ចង់បានសក់ស្រស់ស្អាតគួរធ្វើដូចម្តេចខ្លះ?

August 5, 2019​ ម៉ោង 11:38 am

គ្រប់គ្នា​សុទ្ធតែ​ចង់បាន​សក់​ដែល​មាន​សុខភាព​ល្អ​ វែង​ រលោង​ រលាស់​ស្អាត​ទាំងអស់​ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​ដែល​ភាព​ស្រស់​ស្អាត​នេះ​មិន​អាច​ផ្តល់​ឱ្យ​មនុស្ស​គ្រប់គ្នា​បានទេ​ ព្រោះថា​ បើ​មានត្រឹមតែ​ចិត្ត​ចង់បាន​ ប៉ុន្តែ​មិនព្រម​ព្យាយាម​អនុវត្ត​តាម​ការណែនាំ​ទេ​នោះ​ ក៏​ទុកដូចជា​គ្មានន័យ​អ្វី​ដែរ​។ ទំព័រ​នេះ​ ឡា​រ៉ែ​ន សូមជម្រាប​ថា​ សក់​ស្អាត​ ទន់​រលោង​ មាន​សំណើម​ ព្រមទាំង​រឹងមាំ​ដូច​បំណង​ ប្រសិនបើ​អ្នក​អនុវត្ត​តាម​ការណែនាំ​មួយចំនួន​ដូច​ខាងក្រោម​នេះ​៖

ចៀសវាង​របស់​ក្តៅ​ : វា​អាច​នឹង​ពិបាក​បន្តិច​សម្រាប់​អ្នក​ដែល​ត្រូវការ​លេង​ម៉ូដ​សក់​ជាប្រចាំ​ ប៉ុន្តែ​បើ​អាច​អ្នក​គួរតែ​កាត់បន្ថយ​ខ្លះទៅ​។ ប្រើ​ផលិតផល​ជំនួយ​សក់​មុននឹង​ក្រោយពេល​ធ្វើសក់​ ក៏​ជា​រឿង​មួយ​ដែល​អ្នក​គួរតែ​យកចិត្ត​ទុកដាក់​ដូចគ្នា​ដែរ​។
តម្រឹម​សក់​ : សក់​លាប​ពណ៌​ងាយ​នឹង​បែក​ចុង​ជាទីបំផុត​ ដូច្នេះ​អ្នក​គួរតែ​តម្រឹម​វា​ជា​រៀងរាល់​ខែ​ (ត្រឹមតែ​កន្លះ​អីុញ​ក៏បាន​ ប្រសិនបើ​អ្នក​បារម្ភ​ខ្លាច​ថា​វា​មិន​ងាយ​វែង​)។
អប់​សក់​ : បន្ទាប់ពី​កក់សក់​រួច​ អ្នក​គួរតែ​បន្ថែម​ការ​ការពារ​ និង​ថែរក្សា​សក់​ ដោយ​ការ​អប់​សក់​ ព្រោះថា​ការ​អប់​សក់​ត្រូវ​បាន​គេ​ទុក​ថា​ ជា​វិធី​បន្ថែម​សំណើម​ និង​ភាព​ភ្លឺ​រលោង​ដល់​សក់​ និង​ជួយ​កាត់បន្ថយ​សក់​បែក​ចុង​ផង​ដែរ​។
ប្រដាប់​ចងសក់​ : កុំ​ប្រើ​កៅស៊ូ​ ឬដង្កៀប​គាប​សក់​ដែល​តឹង​ខ្លាំងពេក​ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​សក់​បាក់​ ឬដាច់​បាន​យ៉ាង​ងាយ​។
ក្រាសសិតសក់​ : “ការប្រើ​ក្រាសសិតសក់​ធ្មេញ​រង្វើល​ នៅតែ​ល្អ​ជាង​ក្រាសសិតសក់​ធ្មេញ​ញឹក​ជានិច្ច​” សូម​ចងចាំ​ប្រយោគ​មួយ​ឃ្លា​នេះ​ទុក​ ហើយក៏​ត្រូវ​ធ្វើតាម​ផង​ដែរ​។
ស្វែងរក​ផលិតផល​ដែល​ត្រូវ​នឹង​ប្រភេទ​សក់​ : មាន​ផលិតផល​ច្រើន​ប្រភេទ​ណាស់​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ ប៉ុន្តែ​មិនមែន​គ្រប់​ផលិតផល​ដែល​អ្នក​យក​មក​ប្រើ​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​សក់​របស់​អ្នកនោះ​ទេ​ ដូច្នេះ​សូមកុំ​ភ្លេច​ជ្រើសរើស​ផលិតផល​ណា​ដែល​មានគុណ​ភាពល្អ​ ជាពិសេស​បំផុត​គឺ​វា​ស័ក្តិសម​ជាមួយ​សភាព​សក់​របស់​អ្នក​៕