អា​ការឈឺ​ខ្នង 5យ៉ាងអាច​ប្រាប់​យើង​ពី​ជំងឺ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗបាន​

មនុស្ស​វ័យ​កំលោះ​ ក្រមុំ​ជាច្រើន​នាក់​មាន​អាការ​ឈឺខ្នង​ ដែល​អ្នកខ្លះ​គិតថា​ អាច​បណ្ដាលមកពី​មូលហេតុ​ដែល​អង្គុយ​យូរ​ជ្រុល​ពេក​ ឬក៏​ទៅ​ធ្វើអ្វី​មួយ​ខុស​ឥរិយាបថ​ជាដើម​ តែ​ទាំងអស់គ្នា​មិនបាន​ដឹង​ឡើយ​ថា​ អាការ​ឈឺខ្នង​មិនមែន​មានន័យ​ត្រឹមតែ​អាការ​ខុសប្រក្រតី​របស់​ឆ្អឹង​ប៉ុណ្ណោះទេ​។អាការ​ឈឺខ្នង​ ជាទូទៅ​អាច​ជា​អាការ​ឈឺខ្នង​ដែល​បណ្តាល​មក​ពី​ការ​អង្គុយ​ច្រើនពេក​ លើក​របស់របរ​ធ្ងន់​ពេក​ ឬហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក​ ដោយ​អាការ​ដែល​យើង​អាច​ដឹង​បាន​នោះ​គឺ​ ការ​ឈឺចុក​រួយ​ ឬសាច់ដុំ​ឡើង​តឹង​ជាដើម​-ល- តែ​ជួនកាល​អាការ​ឈឺ​ដែល​យើង​គិតថា​ ឈឺខ្នង​នោះ​ វា​អាច​មិនមែន​បណ្តាល​មក​ពី​សាច់ដុំ​ ឬឆ្អឹង​រហូត​នោះ​ទេ​។ មាន​លក្ខណៈ​របស់​អាការ​ឈឺខ្នង​ខ្លះ​ជា​សញ្ញា​ប្រកាស​អាសន្ន​ពី​ជំងឺ​ដែល​កើត​នៅ​លើ​អវយវៈ​ខាងក្នុង​ និង​ចាំបាច់​ត្រូវតែ​ប្រញាប់​ទៅ​ទទួលការ​ព្យាបាល​ពី​គ្រូពេទ្យ​ជាបន្ទាន់​ទៀតផង​។

1. អាការ​ឈឺខ្នង​ រួម​ជាមួយ​អាការ​ដៃជើង​ ស្ពឹក​គ្មានកម្លាំង​
ទ្រាំទប់​បត់ជើងតូច​ និង​ទ្រាំទប់​លាមក​មិន​បាន​… លក្ខណៈ​របស់​អាការ​ទាំងនោះ​អាច​បណ្តាល​មក​ពី​ខួរឆ្អឹងខ្នង​ទទួលរង​របួស​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​ធ្វើការ​ថត​អេ​កស៍​រេយ៍​(X-RAY​)ពិនិត្យមើល​ឆ្អឹងកង​ខ្នង​ និង​រកមើល​ចំណុច​ដែល​រង​របួស​។ អ្នកខ្លះ​ត្រឹមតែ​គេង​សម្រាក​ព្យាបាល​ខ្លួន​ក៏អាច​ជាសះស្បើយ​ពី​អាការ​នេះ​ដែរ​ តែ​សម្រាប់​អ្នកខ្លះ​ទៀត​អាច​ចាំបាច់​ត្រូវតែ​ចូល​ទទួលការ​វះកាត់​។

2. ឈឺខ្នង​ត្រង់​ម្តុំ​ចង្កេះ​ និង​មាន​គ្រុនក្តៅ​រងា
​មូលហេតុ​របស់​អាការ​នេះ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​នៅក្នុង​ក្រលៀន​ ឬអាច​ជា​ជំងឺរលាកតម្រងនោម​ ដោយ​មូលហេតុ​ទាំង​នេះ​កើតឡើង​បាន​ដោយសារតែ​ការ​ទទួលទាន​ទឹក​ក្នុង1ថ្ងៃ​ៗតិច​ពេក​ និង​ការ​ទ្រាំទប់​នោម​។ ការ​ព្យាបាល​ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ និង​ថ្នាំ​ផ្សេង​ៗទៀត​អាស្រ័យ​លើ​ការវិនិច្ឆ័យ​រោគ​ រួម​ទាំង​ណែនាំ​ឱ្យ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ផ្លាស់​ប្តូរ​ទង្វើ​ទ្រាំទប់​នោម​ ហើយ​នៅពេល​ព្យាបាល​ក្រ​លៀន​ជាប្រក្រតី​ឡើងវិញ​ហើយ​ អាការ​ឈឺខ្នង​ក៏​បាត់​ទៅវិញ​ដែរ​។

3. ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​
បើសិនជា​មាន​អាការ​ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​ រួច​នៅពេល​ទៅ​ជួប​គ្រូពេទ្យ​ គ្រូពេទ្យ​អាច​នឹង​ស្ទាប​ប៉ះ​ដុំ​សាច់​នៅ​លើ​ខ្នង​ត្រង់​កន្លែង​ម្តុំ​ៗក្រលៀន​ រួម​ទាំង​មាន​ឈាម​លាយឡំ​នៅក្នុង​ទឹកមូត្រ​ មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​មាន​សភាវ​លោហិត​ស្លេក​រួម​ជាមួយ​ផង​នោះ​ ក្នុង​ករណីនេះ​ គឺជា​សញ្ញា​បញ្ជាក់​ពី​រោគ​កើត​ថង់​ទឹក​នៅក្នុង​ក្រលៀន​ ជា​ជំងឺ​ដែល​អាច​ចម្លង​តំណពូជ​បាន​។ នៅពេល​មាន​ថង់​ទឹក​នៅក្នុង​ក្រលៀន​ នឹង​ធ្វើ​ឱ្យ​ក្រលៀន​ធ្វើការ​បាន​តិច​ នៅពេល​ក្រលៀន​ធ្វើការ​ថយ​ចុះ​ ហុច​ផល​អាក្រក់​ដល់​រាងកាយ​។ កើតជំងឺ​ឡើងឈាម​ ក្រលៀន​អាច​នឹង​ងាយ​ឆ្លង​មេរោគ​ និង​លែង​ធ្វើការ​រ៉ាំរ៉ៃ​ រហូតដល់​គាំង​លែង​ធ្វើការ​តែម្តង​ និង​ក្រៅពី​បញ្ហា​នៅ​លើ​ក្រលៀន​ហើយ​ នៅ​អាច​ធ្វើ​ឱ្យ​កើត​ថង់​ទឹក​នៅក្នុង​អវយវៈ​ផ្សេងទៀត​បាន​ ដូចជា​ថ្លើម​ ដៃស្បូន​ ពងស្វាស​ និង​កើត​សរសៃឈាម​ ជំងឺ​រីក​ប៉ោង​ទៀតផង​។

4. អាការ​ឈឺខ្នង​ដែល​កើត​នៅ​លើ​ស្ត្រី​មានគភ៌​
អាច​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​បច្ច័យ​ច្រើនយ៉ាង​ ដូចជា​អ័រម៉ូន​ក្នុង​រាងកាយ​កើត​ការប្រែប្រួល​ធ្វើ​ឱ្យ​សរសៃពួរ​ និង​សាច់ដុំ​ដែល​យឹត​តោង​ឆ្អឹង​យារ​ធូរ​។ សម្រាប់​ស្ត្រី​មានគភ៌​មាន​ការ​ទ្រ​ទម្ងន់​ដែល​ចេះតែ​កើនឡើង​របស់​ទារក​ ឬស្បូន​ដែល​រីកធំឡើង​ទៅ​សង្កត់ពីលើ​សរ​សៃ​ប្រ​សា​ទធ្វើ​ឱ្យ​ឈឺខ្នង​រហូត​ឈឺ​រាល​ចុះទៅ​រក​ជើង​បាន​។

5. ឈឺខ្នង​រ៉ាំរ៉ៃ​យូរ​រាប់​ខែ​ និង​កាន់តែ​ឈឺខ្លាំង​ឡើង​ជា​រឿយ​ៗ
បើសិន​កើត​នៅ​លើ​មនុស្ស​ធាត់​ ឬមនុស្ស​ដែល​មាន​អាយុ​ច្រើនជាង​ 45ឆ្នាំ​នោះ​ អាច​កើត​ឡើង​ដោយសារ​រោគ​រលាក​ខួរ​សន្លាក់​ ឬឆ្អឹងកង​ខ្នង​សឹក​រេចរឹល​។ ការ​ព្យាបាល​ក្នុងករណី​នេះ​ គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​បំបាត់​ការឈឺចាប់​មក​ញ៉ាំ​ និង​ធ្វើការ​ព្យាបាល​ដោយ​ការ​ធ្វើ​ចលនា​ ហើយ​គ្រូ​ពេទ្យ​នឹង​ណែនាំ​ឱ្យ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​។ បើ​កើត​នៅ​លើ​មនុស្ស​ដែល​ធាត់​ខ្លាំង​ ត្រូវ​ឱ្យធ្វើ​ការ​បញ្ចុះទម្ងន់​។បើ​អ្នកណា​ដែល​កំពុង​មាន​អាការ​ឈឺខ្នង​ ចូរ​ប្រញាប់​ពិនិត្យមើល​ខ្លួនឯង​ជាបន្ទាន់​ ឬបើ​មិន​ប្រាកដ​ក្នុងចិត្ត​ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​វិនិច្ឆ័យ​រោគ​ ព្រោះ​ជួនកាល​បើ​បណ្តោយ​ឱ្យ​ឈឺរ៉ាំរ៉ៃ​យូរ​ទៅ​ អាច​នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ​ ធ្វើ​ឱ្យ​សុខភាព​ចុះ​ទ្រុឌទ្រោម​ក៏អាច​ថា​បាន​ដែរ​៕

Advertisement