អនាគត​កូនក្រមុំ​ តោះ​ចាប់ផ្តើម​សម្រក​ទម្ងន់​

មិន​អាចប​ដិ​សេ​ធបាន​ឡើយ​ថា​ នៅក្នុង​អំឡុង​ខែតុលា​ទៅ​នេះ​ តែងតែមាន​ការរៀបចំ​ពិធី​ជប់​លៀង​ផ្សេង​ៗ ជាពិសេស​ពិធី​រៀប​អាពាហ៍​ពិពាហ៍​គ្រប់​ទីកន្លែង​តែម្តង​ ចុះ​អ្នក​វិញ​បាន​ត្រៀម​រៀប​អា​ពហ៍​ពិពាហ៍​ជាមួយនឹង​គូស្នេហ៍​របស់​អ្នក​នា​ចុងឆ្នាំ​នេះ​ហើយ​ឬនៅ​? ឬក៏​កំពុងតែ​ត្រៀម​រៀបការ​នៅក្នុង​ផ្នែក​ផ្សេង​ៗយ៉ាង​មមាញឹក​ មិនថា​តែ​ការ​ជ្រើសរើស​វត្ថុ​អនុស្សាវរីយ៍​ ឈុត​អាពាហ៍​ពិពាហ៍​ ថតរូប​ រួម​ទាំង​អ្វី​ដែល​អនាគត​កូនក្រមុំ​ត្រូវការ​ផង​ដែរ​ នោះ​គឺ​ការ​មាន​រូបរាង​ដ៏​ល្អឥតខ្ចោះ​ ដើម្បី​ស្លៀក​ឈុត​អាពាហ៍​ពិពាហ៍​ឱ្យ​បាន​ស្រស់​ស្អាត​ហ្នឹងឯង​។

តែ​នឹង​ទៅ​សម្រក​ទម្ងន់​មុន​ពេល​រៀបការ2​-3សប្តាហ៍​ឱ្យ​បេះដូង​វា​ភ័យ​អរៗ​ធ្វើ​អី​ ព្រោះថា​បើ​អនាគត​កូនក្រមុំ​ទាំងឡាយ​ចាប់ផ្តើម​មាន​ផែនការ​សម្រក​ទម្ងន់​នោះ​ គួរតែ​ចាប់ផ្តើម​ពី​ពេលនេះ​តែម្តង​ ក្រៅពី​អ្នក​អាច​ធ្វើ​ឱ្យ​ក្តី​ស្រមៃ​ក្លាយជា​ការពិត​យ៉ាង​មិន​ពិបាក​ និង​មិនបាច់​បង្ខំចិត្ត​ហើយ​នោះ​ នៅ​មាន​ពេលវេលា​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​សម្រក​ទម្ងន់​បាន​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ទៀតផង​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​តិច​និ​កល្អ​ៗពី​អ្នកស្រី​ Helen​ Bond​ អ្នកជំនាញ​ការ​ផ្នែក​ភោជនាហារ​ពី​ប្រទេស​អង់គ្លេស​មក​ជម្រាប​ជូន​ តើមាន​អ្វីខ្លះ​នោះ​សូម​តាមដាន​ដូចតទៅ​។

1. កំណត់​គោលដៅ​ដែល​អាច​ធ្វើ​ទៅរួច​ : សម្រាប់​កូនក្រមុំ​គ្រប់រូប​ ការ​សម្រក​ទម្ងន់​គួរ​ឱ្យ​ចង់​សាកល្បង​ និង​គួរ​ឱ្យ​រីករាយ​ ការកំណត់​គោលដៅ​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​គឺជា​រឿង​ចាំបាច់​ណាស់​ ផ្ទុយទៅវិញ​បើ​អ្នក​កំណត់​គោលដៅ​ដែល​មិន​ងាយ​នឹង​ធ្វើ​បានសម្រេច​នោះ​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​អស់​ទឹកចិត្ត​ អស់សង្ឃឹម​ និង​បញ្ឈប់​ការ​តាំងចិត្ត​យ៉ាង​ងាយ​។ ឧទាហរណ៍​ គោលដៅ​ដែល​អាច​ទៅរួច​ ដូចជា​ ខ្ញុំ​នឹង​ព្យាយាម​សម្រក​ទម្ងន់​ឱ្យ​បាន​ពី​ 10ភាគរយ​នៃ​ទម្ងន់​ខ្លួន​ឱ្យ​បាន​ក្នុងរយៈពេល3​-6ខែ​ជាដើម​។

2. ត្រៀម​ចិត្ត​ចាំ​ទទួល​ថ្ងៃ​ដែល​អាក្រក់​ឱ្យ​បាន​ : ក្រៅពី​ការងារ​ប្រចាំ​ហើយ​ នា​រីៗ​ជាច្រើន​អាច​នឹង​ត្រូវ​រៀប​ផែនការ​ពី​ពិធី​មង្គលការ​ជាមួយនឹង​គូ​ដណ្តឹង​ ដែល​អាច​មាន​ថ្ងៃ​ខ្លះ​ដែល​អ្វី​ៗគ្រប់យ៉ាង​មិន​ដំណើរការ​ទៅតាម​ផែនការ​ ឬគួរ​ឱ្យ​ខកបំណង​ ក៏​សុំ​ឱ្យ​ត្រៀម​ចិត្ត​ត្រៀម​ថ្លើម​ចាំ​ទទួល​ថ្ងៃ​នោះ​ឱ្យ​ហើយ​ផង​ កុំ​អស់សង្ឃឹម​ ឬបញ្ឈប់​កណ្តាល​ទី​ឱ្យ​សោះ​។

3. កត់​កំណត់ត្រា​រាយ​មុខ​ចំណីអាហារ​ និង​អារម្មណ៍​ក្នុង​មួយ​ថ្ងៃ​ៗ : ព្រោះ​ការ​សម្រក​ទម្ងន់​នឹង​មាន​លទ្ធផល​បើ​អ្នកដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ៗអ្នក​បាន​ទទួលទាន​អ្វីខ្លះ​នោះ​ ដែល​ភាគច្រើន​មនុស្សជា​ច្រើន​មិនសូវ​ជា​កត់​កំណត់​ហេតុ​នោះ​ទេ​ តែបើ​អ្នកមាន​កំណត់ហេតុ​វិញ​ នឹង​ធ្វើ​ឱ្យ​មនុស្សយើង​មាន​ភាព​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ទទួលទាន​អាហារ​កាន់តែ​ខ្លាំង​ឡើង​ហ្នឹងឯង​។

4. រក្សា​កម្រិត​ជោគជ័យ​ : ទោះជា​អ្នក​បាន​តាំង​គោលដៅ​ជោគជ័យ​ធំ​ទុកជាមុន​ហើយ​មែន​ តែ​ក៏​គួរ​តាំង​គោល​ដៅ​តូច​ៗទុក​ដែរ​ ដូចជា​ សុំ​ឱ្យ​ទម្ងន់​ស្រក​ចុះ​ក្នុង​មួយ​ខែ2​ភាគរយ​នៃ​ទម្ងន់​ខ្លួន​ទាំងមូល​ និង​ឈាន​សន្សឹម​ៗទៅមុខ​ទៀត​ នោះ​នឹង​ធ្វើ​ឱ្យ​គោលដៅ​ធំ​បាន​ទទួលជោគជ័យ​យ៉ាង​ងាយ​។

5. សម្លឹង​ពិភពលោក​ក្នុង​ន័យ​វិជ្ជមាន​ : សម្រាប់​កូនក្រមុំ​ ការ​សម្លឹង​ពិភពលោក​ក្នុង​ន័យ​ល្អ​ ជួយ​ឱ្យ​ការ​ត្រៀមខ្លួន​សម្រក​ទម្ងន់​ក្លាយជា​រឿង​ដែល​គួរ​ឱ្យ​រីករាយ​ ហើយនឹង​ធ្វើ​ឱ្យ​អ្នកមាន​សេចក្តី​សុខ​ជាមួយនឹង​អាហារ​សម្រក​ទម្ងន់​ដែល​ត្រូវ​ទទួលទាន​ទៀតផង​។ ទាំងអស់​ខាងលើ​នេះ​ គឺ​ដើម្បី​ឱ្យ​នា​រីៗ​យើង​ទាំងអស់​មាន​អំឡុង​ពេល​នៃ​សេចក្តី​សុខ​ឱ្យ​បាន​ច្រើន​ មិន​ចាំបាច់​មាន​អារម្មណ៍​តានតឹង​ធុញថប់​រហូតដល់​លែង​ស្អាត​អស់​នៅ​ថ្ងៃ​រៀបមង្គលការ​៕

Advertisement