3​ វិធីដុសសម្អាតធ្មេញដែលលោកអ្នកយល់ខុសមករហូត

ទន្តពេទ្យ​ជំនាញ​បាន​បង្ហើប​ឱ្យ​ដឹងពី​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ពាក់ព័ន្ធ​នឹង​ការ​ថែរក្សា​សុខភាព​ប្រអប់មាត់​ និង​ធ្មេញ​ ដូច្នេះ​ចូរ​សាកល្បង​ពិនិត្យមើល​ទៅ​មើល៍​ថា​ តើ​រាល់ថ្ងៃ​នេះ​ យើង​បាន​ដុស​សម្អាត​ធ្មេញ​ត្រឹមត្រូវ​តាមវិធី​ដែល​ទន្តពេទ្យ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ឬទេ​?

1. ឈប់​យក​ច្រាស​ដុសធ្មេញ​ដែល​ច្របាច់​ថ្នាំ​ដុសធ្មេញ​ដាក់ពីលើ​ហើយ​ទៅ​ជ្រលក់​ក្នុងទឹក​ ឬឆ្លង​កាត់ទឹក​មុន​យក​មក​ដុសធ្មេញ​..មនុស្សជា​ច្រើន​នឹង​ខ្ពុរមាត់​ ហើយ​យក​ច្រាស​ដុសធ្មេញ​ទៅ​ជ្រលក់​ទឹក​មុននឹង​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​ ធ្វើ​ដូច្នេះ​ នៅពេល​ច្រាស​ទទឹក​ទឹក​ នឹង​ធ្វើ​ឱ្យ​មាន​ទឹក​នៅក្នុង​មាត់ច្រើន​ ថ្នាំ​ដុសធ្មេញ​ក៏​នឹង​រលាយ​យ៉ាង​ឆាប់រហ័ស​ ក្លាយជា​ពពុះ​ពេញ​ក្នុង​មាត់​។ បន្ទាប់ពី​នោះ​ ក៏​នឹង​ហូរ​កក្លាក់​ចុះ​មក​តាម​កដៃ​មកដល់​កែងដៃ​ រួច​ក៏​ត្រូវ​ប្រញាប់​ដុសធ្មេញ​ និង​ខ្ពុរមាត់​ចេញ​យ៉ាង​លឿន​ រហូត​ដល់​ចប់​ការ​ដុសធ្មេញ​ទាំង​មិនដល់2នាទី​ផង​។
ដូច្នេះ​ មុន​ច្របាច់​ថ្នាំ​ដុសធ្មេញ​ដាក់​ច្រាស​ អាច​ធ្វើការ​សម្អាត​ច្រាស​ដុសធ្មេញ​ដោយ​ទឹក​ស្អាត​ ហើយ​គោះ​ទឹក​ចេញ​ឱ្យ​អស់​ ឬស្ងួត​ល្មម​ មុននឹង​ដុស​សម្អាត​ធ្មេញ​។ ចូរ​ធ្វើការ​សម្អាត​ប្រអប់​មា​ត់​ត្រួស​ៗ(ដោយ​ការ​ខ្ពុរមាត់​នឹង​ទឹក​) ដើម្បី​យក​កម្ទេច​អាហារ​ដែល​ជាប់​នៅ​តាម​កន្លុក​-កន្លៀត​ជើងធ្មេញ​ចេញ​ឱ្យ​អស់​ជាមុន​សិន​។

2. ឈប់​ខ្ពុរមាត់​បន្ទាប់ពី​ដុសធ្មេញ​ហើយ​ភ្លាម​(គ្រាន់តែ​ស្ដោះ​ពពុះ​ថ្នាំ​ដុសធ្មេញ​ចេញ​ឱ្យ​អស់​ ឬខ្ពុរមាត់​ត្រឹមតែ​ 1ដង​ក្រោយពេល​ដុសធ្មេញ​)។ បរិមាណ​ថ្នាំ​ដុសធ្មេញ​ដែល​នៅសល់​បន្តិចបន្តួច​(បន្ទាប់ពី​ស្ដោះ​ចេញ​ ឬខ្ពុរចេញ​ 1ដង​)ដែល​អាច​នឹង​ត្រូវ​លេប​ចូល​ទៅ​ក្នុង​ពោះ​នោះ​ មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ​។
មានការ​សិក្សា​ស្រាវជ្រាវ​រឿង​មួយ​ដែល​ល្បីល្បាញ​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ1992​ នៅ​ទីក្រុង​ ណត់​ទិង​ហ៊ែ​ម ប្រទេស​អង់គ្លេស​បាន​រក​ឃើញថា​ កុមារ​ដែល​ដុសធ្មេញ​ហើយ​ខ្ពុរមាត់​ដោយ​យក​មាត់​ទៅ​ហា​ត្រង់​ទឹក​ចេញពី​ក្បាល​រ៉ូប៊ី​ណេ​(ហើយ​ខ្ពុរ​មា​ត់​ឃ្លុក​ៗ)មាន​ធ្មេញ​ពុក​តិច​ជាង​កុមារ​ដែល​ខ្ពុរមាត់​ដោយ​ទឹក​ក្នុង​កែវ​។ បន្ទាប់ពី​នោះ​ ក៏​មានការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗទៀត​តាម​មក​ជាច្រើន​ដើម្បី​ពិនិត្យមើល​ និង​បាន​អះអាង​ចំពោះ​រឿង​នោះ​ដូច​ៗគ្នា​​ រហូតដល់​ខាង​សមាគម​ទន្តពេទ្យ​នៃ​ប្រទេស​អង់គ្លេស​សរុប​ចេញ​មក​ជា​ការណែនាំ​ថា​ “មិន​ត្រូវ​ខ្ពុរមាត់​ ក្រោយ​ដុស​ធ្មេញ​ហើយ​ភ្លាម​ទេ​”។

3. កុំអាល​ញ៉ាំ​អាហារ​ ឬញ៉ាំទឹក​អ្វី​(រួម​ទាំង​ទឹក​សុទ្ធ​ផង​)យ៉ាងហោចណាស់​កន្លះម៉ោង​បន្ទាប់ពី​ដុសធ្មេញ​ គឺ​ដើម្បី​ឱ្យ​ ហ្វ្ល័រ​អូ​រ៉ា​យ បាន​បញ្ចេញ​ ឫទ្ធិ​ការពារ​ធ្មេញ​ពុក​យ៉ាង​ពេញទំហឹង​៕

Advertisement