បន្ទាប់ពី​រៀបការ​រួច​ តើ​គួរ​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅឯណា​?

October 25, 2019​ ម៉ោង 3:15 pm

ពិធី​រៀប​អាពាហ៍​ពិពាហ៍​ដ៏​មានន័យ​ត្រូវ​បាន​បញ្ចប់​ ពេលវេលា​ដែល​ត្រូវ​គិតដល់​ទីតាំង​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូមែ​នទិក​ ក៏​ត្រូវ​ចូល​មកដល់​ដែរ​។ សម័យ​បច្ចុប្បន្ន​នេះ​ ការ​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​អាច​ចាត់ទុកថា​ ជា​រឿង​ដែល​មាន​ភាព​សំខាន់​មួយ​ដែរ​ ព្រោះថា​សម្រាប់​គូ​ស្នេហ៍​ដែល​ទើបតែ​រៀបការ​រួច​ថ្មោងថ្មី​ដូចជា​អ្នក​ទាំងពីរ​ ការ​ធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ គឺ​ប្រៀប​ដូចជា​ ការ​ជួយ​បង្កើន​នូវ​ការ​ចងចាំ​អនុស្សាវរីយ៍​ដ៏​រីករាយ​ បន្ថែម​ជាមួយនឹង​ភាព​ផ្អែមល្ហែម​ដ៏​សែន​មានន័យ​មិន​អាច​បំភ្លេច​បាន​ដល់​ជីវិត​គូ​។ “គិត​ចេះតែ​គិត​ហើយ​ ប៉ុន្តែ​ដូច​មិនទាន់​ច្បាស់​ក្នុងចិត្ត​សោះ​ថា​ នឹង​ទៅ​ក្រេប​ទឹកឃ្មុំ​នៅឯណា​ល្អ​?” នេះ​គឺជា​ប្រយោគ​មួយ​ដែល​ស្ថិតនៅ​ក្នុងចិត្ត​គូ​ស្វាមីភរិយា​មួយចំនួន​មែនដែរ​ទេ​? បើដូច្នេះ​ចូរ​សាក​មក​ទទួលយក​ទីតាំង​មួយចំនួន​ដែល​ ឡា​រ៉ែ​ន ចង់​ណែនាំ​ជូន​ដូច​ខាងក្រោម​នេះ​៖

តំបន់​កម្សាន្ត​លើ​កោះ​ : អាច​និយាយ​បាន​ថា​ ជាទី​តាំង​ល្អ​លេខមួយ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ទីតាំង​ក្រេប​ចន្ទ​ទឹកឃ្មុំ​លំដាប់​ល្អ​ដាច់គេ​នោះ​។ ជា​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំង​ជាងគេ​បំផុត​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ធ្វើដំណើរ​កម្សាន្ត​នៅ​ទី​តាំង​ផ្សេង​ៗទៀត​ តែ​ក៏អាច​នឹង​ត្រូវ​ចំណាយ​អស់​ច្រើនជាង​គេ​ដែរ​ ប៉ុន្តែ​អ្វី​ដែល​អ្នកទទួល​បាន​ពី​តំបន់​កម្សាន្ត​នៅ​លើ​កោះ​នោះ​ ក៏​ស្ទើរតែ​រក​មិនឃើញ​ភាព​ខ្វះចន្លោះ​ទាល់តែសោះ​ដែរ​។ សម្រាប់​ទីតាំង​ពិសេស​បែបនេះ​អ្នក​អាច​នឹកគិត​ដល់​តំបន់​មួយចំនួន​ដូចជា​ កោះ​ម៉ាល់ឌីវ​ កោះ​ឡាំង​កា​វី​ កោះ​តា​ហី​ទី​ កោះ​បាលី​ និង​កោះ​សា​មុយ​ជាដើម​ តែបើ​អ្នក​គិតថា​មិន​ចង់ទៅ​ដល់​បរទេស​ទេ​នោះ​ អ្នក​អាច​គិតដល់​កោះ​មួយចំនួន​នៅក្នុង​ប្រទេស​យើង​ក៏បាន​ គឺ​អាច​ផ្តល់​នូវ​ភាព​រ៉ូមែ​នទិ​កដែល​មិន​អាច​បំភ្លេច​បាន​សម្រាប់​រាត្រី​ចន្ទ​ទឹកឃ្មុំ​របស់​អ្នក​ដូចគ្នា​។

តំបន់​មាត់សមុទ្រ​ : ខ្យល់​ត្រជាក់​បក់​ផាត់​នាំ​យក​ក្លិន​ដ៏​ប្រហើរ​នៃ​ទឹកសមុទ្រ​ រួម​ជាមួយនឹង​សំឡេង​រលក​បោក​ច្រាំង​ទាំងថ្ងៃទាំងយប់​ឥត​ឈប់ឈរ​ រួម​ជាមួយនឹង​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​សមុទ្រ​នឹង​ជួយ​ធ្វើ​ឱ្យ​ភាព​ផ្អែមល្ហែម​នៃ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​កាន់តែ​មាន​ភាព​ស៊ី​ជម្រៅ​ឡើង​មួយ​កម្រិត​ទៀត​។

តំបន់​ភ្នំ​ : នៅ​តាម​តំបន់​ភ្នំ​ជា​កន្លែង​ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ​ មាន​ភាពត្រជាក់​ស្រួល​ ស្ងប់​ស្អា​ត់​ មាន​ទេសភាព​ពណ៌បៃតង​ស្រស់​ មាន​សំឡេង​សត្វ​រ៉ៃ​ និង​សំឡេង​ទឹកជ្រោះ​ជាត​ន្ត្រី​កំដរ​គូស្នេហ៍​ដែល​ស្រឡាញ់​ចូលចិត្ត​ធម្មជាតិ​ និង​សម្រាប់​គូស្នេហ៍​ដែល​ភាព​ស្ងប់ស្ងាត់​ឱ្យ​កាន់​តែ​រ៉ូមែ​នទិ​ក មាន​សេចក្តី​សុខ​ និង​មាន​ភាព​រីករាយ​កាន់តែ​ច្រើនឡើង​។ ប្រសិនបើ​អ្នក​មិន​ចង់ទៅ​ណា​ឆ្ងាយ​រហូត​ដល់​ឆ្លង​ប្រទេស​ទេ​នោះ​ ចូរ​ស្វែងរក​ទីតាំង​ពិ​សេស​ៗនៅក្នុង​ប្រទេស​យើង​ក៏បាន​ដែរ​ ហើយ​ទីតាំង​ក្នុង​ប្រទេស​ដែល​និយាយ​នោះ​ វា​គ្មានអ្វី​ក្រៅពី​តំបន់​សមុទ្រ​ (ដូចជា​ ក្រុង​ព្រះសីហនុ​ និង​ក្រុងកែប​) ឬតំបន់​កោះ​ (ដូចជា​ កោះ​សង្សារ​ កោះ​ឫស្សី​ និង​កោះ​រ៉ុង​សន្លឹម​ជាដើម​) និង​តំបន់​ភ្នំ​ (ដូចជា​ ភ្នំបូកគោ​ និង​ឧទ្យានជាតិ​គីរី​រម្យ​ជាដើម​)៕