ក្អក កណ្ដាស់​ញឹកញាប់ ប្រយ័ត្ន​កើត​ជំងឺ​រលាក​ទាំង3នេះ

មនុស្ស​ភាគច្រើន​យល់ថា​អាការ​កណ្ដាស់​ តឹងច្រមុះ​ និង​ដក​ដង្ហើម​ខ្លី​ៗ ជា​អាការ​នៃ​ជំងឺ​ផ្ដាសាយ​ធម្មតា​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ប្រភព​នៃ​រោគសញ្ញា​ ឬអាការ​ទាំងនេះ​ គឺ​អាច​ជា​ការ​អា​ឡែក​ស៊ី​ ឬប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង​។ មនុស្សយើង​មាន​សរសៃឈាម​តូចឆ្មារ​ជាច្រើន​នៅក្នុង​ច្រមុះ​ ហើយ​នៅពេល​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ធូលី​ ក៏​កើតការ​ប៉ះ​លើ​សរសៃឈាម​តូចឆ្មារ​នៅក្នុង​ស្បែក​ស្ដើង​នៃ​ច្រមុះ​ ដែល​បណ្ដាល​ឱ្យ​ពិបាក​ក្នុង​ការដកដង្ហើម​ និង​តឹងច្រមុះ​។ តើក​ត្តា​រោគ​រលាក​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​ ក្អក​ កណ្ដាស់​ញឹកញាប់​? វា​មាន​ហានិភ័យ​ដល់​រាងកាយ​ និង​សុខភាព​ឬទេ​? តោះ​មក​ពិចារណា​ចំណុច​ខាងក្រោម​នេះ​ដូចតទៅ​៖

1.រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​
ក្នុងករណី​ដែល​មិនមែន​ជា​ជំងឺ​ផ្តាសាយ​ គឺ​មិន​បាន​កណ្តាស់​ និង​មាន​ទឹកសំបោរ​ខាប់​ស្អិត​ រួម​ទាំង​មិន​មាន​អាការ​ឈឺក្បាល​ឡើយ​ ដូច្នេះ​វា​អាច​ទៅរួច​ថា​ អាការ​កណ្តាស់​ញឹកញាប់​របស់​អ្នកនេះ​ អាច​បណ្តាល​មក​ពី​សភាព​របស់​រោគ​ប្រតិកម្ម​ចាញ់​ធាតុ​អាកាស​ រឹតតែ​នៅ​លើ​មនុស្ស​ដែល​មាន​អាការ​កណ្តាស់​ញឹក​ញាប់​ជាប់​ៗគ្នា​ ឬមាន​អាការ​រមាស់​ក្នុង​ភ្នែក​ ហៀរ​ទឹកភ្នែក​រួម​ជាមួយ​ផង​នោះ​ ក៏​រឹតតែ​សង្ស័យ​ថា​ អាច​នឹង​កើតរោគ​ប្រតិកម្ម​ចាញ់​អាកាស​ធាតុ​ ឬជំងឺ​ច្រមុះ​បាន​ដែរ​ ព្រោះ​រោគ​នេះ​ជា​អាការ​ដែល​កើតឡើង​នៅ​លើ​សាច់​ភ្នាស​ក្នុង​ច្រមុះ​ ដែល​សាច់​ភ្នាស​ក្នុង​ច្រមុះ​របស់​អ្នក​កើតរោគ​នេះ​នឹង​ឆាប់រហ័ស​មាន​ប្រតិកម្ម​ជាមួយនឹង​កត្តា​ជំរុញ​ជា​ច្រើន​ដូចជា​ សភាព​អាកាសធាតុ​ ធូលី​ដី​ លំអង​ទឹក​ភ្លៀង​ កេសរ​របស់​ផ្កា​ មេរោគ​ផ្សិត​ រោមសត្វ​ ឬសូម្បី​តែ​ក្លិន​ និង​វត្ថុ​ដែល​ធ្វើ​ឱ្យ​រលាក​ក្រ​ហាយ​ផ្សេង​ៗរហូត​បង្ក​ឱ្យ​កើតជា​អាការ​កណ្តាស់​។

2. អាការ​រលាក​ច្រមុះ​
ពេលខ្លះ​មិន​ប្រាកដ​ថា​ ក្អក​ស្ងួត​ ហៀរសំបោរ​ កណ្ដាស់​ ឈឺក្បាល​ សុទ្ធតែ​ជា​ជំងឺ​ផ្ដាសាយ​ទេ​។ វា​អាច​ជា​អាការ​របស់​អាការ​រលាក​ច្រមុះ​ ដែល​អ្នក​កំពុង​ប្រឈម​ និង​នឹកស្មាន​មិនដល់​។ វា​កើតឡើង​នៅពេល​ប្រហោងច្រមុះ​ហើម​ និង​រលាក​ ដោយសារ​ការ​ឆ្លង​វី​រ៉ុស​។ ហើយ​វា​បង្ក​ឱ្យ​ធ្ងន់ធ្ងរ​ ឬស្រាល​ រយៈ​ពេល​យូរ​ និង​ខ្លី​ តាម​ប្រភេទ​មេរោគ​ ហើយ​វា​កើត​ឡើង​យូរ​បំផុត​គឺ​រយៈពេល​ 6 ទៅ​ 8សប្ដាហ៍​។ ប្រ​សិន​បើ​មិន​ព្យាបាល​ទេ​ វា​អាច​ធ្វើ​ឱ្យ​ខូច​ប្រហោង​ច្រមុះ​ ឆ្លង​ដល់​ត្រចៀក​ និង​ភ្នែក​ ឬអាច​ឈាន​ដល់​ជំងឺរលាកស្រោមខួរ​ក៏​ថា​បាន​ដែរ​។ យ៉ាងណាមិញ​ជាទូទៅ​ការ​ព្យាបាល​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​តែ​មិនដឹង​អំពី​អាការ​របស់​វា​ និង​ស្មានថា​វា​គឺ​ជា​ជំងឺ​ផ្ដាសាយ​។អ្នក​អាច​ធ្វើ​កំណត់សម្គាល់​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ច្រមុះ​ ហើយ​ដឹង​ថា​វា​មិនមែន​ជា​ជំ​ងឺ​ផ្ដាសាយ​ដូចជា​៖
. ឈឺចាប់​នៅ​លើ​ផ្ទៃមុខ​ ឬមាន​សម្ពាធ​នៅ​លើ​ផ្ទៃមុខ​
. ហៀរសំបោរ​ពណ៌ខៀវ​ ឬពណ៌លឿង​
. ក្អក​មាន​ស្លេ​ស
. តឹងច្រមុះ​យូរ
​. ឈឺក្បាល​
. ដកដង្ហើម​មក​មាន​ក្លិនអាក្រក់​
. ឈឺធ្មេញ​ ដោយសារ​សម្ពាធ​ប្រហោង​ឆ្អឹង​ច្រមុះ​
. និង​ហឹងត្រចៀក​… ជាដើម​។

3. ជំងឺ​រលាក​សួត​
មនុស្ស​មួយចំនួន​ងាយ​នឹង​មាន​ហានិភ័យ​ជា​មួយ​នឹង​ជំងឺ​រលាក​សួត​ ជាពិសេស​ចំពោះ​កុមារ​ដែល​មិនទាន់​មានការ​លូតលាស់​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ និង​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី65ឆ្នាំ​ ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ​។ លើស​ពីនេះ​ទៅទៀត​ ជំងឺ​រលាក​សួត​វា​មាន​ហា​និ​ភ័យ​ទៅលើ​អ្នក​ជក់បារី​ អ្នក​ដែល​មាន​ជំងឺហឺត​ និង​អ្នកជំងឺ​សរសៃឈាម​បេះដូង​ ឬជំងឺមហារីក​ក៏​ងាយ​នឹង​មាន​ហានិភ័យ​ផង​ដែរ​។ មួយវិញទៀត​ ជំងឺ​នេះ​អាច​ឆ្លងតាម​រយៈ​ការ​ក្អក​ កណ្តាស់​ និង​ការចែក​អា​ហារ​បរិភោគ​ជាមួយគ្នា​ជាដើម​។ ម្យ៉ាងទៀត​ចំពោះ​បុគ្គល​ដែល​រស់នៅ​ជិតស្និទ្ធ​ជាមួយគ្នា​ ឬរស់នៅ​ផ្ទះ​តែមួយ​ សិស្ស​ និស្សិត​ ឬបងប្អូន​បង្កើត​ជាដើម​ ក៏​ងាយ​នឹង​ឆ្លង​ដែរ​។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សួត​មាន​ដូ​ជា​ ៖
– ក្អក​ (ក្អក​មាន​ស្លេ​ស ក្អក​គ្មាន​ស្លេ​ស ឬមាន​សំបោរ​ពណ៌លឿង​)
– កណ្ដាស់​ញឹកញាប់​ហើយ​អស់កម្លាំង​
– ហើយ​ថែមទាំង​គ្រុនក្តៅ​ញ័រញាក់​
– ចង្អោរ​រក​កល​ចង់​ក្អួត​ ឬក្អួត​តែម្តង​
– ចង្វាក់​បេះដូង​ដើរលឿន​
– មិន​ស្រួល​ក្នុង​ខ្លួន​បែកញើស​
– មាន​ដង្ហើម​ខ្លី​
– មានការ​ឈឺចាប់​នៅដើម​ទ្រូង​ និង​មាន​ដង្ហើម​ដង្ហក់​ ឬដង្ហើម​ជ្រៅ​ ហើយ​ក្អក​ទៀតផង​
– ពិបាក​ដកដង្ហើម​ ហើយ​មាន​សូរ​សំឡេង​ក្រេត​ក្រ​តៗ​ផង​ដែរ​៕

Advertisement