7វិធី​ការពារ​ខ្លួន​ ពី​អាការ “រោគ​ប្រតិកម្ម​ចាញ់​ អាកាសធាតុ”

រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​នេះ​ អាច​មាន​មនុស្សជា​ច្រើន​គិតថា​ វា​ត្រឹមតែ​ជា​រោគ​ស្រាល​ៗ គ្រាន់តែ​ចៀសវាង​មិន​ឱ្យ​ត្រូវ​លម្អង​ភ្លៀង​ក៏​ប្រហែលជា​មិន​ឈឺ​បាត់​ទៅ​ហើយ​។ តើ​វា​ជា​ការ​ងាយស្រួល​ដល់​ថ្នាក់​ហ្នឹង​មែនទេ​?ប្រសិនបើ​មាន​អាការ​ក្អក​ ហូរ​ទឹកសំបោរ​ រលាក​ច្រមុះ​ រមាស់​បំពង់ក​ និង​ក្អក​ស្ងួត​អស់​រយៈពេល​ពី1​-2ខែ​ នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ ដើម្បី​រក​មូលហេតុ​នៃ​ជំងឺ​ពិតប្រាកដ​។

អាច​ដែល​ទេ​ អ្នក​កំពុងតែ​កើតជំងឺ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​ ? ដើម្បី​ឱ្យ​ជាក់ច្បាស់​អ្នក​ត្រូវតែ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ មិន​ដូច្នេះ​ទេ​វា​អាច​បណ្ដាល​ឱ្យ​សុខភាព​អ្នក​កាន់តែ​ទ្រុត​ទ្រោម​ ហើយ​ចំណាយ​ថវិកា​ក្នុង​ការ​ព្យាបាល​កាន់តែ​ច្រើន​ថែមទៀត​។ “រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​” បើ​មិន​ព្យាបាល​ ឬព្យាបាល​មិន​បាន​ត្រឹមត្រូវ​ទេ​ ក៏​បណ្ដាល​ឱ្យ​កើតរោគ​ជំងឺ​ផ្សេង​ទៀត​ដូចជា​ ជំងឺ​រលាក​ភ្នាស​រន្ធច្រមុះ​រាំ​រ៉ៃ​ ឬកើតឫស​ដូង​ច្រមុះ​ជាដើម​។ ជំងឺ​ទាំងអស់​នេះ​ចាំបាច់​ត្រូវការ​វះកាត់​ដើម្បី​ព្យាបាល​ និង​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចុក​ចាប់​នៅពេល​ក្រោយ​ផង​ដែរ​។ អ្នក​ក៏​កាន់តែ​ខាតបង់​ពេលវេលា​ និង​ប្រាក់កាស​ក្នុង​ការ​ព្យាបាល​ជំងឺ​ទាំងនោះ​ ប្រសិនបើ​អ្នក​ប្រកាន់​ភ្ជាប់​នូវ​ទង្វើ​ធ្វេសប្រហែស​ចំពោះ​សុខភាព​។ ដូច្នេះ​ហើយ​ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូម​ណែនាំ​អំពី​វិធី​ទាំង7យ៉ាង​ក្នុង​ការ​ការពារ​ខ្លួន​ឱ្យ​រួចផុត​ពី​ជំងឺ​ប្រតិកម្ម​ចាញ់​នេះ​។

1. ចៀសវាង​វត្ថុ​ងាយ​ប្រតិកម្ម​ការ​ប្រយ័ត្ន​មិន​ប៉ះពាល់​វត្ថុ​ដែល​ធ្វើ​ឱ្យ​ងាយ​ប្រតិកម្ម​ គឺជា​វិធី​ដែល​ល្អ​បំផុត​ និង​ជួយ​ដាស់​ស្មារតី​អ្នក​ឱ្យ​ប្រុងប្រៀប​ខ្លួន​ដូចគ្នា​។ អ្វី​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​រួមមាន​ ធូលី​ វត្ថុ​កខ្វក់​ លម្អង​ទឹកភ្លៀង​ និង​វត្ថុ​នៅក្នុង​ផ្ទះ​ដែល​មាន​ធូលី​កាន់ជាប់​មិនបាន​សម្អាត​។ មួយវិញទៀត​ អ្នក​ត្រូវ​តែ​ធ្វើការ​សម្អាត​ក្នុង​ផ្ទះ​ឱ្យ​បាន​ស្អាត​ដូចជា​ កន្លែង​អង្គុយលេង​ បន្ទប់គេង​ កន្លែង​ទទួលទាន​អាហារ​ បន្ទប់​ចម្អិន​អាហារ​ ឬកន្លែង​ឃ្លាំង​ឥវ៉ាន់​ និង​សម្ភារ​មិន​ប្រើប្រាស់​ជាដើម​។ ចំពោះ​បន្ទប់គេង​ អ្នក​ត្រូវ​បើក​បង្អួច​ឱ្យ​មាន​ពន្លឺ​គ្រប់គ្រាន់​ ជាពិសេស​ធ្វើការ​សម្អាត​ផ្លាស់ប្ដូរ​ស្រោមខ្នើយ​ ភួយ​ និង​ពូក​ 2ដង​ក្នុង​មួយ​សប្ដាហ៍​យ៉ាងហោចណាស់​។

2. ចៀសវាង​ពី​សារធាតុ​ឈួល​ទឹកអប់​មាន​ក្លិន​ខ្លាំង​ ស្រៃ្បយ៍​បាញ់​ខ្លួន​ ផ្សែង​ធូប​ ផ្សែង​បារី​ និង​ផ្សែង​រថយន្ដ​ជាដើម​ ជា​សារធាតុ​ដែល​មាន​ក្លិនឈួល​ងាយ​ធ្វើ​ឱ្យ​រលា​កភ្នាស់​រន្ធច្រមុះ​។ អ្នក​គួរតែ​ចៀសវាង​យ៉ាង​ដាច់ខាត​ពី​ក្លិន​ផ្សែង​ទាំងអស់​នេះ​ ហើយ​ព្រមទាំង​ចៀសវាង​ពី​កន្លែងណា​ដែល​ងាយ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ដូចជា​ បន្ទប់​ម៉ា​ស៊ី​ត្រជាក់​ ឬបន្ទប់​ស្ទីម​ ដែល​កាន់តែ​ធ្វើ​ឱ្យ​រោគ​ជំងឺ​កម្រើក​ខ្លាំង​ឡើង​។ ប្រសិនបើ​អ្នកដើរ​កាត់​កន្លែង​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ នោះ​អ្នក​គប្បី​រក​កន្លែង​ត្រជាក់​ឈប់​មួយសន្ទុះ​សិន​ ហើយ​ត្រូវ​ប្រើ​ម៉ាស​ខ្ទប់​ច្រមុះ​ ដើម្បី​ការពារ​ការ​ឈួល​កម្ដៅ​ ជាហេតុ​ធ្វើ​ឱ្យ​ជំងឺ​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។

3. ហាត់ប្រាណ​ការ​ធ្វើលំ​ហាត់ប្រាណ​ គឺ​ដើម្បី​បន្ថយ​ការ​កម្រើក​រោគ​ជំងឺ​ប្រតិកម្ម​ចាញ់​អា​-កាស​ធាតុ​ ព្រោះ​វា​ជា​វិធី​មួយ​ដែល​មានមុខ​ងារ​រំញោច​ការលូតលាស់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​សរីរាង្គ​កាយ​របស់​មនុស្សយើង​។ មិន​តែប៉ុណ្ណោះ​ វា​បាន​ជួយ​ឱ្យ​រាងកាយ​មាន​សុខភាព​រាងកាយ​ល្អ​ បូក​រួម​ទាំង​សុខភាព​ផ្លូវចិត្ត​ល្អ​ផង​ដែរ​។ ការ​ធ្វើលំ​ហាត់ប្រាណ​ត្រឹមត្រូវ​បាន​ទៀងទាត់​ និង​មិន​ច្រើន​ពេក​ មិន​តិច​ពេក​ គឺជា​ការបង្កើត​ភាពស៊ាំ​ដល់​រាងកាយ​បាន​យ៉ាង​ប្រសើរ​។

4. បរិភោគ​អាហារ​ដែល​មានប្រយោជន៍​អាហារ​ដែល​មានគុណ​ប្រយោជន៍​ ក្រៅ​ពី​ល្អ​សម្រាប់​រាងកាយ​ហើយ​នោះ​ វា​ក៏​បាន​ជួយ​បំពេញបន្ថែម​នូវ​ប្រព័ន្ធ​ស៊ាំ​ការពារ​ជំងឺ​ប្រតិកម្ម​ចាញ់​នេះ​ផង​ដែរ​។ ជាពិសេស​អាហារ​ដូចជា​ ប្រូ​តេ​អុីន​ បន្លែ​ និង​ផ្លែឈើ​ គឺ​សុទ្ធតែ​ធ្វើ​ឱ្យ​សុខភាព​កាន់តែ​រឹងមាំ​។

5. ការ​គេង​សម្រាក​គ្រប់គ្រាន់​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ គឺជា​ឱសថ​ដែល​មនុស្ស​តែងតែ​មើល​រំលង​។ មនុស្ស​ក្នុង​មួយ​ថ្ងៃ​ៗបាន​ប្រើ​ថាមពល​ក្នុង​ខ្លួន​ដើម្បី​ធ្វើការងារ​ជាច្រើន​ ដូច្នេះ​រាងកាយ​របស់​អ្នក​ក៏​ត្រូវការ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​។ប្រសិនបើ​រាងកាយ​ហត់នឿយ​ខ្លាំង​ ខ្វះ​ការសម្រាក​វា​ដូចជា​ការ​បើកឱកាស​ឱ្យ​ជំងឺ​ចូល​មក​វាយលុក​ក្នុង​រាងកាយ​ និង​ខាតបង់​ប្រាក់ចំណូល​។ ដូច្នេះ​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ មិន​តិច​ជាង6​-8 ម៉ោង​ក្នុង​មួយថ្ងៃ​ គឺជា​ឱសថ​ដ៏​មានប្រសិទ្ធភាព​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​។

6. ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ចំពោះ​អ្នកជំងឺ​ប្រតិកម្ម​ចាញ់​អាកាស​ធាតុ​ សូម​ធ្វើការ​ពិគ្រោះ​ និង​ពិនិត្យ​រោគ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ឱ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ផ្ដល់​ការប្រើ​ប្រាស់​ថ្នាំ​បាន​យ៉ាង​ត្រឹមត្រូវ​។ ចៀសវាង​ការទិញ​ថ្នាំ​ប្រើប្រាស់​ដោយខ្លួនឯង​ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្នាស​ច្រមុះ​របស់​អ្នក​។ អ្នក​គួរតែ​តម​ដាច់ខាត​ពី​ការប្រើ​ថ្នាំ​ផ្សះ​ ឬប្រើ​ថ្នាំ​បន្ថយ​ការឈឺចាប់​។

7. ត្រូវ​មក​ពិនិត្យ​ និង​ព្យាបាល​តាម​ការណាត់ជួប​របស់​គ្រូពេទ្យ​អ្នកជំងឺ​ដែល​ត្រូវការ​ការ​ព្យាបាល​ដោយ​ការ​ចាក់ថ្នាំ​ ដើម្បី​ជំរុញ​ភាព​ប្រព័ន្ធ​ស៊ាំ​ឡើង​វិញ​ គឺ​តម្រូវ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ និង​សហការ​ជាមួយ​គ្រូពេទ្យ​ អ្នកជំងឺ​ត្រូវ​មក​ទទួល​ការ​ចាក់ថ្នាំ​ឱ្យ​បាន​ទៀងទាត់​តាម​ការណាត់ជួប​របស់​គ្រូពេទ្យ​ នោះ​ទើប​ធ្វើ​ឱ្យ​ការ​ព្យាបាល​មានប្រសិទ្ធភាព​ពិតប្រាកដ​៕

Advertisement