10 សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​ថប់បារម្ភ ក្នុង​វ័យ​កាន់តែ​ចាស់

ជំងឺ​ថប់បារម្ភ​ ឬជំងឺ​បាក់ទឹកចិត្ត​ មិនមែន​កើត​តែ​ចំពោះ​មនុស្ស​ពេញវ័យ​ វ័យ​កណ្ដាល​នោះ​ទេ​។ មនុស្ស​វ័យ​ចំណាស់​គឺជា​វ័យ​មួយ​ទៀត​ ដែល​ងាយ​នឹង​ជួបប្រទះ​គ្រោះថ្នាក់​នៃ​ជំងឺ​មួយ​នេះ​មិន​តិច​ឡើយ​។ ជាពិសេស​គេ​អាច​សន្មត់​ថា​ មនុស្ស​វ័យ​ចំណាស់​ គឺ​ងាយ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​ និង​សុខភាព​ផ្លូវចិត្ត​មិនចាញ់​វ័យ​ផ្សេង​ៗដូចគ្នា​។

តើ​ជំងឺ​ថប់បារម្ភ​នៅក្នុង​វ័យ​ចំណាស់​ កើតឡើង​ដោយសារ​មូលហេតុ​អ្វី​?
ជំងឺ​ថប់បារម្ភ​នៅក្នុង​វ័យ​ចំណាស់​ ដែល​ភា​សា​បច្ចេកទេស​ពេទ្យ​ហៅថា​ Late​-Life​ Depres​sion​ កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី​អាយុ​ 60ឆ្នាំ​ឡើង​ទៅ​ ឬក្រោម​នេះ​ក៏​មាន​។ ដោយ​ជំងឺ​នេះ​ កើតមាន​ដោយសារ​ភាព​ខុស​ប្រ​ក្រ​តី​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​ ដែល​ធ្វើ​ឱ្យ​សភាវ​ផ្លូវ​អារម្មណ៍​ផ្លាស់ប្ដូរ​។ ហើយ​មានក​ត្តា​ចម្បង​មួយ​ទៀត​ ដែល​បណ្ដាលមកពី​ការផ្លាស់ប្ដូរ​របប​នៃ​ជី​វិ​តផ្សេង​ៗដូចជា​ ៖
1. វ័យ​ចូល​និវត្ត​ រស់នៅ​តែឯង​ មិនបាន​ចេញ​ទៅ​ជួប​មិត្តភក្តិ​ ឬក្រុម​មនុស្ស​ដូច​ពេល​មុន​ៗ
2. នៅ​ឆ្ងាយ​ពី​ដៃគូ​ជីវិត​
3. បាត់បង់​បុគ្គល​ជាទីស្រឡាញ់​ដូចជា​ ឪពុក​ម្ដាយ​ បង​ ប្អូន​ កូន​ ចៅ​ និង​មិត្ត​ជិ​តស្និ​ទបំផុត​
4. រស់នៅ​តែម្នាក់ឯង​ មិនបាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ ឬញាតិមិត្ត
​5. ជាប់បំណុលគេ​ច្រើន​
6. ទទួលទាន​ជាតិ​ស្រវឹង​ច្រើនពេក​
7. កង្វះ​វីតាមីន​ B12​ ជាដើម​។

អាការ​នៃ​ជំងឺ​ថប់បារម្ភ​ក្នុង​វ័យ​ចំណាស់​រោគសញ្ញា​នៃ​ជំងឺ​ថប់បារម្ភ​នេះ​ នៅក្នុង​មនុស្ស​ចាស់​កើតមាន​ចាប់ពី​អាការ​កម្រិត​ស្រាល​ទៅ​កម្រិតមធ្យម​។ វា​អាច​មាន​សញ្ញា​គ្រោះថ្នាក់​ដូច​ខាងក្រោម​៖
1. ការ​ផ្លាស់​ប្តូរ​អារម្មណ៍​សាមញ្ញ​ដូចជា​ ពី​សភាព​ស្ងប់ស្ងាត់​ ត្រឡប់ទៅ​រក​ភាព​តានតឹង​ កាន់​តែ​ឆាប់​ខឹង​ កាន់តែ​ឆាប់​ធូរស្រាល​ហើយ​រហ័ស​ត្អូញ​ត្អែរ​ថែមទៀត​ និយាយ​ស្ដី​មាន​មូលហេតុ​តិច​ជាង​មុន​ ឬអាច​មាន​អាការ​វីត​ក្ក​កង្វល់​ច្រើនជាង​មុន​។
2. អស់​ការចាប់អារម្មណ៍​ចំពោះ​វត្ថុ​ដែល​ធ្លាប់​ចូលចិត្ត​កន្លងមក​។
3. រហ័ស​ធុញ​ ទ្រាន់​មនុស្ស​ក្នុង​គ្រួសារ​ ធុញ​អា​ហារ​ ធុញ​ខ្លួនឯង​ និង​មិន​ចូលរួម​ធ្វើការងារ​ ឬកម្ម​វិ​ធី​ផ្សេង​ៗ។
4. ចាប់ផ្ដើម​មិន​ចង់​មើលថែ​ទាំ​ខ្លួនឯង​ មិន​ចង់​ទទួលទានបាយ​ មិន​ចង់​ហាត់ប្រាណ​ មិន​ញ៉ាំ​ថ្នាំ​ មិន​ចង់ទៅ​ជួប​គ្រូពេទ្យ​ជាដើម​។
5. ទម្ងន់​ខ្លួន​ស្រក​ចុះ​ ដោយសារ​ការ​មិន​ទទួលទាន​អាហារ​។
6. ជួប​បញ្ហា​ច្រើន​ក្នុង​រឿង​ដំណេក​ ដូចជា​គេង​មិន​លក់​ ឆាប់​ក្រោក​ពីព្រលឹម​ពេក​ ចូលគេង​យប់ជ្រៅ​ គេង​ភ្ញាក់​ៗ និង​មិន​គេង​សោះ​ក៏​មាន​។
7. ប្រព័ន្ធ​ចងចាំ​មិន​ប្រក្រតី​ ងាយ​ភ្លេច​ និង​សម្មា​ធិ​ខ្លី​
8. ចូលចិត្ត​អន់ចិត្ត​ដោយ​និយាយ​ថា​ ខ្លួនឯង​មិន​មានតម្លៃ​ រស់នៅ​គ្មាន​តម្លៃ​ ចង់​ស្លាប់​ មិន​ចង់​ជួប​មុខ​គ្រួសារ​ ឬកូនចៅ​។
9. និយាយ​ស្ដី​តិច​ ពេល​ឆ្លើយនឹង​សំណួរ​បាន​ត្រឹមតែ​ញញឹម​ ចូលចិត្ត​លាក់ខ្លួន​ មិន​ចង់និយាយ​ស្ដី​ជាមួយ​អ្នកដទៃ​។
10​. កម្លាំង​ចុះ​ទន់ខ្សោយ​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់លាស់​។

ការ​ព្យាបាល​ជំងឺ​ថប់បារម្ភ​ចំពោះ​មនុស្សចាស់​ប្រសិនបើ​មាន​មនុស្ស​អាយុ​ច្រើន​ ហើយ​កើត​អាការ​ដូច​ពោល​ខាងលើ​នេះ​ អ្នក​គួរតែ​ចូល​ទៅ​និ​យាយ​ជាមួយ​គាត់​ យកចិត្ត​ទុកដាក់​ចំពោះ​គាត់​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​ និង​នាំ​គាត់​ទៅ​ត្រួតពិនិត្យ​សុខភាព​ជា​រៀងរាល់​ខែ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ហើយ​ដាច់ខាត​កុំ​ទុក​គាត់​ចោល​ឱ្យ​នៅតែ​ម្នាក់ឯង​ឱ្យ​សោះ​។

ទង្វើ​ប្រតិបត្តិ​ចំពោះ​មនុស្សចាស់​ដែល​មាន​ជំងឺ​ថប់បារម្ភ​
1. បបួល​គាត់​និយាយ​ បបួល​គាត់​ឱ្យធ្វើ​ការងារ​ហត្ថកម្ម​ជា​រឿយ​ៗដូចជា​ ការ​ធ្វើម្ហូប​អាហារ​ ស្ដាប់​ចម្រៀង​ និង​មើលកុន​ជាដើម​។
2. ប្រមូល​វត្ថុ​មុត​ស្រួច​ អាវុធ​ ឬសារ​ធាតុ​ពុល​នៅក្នុង​ផ្ទះ​ឱ្យ​ផុត​ពី​ដៃ​គាត់​។ កុំ​ដាក់​វត្ថុ​គ្រោះថ្នាក់​ចោល​ ឬនៅ​កន្លែង​ដែល​ងាយ​មើលឃើញ​ឱ្យ​សោះ​។
3. ជួយ​គាត់​ឱ្យ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ កុំឱ្យ​អ្នកជំងឺ​បន្ថយ​ ឬឈប់​ប្រើ​ថ្នាំ​ដោយខ្លួនឯង​។
4. ត្រូវ​នាំ​គាត់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ទៀងទាត់​៕

Advertisement