រដូវភ្លៀង​គួរ​ថែទាំ​សុខភាព​បែប​ណា​កុំឱ្យ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​?

September 13, 2019​ ម៉ោង 10:12 am

ក្នុង​រដូវភ្លៀង​ ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់​ និង​មាន​សំណើម​ខ្លាំង​ ធ្វើ​ឱ្យ​មេរោគ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស​ បើសិន​ជា​មាន​មេរោគ​រីក​រាលដាល​នៅក្នុង​ធាតុអាកាស​ ហើយ​យើង​ដកដង្ហើម​ស្រូប​ចូល​ទៅ​ក្នុង​សួត​ អាច​នឹង​បង្ក​ឱ្យ​កើតជំងឺ​ខាង​ផ្លូវដង្ហើម​បាន​ជាច្រើន​ ដូចជា​ ជំងឺ​រលាក​ច្រមុះ​ ជំងឺ​ផ្តាសាយ​ គ្រុន​ផ្តាសសាយ​ធំ​ និង​ជំងឺ​រលាក​បំពង់​ដង្ហើម​ (រលាក​បំពង់ក​) ជាដើម​។ តើ​អ្នក​គួរ​ថែរក្សា​សុខភាព​បែប​ណា​នៅក្នុង​អំឡុង​ពេល​នៃ​រដូវភ្លៀង​?

ការ​ប្រុងប្រយ័ត្ន​ និង​អនាម័យ​
ចៀសវាង​ការ​ស្ថិតនៅ​ក្នុង​កន្លែង​ដែល​ចង្អៀត​ហប់​ ខ្យល់អាកាស​ពិបាក​ចេញចូល​ និង​ចៀសវាង​ការ​នៅ​ជិត​អ្នក​ដែល​កើតជំងឺ​ទាំងអស់​នោះ​ ព្រោះ​មេរោគ​អាច​ឆ្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​បាន​តាមរយៈ​ការដកដង្ហើម​ ទឹកមាត់​ សំបោរ​ ឬកំហាក​ស្លេស្ម​របស់​អ្នកជំងឺ​ ដោយ​មេរោគ​នឹង​ឆ្លង​ចូល​តាម​ភ្នែក​ ច្រមុះ​ និង​មាត់​ ឬតាមរយៈ​ការដែល​មនុស្ស​បាន​ប៉ះពាល់​វត្ថុ​ដែល​លាយឡំ​ជាមួយ​មេរោគ​ ដូចជា​ កន្សែងជូតមុខ​ ស្លាបព្រា​ កែវ​ទឹក​ ការ​ថើប​ ឬការដែល​ដៃ​ទៅ​ប៉ះ​មេរោគ​ ហើយ​យក​ទៅ​ញីភ្នែក​ ឬយក​ទៅកាន់​អ្វី​ញ៉ាំ​ជាដើម​។

រក្សា​សីតុណ្ហភាព​រាងកាយ​
ប្រសិនបើ​មាន​អាការ​តឹងច្រមុះ​ ឬហៀរសំបោរ​ អ្នក​គួរ​ចៀសវាង​នៅកន្លែង​ដែល​មាន​អាកាសធាតុ​ត្រជាក់​ ជាពិសេស​ម៉ាស៊ីន​ត្រជាក់​ កង្ហារ​ កុំ​ញ៉ាំ​ទឹក​ត្រជាក់​ ឬងូតទឹក​ត្រជាក់​ ហើយ​ប្រសិនបើ​ចង់​បើក​ម៉ាស៊ីន​ត្រជាក់​ ត្រូវ​កម្រិត​សីតុណ្ហភាព​ឱ្យ​ខ្ពស់​ជាង25អង្សា​រ ដើម្បី​កុំឱ្យ​ខ្យល់​ត្រជាក់​ពេក​។ ករណី​ប្រើ​កង្ហារ​ កុំ​បើក​លេខ​ខ្លាំងពេក​ គួរ​គេង​ឆ្ងាយ​ពី​ម៉ាស៊ីន​សម្រូប​ខ្យល់អាកាស​ ឬកង្ហារ​ ព្រោះ​ខ្យល់​ត្រជាក់​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​ទន់ខ្សោយ​ ប្រព័ន្ធ​ការពារ​រាងកាយ​ក៏​ចុះ​ខ្សោយ​ អាច​នាំ​ឱ្យ​អ្នក​កើត​មាន​អាការ​រលាក​ច្រមុះ​ រមាស់​ច្រមុះ​ តឹងច្រមុះ​ កណ្តាស់​ ហៀរសំបោរ​ បំពង់ខ្យល់​រួម​ ឬក្អក​មាន​ស្លេ​សជាដើម​។ គួរ​ឱ្យ​រាងកាយ​បាន​កក់ក្តៅ​ ដោយ​គេង​ដណ្តប់ភួយ​ ពាក់​ស្រោមជើង​ ពាក់​អា​វក្រា​ស់ៗ​ ឬពាក់អាវ2ជាន់​ និង​ខោ​វែង​ផង​។ ករណី​សំបោរ​នៅក្នុង​រន្ធច្រមុះ​ច្រើន​ ឬតឹងច្រមុះ​ គ្រូពេទ្យ​អាច​ណែនាំ​ឱ្យ​ឆ្ពុង​ច្រមុះ​ ដោយ​ចំហាយទឹក​ពុះ​ ដើម្បី​ជួយ​ឱ្យ​អាការ​ធូរស្រាល​បាន​។

គួរ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​ឆ្លង​រោគ​ផ្លូវដង្ហើម​
ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ល្អ​ នោះ​នឹង​មិន​ងាយ​ឈឺ​នោះ​ទេ​។ មូល​ហេ​តុ​ផ្សេង​ៗដែល​នាំ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​ មាន​ដូចជា​ តប់ប្រមល់​ គេង​មិន​គ្រប់គ្រាន់​ ឬប៉ះ​ជាមួយនឹង​ខ្យល់​ត្រជាក់​ពេក​។

ការ​ទទួលទាន​អាហារ​មិន​បណ្ដាល​ឱ្យ​រលាក​បំពង់ក​
ប្រសិនបើ​មាន​អាការ​ឈឺ​-ក ឬក្រហាយ​ផ្សា​ អ្នក​គួរ​ទទួលទាន​អា​ហារ​ទន់​ៗ ដូចជា​ បបរសាមចូក​ បបរ​ក្តៅ​ៗ ចៀសវាង​អាហារ​ហឹរ​ពេក​ ប្រៃ​ពេក​ កុំ​ជក់បារី​ ឬសេព​គ្រឿងស្រវឹង​ ចៀសវាង​ការប្រើ​ប្រាស់​សំឡេង​មួយ​រយៈ​ សម្អាត​មាត់​ឱ្យ​បាន​ញឹកញាប់​ ជាពិសេស​ក្រោយពេល​ទទួលទាន​អាហារ​ ដោយធ្វើ​ការ​ដុះធ្មេញ​ ខ្ពុ​លមា​ត់​ជាមួយ​ទឹកអំបិល​ក្តៅ​ឧណ្ណ​ៗ ឬទឹក​សុទ្ធ​ព្រោះ​ការដែល​មិន​សម្អាត​មាត់​ធ្មេញ​ និង​បំពង់​ ក កាន់តែ​ធ្វើ​ឱ្យ​រលាក​ខ្លាំង​ថែមទៀត​។

ចៀសវាង​អាហារ​ ឬទឹក​ត្រជាក់​
បើ​មាន​អាការ​ក្អួត​ គួរ​ចៀសវាង​ភាពត្រជាក់​ ដូចជា​ ខ្យល់​អាការ​ត្រជាក់​ ការ​ទទួលទានទឹក​កក​ ឬងូតទឹក​ត្រជាក់​ ការ​ញ៉ាំ​ការ៉េម​ជាដើម​។ អ្នក​គួរ​ទទួល​ទាន​ ឬងូតទឹក​ក្តៅ​ឧណ្ហ​ៗ គួរ​បិទមាត់​ច្រមុះ​ ពេល​ក្អក​ ឬកណ្តាស់​ដោយ​ក្រណាត់​ស្អាត​។

ផ្អាក​សកម្មភាព​មួយចំនួន​ដែល​ងាយ​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​តាមផ្លូវ​ដង្ហើម​
បើ​មាន​អាការ​ស្ងួត​បំពង់​-ក អ្នក​គួរ​កាត់បន្ថយ​ការប្រើ​សំឡេង​ជា​បណ្តោះអាសន្ន​ ហើយ​អ្នក​មិន​គួរ​ស្រែ​កខ្លាំង​ៗនោះ​ទេ​។ អ្នក​គួរ​ឈប់​ជក់បារី​ ឬចៀសវាង​ឱ្យ​ឆ្ងាយ​ពី​ផ្សេង​បារី​ ផ្អាក​ហែលទឹក​ ឬលេង​ជ្រមុជទឹក​ ព្រោះ​អាច​ឆ្លង​រោគ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​បាន​។ អ្នក​ងាក​មក​ថែទាំ​សុខភាព​ឱ្យ​បាន​មាំមួន​ ដោយ​ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​គ្រប់5ប្រភេទ​ក្រុម​ ទាំង​បន្លែ​ផ្លែឈើ​ និង​ចៀសវាង​ស្ថិតនៅ​ក្នុង​បរិយាកាស​កុះករ​ពេក​ មាន​ធូលី​ដី​ហុយ​ ផ្សែង​សារធាតុគីមី​ ជាតិពុល​កខ្វក់​ ឬមានការ​ប្រែប្រួល​សីតុណ្ហភាព​ឆាប់រហ័ស​ពេក​ជាដើម​។ អ្នក​គួរ​នៅកន្លែង​ដែល​មាន​ខ្យល់អាកាស​ចេញចូល​បាន​ល្អ​ ហាត់ប្រាណ​រាល់ថ្ងៃ​ កុំ​អត់​ងងុយ​ ទទួលទានទឹក​ក្តៅ​ឱ្យ​បាន​ញឹកញាប់​ មិនថា​នៅពេល​ណា​ ឬទីកន្លែង​ណាក៏ដោយ​ អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​ផ្លួវ​ដង្ហើម​ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​មេរោគ​ ហើយ​ពេល​បាន​ធូរស្បើយ​ហើយ​ អ្នក​ក៏​គួ​រប្រ​ត្តិ​បត្តិ​តាម​ការណែនាំ​ទាំងនេះ​ យ៉ាងតិច​1សប្តាហ៍​បន្ថែម​ទៀតផង​ ដើម្បី​ឱ្យ​ជំងឺ​របស់​អ្នក​បាន​ជាសះស្បើយ100​%៕