“Sleep Test” អាចជួយឱ្យអ្នកកែបញ្ហាគេងមិនលក់

“Sleep​ Test​” ឬការ​ត្រួតពិនិត្យ​ការ​គេងលក់​ គឺជា​ការជំរុញ​ឱ្យ​អ្នក​ព្យាយាម​ព្យាបាល​អាការ​គេង​មិន​លក់​បាន​យ៉ាង​មានប្រសិទ្ធភាព​។ វា​បាន​ជួយ​ត្រួតពិនិត្យ​ភាព​ខុសប្រក្រតី​នៃ​ការ​គេង​មិន​លក់​របស់​អ្នក​ ដោយ​ផ្ដោត​សំខាន់​លើ5ចំណុច​ ហើយ​ជួយ​ស្មារតី​របស់​អ្នក​ឱ្យ​បាន​ល្អ​ឡើងវិញ​។ ប្រសិន​បើ​អ្នកមាន​បញ្ហា​សុខភាព​រឿង​គេង​មិន​លក់​អ្នក​អាច​សាកល្បង​ប្រើ​វិធីសាស្ត្រ​ “Sleep​ Test​” ទាំង5ចំណុច​ដូច​ខាងក្រោម​នេះ​។

1. ទម្លាប់​គេ​ឱ្យ​ទៀង​ម៉ោង​
មនុស្សជា​ច្រើន​បាន​ជួបជុំគ្នា​ដាច់​យប់​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។ យ៉ាង​ណាក៏ដោយ​ អ្នក​គួរតែ​ព្យាយាម​កំណត់​រយៈពេល​គេង​បន្ថែម​ឱ្យ​បាន​មួយ​ ឬពីរ​ម៉ោង​ ដូច្នេះ​អ្នក​អាច​រក្សា​ប្រព័ន្ធ​គ្រប់គ្រង​សរីរាង្គ​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​បាន​។ ការ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​នេះ​ឱ្យ​បាន​ទៀងទាត់​ពេលវេលា​ អាច​ជួយ​អ្នក​ឱ្យ​រក្សា​ទម្លាប់​គេង​បាន​យ៉ាង​ល្អ​។ គន្លឹះ​សំខាន់​នោះ​គឺ​ ការ​ចូលគេង​ និង​ភ្ញាក់​ពី​ដំណេក​ទៀងពេល​វេលា​ជា​រៀងរាល់ថ្ងៃ​ ដែល​អាច​ជួយ​បង្កើត​នូវ​ពេលវេលា​គេង​មួយ​ទៀងទាត់​ប្រចាំថ្ងៃ​។ ទោះបីជា​ទម្លាប់​នេះ​អាច​ចំណាយពេល​ជាច្រើន​សប្តាហ៍​ ដើម្បី​ធ្វើ​ឱ្យ​អ្នក​សម្រប​ខ្លួ​បា​នន​ក៏ដោយ​ ប៉ុន្តែ​ខួរក្បាល​ និង​រាងកាយ​របស់​អ្នក​នឹង​ទម្លាប់​គេង​ និង​ភ្ញាក់​ពី​ដំណេក​ដោយខ្លួនឯង​ជាមិនខាន​។

2. កុំ​លេង​ទូរស័ព្ទ​មុន​ពេល​ចូលគេង​
វា​មានផល​ប៉ះពាល់​ខ្លាំង​ នៅពេល​ដែល​អ្នកប្រើ​ទូរស័ព្ទ​នៅ​ជិត​ភ្នែក​ មុន​ពេល​អ្នក​ចូលគេង​។ ទោះ​យ៉ាងណាក៏ដោយ​ប្រសិនបើ​អ្នក​ពិតជា​មិន​អាច​ឈប់​ប្រើប្រាស់​គ្រឿង​អេ​ឡិ​តត្រូ​និក​នៅមុន​ពេល​គេង​ទេ​នោះ​ អ្នក​នៅ​មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​កាត់បន្ថយ​ផល់​ប៉ះពាល់​របស់​វា​បាន​ ដូចជា​៖
– ប្ដូរ​ដាក់មុខ​ងារ​ Night​ Mode​ : បែបនេះ​វា​ធ្វើ​ឱ្យ​អេក្រង់​របស់​គ្រឿង​អេឡិចត្រូនិក​របស់​អ្នក​ប្ដូរ​ទៅជា​ពណ៌លឿង​ និង​មិនសូវ​ចាំងភ្នែក​ខ្លាំង​។
– បន្ថយ​ពន្លឺ​អេក្រង់​ឱ្យ​កាន់តែ​តិច​ ឬដាក់​អេក្រង់​ឱ្យ​ឆ្ងាយ​បន្តិច​ពីមុខ​ របស់​អ្នក​ : ដើម្បី​កាត់បន្ថយ​ពន្លឺ​ខៀវ​ ដែល​ចាំង​ចូល​មក​ភ្នែក​របស់​អ្នក​។
– ប្រើ​កម្មវិធី​ ឬកញ្ចក់​ការពារ​អេក្រង់​ដែល​មានមុខ​ងារ​កំណត់​ពន្លឺ​ពេលយប់​ : អាច​ជួយ​កាត់បន្ថយ​ពន្លឺ​ខៀវ​ពី​អេក្រង់​ទូរស័ព្ទ​បាន​យ៉ាង​ល្អ​។

3. អនាម័យ​កន្លែង​គេង​
បរិយាកាស​កន្លែង​គេង​របស់​អ្នក​ គឺ​សំខាន់ណាស់​ ដើម្បី​ជួយ​ឱ្យ​អ្នក​គេង​នៅពេល​យប់​បាន​លក់​ស្រួល​។ ដើម្បី​ឱ្យ​ខួរក្បាល​របស់​អ្នក​ស៊ាំ​ទៅ​នឹង​គ្រែ​គេង​ និង​ការ​គេង​ អ្នក​ត្រូវ​រៀបចំគ្រែ​គេង​របស់​អ្នក​សម្រាប់​តែ​គេង​ប៉ុណ្ណោះ​។ ក្នុង​ន័យ​នេះ​ គឺ​អ្នក​ត្រូវ​ប្រាកដ​ថា​ គ្រែ​ និង​បន្ទប់​របស់​អ្នក​ ត្រូវតែ​ស្អាត​ និង​មិន​ផ្លាស់ប្ដូរ​នោះ​ទេ​។ ម្យ៉ាងវិញទៀត​សូម​ចៀសវាង​ដាក់​របស់របរ​ច្រើនពេក​នៅ​លើ​គ្រែ​ ព្រោះ​វា​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​។ អ្នក​ត្រូវ​ប្រាកដ​ថា​ បរិយាកាស​នៅក្នុង​បន្ទប់គេង​មាន​ផាសុកភាព​ ហើយ​អ្នក​ក៏​គួរតែ​ប្រើ​ខ្នើយ​ ភួយ​ និង​កម្រាលពូក​ដែល​សមស្រប​ផង​ដែរ​។ ការ​ជ្រើសរើស​ប្រើ​ខ្នើយ​ឱ្យ​ត្រូវ​ អាច​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​កាន់តែ​ស្រួលខ្លួន​នៅពេល​ដាក់ខ្លួន​គេង​ ឬកើយ​ទៅ​ស្រួល​ក ក្បាល​ ស្មា​ និង​ឆ្អឹងកង​ខ្នង​របស់​អ្នក​។ មិន​តែប៉ុណ្ណោះ​ ការ​រក្សា​សីតុណ្ហភាព​នៅក្នុង​បន្ទប់គេង​របស់​អ្នក​ក្នុង​កម្រិត​មួយ​មិន​ឱ្យ​ត្រជាក់​ពេក​ ឬក្ដៅ​ពេក​ ក៏អាច​ជួយ​ឱ្យ​អ្នក​គេងលក់​ស្រួល​នៅពេល​យប់​ផង​ដែរ​។

4. របប​អាហារ​ និង​ការ​ទទួលទានទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជួយ​កាត់​បន្ថយ​ស្រេ្តស​
អ្នក​ប្រហែល​ធ្លាប់​ទទួលការ​ណែនាំ​ឱ្យ​ចៀសវាង​ការ​ទទួលទានទឹក​ក្រោយ​ម៉ោង8យប់​ ឬទទួលទាន​ឱ្យ​បាន​ច្រើន​ម៉ោង​មុន​ពេល​ចូលគេង​ហើយ​។ ទាំងនេះ​គ្រាន់តែ​ជា​រឿង​និ​យា​យតៗ​គ្នា​ប៉ុណ្ណោះ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​នោះ​ គឺ​ទទួលទាន​ប្រភេទ​អាហារ​ក្នុង​បរិមាណ​ត្រឹមត្រូវ​ ជាពិសេស​នៅពេល​ទទួលទាន​អាហារ​ពេលល្ងាច​រួច​។ សូម​ចៀសវាង​ការ​ទទួលទាន​អាហារ​ច្រើនជ្រុល​ពេក​ ហឹរ​ពេក​ ឬអាហារ​ដែល​មាន​ជាតិ​ជូរខ្លាំង​ពេក​ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​រលាក​បេះដូង​ និង​ពិបាក​ក្នុង​ការ​កិន​រំលាយអាហារ​នៅពេល​អ្នក​ជិត​ចូលគេង​។ អ្នក​ក៏​គួរតែ​កាត់បន្ថយ​របប​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ករ​ និង​ស្ករ​សុទ្ធ​ ដូចជា​ នំប៉័ង​ បាយ​ មី​ និង​គុយទាវ​ជាដើម​ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ស្មារតី​របស់​អ្នក​ស្វាង​ លែង​ងងុយគេង​។ ការ​ទទួលទាន​គ្រឿងស្រវឹង​ និង​កា​ហ្វេ​អុីន​ ក៏អាច​ប៉ះពាល់​ដល់​វដ្ដ​នៃ​ដំណេក​របស់​អ្នកផង​ដែរ​។ ដើម្បី​គេង​នៅពេល​យប់​ឱ្យ​បាន​លក់​ស្រួល​ អ្នក​គប្បី​ទទួលទាន​អាហារ​ដែល​ផ្ទុក​ដោយ​ជាតិ​ខ្លាញ់​ល្អ​ និង​កា​បូ​អុីដ្រា​ត ដូចជា​ ទឹកដោះគោ​ យ៉ា​អ៊ួ​ ផ្លែ​ចេក​ ប៊័រ​ ដំឡូងជ្វា​ ឬគ្រាប់​ធញ្ញ​ជា​តិ​ផ្សេង​ៗជាដើម​។ កត្តា​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែត​ និង​មិន​កូរពោះ​ពេល​គេង​។

5សកម្ម​នៃ​ការហាត់ប្រាណ​
ក្រោយពេល​បញ្ចេញ​ចលនា​រាងកាយ​នៅពេល​ថ្ងៃ​រួចមក​ ជា​ធម្មតា​វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ អស់កម្លាំង​នៅពេល​យប់​។ សកម្មភាព​ទាំងនេះ​ ធ្វើ​ឱ្យ​អ្នក​ហត់នឿយ​ និង​ជួយ​ឱ្យ​អ្នក​ឆាប់​គេងលក់​។ ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ ការហាត់​ចលនា​រាងកាយ​ទៀងទាត់​ ជួយ​ឱ្យ​គេងលក់​ស្រួល​។ ប្រការ​នេះ​ក៏​មានប្រសិទ្ធភាព​ចំពោះ​វដ្ដ​សុខភាព​ផង​ដែរ​ ព្រោះ​ការហាត់ប្រាណ​ធ្វើ​ឱ្យ​អ្នក​គេង​បាន​លក់​ស្រួល​ និង​ជា​កត្តា​ជួយ​ឱ្យ​អ្នក​អាច​សម្រេច​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ ទាំង​ក្នុង​ការងារ​ ឬការសិក្សា​ផង​ដែរ​។ ក្រៅពី​ធ្វើលំ​ហាត់ប្រាណ​អាច​ជួយ​ឱ្យ​គេងលក់​ស្រួល​ អ្នក​ក៏​គួរតែ​ហាត់ប្រាណ​ ដើម្បី​ថែ​រាង​ និង​ជួយ​ឱ្យ​រាងកាយ​មាន​សុខភាព​ល្អ​ផង​ដែរ​។ ការសម្រាក​គ្រប់គ្រាន់​នៅពេល​យប់​ និង​ហាត់ប្រាណ​នៅពេល​ថ្ងៃ​ឱ្យ​បាន​ត្រឹមត្រូវ​អាច​ជួយ​ឱ្យ​អ្នក​រស់នៅ​មាន​សុខភាព​ល្អ​៕

Advertisement