រាម ទីឋានកម្សាន្តដ៏ស្ងប់ស្ងាត់ និងពោរពេញទៅដោយសម្រស់ធម្មជាតិ

September 18, 2019​ ម៉ោង 11:05 am

“សមុទ្រ​រាម​” ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​ និង​ទូលំទូលាយ​ថា​ ជាទី​កន្លែង​កម្សាន្ត​ ខណៈ​ដែល​តំបន់​ទេសចរណ៍​នា​ឆ្នេរសមុទ្រ​មួយ​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ចាត់ជា​ឧទ្យានជាតិ​ និង​ជា​តំបន់​អភិរក្ស​ ដោយ​ព្រះរាជ​ក្រឹត្យ​ និង​ចាប់​បើក​ដំណើរការ​កាលពី​ថ្ងៃទី01​ ខែវិច្ឆិកា​ ឆ្នាំ1993​ មក​ម្ល៉េះ​។

ឧទ្យានជាតិ​ នា​ខេត្ត​ព្រះសីហនុ​ “រាម​” ស្ថិត​នៅ​ទិសនិរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​គ្រប​ដណ្តប់​លើ​ឃុំ​ចំនួន2​ គឺ​ឃុំ​រាម​ និង​ឃុំ​ឧកញ៉ា​ ហេង​ ក្នុង​ស្រុក​ព្រៃនប់​ ដែល​ស្ថិតនៅ​ជាប់​ជួរភ្នំ​ ហើយក៏​ជា​ចំណុច​កណ្តាល​ខណ្ឌ​ចែក​រវាង​ខេត្ត​ព្រះសីហនុ​ និង​តំបន់​កម្សាន្ត​កោះ​ថ្មី​ផង​ដែរ​ ដោយមាន​ចម្ងាយ​ប្រមាណ18គីឡូម៉ែត្រ​ពីទី​ប្រជុំជន​ខេត្ត​ព្រះសីហនុ​ និង​ប្រមាណ​ជា194គីឡូម៉ែត្រ​ពី​ រាជធានី​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ4​។ ឧទ្យានជាតិ​ ដែល​លម្អ​ទៅ​ដោយ​ព្រៃ​ដើមដូង​ និង​បណ្តុំ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នេះ​ មានផ្ទៃ​ដី​សរុប​21,000ហិ​កតា​ ដែល​ក្នុង​នោះ​ 6,000ហិ​កតា​ទៀត​ជា​ផ្ទៃ​ទឹកសមុទ្រ​ ហើយ15,000ហិ​កតា​ ជា​ដីគោក​តាម​មាត់​ឆ្នេរ​ ស្ថិតនៅ​ជាប់​តំបន់​ជួរ​ភ្នំក្រវ៉ាញ​ អម​ដោយ​កូនភ្នំ​តូច​ធំ​រ៉ា​យប៉ាយ​មាន​រយៈកម្ពស់​ចាប់ពី50ម៉ែត្រ​រហូតដល់280ម៉ែត្រ​ ដោយមាន​ទីតាំង​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ4​ ខាងជើង​ជាប់ឃុំ​បត់ត្រង់​ ភូមិ​អុង​ និង​ឈូង​សមុទ្រ​ថៃ​ ដោយឡែក​ខាងលិច​ជាប់ឃុំ​បឹង​តាព្រហ្ម​ និង​ឃុំ​អូរជ្រៅ​ ហើយ​ខាងត្បូង​ជាប់នឹង​ឈូងសមុទ្រ​ថៃ​។

នៅ​ទីនេះ​មាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ និង​ស្រស់​ស្អា​តប្លែក​ៗពីគ្នា​ ដូចជា​ តំបន់ឆ្នេរ​ខ្សាច់​ដ៏​ម៉ដ្ឋខៃ​ ឆ្នេរ​ចំការ​ដូង​ ឆ្នេរ​ព្រែក​ចាក​ និង​តំបន់​ថ្ម​ដុះ​ ដែល​ភាគច្រើន​គេ​តែង​ហៅថា​ “ថ្ម​ញី​-ឈ្មោល​” ក្រោម​កា​រប​ណ្តុំ​ថ្ម​ដុះ​តូច​ធំ​រដិបរដុប​ ដែល​អាច​ អនុញ្ញាត​ឱ្យ​បណ្តា​ភ្ញៀវ​ទេសចរ​នានា​អង្គុយ​កម្សាន្ត​លេង​យ៉ាង​រីករាយ​ ស្រូប​យក​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ​ពី​ជំនោរ​នៃ​មាត់សមុទ្រ​ ជា​ពិសេស​អាច​គយគន់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ជុំវិញ​ខ្លួន​រហូត​ធ្លាយ​ទៅដល់​កោះ​តា​គៀវ​ និង​កោះ​ស្រមោច​ រួម​ជាមួយនឹង​កោះ​តូច​ៗផ្សេង​ទៀត​ ដែល​ហាក់បីដូចជា​កំពុង​ងើបឈរ​នៅ​កណ្តាល​សាគរ​យ៉ាង​ត្រជាក់​ភ្នែក​។ ដោយឡែក​ ប្រសិនបើ​អង្គុយ​លំហែ​ ឬឈរ​នៅ​លើ​ឆ្នេរ​ចំការ​ដូង​វិញ​ នោះ​គេ​នឹង​មើលឃើញ​កូន​កោះ​ដ៏​ស្រស់​ស្អាត​ និង​តូច​ច្រឡឹង​គួរ​ឱ្យ​ទាក់ទាញ​មួយចំនួន​ទៀត​ដូចជា​ កោះក្របី​ កោះ​ឫស្សី​ និង​កោះ​ចន្លុះ​ជាដើម​ ហើយ​អ្វី​ដែល​រឹតតែ​ស្រស់​ស្អាត​បំផុត​នោះ​ គឺ​ការ​រង់ចាំ​មើល​ពន្លឺ​ពណ៌​មាស​ចាំង​លើ​ផ្ទៃ​ទឹកសមុទ្រ​នា​ពេល​សូ​រិយា​អស្តង្គត​។

ងាក​មក​ចាប់អារម្មណ៍​ជាមួយ​ចំណីអាហារ​វិញ​គឺ​កាន់តែ​សម្បូរ​បែប​ និង​ពោរពេញ​ទៅ​ដោយ​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ ដែល​ភាគច្រើន​ច្នៃ​ចេញពី​ជីវចម្រុះ​ក្នុង​សមុទ្រ​ ដូចជា​ ត្រី​ ក្តាម​ បង្គា​រ បង្គង​ ខ្យង​ជំ​ពុះ​ទា​ ងាវ​ ហើយ​ជាពិសេស​ សា​រ៉ា​យ-សមុទ្រ​ដែល​មានប្រយោជន៍​ចំពោះ​សម្រស់​ និង​សុខភាព​ ក្រោម​គំនិត​ច្នៃប្រឌិត​របស់​ចុងភៅ​ជំនាញ​ប្រចាំ​អាហារដ្ឋាន​នានា​ ដែល​ស្ថិតនៅ​ជាប់មាត់​ឆ្នេរ​ ក៏ដូចជា​នៅ​ភោជនីយដ្ឋាន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ឧទ្យានជាតិ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​មួយ​នេះ​។

ចង់​ដឹង​ថា​ ឧទ្យានជាតិ​ រាម​ មាន​ទិដ្ឋភាព​ និង​សម្រស់​ស្រស់​ស្អាត​ដល់កម្រិត​ណា​នោះ​ លោក​អ្នក​អាច​ចំណាយពេល​ប្រមាណ​ជាង3ម៉ោង​កន្លះ​ ដើម្បី​ធ្វើដំណើរ​ចា​ក់​ចេញេ​ពី​រាជធានី​ភ្នំ​ពេញ​ឆ្ពោះទៅ​កាន់​ទីនោះ​បាន​ តាមរយៈ​រថយន្ត​នៅ​លើ​ផ្លូវជាតិ​លេខ4​ ក្រាល​កៅស៊ូ​រាបស្មើ​ ដោយ​ឆ្លងកាត់​តំបន់​ស័ក្តិសិទ្ធិ​ជ្រោះ​ពិ​ជ្រ​និល​ ឬជ្រោះ​យាយ​ម៉ៅ​ ដែល​ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ នៃ​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ​៕