ភូ​កេត​…ចង់ទៅ​ដើរលេង​តែឯង​ ឬទៅ​ជា​ក្រុម​ ក៏​សប្បាយ​ដូចគ្នា​

អ្នកណា​ដែល​មាន​ផែនការ​ចង់ទៅ​ដើរលេង​នៅ​ប្រទេស​ថៃ​ ទោះជា​ទៅ​តែម្នាក់ឯង​ ឬទៅ​ជាមួយ​គូស្នេហ៍​ ឬទៅ​ជា​ក្រុម​ជាមួយ​មិត្តភក្តិ​ ឬក៏​ទៅ​ជាមួយ​ក្រុម​គ្រួសារ​នោះ​ ឡា​រ៉ែ​ន សូម​ណែនាំ​មណ្ឌល​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​ថៃ​ដែល​សម្បូរ​បែប​ និង​មាន​ទីតាំង​ទេសចរណ៍​ល្អ​ៗដ៏​គួរ​ឱ្យ​ជាប់ចិត្ត​ដិតជាប់​អារម្មណ៍​ បាន​ទៅ​លេង​ម្ដង​ហើយ​ ច្បាស់ជា​ចង់តែ​ទៅលេង​ម្ដងទៀត​មិនខាន​… នោះ​គឺ​ កោះ​ភូ​កេត​…ហើយ​ទីតាំង​ទេសចរណ៍​ដ៏​ល្បីល្បាញ​ដែល​ឡា​រ៉ែ​នចង់​ណែនាំ​ជូន​ប្រិយមិត្ត​អ្នកអាន​នៅពេល​នេះ​គឺ​៖

1. Old​ Town​ ឬ ស៊ី​ណូ​ប្រូ​ទូ​ហ្គីស​ តំបន់​ទីក្រុង​ចាស់​ភូ​កេត
​គឺជា​ទីតាំង​ និង​មណ្ឌល​ទេសចរណ៍​មួយ​ដែល​អ្នកទេសចរ​ទាំងឡាយ​ហាម​ខកខាន​នៅពេល​ទៅលេង​កោះ​ភូ​កេត​ នោះ​គឺ​ការ​ដើរ​ទស្សនា​ស្ថាបត្យកម្ម​ចំ​ណាស់​ៗស្ទីល​ប្រូ​ទូ​ហ្គីស​(ព័រ​ទុយ​ហ្គាល់​)ដែល​ស្ថិតនៅ​ក្នុង​តំបន់​ទីក្រុង​ចាស់​ ឬ Old​ Town​ ហ្នឹងឯង​ ដោយ​អគារ​ទាំងអស់​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​សម័យ​ដែល​ជនជាតិ​ចិន​ និង​ជនជាតិ​លោកខាងលិច​នាំគ្នា​ហៀរហូរ​ចូល​មក​ក្នុង​កោះ​ភូ​កេត​ ដើម្បី​ប្រកប​អាជីវកម្ម​អណ្ដូងរ៉ែ​ ធ្វើ​ឱ្យ​កើត​ចេញ​ជា​អគារ​ដែល​មាន​ការ​រួមបញ្ចូល​គ្នា​ទាំង​ផ្នែក​លោកខាងលិច​ និង​លោក​ខាងកើត​យ៉ាង​ស័ក្តិសម​ល្អឥតខ្ចោះ​។ អគារ​ស្អា​តៗ​ដែល​គួរ​ទៅ​ទស្សនា​មាន​ច្រើនណាស់​ តែ​ដែល​ហាម​ខកខាន​នោះ​គឺ​ ត្រូវ​ទៅ​ថតរូប​ជាមួយ​អគារ​នាឡិកា​ដែល​តាំងនៅ​ច្រងាង​យ៉ាង​ស្រស់​ស្អាត​ហ្នឹងឯង​…។ តំបន់​ទីក្រុង​ចាស់​ ឬ Old​ Town​ នេះ​នឹង​ស្រស់​ស្អាត​ទាំង​ពេលថ្ងៃ​ និង​ពេលយប់​តែម្ដង​ តែបើ​សិន​ជា​អ្នកណា​បាន​សាកល្បង​មក​ដើរ​ទស្សនា​បែប​ជិ​តៗ​នៅពេល​រាត្រី​ផង​នោះ​ ក៏អាច​មក​នៅ​ថ្ងៃអាទិត្យ​ដែល​នឹង​មាន​ផ្សារណាត់​ដ៏​ធំ​អាច​ឱ្យ​លោកអ្នក​ដើរ​សប​ភីង​យ៉ាង​សប្បាយ​ចិន្ដា​បាន​ដូចគ្នា​។ សូម​បញ្ជាក់​ថា​ ផ្សារណាត់​ដ៏​ធំ​នេះ​ បើក​តែ​ក្នុង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​ ដោយ​លោកអ្នក​អាច​ទៅដើរ​លេងកម្សាន្ត​ទីនោះ​ចាប់តាំងពី​ម៉ោង​ 4ល្ងាច​ រហូតដល់​ម៉ោង​ 10យប់​។

2. កោះ​ រ៉ា​ឆា​
បន្ទាប់ពី​ដើរលេង​ទស្សនា​ទីក្រុង​ចាស់​រួចហើយ​ យើង​នាំគ្នា​ផ្លាស់ប្ដូរ​បរិយាកាស​មកលេង​សមុទ្រ​ម្ដង​វិញ​ល្អ​ជាង​ ជាមួយនឹង​ដំ​ណើរ​ធ្រី​បកោះ​រ៉ា​ឆា​ ជា​កោះ​មួយ​ដែល​ល្បីល្បាញ​រឿង​ភាព​ស្រស់​ស្អាត​ ដែល​នៅតែ​មាន​ឆ្នេរខ្សាច់​ដែល​សស្គុស​ ស៊ីគ្នា​នឹង​ពណ៌ផ្ទៃមេឃ​របស់​ទឹកសមុទ្រ​ដ៏​សែន​ស្អាត​បរិសុទ្ធ​។ កោះ​រ៉ា​ឆា​នេះ​ត្រូវ​បាន​បែងចែក​ជា​ កោះ​រ៉ា​ឆា​តូច​ និង​កោះ​រ៉ា​ឆា​ធំ​។ ចំណុច​ល្អ​របស់​កោះ​រ៉ា​ឆា​ គឺ​អ្នកទេសចរ​អាច​ទៅលេង​កម្សាន្ត​បែប​វិល​ល្ងាច​បាន​ ឬចង់ទៅ​គេង​យប់​នៅ​ទីនោះ​ក៏បាន​ដូចគ្នា​ ព្រោះ​បរិវេណ​កោះ​រ៉ា​ឆា​ ក៏​ជាទី​ពេញនិយម​សម្រាប់​ក្រុម​អ្នក​ដែល​ត្រូវការ​មុជទឹក​មើល​វត្ថុ​មានជីវិត​នៅ​បាតសមុទ្រ​ដែរ​ ដោយសារតែ​ទីនេះ​នៅតែ​មាន​ផ្កាថ្ម​ដ៏​សម្បូរ​បែបយ៉ាង​ច្រើន​។

3. នាំគ្នា​ទៅ​មុជទឹក​សមុទ្រ​ជ្រៅ​នៅ​ប្រជុំកោះ​ ភី​ភី​
ពេល​និយាយ​ពីទី​តាំង​មុជទឹក​សមុទ្រ​រាក់​ ឬទឹកសមុទ្រ​ជ្រៅ​ គេ​ត្រូវតែ​លើក​មេដៃ​ឱ្យ​ប្រជុំកោះ​ភី​ភី​ ដែល​ការពិត​ទៅ​ ប្រជុំកោះ​ភី​ភី​ គឺជា​ប្រជុំកោះ​មួយ​ដែល​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ ហា​តណុប​ផា​រ៉ាត់​ថា​រ៉ា​-ប្រជុំកោះ​ភី​ភី​ ដែល​ទោះជា​ស្ថិតនៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខេត្ត​ក្រា​ប៊ី​មែន​ តែ​ក៏​អ្នកទេសចរ​អាច​ធ្វើដំណើរ​ចេញពី​កោះ​ភូ​កេត​ទៅ​បាន​ដែរ​ ដែល​កោះ​ភី​ភី​ខ្លួនឯង​ជា​គោល​ៗនឹង​បែងចែក​ជា​ ភី​ភីដន​ និង​ភី​ភី​លេ​។ សម្រាប់​អ្នកណា​ដែល​ចង់​សម្រាក​នៅ​លើ​កោះ​ភី​ភី​ ក៏អាច​គេង​លើ​កោះ​ភី​ភី​ដនបា​នដែរ​ ព្រោះ​ទីនោះ​នឹង​មាន​ទីកន្លែង​ស្នាក់នៅ​ និង​ភោជនីយដ្ឋាន​គ្រប់​ ឬបើសិនជា​អ្នកណា​ដែល​ចង់​មុជទឹក​សមុទ្រ​ជ្រៅ​ក្នុង​បរិវេណ​កោះ​ភី​ភី​វិញ​ ក៏អាច​ទៅលេង​ដោយ​ទៅ​ពេលព្រឹក​ និង​វិល​វិញ​ល្ងាច​បាន​ដូចគ្នា​៕

Advertisement