រឿង​ដែល​ត្រូវ​គិត​ មុន​រៀបការ​ សម្រាប់​កំលោះក្រមុំ​សម័យថ្មី​

October 16, 2019​ ម៉ោង 10:45 am

សម្រាប់​ការ​រៀបការ​ ឬការ​រួមរស់​នៅជា​មួយ​គ្នា​រវាង​មនុស្ស​ពីរ​នាក់​ដែល​ធ្វើដំណើរ​ទៅជាមួយ​គ្នា​ក្រោយពី​បាន​សេពគប់​មើលចិត្ត​ថ្លើម​គ្នា​អស់​មួយ​រយៈ​ហើយ​នោះ​ អាច​ហៅ​បាន​ថា​ មិនមែន​ជា​រឿង​ងាយ​ដូចដែល​មនុស្សជា​ច្រើន​គិត​នោះ​ទេ​ តែ​ដូច​ពាក្យ​ដែលគេ​និយាយ​ថា​ “ការ​រៀបការ​មិនមែន​ជា​ចំណុច​បញ្ចប់​របស់​ជីវិត​នោះ​ទេ​ តែ​វា​ជា​ចំណុច​ចាប់ផ្តើម​របស់​ជីវិត​” ទៅវិញ​ទេ​ ព្រោះ​អំឡុង​ជីវិត​ក្រោយពេល​រៀបការ​នោះ​ គឺជា​ការពិត​ដែល​យើង​ត្រូវ​ប្រឈម​ ថ្ងៃនេះ​យើង​នាំគ្នា​មក​មើល​ពី​ភាព​ត្រៀមខ្លួន​រួចជាស្រេច​មុន​ពេល​រៀបការ​ ដើម្បី​ជា​គន្លង​ផ្លូវ​ដែល​លោកអ្នក​ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ជួបប្រទះ​ និង​ប្រឈមមុខ​ជាមួយ​ភាព​ប្រែប្រួល​ទាំងអស់​នោះ​។

ទស្សនៈ​ និង​ផ្នត់គំនិត​ត្រូវគ្នា​ឬទេ​?
សម្លឹង​មើល​ពី​សេចក្តី​នឹក​សង្ឃឹម​របស់​អ្នក​និង​គូស្នេហ៍​ថា​ តើមាន​ផ្នត់គំនិត​ទៅ​ក្នុង​ទិសដៅ​ដូចគ្នា​ដែរ​ឬទេ​? តើ​ម្នា​ក់ៗ​ទទួលស្គាល់​ភាព​មិន​ត្រូវ​គ្នា​នោះ​បាន​ច្រើន​តិច​ប៉ុនណា​? ដែល​រឿង​នេះ​អាច​រាប់​បាន​ថា​ ជា​រឿង​មួយ​សំខាន់​ខ្លាំង​ណាស់​ ដែល​អ្នកចាំ​បាច់​ត្រូវ​ប្រឹក្សា​គ្នា​ជាមួយ​គូស្នេហ៍​របស់​អ្នក​ថា​ តើមាន​គំនិត​ដូច​ ឬខុសគ្នា​ច្រើន​តិច​ប៉ុន​ណា​? ព្រោះ​បើ​ខុសគ្នា​ច្រើន​ និង​ទទួលយក​មិនបាន​នោះ​ នឹង​ច្រើនតែ​កើតមាន​បញ្ហា​ក្រោយ​រៀបការ​ជានិច្ច​។

ព្រម​ទទួលយក​ការ​ផ្លាស់​ប្តូរ​ច្រើន​តិច​ប៉ុនណា​?
រឭក​ដឹង​ថា​ តើ​អ្នក​ត្រៀម​ជាស្រេច​ក្នុង​កា​រប្រ​ឈម​ជាមួយ​ការ​ផ្លាស់​ប្តូរ​បាន​ច្រើន​តិច​ប៉ុនណា​? មិនថា​តែ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ ឬអាច​ត្រូវ​ប្តូរ​កន្លែង​ធ្វើការ​ ហើយ​បើ​មានកូន​ តើ​នឹង​ត្រូវ​រស់នៅ​បែប​ណា​ទៀត​?

ទទួលយក​ និង​យល់​ពី​សម្ពន្ធភាព​ជាមួយ​ក្រុម​គ្រួសារ​ ឬគូស្នេហ៍​បាន​ឬទេ​?
នឹកដល់​ពី​សម្ពន្ធភាព​របស់​ក្រុម​គ្រួសារ​ ឬគូ​ស្នេហ៍​ ប្រសិនជា​ក្រុម​គ្រួសារ​គេ​មិន​ចូលចិត្ត​អ្នក​ផង​នោះ​ អាច​នឹង​ក្លាយជា​សង្គ្រាម​ក្តៅ​គគុក​ ឬសភាវ​បង្ខំចិត្ត​បាន​ ដែល​អ្នក​នឹង​ត្រូវ​ស្គាល់​ពី​វិធី​ក្នុង​ការសម្រុះសម្រួល​ និង​ទប់ទល់​យ៉ាង​មាន​សតិបញ្ញា​ ចេះ​គ្រប់គ្រង​អារម្មណ៍​ខឹង​សម្បារ​ឱ្យ​ល្អ ព្រោះ​មិន​ដូច្នោះ​ទេ​នឹង​កើតការ​ឈ្លោះ​តតាំង​ និង​សាង​ក្តី​លំបាកចិត្ត​ដល់​គូស្នេហ៍​របស់​អ្នក​បាន​។

ស្គាល់​ និង​យល់​ពី​អារម្មណ៍​គូស្នេហ៍​យ៉ាង​ស៊ី​ជម្រៅ​ច្បាស់​ហើយ​ឬនៅ​?
ត្រូវ​ស្គាល់​ពី​អារម្មណ៍​របស់​គូស្នេហ៍​ឱ្យ​ច្បាស់​មុននឹង​សម្រេចចិត្ត​រៀបការ​ ព្រោះ​បើ​ឈ្លោះ​គ្នា​ ​;ហើយ​ដល់​ថ្នាក់​ប្រើ​កម្លាំងបាយ​វាយតប់​ផង​នោះ​ ​;អ្នក​គួរតែ​វិលត្រឡប់​មក​រិះគិត​ឡើងវិញ​ឱ្យ​បាន​ច្បាស់​ មុននឹង​យល់ព្រម​សម្រេចចិត្ត​។

រៀប​ផែនការ​ទប់ទល់​ជាមួយ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​អាច​កើតឡើង​ក្រោយពេល​រៀបការ​ច្បាស់​លាស់​ហើយ​ឬនៅ​?
ពិនិត្យមើល​ស្ថានភាព​ខាង​ហិរញ្ញវត្ថុ​របស់​គូ​ស្នេហ៍​ រឿង​នេះ​ក៏អាច​រាប់​បាន​ថា​ជា​បច្ច័យ​មួយ​ដែល​ត្រូវតែ​រឭក​នឹកដល់​យ៉ាង​ខ្លាំង​មួយ​ដែរ​ ព្រោះ​ពាក្យ​ថា​ សុខចិត្ត​ហូប​អំបិល​ជាមួយគ្នា​នោះ​ វា​ប្រើ​លែង​បាន​ហើយ​នៅក្នុង​សង្គម​បច្ចុប្បន្ន​នេះ​។ ក្រោយ​រៀបការ​ បើ​កើតមាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅពេល​ណាមួយ​ហើយ​នោះ​ បញ្ហា​ផ្សេង​ៗក៏​នឹង​តាម​មក​ជាច្រើន​ ដូច្នេះ​ទើបត្រូវ​មានការ​ពិភាក្សា​គ្នា​ ឬរៀប​ផែនការ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ឱ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន​។

សង្កេតឃើញ​ថា​ រឿង​របស់​ការ​រៀបការ​នេះ​គឺជា​រឿង​សំខាន់​ ដែល​យើង​ម្នា​ក់ៗ​ចាំបាច់​ត្រូវតែ​គិត​សម្រេចចិត្ត​ឱ្យ​ច្បាស់ជា​មុន​សិន​ មុននឹង​សម្រេច​ចិត្ត​យល់ព្រម​ ព្រោះ​ជីវិត​គូ​មិនមែន​ប្រើប្រាស់​ត្រឹមតែ​សេចក្តី​ស្រឡាញ់​រវាង​គូស្នេហ៍​តែ​ម្យ៉ាង​ប៉ុណ្ណោះទេ​ តែ​នៅ​ត្រូវ​នឹកដល់​បច្ច័យ​ជុំវិញ​ខ្លួន​ផ្សេង​ៗទៀត​ជាច្រើន​ ហើយ​បើសិនជា​មិន​រិះគិត​ឱ្យ​បាន​ល្អិតល្អន់​មុន​សម្រេចចិត្ត​ទេ​នោះ​ អាច​នឹង​ត្រូវ​បញ្ចប់ជីវិត​អាពាហ៍​ពិពាហ៍​ដោយ​ការ​លែង​លះ​ ឬខូចចិត្ត​សោក​ស្តាយ​នៅពេល​ក្រោយ​បាន​។ ហើយ​ប្រសិនជា​អាច​ទទួលស្គាល់​នូវ​ភាព​ផ្លាស់​ប្តូរ​ដែល​នឹង​កើតឡើង​តាម​ក្រោយ​បាន​នោះ​ នឹង​អាច​រួមរស់​នៅជា​មួយ​គ្នា​យ៉ាង​មាន​សេចក្តី​ទុក្ខ​តិច​ៗ តែ​មាន​សេចក្តី​សុខ​យូរអង្វែង​បាន​៕