ទម្លាប់​ និង​និស្ស័យ​ល្អ​ៗ 6​យ៉ាងដែល​ធ្វើ​ឱ្យ​មនុស្ស​អាយុវែង​…តើ​អ្នកមាន​គ្រប់​ចំណុច​ដែរ​ឬទេ​?

ពេលណា​បានឮ​ថា​ មាន​លោកតា​ លោកយាយ​ណា​ម្នាក់​មាន​អាយុវែង​ជាង​ 100ឆ្នាំ​ ​; សារព័ត៌មាន​នានា​បាន​នាំគ្នា​ទៅ​សម្ភាស​ និង​សួរនាំ​អំពី​វិធីការ​មើលថែ​ទាំ​ខ្លួន​របស់​គាត់​ នេះ​គឺ​ដោយសារតែ​មនុស្សយើង​គ្រប់គ្នា​សុទ្ធតែ​ចង់​មានជីវិត​រស់នៅ​លើ​ពិភពលោក​នេះ​ឱ្យ​បាន​យូរ​បំផុត​តាមដែល​អាច​យូរ​បាន​ហ្នឹងឯង​ តែ​ក្រៅពី​ការ​មើលថែ​ទាំ​សុខភាព​រាងកាយ​របស់​ខ្លួនឯង​ឱ្យ​នៅ​ល្អ​ហើយ​នោះ​ លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​មួយ​បាន​បញ្ជាក់​ប្រាប់​ថា​ ​; ទម្លាប់​ និង​ទង្វើ​របស់​ខ្លួន​យើង​ផ្ទាល់​ក៏​មាន​ចំណែក​ធ្វើ​ឱ្យ​យើង​មាន​អាយុវែង​បាន​ដែរ​ និង​ថែមទាំង​ជួយ​ឱ្យ​យើង​មានជីវិត​រស់នៅ​សុខសប្បាយ​នៅពេល​ចាស់​ទៀតផង​។

ចំណែក​ឯសំណួរ​ដែល​ថា​ តើ​ទម្លាប់​ ទង្វើ​ និង​លក្ខណៈ​និស្ស័យ​ដែល​ធ្វើ​ឱ្យ​មនុស្សយើង​មាន​អាយុវែង​នោះ​ មាន​អ្វីខ្លះ​? សូម​តាមដាន​ដូចតទៅ​៖

1.  មានសតិ​ស្មារតី​ ភាព​ម៉ឺងម៉ាត់​ហ្មត់ចត់​ និង​ភាព​ប្រយ័ត្ន​ប្រយែង​
នៅ​ឆ្នាំ2012​ សៀវភៅ​ The​ Longevity​ Project​ បាន​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ 80ឆ្នាំ​ ហើយ​បាន​រក​ឃើញថា​ អ្នក​ដែល​មាន​លក្ខណៈ​និស្ស័យ​ម៉ឺងម៉ាត់​ហ្មត់ចត់​ល្អិតល្អន់​ រស់នៅ​ប្រកបដោយ​សតិបញ្ញា​នឹង​មាន​អាយុ​កាន់តែ​វែង​ឡើង​។ អ្នកស្រាវជ្រាវ​បាន​ចង្អុល​បង្ហាញ​តទៀត​ថា​ បុគ្គលភាព​ និង​លក្ខណៈ​និស្ស័យ​កាលពី​វ័យ​កុមារ​អាច​ប្រាប់​ពី​អំឡុង​ពេល​នៃ​ជីវិត​របស់​មនុស្សយើង​បាន​។ មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​វ័យ​កំលោះ​ ក្រមុំ​ម្នាក់​ណា​ដែល​រស់នៅ​យ៉ាង​មានសតិ​ស្មារតី​ មាន​ភាព​ម៉ឺងម៉ាត់​ហ្មត់ចត់​ និង​មាន​ភាព​ទទួលខុសត្រូវ​លើ​ខ្លួនឯង​ ច្រើនតែ​មាន​អាយុវែង​ជាងគេ​បំផុត​ នេះ​គឺ​ដោយសារតែ​មនុស្ស​ដែល​មាន​ចរិតលក្ខណៈ​និស្ស័យ​បែបនេះ​ចេះ​មើលថែ​ទាំ​ជីវិត​ខ្លួនឯង​បាន​យ៉ាង​ល្អ​ និង​ចេះ​ចៀស​គេច​ពី​ភាព​ប្រថុយប្រថាន​ក្នុង​ជីវិត​ទៀតផង​។

2. អារម្មណ៍ល្អ​ និង​ងាយ​សើច​សប្បាយ
អ្នកស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​ យេ​ស៊ី​វ៉ា​ បាន​ធ្វើការ​ពិសោធ​លើ​រឿង​ការ​មាន​អាយុវែង​នេះ​ ដោយ​បាន​តាមដាន​សង្កេតមើល​ទង្វើ​ និង​ទម្លាប់​របស់​ក្រុម​មនុស្ស​ចាស់​ៗ ហើយ​បាន​រក​ឃើញថា​ មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​ ច្រើនតែ​មាន​អារម្មណ៍ល្អ​ និង​ជា​មនុស្ស​ដែល​ងាយ​អស់សំណើច​ ហើយ​អ្នក​ដែល​មាន​អាយុ​លើស100ឆ្នាំ​ ជាង230នាក់​ក៏​មាននិស្ស័យ​ឆាប់​អស់សំណើច​បែបនេះ​ដូចគ្នា​ដែរ​ ដែល​រឿង​នេះ​ធ្វើ​ឱ្យ​គេ​ល្មម​អាច​វាយតម្លៃ​បាន​ថា​ អាការ​ងាយ​ញញឹម​ និង​ងាយ​សើច​នេះ​ គឺជា​គុណសម្បត្តិ​លេចធ្លោ​មួយ​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ទស្សន​គតិ​ដ៏​ល្អ​របស់​បុគ្គល​ម្នាក់​នោះ​ ហើយ​ការរស់នៅ​ប្រកបដោយ​ទស្សន​គតិ​ដែល​ល្អ​នេះ​ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​និង​ផ្លូវចិត្ត​ភ្លឺ​ថ្លា​ស្រឡះ​ ដែល​វា​នឹង​ទៅ​ពាក់ព័ន្ធ​ជាមួយនឹង​សុខភាព​ក្នុង​ចំ​ណុ​ចល្អៗ​ជាច្រើន​ទៀតផង​។

3. មាន​ទំនាក់ទំនង​ និង​អំណោយទាន​ល្អ​
លទ្ធផល​នៃ​ការវិភាគ​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ PloS​ Medicine​ កាលពី​ឆ្នាំ2010​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ ក្រុម​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អ​ និង​មាន​អំណោយទាន​ល្អ​ អាច​មាន​អាយុវែង​ឡើង​រហូតដល់​ 50​% ដោយ​អត្ថបទ​នោះ​បាន​អធិប្បាយ​ទៀត​ថា​ ការ​ចង​សម្ពន្ធភាព​រវាង​បុគ្គល​ មិនមែន​មានផល​ប្រយោជន៍​តែ​ខាង​ផ្នែក​ផ្លូវចិត្ត​របស់​យើង​ប៉ុណ្ណោះទេ​ តែ​នៅ​មានផល​ប្រយោជន៍​ល្អ​ៗខាង​ផ្នែក​សុខភាព​រាងកាយ​ទៀតផង​ ព្រោះ​ការបាន​ចេញទៅ​នៅក្នុង​សង្គម​ដែល​សម្បូរ​បែប​ នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ទស្សនៈ​ថ្មី​ៗ បានដឹង​ពី​ព័ត៌មាន​ និង​សារៈ​សំ​ខាន់​ផ្សេង​ៗ និង​ថែមទាំង​បាន​រួម​ផ្លាស់​ប្តូរ​អារម្មណ៍​រវាង​គ្នា​ទៅវិញទៅមក​ទៀតផង​។

4. សម្លឹង​មើល​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​វិជ្ជមាន​
មនុស្ស​ដែល​មាន​លក្ខណៈ​និស្ស័យ​សម្លឹង​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​ ក៏​មាន​សញ្ញា​ថា​នឹង​មាន​អាយុវែង​ដូចគ្នា​ដែរ​ ដោយ​អ្នកវិភាគ​ទាំងនោះ​បាន​ធ្វើការ​អធិប្បាយ​គាំទ្រ​លទ្ធផល​នៃ​ការវិភាគ​របស់​ខ្លួន​ថា​ បុគ្គលភាព​ និង​លក្ខណៈ​និស្ស័យ​សម្លឹង​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​នេះ​ នឹង​ធ្វើ​ឱ្យ​យើង​មាន​ទស្សន​គតិ​បែប​វិជ្ជមាន​ ហុច​ផល​ឱ្យ​ផ្លូវចិត្ត​ និង​សុខភាព​រាងកាយ​បាន​ទទួល​ប្រយោជន៍​ល្អ​ផង​ដែរ​។

5. មាន​សេចក្តី​សុខ​ជាប់​ជានិច្ច
​គេ​និយាយ​ថា​ មនុស្ស​ដែល​មាន​សេចក្តី​សុខ​ជាប់​ជានិច្ច​ ផ្លូវចិត្ត​ក៏​នឹង​ភ្លឺ​ថ្លា​ដែរ​ នោះ​គឺជា​រឿង​ពិត​… មនុស្ស​អាយុ​ច្រើន​ដែល​មាន​សេចក្តី​សុខ​ជាប់​ជានិច្ច​ មាន​អត្រា​នៃ​ការ​ស្លាប់​ថយ​ចុះ​ 35​% ឬមាន​អាយុវែង​ថែម​ឡើង​ទៀត5ឆ្នាំ​។ អ្នកវិភាគ​ស្រាវជ្រាវ​បាន​វាយតម្លៃ​លើ​មនុស្ស​អាយុ​ច្រើន​ជាង3,000នាក់​ ដោយ​បាន​ធ្វើការ​សង្កេត​អត្រា​សេចក្តី​សុខ​របស់​ពួកគេ​រហូត​ពេញ1ថ្ងៃ​ និង​ទន្ទឹងរង់ចាំ​ និង​សង្កេតមើល​លទ្ធផល​នៃ​ការវិភាគ​ 5ឆ្នាំ​តមកទៀត​ ទីបំផុត​លទ្ធផល​នៃ​ការវិភាគ​នោះ​បាន​ធ្វើ​ឱ្យ​ពួកគេ​នឹក​ស្ងើច​ក្នុងចិត្ត​យ៉ាង​ខ្លាំង​ ដោយសារតែ​សេចក្តី​សុខ​អាច​ធ្វើ​ឱ្យ​មនុស្សចាស់​កាន់តែ​មាន​អាយុវែង​ឡើង​បាន​ពិតប្រាកដ​មែន​ សូម្បីតែ​អ្នក​ដែល​កំពុង​មាន​ជំងឺរ៉ាំរ៉ៃ​ ក៏​នៅ​អាច​ប្រគង​ជីវិត​ខ្លួន​ឱ្យ​រស់​បាន5ឆ្នាំ​ទៀត​ដែរ​។

6. ចូលចិត្ត​ចូលរួម​ក្នុង​សង្គម​
នៅ​ឆ្នាំ2009​ លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​ទស្សនាវដ្តី​មនុស្សចាស់​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​រាយការណ៍​ថា​ អ្នក​ដែល​មាន​អាយុវែង​លើស100ឆ្នាំ​ ដែល​ភាគច្រើន​ ច្រើនតែ​មាន​ទង្វើ​ចូលចិត្ត​ចូលរួម​ក្នុង​សង្គម​ មាន​អត្រា​ប្រថុយ​នឹង​ការ​កើតរោគ​សរសៃ​ប្រសាទ​តិច​បំផុត​ និង​មាន​ភាព​ស្ថិតស្ថេរ​រឹងមាំ​ខាង​អារម្មណ៍​ខ្ពស់​ ធ្វើ​ឱ្យ​ចេះ​ចាត់ការ​នឹង​សភាវ​ធុញថប់​តានតឹង​បាន​ល្អ​ជាង​អ្នក​ដែល​ចូលចិត្ត​តែ​សម្ងំ​ខ្លួន​មិន​ចូលចិត្ត​ចេញទៅ​ក្រៅ​៕

Advertisement