វិធីសង្កេតអាការ “ត្រចៀកថ្លង់” ដោយខ្លួនឯង

ធ្លាក់​ហៅ​មិត្តភក្ដិ​ខ្លាំង​យ៉ាងណាក៏ដោយ​ ក៏​មិត្ត​អ្នក​មិនបាន​ឮសំឡេង​របស់​អ្នក​និយាយ​ ហើយ​បែរជា​ងាក​មក​សួរ​អ្នក​ម្ដង​ហើយ​ម្ដងទៀត​ទេ​? យើង​តែងតែ​បង្អាប់​ចំអន់​គ្នា​លេង​ថា​ “ថ្លង់​ មិនទាន់​កាយ​អាចម៍ត្រចៀក​ចេញ​ទេ​ដឹង​!” ជាដើម​។ ក៏ប៉ុន្ដែ​ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា​ សំឡេង​ទាំងនេះ​បាន​បង្ក​ការ​រំខាន​ច្រើន​ ដែល​អាច​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​នាក់​ប្រែ​ទៅជា​ “ថ្លង់​” និង​បង្កើន​ហានិភ័យ​នៃ​ជំ​ងឺ​ផ្សេង​ៗ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ អង្គការ​សុខភាព​ពិភពលោក​ ក៏បាន​អះអាង​ឱ្យ​ដឹង​ដែរ​ថា​ ការ​បំពុល​ដោយ​សំឡេង​ ជាផ្នែក​មួយ​ដែល​គំរាមកំហែង​ខ្លាំង​បំផុត​ចំពោះ​សុខភាព​សាធារណៈ បន្ទាប់មក​គឺ​ការ​បំពុល​ខ្យល់​ ចំណែក​លក្ខខណ្ឌ​នៃ​ការ​ធុញថប់​ និង​បញ្ហា​តំណេ​ក គឺជា​បញ្ហា​មួយ​នាំ​ឱ្យ​កើតជា​ជំងឺបេះដូង​ និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យទៅ​ជា​ធាត់​តែម្ដង​។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ថ្លង់
​ថ្លង់​ពី​កំណើត​ : ទារក​អាច​ថ្លង់​ពី​កំណើត​ ប្រ​សិន​បើ​ម្ដាយ​ជួបប្រទះ​បញ្ហា​មួយចំនួន​ក្នុង​អំឡុង​ពេល​មានផ្ទៃពោះ​ ដូចជា​៖
– ម្តាយ​មានការ​បង្ក​រោគ​ដូចជា​ ជំងឺស្វាយ​ ឬស្អូច​ជាដើម​។
– ខ្វះ​អុក​ស៊ី​ហ្សែ៊​នពេល​សម្រាលកូន​។
– ការប្រើ​ថ្នាំ​មិន​ត្រឹមត្រូវ​។
– កើតជំងឺ​ខាន់​លឿន​ពេល​មានផ្ទៃពោះ​ជាដើម​។

ថ្លង់​ដោយសារ​វ័យ​ និង​បញ្ហា​សុខភាព​ : ចំពោះ​ករណី​ផ្សេង​ដែល​មិនមែន​ជា​ការ​ថ្លង់​ពី​កំណើត​ តែ​អាច​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​ប្រឈម​នឹង​ការ​ថ្លង់​នៅ​ថ្ងៃ​អនាគត​ គឺ​នៅពេល​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ​កាន់តែ​ចាស់​ ឬបញ្ហា​សុខភាព​មួយចំនួន​ រួមមាន​៖
– បម្រែបម្រួល​រចនា​សម្ពន្ធ​ត្រចៀក​ផ្នែក​ខាង​ក្នុង​តាម​វ័យ​។
– មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ កញ្ច្រិល​ និង​ស្រឡទែន​។
– មានការ​បង្ក​រោគ​នៅក្នុង​ត្រចៀក​រ៉ាំរ៉ៃ​។
– ការប្រើ​ថ្នាំ​ព្យាបាល​គ្រុនចាញ់​ ឬមហា​រីក​អង់​ទី​ប៊ី​យ៉ូ​ទិ​ក មួយចំនួន​ និង​ពពួក​ថ្នាំ​ជំនួយ​ផ្លូវភេទ​។
– មានរបួស​នៅ​ក្បាល​ ឬនៅ​ត្រចៀក​។
– ធ្វើការ​ ឬនៅ​កន្លែង​ប្រឈម​នឹង​សំឡេង​ខ្លាំង​ជាប្រចាំ​។
– តំណពូជ​ ឬកត្តា​ហ្សែ៊​នរ​បស់​អ្នក​អាច​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​ត្រចៀក​។

វិធី​សង្កេត​រោគសញ្ញា​អាការ​ “ថ្លង់​” ដោយខ្លួនឯង​
ព្យាយាម​ស្តាប់​ការ​និយាយ​ខ្សឹប​ដែល​មាន​ប្រវែង10សង់ទីម៉ែត្រ​ ឬលើកដៃ​របស់​អ្នក​ឡើង​ជិតនឹង​ត្រចៀក​ប្រហែល1អុីញ​។ ប្រើ​ចង្អុលដៃ​ និង​មេដៃ​របស់​អ្នក​ត្រដុស​គ្នា​ថ្នម​ៗ រហូត​ទាល់តែ​សំ​ឡេង​ស្រាល​ៗកើតឡើង​។ កម្រិត​សំឡេង​នេះ​គឺ​ប្រហែល30ដេស៊ីបែល​ មានន័យថា​ ត្រចៀក​របស់​អ្នក​នៅ​សភាព​ធម្មតា​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ស្តាប់​ឮសំឡេង​ស្រាល​នោះ​ទេ​ យើង​អាច​សង្កេត​បាន​ថា​ ត្រចៀក​របស់​អ្នក​កំពុង​ប្រឈម​នឹង​អាការ​ថ្លង់​។ ប្រសិនបើ​នរណា​ម្នាក់​មិន​ប្រាកដ​ថា​ ខ្លួន​មាន​អាការ​ថ្លង់​ ឬអត់​នោះ​ ឬក៏​មាន​រោគសញ្ញា​មិន​ប្រក្រតី​ដែល​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ​ដោយ​សំឡេង​ណាមួយ​ អ្នក​គួរតែ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​ត្រចៀក​ ជាមួយ​គ្រូ​ពេទ្យ​ឯកទេស​ខាង​បំពង់ក​ ត្រចៀក​ និង​ច្រមុះ​។

វិធី​កាត់បន្ថយ​ហានិភ័យ​បញ្ហា​ថ្លង់​
– ការពារ​ត្រចៀក​របស់​អ្នក​ ដោយ​កំណត់​រយៈពេល​សមស្រប​ក្នុង​ការ​ប៉ះ​ផ្ទាល់​នឹង​សំឡេង​ខ្លាំង​ ឬបន្ថយ​សំឡេង​។
– ករណី​អ្នកធ្វើការ​ងារ​នៅកន្លែង​ដែល​មាន​សំឡេង​ខ្លាំង​ អ្នក​អាច​ប្រើ​ប្រាស់​ផ្លា​ស្ទិ​កបិត​រន្ធ​ត្រចៀក​ ឬប្រើ​ឧបករណ៍​ការពារ​ត្រចៀក​ជាដើម​។
– គួរ​ធ្វើតេស្ត​ការ​ស្តាប់​ជាប្រចាំ​ បើ​អ្នកធ្វើការ​ដែល​ប្រឈម​នឹង​សំ​ឡេង​ខ្លាំង​ៗជាអចិន្ត្រៃយ៍​។
– ចំពោះ​ស្ត្រី​មានផ្ទៃពោះ​ត្រូវ​ពិនិត្យ​គភ៌​ ថែ​រក្សាសុខ​ភាព​ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ថ្នាំ​ណាមួយ​។ប្រសិនបើ​អ្នក​បាត់បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់​ ឬស្តាប់​លែង​ឮភ្លាម​ៗ ទោះ​ត្រឹម​ម្ខាង​ក៏ដោយ​ អ្នក​ត្រូវ​ប្រញាប់​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ត្រចៀក​ ច្រមុះ​ បំពង់ក​ ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ គួរ​បញ្ជាក់​ថា​ ការប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​ក្នុង​ការ​ស្តាប់​នឹង​ត្រូវ​បាន​ណែនាំ​ពី​គ្រូពេទ្យ​ បើសិនជា​ការ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​ “អ្នក​ថ្លង់​”៕

Advertisement