វិលមុខ​ញឹកញាប់​ និង​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យមើល​អាការ​យ៉ាង​លម្អិត​៕