6 វិធីមើលថែ និងព្យាបាលខ្លួនឯងនៅពេលកើតជំងឺស្ទះសរសៃឈាមបេះដូង

July 15, 2019​ ម៉ោង 2:07 pm

មាន​មនុស្ស​ភាគច្រើន​កំពុង​ប្រឈម​នឹង​ការ​កើតជំងឺ​លើសឈាម​ ទឹកនោមផ្អែម​ និង​ជំងឺមិនឆ្លង​ផ្សេងទៀត​ ដូចជា​ ជំងឺមហារីក​ និង​ជំងឺ​វិបត្តិ​ចិត្ត​ជាដើម​។ ក្នុងចំណោម​ជំងឺ​នានា​ ដែល​ជា​ប្រភេទ​ជំងឺមិនឆ្លង​ តែ​ក៏អាច​ជា​កត្តា​ធ្វើ​ឱ្យ​ស្លាប់​ និង​ពិការ​ភាព​ច្រើនជាង​គេ​ជាពិសេស​គឺ​ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ និង​កំពុង​កើនឡើង​ខ្ពស់​។

អ្នកជំងឺ​ស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង​មាន​ចំនួន​មិន​តិច​ជាង128នាក់​ក្នុង​មួយ​ឆ្នាំ​ៗនៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ដោយសារតែ​មូលហេតុ​ខាងលើ​នេះ​ហើយ​បាន​ជា​ការ​តាមដាន​ ​និង​ការស្វែងរក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នៅ​ដំណាក់កាល​ដំ​បូងៗ​ តាម​គ្រប់​វិធីសាស្ត្រ​ដែល​មាន​ ​ជាពិសេស​ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​បេះដូង​ ជាមួយនឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង​ តាមរយៈ​ម៉ា​ស៊ីន​ស្កែ​នប​ច្ចេ​កវិទ្យា​ចុង​ក្រោយ​ Multislice​ CT​ Scan​ ពិតជា​មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់​ ចំពោះ​អ្នក​ដែល​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​។
តែ​យ៉ាងណាមិញ​ អ្នកជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ ក៏​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឱ្យ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ផ្ទាល់ខ្លួន​មួយចំនួន​ក្នុង​ការ​មើលថែ​រក្សាខ្លួន​ និង​ធ្វើការ​ព្យាបាល​ដោយខ្លួនឯង​ជា​បណ្តោះអាសន្ន​ មុន​ពេល​អាការ​ជំងឺ​កាន់តែ​កម្រើក​ឡើង​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​។ ឡា​រ៉ែ​ន នឹង​បង្ហាញ​ជូន​នូវ​វិធីសាស្ត្រ​ 6ចំណុច​ដូច​ខាងក្រោម​ ដើម្បី​ជា​ជំនួយស្មារតី​របស់​អ្នក​ក្នុង​ការ​ទប់ទល់​ជាមួយនឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។
1. ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ​។ សូមកុំ​ឈប់​ប្រើប្រាស់​ថ្នាំ​ដោយ​ការសម្រេច​ចិត្ត​របស់​ខ្លួនឯង​ ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ បើ​ទោះបីជា​មាន​អារម្មណ៍​ថា​ អាការ​បាន​ជាសះស្បើយ​ល្អ​ប្រសើរ​ឡើងវិញ​ក្ដី​ ឬមិន​ឃើញ​ភាព​ខុសប្លែក​ពី​អាការ​ជំងឺ​កន្លងមក​ក៏ដោយ​ ​ក៏​មិន​ត្រូវ​បញ្ឈប់​ការ​ទទួល​ទាន​ថ្នាំ​ដោយខ្លួនឯង​ជាដាច់ខាត​។ អ្នក​គប្បី​ទទួល​បានការ​ណែនាំ​ពី​គ្រូពេទ្យប្រចាំ​ខ្លួន​ ដែល​បាន​តាមដាន​ប្រវត្តិ​ជំងឺ​របស់​អ្នក​ និង​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​បេះដូង​ ចង្វាក់​បេះដូង​ជាប្រចាំ​ថ្ងៃ​ ឬប្រចាំ​សប្ដាហ៍​។
2. អ្នក​ត្រូវ​គ្រប់គ្រង​លើក​ត្តា​ផ្សេង​ៗ ដែល​អាច​បណ្ដាល​ឱ្យ​អាការ​ជំងឺ​កម្រើក​ឡើង​មកវិញ​ដូចជា​ គ្រប់គ្រង​លើ​អាការ​សម្ពាធ​ឈាម​ និង​ជំងឺលើសឈាម​ជាដើម​ ដើម្បី​ជួយ​ឱ្យ​ចង្វាក់​បេះដូង​ និង​លំហូរ​ឈាម​ស្ថិតនៅ​ក្នុង​លំដាប់​ឈាម​ធម្មតា​។ ត្រូវ​គ្រប់គ្រង​អាការ​ជំងឺ​ទឹកនោម​ផ្អែម​ កុំឱ្យ​លើស​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ត្រូវ​គ្រប់គ្រង​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​កុំឱ្យ​លើស​ដូចគ្នា​ដែរ​។
3. ត្រូវ​ធ្វើការ​ណាត់ជួប​គ្រូពេទ្យ​ជា​រៀងរាល់​1សប្ដាហ៍​ម្ដង​ ឬមួយ​ខែ​ម្ដង​ ដើម្បី​ពិនិត្យ​សុខភាព​បេះដូង​។
4. ធ្វើលំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​។ តែ​ប្រសិនបើ​អ្នក​មិន​ច្បាស់​នៅក្នុង​ចិត្ត​អំពី​របៀប​ហាត់ប្រាណ​យ៉ាងណា​ ដើម្បី​កុំឱ្យ​ឆាប់​នឿយហត់​នោះ​ ​ឬអ្នកមាន​បញ្ហា​ខ្លាច​ហាត់ប្រាណ​លើស​ពី​កម្លាំង​របស់​ខ្លួន​នោះ​ អ្នក​គប្បី​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ មុន​ពេល​ធ្វើលំ​ហាត់​ដោយខ្លួនឯង​។ គ្រូពេទ្យ​នឹង​ធ្វើការ​វាស់​សម្ពាធ​ឈាម​ ចង្វាក់​បេះដូង​ ដើម្បី​បញ្ជាក់​ពី​ការ​ចាប់ផ្ដើម​ធ្វើលំ​ហាត់ប្រាណ​ដោយ​វិធីសាស្ត្រ​ណាមួយ​ ​ក្នុង​កម្រិត​ណាមួយ​ដែល​ស័ក្ដិសម​ជាមួយ​អ្នក​ និង​ប្រាប់​ពី​ភាព​ខុសប្រក្រតី​នៃ​ការ​ធ្វើលំ​ហាត់ប្រាណ​ និង​គួរ​បញ្ឈប់​ ឬបន្ត​ទៀត​។
5. តម​ជក់បារី​ និង​ទទួលទាន​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​។
6. កម្ចាត់​អារម្មណ៍​តានតឹង​របស់​អ្នក​ចេញពី​ក្នុង​ខ្លួន​ កុំឱ្យ​មាន​អារម្មណ៍​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ឱ្យ​សោះ​ ព្រោះថា​ ប្រសិនបើ​អ្នកដឹង​ខ្លួនឯង​កំពុងតែ​កើត​អារម្មណ៍​តានតឹង​ គួរតែ​បញ្ឈប់​ការ​គិត​រឿង​នោះ​ភ្លាម​ៗ ហើយ​គួរ​ស្វែងរក​វិធីសាស្ត្រ​ ឬក៏​កន្លែង​បន្ធូរ​អា​រម្ម​ណ៍​ភ្លាម​ៗដូចជា​ ការ​ធ្វើការងារ​ហត្ថកម្ម​ ទៅ​មើលកុន​ ស្ដាប់​ចម្រៀងទៅ​មាត់សមុទ្រ​ ឬកន្លែង​មាន​ខ្យល់អាកាស​ត្រ​ជា​ក់ៗ​ ដើម្បី​ជួយ​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ឱ្យ​ធូរស្បើយ​ឡើងវិញ​។
បើ​ទោះបីជា​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​មិន​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន100​% តែ​អ្នកជំងឺ​គួរតែ​ដឹង​អំពី​វិធី​បង្ការ​ និង​គ្រប់គ្រង​ស្ថានភាព​នៃ​អាការ​ជំងឺ​បាន​ដោយខ្លួនឯង​ បន្ទាប់​ពី​ទទួលការ​ណែនាំ​ពី​គ្រូពេទ្យ​។ អ្នកជំងឺ​គួរតែ​បញ្ឈប់​ទង្វើ​នានា​ ដែល​ជា​កត្តា​ហុច​ឱកាស​ដល់​ការ​កម្រើក​នៃ​ជំងឺ​ឡើង​បាន​។ អ្នកជំងឺ​គួរតែ​មិន​នៅក្នុង​ទីកន្លែង​ដែល​ស្ងប់ស្ងាត់​ ហើយ​ដាច់​ដោយឡែក​តែម្នាក់ឯង​ឡើយ​ ព្រោះថា​ខណៈ​បើ​អាការ​កម្រើ​កភ្លាម​ៗ នោះ​នឹង​មាន​អ្នកចាំ​ជួយ​អ្នក​ និង​បញ្ចូន​អ្នក​ទៅ​មន្ទីរពេទ្យ​ទាន់ពេល​វេលា​៕