ទទួលបានភាពស្រស់ស្អាត ដោយវីតាមីន 7ប្រភេទ

July 22, 2019​ ម៉ោង 9:35 am

ផ្ទៃមុខ​ស្រស់​ស្អាត​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ​ តែ​ស្បែក​ក៏​ត្រូវតែ​ស្អាត​ដូចគ្នា​ដែរ​ ហើយ​មាន​វិធី​ច្រើនណាស់​ ដើម្បី​ឱ្យ​ស្បែក​ស្អាត​ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ថែ​សម្រស់​តាមរយៈ​ការប្រើ​ប្រាស់​ផលិតផល​ ការ​ជំនួយ​ស្បែក​តាម​បែប​ធម្មជាតិ​ដូចជា​ ការ​ខាត់​ ឬការ​ទទួលទាន​ជាដើម​។ លេខ​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ងាក​មក​ថែរក្សា​សម្រស់​តាមរយៈ​ការ​ដាក់បញ្ចូល​វីតាមីន​វិញ​ម្តង​ ហើយ​វីតាមីន​ទាំងនោះ​មាន​ដូចជា​៖

1. វីតាមីន​ A : និយាយ​ដល់​វីតាមីន​ A ធ្វើ​ឱ្យ​គិតដល់​ភាព​ភ្លឺ​ថ្លា​នៃ​ភ្នែក​ ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ក្រៅពី​ភ្នែក​ហើយ​នោះ​វា​ក៏​ជួយ​ថែរក្សា​ស្បែក​ផង​ដែរ​។ បើ​អ្នកជា​មនុស្សម្នាក់​ក្នុងចំណោម​អ្នក​ផ្សេងទៀត​ដែល​មាន​ស្បែក​ស្ងួត​នោះ​ វីតាមីន​ A ពិតជា​ក្លាយជា​មិត្ត​ដែល​យល់ចិត្ត​អ្នក​បំផុត​ក្នុង​ការ​ជួយ​កម្ចាត់​សភាព​ស្បែក​ស្ងួត​ ជួយ​ស្តារ​ និង​ជួសជុល​ជាលិកា​ស្បែក​ធ្វើ​ឱ្យ​ស្បែក​រលោង​មាន​សំណើម​ និង​ស្រស់ស្រាយ​។

2. វីតាមីន​ B Complex​ : មិនថា​វា​ជា​ វីតាមីន​ B1​, B2​, B3​, B5​, B6​, B7​, B9​ ឬជា​ B12​ នោះ​ទេ​គឺ​សុទ្ធតែ​មានគុណ​ប្រយោជន៍​សម្រាប់​សម្រស់​ និង​សុខភាព​របស់​យើង​គ្រប់គ្នា​។ ស្បែក​ សក់​ ក្រចក​ ឈាម​ ភ្នែក​… សុទ្ធតែ​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ពី​វីតាមីន​ទាំងប៉ុន្មាន​ខាងលើ​នេះ​។ អាហារ​ដែល​សម្បូរទៅដោយ​ប្រភព​វីតាមីន​ B ទាំងអស់​នេះ​ ដូចជា​បន្លែ​ស្លឹក​បៃតង​ រុក្ខជាតិ​ពពួក​សណ្តែក​ និង​គ្រាប់​សណ្តែក​ផ្សេង​ៗ សាច់សត្វ​ ត្រី​ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ ធញ្ញជាតិ​ ចេក​ ស៊ុត​ ស្រូវ​ និង​ស្រូវ​អូត​ ហើយ​វីតាមីន​ B ប្រភេទ​ខ្លះ​រាងកាយ​អាច​ផលិត​បាន​ដោយ​ខ្លួនឯង​។

3. វីតាមីន​ C និង​ E : មាន​បញ្ហា​ស្បែក​ជ្រួញ​ ព្រោះ​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង​មែនទេ​? អីុចឹង​ សូម​ជ្រើស​យក​វីតាមីន​ C និង​ E ចុះ​ ព្រោះ​វា​មាន​នាទី​ជួយ​កែ​បញ្ហា​ស្បែក​ជ្រីវជ្រួញ​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​អ្នកចាស់​ជាង​វ័យ​ ជួយការ​ពារ​ស្បែក​ពី​កម្តៅថ្ងៃ​ បន្ថយ​ស្នាមរលាក​រោល​ពី​កាំរស្មី​ UVB​។

4. វីតាមីន​ K : សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រង្វង់ភ្នែក​ខ្មៅ​ គួរ​ទទួលយក​វីតាមីន​ K មក​ធ្វើជា​គ្រូពេទ្យ​ព្យាបាល​ ព្រោះ​វា​មាន​ចំណែក​ជួយ​ការពារ​កុំឱ្យ​ឈាមកក​ស្ទះ​ ធ្វើ​ឱ្យ​អ្នក​អាច​កាត់បន្ថយ​ស្នាម​ខ្មៅ​ និង​ស្នាម​ជាំ​ ប៉ុន្តែ​មិន​ចាំបាច់​ដាក់បញ្ចូល​ទៅ​ក្នុង​រាងកាយ​ច្រើនពេក​នោះ​ទេ​ ព្រោះ​ការពិត​ទៅ​ពោះវៀនតូច​របស់​អ្នក​ក៏អាច​បង្កើត​វីតាមីន​ K ដោយ​ខ្លួនឯង​បាន​ ដោយ​អ្នក​គ្រាន់តែ​បន្ថែម​ត្រឹមតែ100មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ​ តាមរយៈ​អាហារ​ពពួក​បន្លែ​ស្លឹក​បៃតង​ (ជា​ពិ​សេ​សស្ពៃប្រ៊ូ​ខូ​លី​ និង​ផ្ទី​) ប្រេងសណ្តែក​សៀង​ កា​ហេ្វ​ សាច់សត្វ​ ទឹកដោះគោ​ គឺ​ចាត់ទុកថា​គ្រប់គ្រាន់​ទៅ​ហើយ​។

5. រ៉ែ​ធាតុ​ទង់ដែង​ និង​ស័ង្កសី​ : សម្រាប់​អ្នក​ដែល​ខ្លាច​ភាព​ជ្រីវជ្រួញ​គួរតែ​បាន​ទទួល​រ៉ែ​ធាតុ​ដូចជា​ ទង់ដែង​ និង​ស័ង្កសី​។ វា​មាន​ចំណែក​ជួយ​ឱ្យ​ស្បែក​តឹងណែន​ ដោយសារតែ​រ៉ែ​ធាតុ​ទង់ដែង​មាន​ចំណែក​ជួយ​ក្នុង​ការបង្កើត​សរសៃទឹក​ប្រូ​តេ​អុីន​ ក្នុង​ពេល​ដែល​រ៉ែ​ធាតុ​ស័ង្កសី​ជួយ​ជួសជុល​សរសៃទឹក​ប្រូ​តេ​អីុ​នដែល​សឹក​រេចរិល​ កាត់បន្ថយ​ការផលិត​ជាតិ​ខ្លាញ់​ និង​កាត់បន្ថយ​ការ​កើតមុន​ ជួយ​ពង្រឹង​ការលូតលាស់​របស់​កោសិកា​ និង​ព្យាបាល​មុន​ទៀតផង​។

6. Q10​ : ជា​ខូ​អង់​ហ្ស៊ីម​ដ៏​សំខាន់​ក្នុង​ការ​ធ្វើជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ ឬជួយការ​ពារ​រ៉ាឌីកាល់​សេរី​ដែល​កើត​ពី​កាំរស្មី​ UV​ ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា​ បង្អង់​ភាព​ចាស់​។ អាហារ​ដែល​ជា​ប្រភពQ10​នេះ​គឺ​ ត្រី​សមុទ្រ​ទឹកជ្រៅ​ ប្រេងសណ្តែក​ ស៊ុត​ ត្រី​សា​ឌីន​ ត្រីស្បៃកា​ សណ្តែកសៀង​ សាច់គោ​ ថ្លើម​ និង​បេះដូង​។

7. អាស៊ីដ​អាល់ហ្វា​ឡៃ​ប៉ូ​អុី​ក : រាប់ថាជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កម្រិត​កំពូល​តែម្តង​ មិន​តែប៉ុណ្ណោះ​ថែមទាំង​មាន​ចំណែក​ជួយ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ដំណើរការ​របស់​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេ​រី​ផ្សេង​ៗដូចជា​ វីតាមីន​ C វីតាមីន​ E គ្លុ​យតា​ថៃ​អូន​ ឬ Q10​ ប៉ុន្តែ​គុណ​សម្បតិ្ត​របស់​អាស៊ីដ​អាល់ហ្វា​ប៉ូ​អីុ​កនោះ​អាច​រលាយ​បាន​ទាំង​ក្នុងទឹក​ និង​ខ្លាញ់​ ហើយ​ថែមទាំង​អាច​ជ្រាប​ឆ្លង​កា​ត់​ភ្នាស់​ស្រោម​កោសិកា​ចូល​ទៅ​បាន​ជ្រៅ​ដល់កម្រិត​ ជា​ភាព​ខុសគ្នា​ពី​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេ​រី​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​អាស៊ីដ​អាល់ហ្វា​ឡៃ​ប៉ូ​អីុ​កច្រើនតែ​ត្រូវ​បាន​គេ​នាំ​យក​មក​ប្រើ​ដើម្បី​បំពេញ​ជំនួស​។ ប្រភព​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីដ​អាល់ហ្វា​ឡៃ​ប៉ូ​អីុ​ក មាន​ដូចជា​ សាច់​ក្រហម​ និង​គ្រឿងក្នុង​។ ចំណែក​ក្នុង​បន្លែ​វិញ​មាន​ខ្លះ​ៗដែរ​ ប៉ុន្តែ​មិន​ច្រើនណាស់​ណា​ទេ​ ដូចជា​ ដំឡូងបារាំង​ ការ៉ុត​ និង​ផ្ទី​ជាដើម​។ចាប់ផ្តើម​ងាក​មករ​កវី​តា​មីន​ទាំង7មុខ​នេះ​ពី​ពេលនេះ​តទៅ​ គឺ​មានន័យថា​ ចាប់ផ្តើម​វាយ​ដណ្តើម​យក​ភាព​ស្រស់​ស្អាត​មក​ធ្វើជា​កម្មសិទ្ធិ​របស់​អ្នក​៕