កំហុសឆ្គង​ក្នុង​ការ​ព្យាបាល​បញ្ហា​មុខមុន​

មនុស្ស​ស្រី​យើង​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​ទទួល​បាន​បទ​ពិសោធ​នៃ​ការ​កើតមុន​ ហើយ​ពួកគេ​ក៏​តែងតែ​ខិតខំ​រិះរក​វិធី​ព្យាបាល​តាម​បែប​ផ្សេង​ៗគ្នា​ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការប្រើ​ប្រាស់​ផលិតផល​កម្ចាត់​មុន​ ឱសថ​វេជ្ជសាស្ត្រ​ ឬតាមវិធី​បុរាណ​ជាដើម​។ បើ​ទោះជា​ការ​ព្យាបាល​ផ្ទៃមុខ​ពី​ការ​កើតមុន​ហាក់ដូចជា​មិនមែន​ជា​រឿង​សាំញ៉ាំ​ ប៉ុន្តែ​វា​ក៏​ងាយ​ក្នុង​ការបង្កើត​នូវ​កំហុសឆ្គង​បំផុត​ដូចគ្នា​ដែរ​។ កំហុសឆ្គង​ដែល​អ្នក​ប្រហែលជា​ធ្លាប់​បាន​ធ្វើរួច​មក​ហើយ​នោះ​មាន​ដូចជា​៖

មិន​ព្យាយាម​ព្យាបាល​មុន​ឱ្យ​ត្រូវ​តាម​ពេល​កំណត់​ : អ្នកជំនាញ​បាន​ប្រាប់​ថា​ មុន​អាច​កើត​ឡើង​ក្នុងរយៈពេល​យ៉ាង​លឿន​ ប៉ុន្តែ​ ស្បែក​មាន​ផល​តបស្នង​យឺត​ក្នុង​ការ​ព្យាបាល​ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​ក្នុង​ចន្លោះ​ពី6ដល់12សប្តាហ៍​។ ក្នុង​ករណី​ខ្លះ​ ក្នុងអំឡុងពេល​ព្យាបាល​អ្នក​អាច​នឹង​មាន​អារម្មណ៍​រមាស់​តិច​ៗ ក្នុងរយៈពេល1​-2សប្តាហ៍​ដំបូង​ ប៉ុន្តែ​នេះ​គឺជា​ការ​ព្យាបាល​មិនមែន​ជា​ការ​ឆ្លង​បន្ថែម​នោះ​ទេ​។ វា​អាច​អាក្រក់​មុន​ហើយ​ល្អ​មកតាមក្រោយ​ ដូច្នេះ​ពេលខ្លះ​បើ​អ្នក​ប្រញាប់​បញ្ឈប់​ការ​ព្យាបាល​ពេក​នោះ​ វា​នឹង​បង្កើត​ឱ្យ​ក្លាយ​ជា​កំហុស​មួយ​ហើយ​។

បញ្ឈប់​ការ​ព្យា​បា​លភ្លាមៗ​ : គ្រាន់តែ​មើលឃើញ​ថា​មុន​ដែល​មាននៅ​លើ​ផ្ទៃមុខ​រលាយ​បាត់​អស់​ហើយ​នោះ​ ក៏​ស្រាប់តែ​បញ្ឈប់​ការ​ព្យាបាល​តែម្តង​។ធ្វើបែប​នេះ​ក៏​ហៅថា​ខុស​ដែរ​។ វិធី​ល្អ​បំផុត​គឺ​ កុំអាល​បញ្ឈប់​ តែ​ត្រូវ​កាត់បន្ថយ​ឱ្យ​នៅសល់​ម្តង​បន្តិច​ៗរហូតដល់​អស់​។

ខំ​ព្យាបាល​ដោយ​ផលិតផល​ចម្រុះគ្នា​ក្នុង​ពេល​តែមួយ​ : មនុស្ស​តែងតែ​ដាក់​កំហុស​ទៅ​ឱ្យ​ផលិត​ផល​នៅពេល​ដែល​ពួកគេ​មិន​ទទួល​បាន​ប្រសិទ្ធ​ភាព​ក្នុងរយៈពេល3​-4ថ្ងៃបន្ទាប់​ពី​ប្រើប្រាស់​ ហើយ​ក៏​ចាប់ផ្តើម​ស្វែងរក​ផលិតផល​ ឬវិធី​ព្យាបាល​ថ្មី​មួយទៀត​ជាបន្តបន្ទាប់​។ ភាព​ច្របូកច្របល់​នៃ​ផលិតផល​នេះ​មិន​ត្រឹមតែ​មិន​អាច​ជួយ​ព្យាបាល​មុន​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ​ តែ​វា​ថែម​ទាំង​នាំ​ឱ្យ​ស្បែក​មុខ​រោល​រមាស់​ទៀតផង​។

ដុសខាត់​សម្អាត​ហួសកំណត់​ : ការ​ដុសខាត់​ស្បែក​មុខ​នៅក្នុង​អំឡុង​ពេល​កើតមុន​ ឬនៅ​ត្រង់​កន្លែង​ដែល​កើតមុន​អាច​ធ្វើ​ឱ្យ​មុន​កាន់តែ​អាក្រក់​ឡើង​ ព្រោះថា​ទង្វើ​បែបនេះ​អាច​បំផ្លាញ​របាំង​ការ​ពារ​ស្បែក​ ដែល​នាំ​ឱ្យ​ឱកាស​នៃ​ការ​រមាស់​រោល​កើតមាន​កាន់តែ​ខ្ពស់​។ អ្នកជំនាញ​បាន​បន្ត​ទៀត​ថា​ ការ​សម្អាត​ស្បែក​ច្រើនដង​ពេក​ក៏​ជា​កំហុស​ឆ្គង​មួយ​ដែរ​។ អ្នកជំនាញ​បាន​បញ្ជាក់​ថា​ ធូលី​មិន​មែន​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើតមុន​នោះ​ទេ​ ព្រោះ​បើ​មិន​អីុចឹង​ទេ​ វា​ប្រាកដជា​កើត​ពេញ​បាត​ជើង​យើង​បាត់​ទៅ​ហើយ​។

ទ្រាំមិនបាន​ : ក្នុង​ពេល​កំពុង​ព្យាបាល​ ចេះតែ​ចង់​កេះ​ និង​ចង់​ញ៉ិច​ ព្រោះតែ​ទ្រាំមិនបាន​។ នេះ​ជា​រឿង​មួយទៀត​ដែល​អ្នក​កើតមុន​មួយចំនួន​អាច​នឹង​ភ្លេចខ្លួន​។ ការ​កេះ​ និង​កា​រញ៉ិច​នេះ​ហើយ​ជា​មូលហេតុ​នាំ​ឱ្យ​មុន​ឡើង​ហើម​ធំជាង​មុន​ ហើយ​ស្បែក​មុខ​ក៏​បន្សល់ទុក​នូវ​ស្លាកស្នាម​នា​ពេល​ក្រោយ​ថែមទៀត​ផង​៕

Advertisement