តើ​ងូតទឹក​បែប​ណា​ដើម្បី​ឱ្យ​ស្បែក​ស្អាត​?

August 23, 2019​ ម៉ោង 10:49 am

មិន​មានការ​ងូតទឹក​ណាមួយ​ដែល​ល្អ​ស្មើនឹង​ការបាន​លាង​ជម្រះ​រាងកាយ​ ដោយ​លំអង​ទឹកដែល​បាញ់​ចេញពី​ក្បាល​ចំពួយ​ទឹក​រូប​ផ្កាឈូក​នោះ​ឡើយ​ តែ​ការ​ធ្វេសប្រហែស​ភ្លេចខ្លួន​ក្នុងអំឡុងពេល​ងូតទឹក​សម្អាត​រាងកាយ​ដែល​តែងតែ​ជួប​ជា​ញឹកញាប់​ ដូចជា​ ការសម្រួល​សីតុណ្ហភាព​ទឹក​ឱ្យ​ក្តៅ​ខ្លាំងពេក​ ការ​លាង​ជម្រះ​ផលិតផល​សម្អាត​ស្បែក​មិន​អស់ពីខ្លួន​ជាដើម​ គឺ​សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត​ របក​ឡើង​ហុយ​ និង​អាច​បណ្តាល​ឱ្យ​កើតរោគ​រលាក​ស្បែក​ទៀតផង​។ ខាងក្រោម​នេះ​ គឺជា​វិធី5យ៉ាង​ក្នុង​ការ​ការពារ​ស្បែក​ឱ្យ​ស្រស់​ស្អាត​ក្នុងអំឡុងពេល​ងូតទឹក​ និង​ក្រោយ​ការ​លាង​ជម្រះ​រាងកាយ​ ដែល​នា​រីៗ​គួរ​អាន​ តើមាន​អ្វីខ្លះ​នោះ​ សូម​តាមដាន​ដូចតទៅ​៖

1. សម្រួល​សីតុណ្ហភាព​ទឹក​ និង​មិន​គួរ​ងូតទឹក​យូរ​ជ្រុល​ពេក​ទេ
​ពិតប្រាកដ​ណាស់​ថា​ ការ​ងូតទឹក​ក្តៅ​គឺជា​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​រាងកាយ​កក់ក្តៅ​បាន​នៅពេល​ព្រឹក​និង​ពេលល្ងាច​ ឬដើម្បី​បន្ធូរបន្ថយ​ភាព​ធុញថប់​តានតឹង​ បន្ទាប់ពី​ការ​ធ្វើការងារ​ធ្ងន់ធ្ងរ​រួចមក​ តែ​វា​មិនល្អ​សម្រាប់​ស្បែក​របស់​អ្នក​ទេ​ បើ​អ្នក​ងូតទឹក​ក្តៅ​ឧណ្ហ​ៗញឹកញាប់​ និង​ងូតទឹក​យូរ​ពេក​នោះ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​របក​ ដោយសារ​បាត់បង់​ជាតិ​ប្រេង​ការពារ​ស្បែក​ពី​ធម្មជាតិ​ ដូច្នេះ​បើ​ចង់ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ ឡា​រ៉ែ​ន សូម​ណែនាំ​ថា​ គួរ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗក្នុងរយៈពេល​ខ្លី​បាន​ហើយ​។2. កុំ​ប្រើ​ជេល​សម្អាត​ស្បែក​ដែល​មាន​ពពុះ​ច្រើនជ្រុល​ពេក​
ជេល​សម្អាត​ស្បែក​ដែល​មាន​ពពុះ​ច្រើនជ្រុល​ពេក​ មាន​ផ្សំ​ដោយសារ​ធាតុគីមី​ដែលកាត់​បន្ថយ​ភាពយឺត​តឹង​របស់​ស្បែក​ ដែល​នឹង​ធ្វើ​ឱ្យ​ស្រទាប់​ស្បែក​ប្រេះ​បែក​ និង​រួញ​ ទើប​ធ្វើ​ឱ្យ​ស្បែក​បាត់បង់​ជាតិទឹក​ និង​ជាតិ​ប្រេង​ដោយសារ​សារធាតុគីមី​ទាំងនោះ​។ បញ្ហា​នេះ​អាច​កែ​បាន​ដោយ​ការ​ប្តូរ​មក​ប្រើ​សាប៊ូ​ទឹក​ប្រភេទ​ស្រាល​ ឬសាប៊ូ​ដុស​ខ្លួន​សម្រាប់​កុមារ​ក៏បាន​។
3. លាង​សាប៊ូ​ចេញពី​ខ្លួន​ឱ្យ​ស្អាត​
ជា​ញឹកញាប់​បន្ទាប់ពី​អ្នក​ចេញពី​បន្ទប់ទឹក​ អ្នក​តែង​សង្កេតឃើញ​នៅ​មាន​ពពុះ​សាប៊ូ​ជាប់​តាម​កញ្ចឹងក​គ្រប់ពេល​ តែបើ​អ្នក​ជូត​វា​ចេញ​ខណៈ​ពេល​ដែល​ស្បែក​របស់​អ្នក​ស្ងួត​ហើយ​នោះ​ គ្រូពេទ្យ​រោគ​សើស្បែក​ប្រាប់​ថា​ វា​អាច​ធ្វើ​ឱ្យ​កើត​អាការ​របក​ក្រ​ហាយ​ និង​ស្ងួត​ តែ​ទាំងអស់​នេះ​អាស្រ័យ​លើ​សាប៊ូ​ដែល​អ្នកប្រើ​ដែរ​ ដូច្នេះ​ដើម្បី​ការពារ​បញ្ហា​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​ថា​ អ្នក​គួរ​ជ្រើសរើស​ប្រើ​សាប៊ូ​ដុំ​ ឬជេល​សម្អាត​ស្បែក​ណា​ដែល​មាន​ភាព​ខ្សោយ​ស្រ​ទន់​ និង​មាន​លាយ​គ្រី​មថែបំប៉ន​ស្បែក​នៅក្នុង​នោះ​ផង​ តែ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ការ​លាង​សម្អាត​សា​ប៊ូ​ចេញពី​ខ្លួនប្រាណ​ឱ្យ​អស់​។
4. ធ្វើ​ម៉ាស​ស្បែក​មុខមុន​ពេល​លុបលាង​មុខ​ ឬមុន​ពេល​ងូតទឹក​
មនុស្សជា​ច្រើន​តែងតែ​សម្អាត​ស្បែក​មុខ​ខណៈ​ពេល​ងូតទឹក​ បន្ទាប់ពី​នោះ​មក​ក៏​ធ្វើ​ម៉ាស​ផ្ទៃមុខ​ តែ​អ្នកជំនាញ​ផ្នែក​សម្ផស្ស​បាន​ប្រាប់​ថា​ ជា​ប្រក្រតី​ការ​ធ្វើ​ម៉ាស​ស្បែក​មុខគួរ​ធ្វើ​មុន​ការ​លុប​លាងមុខ​ ព្រោះ​ការ​លាង​សម្អាត​ស្បែក​មុខមុន​នឹង​ធ្វើ​ម៉ាស​មុខ​ នឹង​រឹតតែ​ជំរុញ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ស្ងួត​ឡើង​ និង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ជាង​នោះ​គឺ​ អំឡុង​ពេលក្រោយ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ គឺជា​អំឡុង​ពេល​ដែល​ស្បែក​បឺត​ជ្រាប​ បាន​លឿន​ខ្លាំង​ណាស់​ ដូច្នេះ​អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​កើត​អាការ​ផ្សា​ក្រហាយ​បាន​។
5. គួរ​ប្រើ​កន្សែង​ពោះ​គោ​ទន់​ៗ ជូត​ផ្តិត​ៗបន្ទាប់​ពី​លាង​សម្អាត​ ឬងូតទឹក​រួច​មនុស្ស​ជា​ច្រើន​ៗតែ​កើត​អាការ​រងា​ញ័រញាក់​ក្រោយពេល​ងូតទឹក​រួច​ ជាពិសេស​ក្នុង​រដូវរងា​ និង​ប្រាកដ​ណាស់​ អ្នក​ទាំងអស់​នោះ​ច្បាស់ជា​ចង់​ជូត​ខ្លួន​ឱ្យ​ឆាប់​ស្ងួត​យ៉ាង​លឿន​មិនខាន​ តែ​ការ​ធ្វើបែប​នេះ​គឺជា​ការបំផ្លាញ​ស្បែក​របស់​ខ្លួន​ ដូច្នេះ​ ឡា​រ៉ែ​នសូម​ណែនាំ​ថា​ អ្នក​គួរ​ប្រើ​កន្សែងពោះគោ​ណា​ដែល​ទន់​ៗ និង​ជូត​ផ្តិត​យ៉ាង​ថ្នម​ៗលើ​ស្បែក​មុខ​របស់​អ្នក​ ដើម្បី​រក្សា​ជាតិ​ប្រេង​ក្នុង​ស្បែក​មិន​ឱ្យ​ស្ងួត​ទៅ​យ៉ាង​ឆាប់រហ័ស​ និង​គួរ​បន្ថែម​ភាព​ស្រស់​បស់​ដល់​ស្បែក​ក្រោយ​ការ​ងូតទឹក​ ដោយ​ការ​លាប​គ្រី​មម៉​យស​ជើ​រ៉ា​យហ្ស៊ើរ៍​នៅ​លើ​កន្លែង​ដែល​ឆាប់​ស្ងួត​ជាងគេ​ ដូចជា​ ដៃ​ ជើង​ និង​អវយវៈ​ផ្សេង​ទៀត​ជាដើម​៕