រឿង​ងាយៗ ជួយ​ឱ្យ​បបូរមាត់ ស្រស់​ស្អាតដូចបំណង

អ្ន​កណាៗ​ក៏​ចង់​គេច​ឱ្យ​ផុត​ពី​បញ្ហា​មួយ​ចំនួន​ដែល​មាននៅ​លើ​បបូរមាត់​ដែរ​ដូចជា​ បបូរមាត់​ខ្មៅ​ ក្រៀម​ ស្រអាប់​ មិន​រលោង​ស្រស់​ស្អាត​ និង​មាន​សភាព​គ្រើម​ជាដើម​។ តើមាន​វិធីការ​ពារ​បបូរមាត់​ពី​បញ្ហា​អស់ទាំង​នេះ​ដែរ​ឬទេ​? ពិតជា​មាន​! ហើយ​ថែមទាំង​មិន​ពិបាក​ទៀតផង​ បើ​អ្នក​អនុវត្ត​បាន​តាមវិធី​ងាយ​អស់ទាំង​នេះ​ឱ្យ​បាន​ជាប់លាប់​នោះ​ ធានា​ថា​មិនយូរ​ទេ​ ក្តី​បារម្ភ​បែបនេះ​នឹង​ត្រូវ​រត់​ទៅ​ឈរ​នៅ​ជួរ​ក្រោយ​បំផុត​មិនខាន​ឡើយ​។ តោះ​! មក​មើល​បន្តិច​មើល៍​ថា​ ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​?

គ្រឿងផ្សំ​៖
ប្រទាល​កន្ទុយក្រពើ​ ម្សៅ​ទឹកដោះគោ​ ទឹកក្រូច​ឆ្មារ​ ទឹកឃ្មុំ​ ប្រេង​អាល់​ម៉ុន​ ទឹក​ដំឡូងបារាំង​ឆៅ​ រួម​ទាំង​សារធាតុ​ផ្សំ​មួយចំនួន​ទៀត​ ដើម្បី​ភាព​ស្រស់ស្រាយ​ ទន់​រលោង​ កាត់បន្ថយ​ភាព​ខ្មៅ​ស្រអាប់​ បន្ថែម​ពណ៌​ផ្កាឈូក​ដល់​បបូរមាត់​។

វិធី​អនុវត្ត​
1. សម្រាប់​ការអនុវត្ត​ជាមួយនឹង​ប្រទាល​កន្ទុយក្រពើ​ វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ ចាញ់​ក្លិន​របស់​វា​បន្តិច​ ប៉ុន្តែ​មិនបាច់​បារម្ភ​ខ្លាច​វា​ប៉ះពាល់​អ្វី​ឡើយ​ ផ្ទុយ​មកវិញ​វា​នឹង​ធ្វើ​ឱ្យ​បបូរមាត់​ខ្មៅ​ក្រៀម​របស់​អ្នក​ នឹង​ប្រែ​មក​ជា​ស្រស់ស្រាយ​ជាង​មុន​ជាមិនខាន​។ ងាយ​បំផុត​គ្រាន់តែ​យក​ប្រទាល​កន្ទុយ​ក្រ​ពើ​ស្រស់​ៗកាត់​វា​ជា​កំណាត់​ រួច​យក​វា​មក​លាប​លើ​បបូរមាត់​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​ជាការស្រេច​។
2. បើ​អ្នក​មិន​ចូលចិត្ត​ប្រទាល​ប្រភេទ​នេះ​ទេ​នោះ​ សូម​ក្រឡេកមក​មើល​វិធី​មួយ​ទៀត​ ដែល​អាច​ឱ្យ​អ្នក​អនុវត្ត​បាន​នោះ​គឺ​ ការ​លាយ​ចូលគ្នា​នៃ​ម្សៅ​ទឹកដោះគោ​ ទឹកក្រូច​ឆ្មារ​ ទឹកឃ្មុំ​ និង​ប្រេង​អាល់​ម៉ុន​ (ប្រើ​ក្នុង​បរិមាណ​ស្មើគ្នា​) រួច​យក​មក​បំពោក​នៅ​លើ​បបូរមាត់​របស់​អ្នក​ រួច​ទុក​វា​ចោល​បែបនេះ​ ឱ្យ​បាន​យូរ​តាមដែល​អ្នក​អាច​ធ្វើ​បាន​។ បន្ទាប់មក​ក៏​លាង​សម្អាត​ចេញ​វិញ​ជាការស្រេច​។ សូម​ធ្វើ​វា​ឱ្យ​បាន​ពីរ​ដង​ក្នុង​មួយថ្ងៃ​ នោះ​បំណង​ដែល​ចង់បាន​បបូរមាត់​ស្រស់​ស្អាត​នឹង​ក្លាយជា​ការពិត​ជាមិនខាន​។
3. កាន់តែ​ពិសេស​ និង​ងាយស្រួល​ជាង​នេះ​ទៀត​ ដែល​អ្នក​មិនទាន់​ដឹង​នោះ​គឺ​ ទឹក​ដំឡូងបារាំង​ឆៅ​ ក៏​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​បបូរមាត់​ដែល​មាន​សភាព​ពណ៌​ខ្មៅ​បាន​ ដើម្បី​ឱ្យ​អ្នកទទួល​បាន​នូវ​បបូរមាត់​ស្រស់​ស្អាត​ ទន់​រលោង​ ដោយ​យក​ទឹក​ដំឡូង​បារាំង​ឆៅ​មក​លាប​ពីលើ​បបូរមាត់​របស់​អ្នក​រួច​ផ្អាប់​ទុក​មួយសន្ទុះ​ ហើយក៏​លាង​ចេញ​តាម​ធម្មតា​ជាការស្រេច​។ កុំ​ភ្លេច​អនុវត្ត​បែបនេះ​ឱ្យ​បាន​ញឹកញាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ឬ3ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ជួយ​កែ​បញ្ហា​បបូរមាត់​ខ្មៅ​ស្រអាប់​របស់​អ្នក​ចេញ​ឱ្យ​ឆ្ងាយ​ពី​ក្តី​បារម្ភ​របស់​អ្នកជា​រៀង​រហូត​។
4. ចំណែក​ឯស​កម្ម​ភាព​មួយចំនួន​ទៀត​ដែល​អាច​ចាត់ទុកថា​ ជា​ការ​ជួយ​ឱ្យ​បបូរ​មាត់​មានសភាពល្អ​ស្អាត​ដែរ​នោះ​ រួម​មាន​ដូចជា​ ការ​សម្អាត​បបូរមាត់​របស់​អ្នកជា​រៀងរាល់​យប់​ឱ្យ​បាន​ស្អាត​ជាមួយនឹង​ទឹក​ត្រជាក់​មុន​ពេល​ចូលគេង​ ដើម្បី​កម្ចាត់​ភាព​កខ្វក់​ទាំង​ឡាយ​ ឬលាយ​មើម​ឆៃថាវ​ ម្សៅ​រមៀត​ជាមួយ​នឹង​ម្សៅ​ទឹកដោះគោ​យក​មក​លាប​លើ​បបូរមាត់​ក៏បាន​ ឬដាក់​ស្ករស​បន្តិច​នៅ​លើ​ចំណិត​ក្រូចឆ្មារ​មួយ​ចំណិត​ ហើយ​យក​មក​ត្រ​ដុស​ថ្នម​ៗនៅ​លើ​បបូរមាត់​របស់​អ្នក​ គឺ​សុទ្ធតែ​ជា​គន្លឹះ​នៃ​ការ​ព្យា​បាល​បបូរមាត់​ដែល​មាន​បញ្ហា​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បំផុត​៕

Advertisement