“ជំងឺគ្រុនឈាម” និង 4រោគសញ្ញា​លេចធ្លោ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ដែល​គួរ​សង្កេតមើល

គ្រុនឈាម​ គឺជា​ជំងឺឆ្លង​ដោយសារ​មេរោគ​វីរុស​ Dengue​ Haemorrhagic​ Virus​ ដែល​មាន​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​។ ជំងឺ​នេះ​ ជួបប្រទះ​ច្រើន​នៅក្នុង​រដូវភ្លៀង​ អំឡុង​ខែឧសភា​ ដល់​ខែកញ្ញា​។ កើត​នៅ​លើ​កុមារ​អាយុ​ 5-9ឆ្នាំ​ច្រើន​បំផុត​ ចុះ​មក​គឺ​កុមារ​អាយុ​ 10​-14ឆ្នាំ​ ដោយមាន​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​។ មូស​ខ្លា​មាន​ 2ប្រភេទ​ គឺ​មូស​ខ្លា​ព្រៃ​ និង​មូស​ខ្លា​ស្រុក​ តែ​ដែលគេ​ជួបប្រទះ​ញឹកញាប់​បំផុត​នោះ​គឺ​ មូស​ខ្លា​ស្រុក​ ដោយ​ប្រទះឃើញ​នៅក្នុង​ផ្ទះ​ និង​បរិវេណ​ជុំវិញ​ផ្ទះ​។ មាន​ច្រើន​ពូជ​ ជាពិសេស​ពូជ​ Aedes​ Aegypti​ ហើយ​មូស​ខ្លា​ភេទ​ញី​ច្រើន​រកស៊ី​នៅពេល​ថ្ងៃ​ ចូលចិត្ត​ទម្លាក់​ស៊ុត​នៅក្នុង​ទឹកនឹង​ដែល​ស្អាត​ ហើយ​មេរោគ​វីរុស​នឹង​ស្ថិតនៅ​ក្នុង​ខ្លួន​មូស​បាន​រហូត​មួយ​ជីវិត​របស់​សត្វ​មូស​មួយ​ក្បាល​នោះ​ប្រមាណ​ជា​ 1-2ខែ​។

រោគសញ្ញា​លេចធ្លោ​ក្រោយ​ឆ្លង​មេរោគ​វីរុស​ Dengue​ ចូល​មក​ក្នុង​រាងកាយ​បាន​ 5-8ថ្ងៃ​។ អា​ការ​របស់​អ្នកជំងឺ​នឹង​បង្ហាញ​ឡើង​មាន​ 4កម្រិត​ ៖
1. ក្ដៅខ្លួន​ខ្លាំង​ពី​ 2-7ថ្ងៃ​។
2. មាន​អាការ​ចេញឈាម​ញឹកញាប់​ ដោយ​ឃើញ​មាន​ស្នាម​អុច​ៗពណ៌​ឈាម​ចេញ​នៅ​លើ​ស្បែក​។
3. កើត​សភាវ​ថ្លើម​រីក​ធំ​ អាច​ស្ទាប​ប៉ះ​នៅ​បរិ​វេ​ណក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​ និង​ពេល​ចុច​សង្កត់​ទៅ​ នឹង​ឈឺចាប់​។
4. សភាវ​នៃ​ប្រព័ន្ធ​ឈាម​រត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ និង​អាច​កើត​សភាវ​គាំង​ប្រកាច់​។

អាការៈ​របស់​អ្នកជំងឺ​គ្រុនឈាម​
កុមារ​កើតជំងឺ​គ្រុនឈាម​ នឹង​កើត​អាការ​គ្រុន​ក្ដៅ​ខ្លួ​នភ្លាមៗ​ មុខឡើងក្រហម​ ឈឺក្បាល​ ចុក​រួយ​រាងកាយ​ តមក​នឹង​ប្រទះឃើញ​មាន​ស្នាម​អុច​ៗដូច​ឈាម​ចេញ​នៅ​លើ​ដងខ្លួន​ ដៃ​ ជើង​ និង​មាន​អា​ការ​ធុញទ្រាន់​ចំណីអាហារ​ ក្អួតចង្អោរ​ ឈឺពោះ​ មិន​ញ៉ាំទឹក​ គេង​នៅ​ស្ងៀម​ មិន​និយាយ​ស្ដី​។ ក្មេង​ខ្លះ​មាន​ឈាម​ហូរចេញ​មក​តាម​ច្រមុះ​ លាមក​មាន​ពណ៌ខ្មៅ​ កម្អួត​មាន​លាយ​ឈាម​ និង​ច្រើនតែ​មិន​បង្ហាញ​អាការ​គ្រុនផ្ដាសាយ​ មិន​ក្អក​ឡើយ​។ អំឡុង​ពេល​គ្រោះថ្នាក់​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​អា​ការ​គ្រុនក្ដៅ​ចាប់ផ្ដើម​ថយ​ចុះ​ 2-7ថ្ងៃ​ តែ​ទាំងអស់​នេះ​ ជំងឺគ្រុនឈាម​អាច​ព្យាបាល​បាន​លទ្ធផល​ល្អ​ ​បើសិន​បាន​ទទួលការ​វិនិច្ឆ័យ​រោគ​ និង​ព្យាបាល​តាំងពី​ផ្ដើមដំបូង​។

Advertisement