ម៉ាស្សាប្រេងក្តៅមានអត្ថប្រយោជន៍ចំពោះសក់រួញ

September 12, 2019​ ម៉ោង 3:57 pm

អ្នក​ប្រហែលជា​ធ្លាប់​បាន​ឮខ្លះ​ៗហើយពី​ការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​អំពី​សក់​ និង​ប្រេង​។ ប្រេង​គឺជា​សារធាតុ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ជួយ​សម្រួល​សក់​ដែល​មាន​បញ្ហា​ឱ្យមក​ជា​សក់​ដែល​មាន​ភាព​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ពិ​តៗ​។ ជាទូទៅ​សក់រួញ​ឆាប់​មាន​សភាព​ស្ងួត​ជាង​សក់ត្រង់​ ដែល​ជាដើម​ហេតុ​នៃ​បញ្ហា​ ហេតុនេះ​ហើយ​បាន​ជា​គេ​ថា​ការ​ម៉ាស្សា​ប្រេង​ក្តៅ​នៅ​លើ​សក់​ និង​ស្បែក​ក្បាល​គឺជា​រឿង​ល្អ​ដែល​អ្នកមាន​សក់រួញ​គួរតែ​អនុវត្ត​ឱ្យ​បាន​ជាប្រចាំ​។

ការ​ម៉ាស្សា​ប្រេង​ក្តៅ​មានប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​មាន​សក់រួញ​ ព្រោះថា​អាច​ជួយ​ចិញ្ចឹម​ថែបំប៉ន​សក់​ ជួយ​ឱ្យ​សក់​ភ្លឺរលោង​ លូត​លាស់​បាន​ល្អ​ គ្មាន​អង្កែ​ រឹងមាំ​ បន្ថយ​ការ​ជ្រុះសក់​ និង​បន្ថែម​ភាព​ក្រាស់​ដល់​សក់​។ បន្ថែម​ពីនេះ​ការ​ម៉ាស្សា​ប្រេង​ក្តៅ​នេះ​គឺជា​ការ​បន្ថែម​សំណើម​ និង​ជួយ​គេច​ចេញពី​បញ្ហា​សក់សំពោង​បែក​ចុង​ផង​ដែរ​។ សម្រាប់​ការ​បន្ថែម​ភាព​ស្រស់​ស្អាត​ទៅ​ឱ្យ​សក់​ដោយ​ប្រេង​ក្តៅ​ អ្នក​អាច​ជ្រើសរើស​ប្រេង3ប្រភេទ​គឺ​ ប្រេង​អូ​លីវ​ ប្រេងដូង​ ឬប្រេង​អាល់​ម៉ុ​នក៏​បាន​។ វិធី​នៃ​ការ​ម៉ាស្សា​សក់​ជាមួយ​ប្រេង​ក្តៅ​អាច​ប្រព្រឹត្តទៅ​បាន​តាម​ដំណាក់កាល​ដូចតទៅ​៖
– ដាក់​កម្តៅ​ប្រេង​(ប្រេង​មួយ​ណា​ក៏បាន​ក្នុង​ចំណោម​ប្រេង​ទាំង3ខាងលើ​)ឱ្យ​ក្តៅ​រយៈពេល​2-4នាទី​។
– ទុក​ឱ្យ​ប្រេង​នោះ​ត្រជាក់​តាម​សម្រួល​ (ត្រ​ជាក់​ប្រហាក់​ប្រហែល​នឹង​កម្តៅ​នៅក្នុង​បន្ទប់​)។
– យក​ប្រេង​នោះ​ទៅ​ម៉ាស្សា​ថ្នម​ៗលើ​ស្បែក​ក្បាល​ និង​សក់​ពី​គល់​ដល់​ចុង​សក់​។
– យក​កន្សែងពោះគោ​ ជ្រលក់​ជាមួយ​ទឹក​ក្តៅ​(ក្តៅ​ល្មម​) រួច​យក​កន្សែង​នោះ​មក​គ្រប់​លើ​សក់​ ទុកចោល​ ប្រហែល45នាទី​ទៅ​មួយ​ម៉ោង​។
– កក់សក់​ ហើយ​បន្ទន់​សក់​តាមធម្មតា​។សូម​អនុវត្ត​តាមវិធី​នេះ​ឱ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​សក់រួញ​ដ៏​ស្រស់​ស្អាត​ និង​មាន​សំណើម​គួរ​ជាទី​ពេញចិត្ត​មិនខាន​៕