សម្លឹង​សេចក្តីស្នេហា​ដោយ​ក្តី​យល់ចិត្ត អ្វីៗក៏​ស្រស់ស្អាត និង​មាន​សុភមង្គល​ដែរ

ដោយសារតែ​មូលដ្ឋាន​គ្រឹះ​របស់​ក្រុម​គ្រួសារ​ ចិត្តគំនិត​ និស្ស័យ​ រួម​ទាំង​ការរស់នៅ​ដែល​អាច​មាន​ភាព​ខុសប្លែក​ពីគ្នា​មក​តាំងពី​ដើមទី​នោះ​ ទើប​យើង​(គូ​ស្វាមីភរិយា​)ត្រូវ​អាស្រ័យ​លើ​ “ការយល់​ចិត្ត​គ្នា​” ធ្វើជា​ឫសគល់​សំខាន់​ក្នុង​រឿង​ “ស្នេហា​” ហើយ​ “ការយល់​ចិត្ត​” នៅក្នុង​ទីនេះ​ ត្រូវតែ​ធ្វើ​រួមគ្នា​ទាំង2នាក់​ បើ​មានតែ​នរណា​ម្នាក់​ខំប្រឹង​ព្យាយាម​ធ្វើ​តែម្នាក់ឯង​ ក៏​គ្មាន​ថ្ងៃ​បាន​យល់ចិត្ត​គ្នា​ ដែល​នឹង​នាំ​ឱ្យ​មាន​សុភមង្គល​បាន​ដែរ​។

ម្នា​ក់ៗ​ត្រូវ​ខំព្យាយាម​សិក្សា​ និង​យល់ចិត្ត​គ្នា​ទៅវិញទៅមក​ ដូចជា​ ម្នាក់​ចង់ទៅ​ដើរលេង​ទិញ​អី​វ៉ាន់​តែម្នាក់ឯង​ ខណ:ដែល​ម្នាក់ទៀត​ចង់តែ​ទៅ​ជាមួយ​ដែរ​ជាប់​រហូត​ ឬក៏​ម្នាក់​ចង់ទៅ​រួម​កម្សាន្ត​សប្បាយ​ជាមួយ​ពួកម៉ាក​មិត្តភក្តិ​ម្តងម្កាល​តាម​តែ​មានឱកាស​ តែម្នាក់​ទៀត​បែរជា​មិនសូវ​ចូលចិត្ត​ ព្រោះ​គិតថា​ ខ្លួន​នឹង​ត្រូវ​គេ​ទុកចោល​ឱ្យ​នៅផ្ទះ​ម្នាក់​ឯង​ជាដើម​។ អឹុម​! គ្រាន់តែ​ប៉ុណ្ណឹង​ បញ្ហា​ដែល​មិន​គួរ​នឹង​កើតឡើង​ វា​នឹង​កើតឡើង​មិនខាន​។ ការពិត​ទៅ​ រឿង​បែបនេះ​ គ្រាន់តែ​យើង​បែរមុខ​មក​និយាយ​គ្នា​ ប្រាប់​គ្នា​ឱ្យ​ដឹង​ និង​យល់​ពី​តម្រូវការ​របស់​ម្នា​ក់ៗ​ និង​យល់ព្រម​បើក​ចិត្ត​ទទួលយក​រវាង​គ្នា​ទៅវិញ​ទៅមក​ តែ​ប៉ុណ្ណឹង​ សូម​ជឿ​ចុះ​ថា​ បញ្ហា​រទាស់​ចិត្ត​គ្នា​ផ្សេង​ៗទាំងនោះ​ នឹង​ធូរស្រាល​អស់​ជា​មិន​ខាន​។

ចូរ​កុំ​ភ្លេច​ថា​ “សេចក្តី​ស្នេហា​” គឺជា​រឿង​ដ៏​ល្អ​ស្រស់បំព្រង​មួយ​ដែល​ត្រូវ​អាស្រ័យ​លើ​ការ​រៀន​យល់ដឹង​ ការសម្រប​ខ្លួន​ ការ​ស្វែងយល់​ និង​ព្រម​ទទួលយក​ពីគ្នា​ទៅវិញទៅមក​។ យើង​ក៏​ជា​យើង​ គេ​ក៏​ជា​គេ​ បើសិនជា​ត្រូវ​បង្ខំចិត្ត​ផ្លាស់​ប្តូរ​ និង​សម្រប​ខ្លួន​ដើម្បី​ឱ្យ​មនុស្សម្នាក់​ស្រឡាញ់​នោះ​ ប្រហែល​មិនមែន​ជា​រឿង​ល្អ​ឡើយ​ ហើយ​អ្នក​ដែល​បង្ខំចិត្ត​ធ្វើ​នោះ​ ក៏​ប្រហែលជា​គ្មាន​សេចក្តី​សុខ​ដែរ​ មែន​ទេ​? ដូច្នេះ​ តើ​ហេតុ​អី​មិន​សាកល្បង​ងាក​មក​ “យល់ចិត្ត​គ្នា​” និង​ “ទទួលយក​” ពីគ្នា​ទៅវិញ​ទៅ​មក​? យល់ថា​ គាត់​ ឬនាង​ គឺជា​មនុស្ស​បែបហ្នឹង​ និង​ព្រម​ទទួលយក​នូវ​អ្វី​ដែល​ជា​ខ្លួន​គាត់​ ឬនាង​វិញ​ វា​មិន​ប្រសើរ​ជាង​ឬ?​

សាកល្បង​គិ​តលេង​ៗទៅ​មើល​ថា​ នៅពេល​ណាក៏ដោយ​ ដែល​សេចក្តី​ស្នេហា​របស់​អ្នក​ខ្វះ​ភាព​យល់ចិត្ត​គ្នា​ តើ​វា​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​ខ្លះ​?… ការ​ឈ្លោះ​ទាស់ទែងគ្នា​ ការ​ប្រកែក​តវ៉ា​គ្នា​ ការ​ខឹងសម្បា​ ការ​ងង៉ក់​ ប្រចែប្រចណ្ឌ​-ល-អូយ​! គ្រាន់តែ​គិត​ ក៏​ហត់​បាត់​ទៅ​ហើយ​ មែនទេ​? ដូច្នេះ​ហើយ​ អ្នកគ្រូ​ ឆវី​ ចង់​ប្រាប់​ថា​ ចូរ​ព្យាយាម​សិក្សា​ស្វែងយល់​អំពី​គ្នា​ទៅវិញទៅមក​ឱ្យ​បាន​ច្រើ​នបំ​ផុត​ ហើយ​នៅទីបំផុត​ សម្រាប់​ “សេចក្តី​ស្នេហា​” ដែល​មិន​អាច​អធិប្បាយ​បាន​ដោយ​ពាក្យ​សម្តី​នោះ​ ក៏អាច​ “យល់​បាន​” ដោយ​បេះដូង​ និង​រស់​នៅជា​មួយ​គ្នា​ប្រកបដោយ​សុភមង្គល​មិនខាន​៕

Advertisement