ចង់បាន​ស្បែក​ស្រស់ស្អាត ត្រូវតែ​ចាប់ផ្តើម​ថែទាំ

គេ​ថា​ភាព​ស្រស់​ស្អាត​មិន​អាច​ស្ថិតនៅ​ជាមួយ​យើង​គ្រប់គ្នា​បាន​រហូតដល់​ចាស់​នោះ​ទេ​ ព្រោះ​មិន​យូរ​មិនឆាប់​វា​នឹង​ត្រូវ​បាត់បង់​ទៅតាម​ពេលវេលា​ គ្រាន់តែ​ថា​វា​អាច​នឹង​បាត់បង់​តិច​ ឬច្រើនតែ​ប៉ុណ្ណោះ​។បើ​និយាយទៅ​ អ្នកណា​ក៏​ដូច​អ្នកណា​ដែល​គឺ​មិន​ចង់​ស្វាគមន៍​សភាព​ស្បែក​ជ្រីវជ្រួញ​យារ​ធ្លាក់​ដែល​បង្ក​ឱ្យ​មើលទៅ​ឃើញថា​ សម្រស់​របស់​អ្នក​កំពុង​ឈាន​ទៅ​រក​ការបាត់បង់​នោះ​ដែរ​។ដោយហេតុនេះ​ហើយ​មនុស្ស​ស្ទើរគ្រប់​គ្នា​ ទាំង​បុរស​ ទាំង​នារី​ ទាំង​យុវវ័យ​ ទាំង​មនុស្ស​វ័យ​កណ្តាល​ និង​មនុស្ស​វ័យ​ចំណាស់​ តែងតែ​ខិតខំ​ថែរក្សា​សម្រស់​របស់​ខ្លួន​យ៉ាង​ល្អ​បំផុត​។ បើ​និយាយ​ពី​វិធីសាស្ត្រ​នៃ​ការ​ថែរក្សា​សម្រស់​វិញ​ គឺ​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​លទ្ធផល​អាច​ចេញ​មក​ខុសគ្នា​ អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់​ ថា​តើ​អាច​អនុវត្ត​បាន​ល្អ​ដល់កម្រិត​ណា​? សាកល្បង​វិធី​មួយចំនួន​ដូច​ខាងក្រោម​ ហើយ​បើ​អ្នក​អាច​ធ្វើ​បាន​យ៉ាង​ត្រឹមត្រូវ​នោះ​ អ្នក​ពិត​ជា​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ជាមិនខាន​។

ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​ : បើ​និយាយ​ថា​វា​ជាសកម្ម​ភាព​ដែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​នោះ​ អ្នក​ពិតជា​ដឹង​ហើយ​ថា​វា​គឺជា​រឿង​ដ៏​សំខាន់​ ហេតុ​ដូចនេះ​អ្នក​មិន​គួរ​ធ្វើ​វា​ដូចជា​សត្វ​អំពិលអំពែក​ ម្តង​ភ្លឺ​ម្តង​ងងឹត​នោះ​ទេ​។ ទម្លាប់​ផ្សេង​ៗដែល​អ្នក​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​ ដើម្បី​ថែរក្សា​សម្រស់​ស្បែក​របស់​អ្នក​ឱ្យ​បាន​ល្អ​នោះ​ មាន​ដូចជា​ លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ លាប​ក្រែម​បន្ថែម​សំណើម​ដល់​ស្បែក​ ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ ពាក់​មួក​ការពារ​ និង​ស្លៀក​សម្លៀកបំពាក់​ឱ្យ​ជិត​សាច់​រាល់ពេល​ចេញទៅ​ខាងក្រៅ​ជាដើម​។ តាមរយៈ​ការ​ការពារ​ស្បែក​មួយចំនួន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ចៀស​ផុត​ពី​ការបំផ្លាញ​ពី​ពន្លឺថ្ងៃ​នោះ​ទេ​ តែ​ថែមទាំង​អាច​ធ្វើជា​រនាំង​ការពារ​ស្បែក​របស់​អ្នក​ពី​ធូលី​ដី​ ឬសារ​ធាតុ​កខ្វក់​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ផង​ដែរ​។

រក្សា​ទម្លាប់​ : ហាត់ប្រាណ​ជា​ការ​កម្ចាត់​នូវ​ជាតិពុល​ចេញពី​រាងកាយ​ ព្រមទាំង​ដណ្តើម​មក​វិញ​នូវ​ភាព​ស្រស់បស់​ដល់​ស្បែក​។ បន្លែ​ផ្លែឈើ​ ក៏​ជា​តម្រូវការ​របស់​ស្បែក​ ដើម្បី​ឱ្យ​ស្បែក​របស់​អ្នក​មាន​សភាព​ស្រស់​ស្អាត​ដូចគ្នា​ដែរ​។3-4ថ្ងៃ​ម្តង​ : ផ្តល់​ភាព​ស្រស់ថ្លា​ឱ្យ​ស្បែក​របស់​អ្នក​បន្តិច​ តាមរយៈ​ការ​ដុសខាត់​ កម្ចាត់​ស្បែក​ចាស់​ៗ ដែល​មិន​មានប្រយោជន៍​ទាំងឡាយ​ចោល​ឱ្យ​អស់​ ជាមួយនឹង​វិ​ធី​ផ្សេង​ៗដែល​អ្នក​គិតថា​ល្អ​ និង​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​។

រក​ពេលសម្រាក​ខ្លះ​ : ការសម្រាក​ ការ​ធ្វើ​ឱ្យ​ចិត្ត​សប្បាយរីករាយ​ ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​អាច​ជួយ​ឱ្យ​អ្នក​កម្ចាត់​ចោល​នូវ​បញ្ហា​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្រស់​ស្បែក​របស់​អ្នក​ដូច​ជា​ ស្បែក​ជ្រីវជ្រួញ​ ស្បែក​ស្រអាប់​ ឬស្បែក​ស្លេកស្លាំង​ជាដើម​។

ផ្តល់​ថាមពល​ដល់​រាងកាយ​ : អាហារ​ជា​ប្រភព​នៃ​ថាមពល​ ហើយ​នៅពេល​ដែល​អ្នកមាន​ថាមពល​ពេញលេញ​ នោះ​អ្នក​ក៏​មិន​ចាំបាច់​បារម្ភ​ពី​បញ្ហា​ស្បែក​មើលទៅ​ក្រៀម​ស្វិត​ មិន​មាន​វីតាមីន​ទៀត​នោះ​ដែរ​។

ពិនិត្យមើល​សភាព​ស្បែក​ឱ្យ​បាន​ល្អ​ : ស្បែក​ស្ងួត​ ឬស្បែក​ឡើង​ប្រេង​ខ្លាំងពេក​មិនមែន​ជា​ការ​ល្អ​នោះ​ទេ​ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមើល​ទៅ​រងើម​ពេក​ ឬក្រៀម​ពេក​។ចូរ​ស្វែងរក​វិធី​ថែរក្សា​ស្បែក​ឱ្យ​សមស្រប​ទៅ​នឹង​សភាព​ស្បែក​របស់​អ្នក​ ពីព្រោះ​ទង្វើ​នេះ​គែ​ជា​ទង្វើ​ល្អ​បំផុត​ ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ឱ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ​ និង​ស្រស់​ស្អាត​ដូច​បំណងប្រាថ្នា​៕

Advertisement