ទង្វើ​មិនល្អ​ 5យ៉ាង​ ប៉ះពាល់​ដល់​សុខភាព​ ដែល​បុរស​ជាច្រើន​អាច​មិនទាន់​ដឹង​…

មនុស្សជា​ច្រើន​ដែល​ស្រឡាញ់​សុខភាព​ និង​មើលថែ​ទាំ​ខ្លួនឯង​ជាប់​ជានិច្ច​នោះ​ អាច​គិតថា​ បើ​បាន​ហាត់ប្រាណ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ និង​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ដែល​មានប្រយោជន៍​ ប្រហែលជា​មាន​សុខភាព​ល្អ​មិនខាន​។ មេ​រោ​គផ្សេង​ៗដែល​ជា​មូលហេតុ​ធំ​របស់​ជំងឺ​ទាំងឡាយ​ ច្បាស់ជា​គ្មាន​ផ្លូវ​អាច​ធ្វើអ្វី​រូបគេ​បាន​ឡើយ​។តែ​ការពិត​ទៅ​ ទង្វើ​មួយចំនួន​ដែល​យើង​នាំគ្នា​ធ្វើជា​ប្រក្រតី​រៀង​រាល់​ថ្ងៃនេះ​ឯង​ ដែល​ជា​តួឯក​សំខាន់​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​យើង​រង​ការ​ប៉ះពាល់​ និង​ធ្លាក់ចុះ​ដុនដាប​យ៉ាប់យ៉ឺន​នោះ​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន បាន​ទៅ​ស្រាវជ្រាវ​រករឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ទង្វើ​ប្រចាំថ្ងៃ​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដែល​ជា​សុភាពបុរស​ឱ្យ​បាន​ជ្រាប​ដូច​ខាងក្រោម​…។

1. ប្រើ​សា​ប៊ូ​ជេ​លលា​ងសម្អាត​ដៃ​ញឹក​ញាប់​ជ្រុល​ពេក​
បើ​អ្នក​ គឺជា​មនុស្សម្នាក់​ដែល​ស្ថិត​ក្នុង​ប្រភេទ​ដែល​ត្រូវតែ​លាងដៃ​ ឬប្រើ​ក្រដាសអនាម័យ​ជូត​សម្អាត​ដៃ​យ៉ាង​ហ្មត់ចត់​រៀងរាល់​ក្រោយពេល​ចាប់​ឃីបត​កុំព្យូទ័រ​ ចាប់​បង្កាន់ដៃ​ជណ្តើរ​ ចាប់ដៃ​ទ្វារ​បន្ទប់​បង្គន់​ហើយ​ ប្រភេទ​មិន​ទុក​ឱកាស​ឱ្យ​មេរោគ​កខ្វក់​ណាម​កតោង​ជាប់ដៃ​បាន​យូរ​នោះ​ វា​គឺជា​រឿង​ល្អ​មួយ​ហើយដែល​អ្នក​ស្រឡាញ់​ភាព​ស្អាតបាត​មាន​អនាម័យ​បែប​នោះ​ តែ​ការពិត​វិញ​ សា​ប៊ូ​ជេល​ និង​ក្រដាសជូតដៃ​ប្រភេទ​សើម​នេះ​ហើយដែល​ជា​មេ​ក្លោង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទៅជា​ស្ងួត​ខ្លាំង​នោះ​ ព្រោះ​ឧបករណ៍​លាង​សម្អាត​ដៃ​ទាំងអស់​នោះ​ មាន​ចំណែក​ផ្សំ​របស់​ត្រៃ​ខ្លូ​សាន​ (Triclosan​)ជា​សារធាតុ​មួយ​មានគុណ​សម្បត្តិ​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​បាក់តេរី​រួម​ជាមួយ​ដែរ​ ដោយ​ស្បែក​នឹង​បឺត​យក​សារធាតុ​នេះ​ចូល​ទៅ​បាន​យ៉ាង​ងាយស្រួល​ ហើយ​លទ្ធផល​ដែលតា​មមក​ គឺ​ស្បែក​នឹង​ឡើង​ស្ងួត​ក្រៀម​ហ្នឹងឯង​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ចូលបន្ទប់​ទឹក​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ និង​ទឹក​ស្អាត​ធម្មតា​ប្រសើរ​ជាង​។

2. ញ៉ាំទឹក​បរិសុទ្ធ​ពី​ក្នុង​ដប​ (មិនដែល​ចាក់​ចូល​កែវ​ញ៉ាំ​)
យើង​ជឿ​ថា​ បុរស​ភាគច្រើន​សុទ្ធតែ​ជ្រើសរើស​ញ៉ាំទឹក​ដោយ​វិធី​នេះ​ទាំងអស់​ ព្រោះ​វា​ងាយស្រួល​ រហ័ស​ ហើយ​ថែម​ទាំង​មិនបាច់​ខាតពេល​លាង​សម្អាត​កែវ​ទៀត​ផង​ តែ​អ្នកដឹង​ទេ​ថា​ កម្មវិធី​ផលិត​ទឹក​ពិសា​នៅក្នុង​ដប​ប្លាស្ទិក​ផ្សេង​ៗនេះ​ធ្វើ​ឱ្យ​សារធាតុ​រ៉ែ​សំ​ខាន់​ៗនៅក្នុង​ទឹក​បាត់បង់​អស់​ ហើយ​វា​នឹង​ចូល​ទៅ​រាំងស្ទះ​ប្រព័ន្ធ​ការ​ធ្វើការងារ​ក្នុង​ផ្នែក​សាង​កម្លាំងថាមពល​ និង​ប្រព័ន្ធ​ការ​ជួសជុល​សាច់ដុំ​ឱ្យធ្វើ​ការ​មិនបាន​ពេញសមត្ថភាព​ទៀតផង​។

3. ឈប់​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​ ហើយ​បែរ​ទៅ​ហាត់ប្រាណ​លើក​ទម្ងន់​វិញ​
អ្នកណា​ដែល​ប្រាប់​ថា​ វិធី​ហាត់​ប្រាណ​បែ​បការ៍​ឌី​យោ​ មិនបាន​ជួយ​បញ្ចុះទម្ងន់​ស្មើនឹង​ការ​បញ្ចេញ​កម្លាំង​លើក​ទម្ងន់​(ដុំដែក​)នោះ​ ប្រហែលជា​ត្រូវ​គិត​ឡើងវិញ​ជាថ្មី​ហើយ​ ព្រោះ​ទោះជា​ការ​លើក​ទម្ងន់​វា​ជួយ​ផ្លាស់​ប្តូរ​ដុំ​ខ្លាញ់​ជ្រាយ​ៗឱ្យ​ក្លាយទៅជា​សាច់ដុំ​បាន​មែន​ តែបើ​មិន​ធ្វើលំ​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​រួម​ជាមួយ​ផង​ទេ​នោះ​ លទ្ធផល​ដែល​ទទួល​បាន​ ប្រហែលជា​មិនសូវ​មើលឃើញ​ច្បាស់លាស់​ប៉ុន្មាន​ទេ​។ ដូច្នេះ​ចូរ​សាកល្បង​បែងចែក​ពេលវេលា​មក​រត់​ មក​ហែលទឹក​ ឬក៏​ធាក់កង់​រួម​ជាមួយ​ផង​ ធានា​ថា​ ទម្ងន់​ខ្លួន​ដែល​លើស​នោះ​ នឹង​រលាយ​បាត់​ជា​សន្សឹម​ៗនៅទីបំផុត​។

4. ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗក្រោយពេល​បាយ​រួច
​មនុស្ស​ភាគច្រើន​ ច្រើនតែ​ធ្វើតាម​ការណែនាំ​ក្នុង​រឿង​ការ​សម្អាត​ធ្មេញ​ថា​ ត្រូវតែ​ដុស​សម្អាត​ធ្មេញ​ 2ដង​ គឺ​ពេលព្រឹក​ និង​មុន​ចូលគេង​រៀងរាល់ថ្ងៃ​ ក្នុង​ខណ:ដែល​អ្នកខ្លះ​ខ្លាច​ធុំក្លិន​មាត់​ ឬខ្លាច​មាន​កម្ទេច​អាហារ​នៅ​ជាប់​តាម​ជើងធ្មេញ​នោះ​ ក៏​សម្រេចចិត្ត​ដុស​សម្អាត​ធ្មេញ​ និង​មា​ត់​ភ្លាម​ៗតែម្តង​ក្រោយពេល​ញ៉ាំ​បាយ​ហើយ​រួចរាល់​។ តែ​អ្នកដឹង​ទេ​ថា​ ទង្វើ​នេះ​វា​ហុច​នូវ​ផល​អាក្រក់​ដល់​សុខភាព​ធ្មេញ​របស់​អ្នក​លើស​មុន​ទៅទៀត​ ដោយសារតែ​អាស៊ីត​ខ្លាញ់​ដែល​នៅ​សេសសល់​ជាប់​នៅ​លើ​ធ្មេញ​ និង​ក្នុង​ប្រអប់មាត់​ វា​នឹង​ទៅ​បំផ្លាញ​ស្រទាប់​ស្រោប​ខាងក្រៅ​របស់​ធ្មេញ​ ហើយ​បើសិនជា​ធ្វើបែប​នោះ​ញឹកញាប់​ទៅ​ ស្រទាប់​ក្រៅ​របស់​ធ្មេញ​នឹង​ត្រូវ​បំផ្លាញ​ជានិរន្តរ៍​បាន​យ៉ាង​ងាយ​ ក្រៅពី​នេះ​នៅ​មាន​អាការ​ស្រៀវធ្មេញ​តាម​មក​ទៀតផង​។ តែបើ​សិន​ជា​ទ្រាំមិនបាន​ ចង់តែ​ដុស​សម្អាត​ធ្មេញ​មែន​នោះ​ ឡា​រ៉ែ​ន សុំ​ណែនាំ​ឱ្យ​រង់ចាំ​យ៉ាងតិច​ណាស់​ 1ម៉ោង​ក្រោយ​ សឹម​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ចុះ​។

5. ពាក់​ស្បែកជើងផ្ទាត់​ដើរ​ពេញ​ 1ថ្ងៃ​
សូម​ទទួលស្គាល់​ថា​ ស្បែកជើង​ផ្ទាត់​ គឺជា​ស្បែកជើង​ដែល​ពាក់​ស្រួល​និង​សប្បាយ​ស្រួល​ជើង​ជាទីបំផុត​តែ​មាន​នរណា​ដឹង​ខ្លះ​ទេ​ថា​ ការ​ពាក់​ស្បែកជើង​ផ្ទាត់​ចេញពីផ្ទះ​ ដើរទៅ​នេះ​ ដើរទៅ​នោះ​ពេញ​ 1ថ្ងៃ​នោះ​ បែរជា​ហុច​ផល​អាក្រក់​ដល់​សុខភាព​ជើង​យ៉ាង​ខ្លាំង​ទៅវិញ​(ជាពិសេស​បរិវេណ​បាត​ជើង​) ដូច្នេះ​បើសិនជា​អាច​ទៅរួច​ ឡា​រ៉ែ​ន ចង់​ណែនាំ​ឱ្យ​ងាក​ទៅ​ពាក់​ស្បែកជើង​បែប​ផ្សេង​ខ្លះ​ ដូចជា​ស្បែកជើងបាតា​ជាដើម​ ទោះជា​វា​មិនសូវ​សប្បាយ​ជើង​ដូច​ស្បែកជើងផ្ទាត់​មែន​ តែ​យ៉ាងហោចណាស់​ក៏​វា​មិន​បំផ្លាញ​សុខភាព​ជើងខ្លាំង​ពេក​ដែរ​៕

Advertisement