មូលហេតុ​បណ្តាល​ឱ្យ​ស្ត្រី​ជ្រុះសក់​បាត់បង់​សម្រស់​

មិនថា​ស្ត្រី​ស្ថិតនៅ​ក្នុង​វ័យ​ណា​នោះ​ទេ​ តែងតែ​ជួបនឹង​បញ្ហា​ជ្រុះសក់​ ហើយ​ការ​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​យើង​មើលទៅ​ចាស់​ជាង​វ័យ​ និង​បាត់បង់​ភាព​ទាក់ទាញ​របស់​ខ្លួន​។ បញ្ហា​ជ្រុះសក់​ចំពោះ​បុរស​បាន​ក្លាយទៅជា​រឿង​ធម្មតា​ទៅ​ហើយ​ ទោះជា​បុរស​មាន​ក្បាលទំពែក​ក៏​មិន​មាន​បញ្ហា​អ្វី​ចោត​ឡើង​ធំដុំ​ដែរ​ ប៉ុន្តែ​បើ​បញ្ហា​នេះ​កើតមាន​ចំពោះ​ស្ត្រី​វិញ​ វា​គឺជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​អា​ម៉ាស​ និង​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ ពីព្រោះ​ភាព​ស្រស់​ស្អាត​គឺជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​តែង​ប៉ងប្រាថ្នា​ ហើយ​ការ​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​បាត់បង់​នូវ​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​ រហូតដល់​ធ្វើ​ឱ្យ​ពួកគេ​មិន​ហ៊ាន​ចេញទៅ​ជួបនឹង​មនុស្ស​នៅ​ខាងក្រៅ​ក៏បាន​។ ជាក់ស្តែង​ ស្ត្រី​ភាគច្រើន​តែង​ជួប​នូវ​បញ្ហា​ជ្រុះសក់​នេះ​នៅក្នុង​ជីវភាពរស់នៅ​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​ ហើយ​សក់​របស់​ពួកគេ​កាន់តែ​តិច​ និង​ស្តើង​ទៅៗ​នៅពេល​ពួកគេ​ឈាន​ដល់​វ័យ​ចំណាស់​។ បញ្ហា​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​ទាំងអស់​មានការ​ឈឺចាប់​ជា​ខ្លាំង​។ ដូច្នេះ​សូម​ស្វែងយល់​អំពី​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​ស្ត្រី​ភាគច្រើន​ជួបនឹង​បញ្ហា​ជ្រុះសក់​នេះ​ ដើម្បី​ឱ្យ​អ្នក​អាច​ចាត់វិធានការ​ការពារ​បញ្ហា​ជ្រុះសក់​នេះ​បាន​ទាន់ពេល​វេលា​ និង​យ៉ាងហោចណាស់​ក៏អាច​ទប់ស្កាត់​បញ្ហា​ជ្រុះសក់​ឱ្យ​មាន​តិចតួច​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

ការ​គេង​មិន​លក់​
បញ្ហា​គេង​មិន​លក់​ គឺជា​មូលហេតុ​ដ៏​សាម​ញ្មួយ​ ដែល​ធ្វើ​ឱ្យ​សក់​ជ្រុះ​ ហើយ​បញ្ហា​នេះ​កើត​មាន​ទាំង​បុរស​ ទាំង​ស្ត្រី​។ បញ្ហា​គេង​មិន​លក់​នេះ​កើតឡើង​ដោយសារតែ​ពួកគេ​ជួបនឹង​បញ្ហា​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ (ស្ត្រេស​) ដូចជា​ បញ្ហា​ការងារ​ បញ្ហា​ការសិក្សា​ និង​បញ្ហា​មុខ​ជំនួញ​របស់​ពួកគេ​ជាដើម​។ ស្ត្រេស​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អរម៉ូ​ននៅ​ក្នុង​ខ្លួនមនុស្ស​មានការ​ប្រែ​ប្រួល​ ដែល​នាំ​ឱ្យ​អ្នក​ជ្រុះសក់​ដោយ​មិនដឹង​ខ្លួន​។ ការ​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ ដែល​អ្នកប្រើ​ប្រាស់​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ជ្រុះសក់​ផង​ដែរ​។ ស្ត្រេស​បាន​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់​ ហើយ​ការ​គេង​មិន​លក់​ជាច្រើន​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ឫស​សក់​របស់​អ្នក​ចុះ​ខ្សោយ​រហូតដល់​សក់​ជ្រុះ​ជាបន្តបន្ទាប់​ជា​រៀង​រាល់ថ្ងៃ​ក្នុង​បរិមាណ​ច្រើនលើស​ពី​ធម្មតា​។ បញ្ហា​ជ្រុះសក់​ដោយសារ​ការ​គេង​មិន​លក់​នេះ​ កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ មិនថា​ជា​មនុស្ស​វ័យ​ជំទង់​ មនុស្ស​វ័យ​កណ្តាល​ ឬមនុស្ស​វ័យ​ចំណាស់​នោះ​ទេ​។ បញ្ហា​គេង​មិន​លក់​នេះ​អាច​នឹង​បាត់​ទៅវិញ​ ឬអាច​នឹង​កើតឡើងវិញ​ជា​រឿយ​ៗនៅពេល​អ្នក​ជួបនឹង​រឿង​ត្រូវ​គិត​ច្រើន​ ដែល​បង្ក​ទៅជា​អារម្មណ៍​ស្ត្រេស​។

ដំណ​ពូជ​
បញ្ហា​ដំណ​ពូជ​នេះ​គឺជា​មូលហេតុ​ដ៏​ចម្បង​ដែល​បង្ក​ឱ្យ​សក់​ជ្រុះ​ស្ទើរ​ទំពែក​អស់ពី​ក្បាល​ ជា​ពិសេស​បញ្ហា​នេះ​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ច្រើនជាង​មនុស្ស​ស្រី​។ បញ្ហា​ដំណ​ពូជ​នេះ​តែង​បន្ត​ពី​ឪពុក​ម្តាយ​មកដល់​កូន​របស់​ពួកគេ​ ហើយ​បើ​ឪពុក​ម្តាយ​មាន​សក់​ស្តើង​ ឬក្បាលទំពែក​ហើយ​នោះ​ កូន​របស់​ពួកគេ​កម្រ​នឹង​គេច​ផុត​ពី​បញ្ហា​ដំណ​ពូជ​នេះ​ណាស់​ ជាពិសេស​កូនប្រុស​របស់​ពួកគេ​នឹង​មាន​សក់​ស្តើង​ ឬក្បាលទំពែក​ដូច​ឪពុក​របស់​ពួកគេ​ដែរ​។ ការ​ជ្រុះសក់​នេះ​បង្ក​ដោយ​ជាតិគីមី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា​ DHT​ កើតឡើង​ពី​អរម៉ូ​នរ​បស់​មនុស្ស​ប្រុស​ ដោយហេតុ​នេះ​ហើយ​បាន​ជា​បញ្ហា​នេះ​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ច្រើនជាង​មនុស្ស​ស្រី​។ ចំពោះ​មនុស្ស​ស្រី​បើ​កើតមាន​បញ្ហា​ជ្រុះសក់​ ដោយសារ​ដំណ​ពូជ​នេះ​ ភាគច្រើន​តែង​កើតមាន​នៅពេល​ស្ត្រី​ចាប់ផ្តើម​អស់​រដូវ​។

ជំងឺទំ​ពែ​ក (សក់​ជ្រុះ​មិន​ដុះ​វិញ​)
ជំងឺ​នេះ​កើតឡើង​ដោយសារ​កោសិកា​ឈាម​សនៅ​ក្នុង​ខ្លួន​របស់​អ្នកធ្វើ​ឱ្យ​រន្ធ​នៃ​ឫស​សក់រួញ​តូច​រហូត​ធ្វើ​ឱ្យ​សក់​មិន​អាច​ដុះឡើង​វិញ​បាន​ ហើយ​ជាទូទៅ​សក់​អាច​នឹង​មិន​ដុះ​លូតលាស់​ជាច្រើន​ខែ​ ឬជាច្រើន​ឆ្នាំ​ បន្ទាប់មក​ទើប​មាន​សក់​ថ្មី​ដុះឡើង​វិញ​ខ្លះ​។ ជំងឺទំ​ពែ​កនេះ​បាន​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ជ្រុះ​រហូត​ស្ទើរ​អស់ពី​ក្បាល​ ហើយ​ត្រូវ​ប្រើ​រយៈ​ពេល​យូរណាស់​ ដើម្បី​ឱ្យ​សក់​ថ្មី​ដុះឡើង​វិញ​ ឬអាច​នឹង​មិន​ដុះ​សក់​ថ្មី​ឡើងវិញ​ក៏​ថា​បាន​។ ជំងឺ​នេះ​អាច​នឹង​កើតមានឡើង​វិញ​ បន្ទាប់ពី​សក់​ថ្មី​បាន​ដុះ​មក​វិញ​ ហើយ​ជំងឺ​នេះ​ពិបាក​រក​ដំណោះស្រាយ​ និង​វិ​ធាន​ការ​ដើម្បី​ទប់ស្កាត់​ខ្លាំង​ណាស់​។ បញ្ហា​សក់​ជ្រុះ​របស់​មនុស្ស​ស្រី​ និង​មនុស្ស​ប្រុស​មាន​លក្ខណៈ​ខុសគ្នា​ ចំពោះ​មនុស្ស​ប្រុស​អាច​នឹង​មាន​បទ​ពិ​សោ​ធច្រើនជាង​ក្នុង​បញ្ហា​ជ្រុះសក់​រហូត​ទំពែក​អស់ពី​ក្បាល​ ចំណែក​ឯមនុស្ស​ស្រី​វិញ​ គឺ​គ្រាន់តែ​ជ្រុះសក់​ច្រើន​រហូត​ធ្វើ​ឱ្យ​សក់​ស្តើង​អាច​មើល​ឃើញ​លលាដ៏​ក្បាល​ប៉ុណ្ណោះ​។ បញ្ហា​ជ្រុះសក់​នេះ​បើ​កើតមាន​ចំពោះ​មនុស្ស​ប្រុស​គឺ​ពិបាក​នឹង​ធ្វើការ​បិទបាំង​ខ្លាំង​ណាស់​ ប៉ុន្តែ​បើ​មនុស្ស​ស្រី​វិញ​ ពួកគេ​អាច​ទុកសក់​ឱ្យ​វែង​ ដើម្បី​ជួយ​បិទបាំង​មិន​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មើល​ដឹង​ថា​ ពួកគេ​កំពុង​ជួប​នឹង​បញ្ហា​ជ្រុះសក់​ ឬមាន​សក់​ស្តើង​មើលឃើញ​លលាដ៏​ក្បាល​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ​;ការ​បិទបាំង​គឺ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​នៅក្នុង​បញ្ហា​ជ្រុះសក់​នេះ​ទេ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​រក​វិធី​ព្យាបាល​ និង​ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់​នេះ​ឱ្យ​បាន​ទាន់ពេល​វេលា​ ដើម្បី​ការពារ​សក់​របស់​អ្នក​មិន​ឱ្យ​ជ្រុះ​តទៅទៀត​ និង​ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក​ឱ្យ​ស្រស់​ផូរផង់​ថែម​ទៀតផង​៕

Advertisement