វិធីរៀបចំបន្ទប់គេង ដើម្បីលើករាសីគូស្វាមីភរិយាថ្មី

“សង់ផ្ទះ​តម្រូវចិត្ត​អ្នក​រស់នៅ​ ធ្វើ​គ្រែ​តម្រូវចិត្ត​អ្នក​គេង​” ពាក្យបុរាណ​មួយ​នេះ​ត្រូវ​បាន​មនុស្ស​ទូទៅ​ទទួលស្គាល់​ថា​ វា​ជា​រឿង​ពិត​ជាក់ស្តែង​បំផុត​ ដែល​ត្រូវ​បាន​គេ​លើក​មក​ដំណាល​ និង​អនុវត្ត​តាម​តាំងពី​ដើម​រហូត​រៀងមក​ដល់ពេល​បច្ចុប្បន្ន​នេះ​។ ជា​ការពិត​ណាស់​ផ្ទះ​បាន​ផ្តល់​ជាទី​ជម្រក​ជ្រកកោន​យ៉ាង​សុខសាន្ត​ជាប្រចាំ​។ ដូច្នេះ​ នៅពេល​ចូល​ទៅ​រស់នៅ​ក្នុង​ផ្ទះ​ យើង​តែង​ប្រាថ្នា​ចង់បាន​សេចក្តី​សុខ​ និង​មាន​ក្តី​ចម្រុងចម្រើន​ប្រកបដោយ​ភាព​សុខ​-ដុ​មរ​មនា​ និង​សុភមង្គល​។ ជាមួយគ្នា​នេះ​ បន្ទប់គេង​ក៏​ជា​ចំណុច​មួយ​ដែល​លោកអ្នក​ត្រូវតែ​យកចិត្ត​ទុកដាក់​ក្នុង​ការរៀបចំ​ប្រកប​ដោ​យសោភ័​ណ្ឌ​ភាព​ ជាពិសេស​សម្រាប់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ដែល​ទើបតែ​បញ្ចប់​កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍​ កសាង​សង្គម​គ្រួសារ​ថ្មី​ដោយ​ក្តី​រីករាយ​ និង​មាន​ស្ថិតស្ថេរ​ជា​អមតៈ​។ ដើម្បី​ទទួល​បាន​នូវ​សេចក្ដីសុខ​ មាន​ភាព​រីករាយ​នៅក្នុង​ជីវិត​គ្រួសារ​ និង​កសាង​នូវ​គ្រួសារ​ប្រកបដោយ​ភាព​កក់ក្ដៅ​ ពោរពេញ​ទៅ​ដោយ​សុភមង្គល​ល្អ​ប្រសើរ​ មិនមែន​មានត្រឹមតែ​សេចក្ដី​ស្រឡាញ់​ស្មោះស្ម័គ្រ​តែមួយមុខ​គ្រប់ហើយ​នោះ​ឡើយ​ តែ​វា​ត្រូវការ​ចូលរួម​ជាចាំបាច់​នូវ​កត្តា​ជីវ​ហារ​ ទីលំនៅ​ឋាន​ ព្រមទាំង​កត្តា​សេដ្ឋកិច្ច​ផង​ដែរ​។ ដោយឡែក​សម្រាប់​កត្តា​លំនៅ​ដ្ឋាន​ ជាពិសេស​បន្ទប់​សម្រាប់​ចូល​និន្ទ្រា​តែម្ដង​ ក៏​គួរតែ​ចេះ​រៀបចំ​តុបតែង​លម្អ​បន្ថែម​បន្តិច​ទើប​ជា​ការ​ប្រពៃ​ និង​នាំ​សំណាង​ជោគជ័យ​សិរីសួស្ដី​ដល់​ក្រុម​គ្រួសារ​ថែមទៀត​។

តើ​បន្ទប់​នាំ​ជោគ​សំណាង​គឺ​អ្វីទៅ​?
បន្ទប់​នាំ​ជោគ​សំណាង​ និង​នាំ​មង្គល​ គឺជា​បន្ទប់​ដែល​សម្រាប់​អាស្រ័យ​រស់នៅ​ ហើយ​មានតែ​សេចក្តី​សុខ​សេចក្តី​ចម្រើន​លូតលាស់​ទៅមុខ​។ បន្ទប់​បែប​នោះ​ គួរតែ​បែរមុខ​ចេញទៅ​រក​ទិស​ផ្នែក​ខាងមុខ​ផ្ទះ​ ពោល​គឺ​ទ្វារ​បន្ទប់​ស្ថិតនៅ​ក្នុង​ផ្លូវ​តែមួយ​នៃ​ទ្វារ​ផ្លូវចូល​ផ្ទះ​តែម្តង​។ ជាមួយគ្នា​នេះ​ លោកអ្នក​ក៏អាច​ជ្រើសរើស​នូវ​រូបភាព​បែប​ធម្មជាតិ​ មាន​ពណ៌​ស្រស់​ស្អាត​បែប​ស្រទន់​ដាក់​តាំង​បន្ថែម​នៅ​លើ​ផ្ទៃ​ជញ្ជាំង​អម​ផ្លូវ​ដើរ​ ឬបើ​មាន​ដាក់​តាំង​រូបភាព​អនុស្សាវរីយ៍​គ្រួសារ​មួយ​ផ្ទាំង​ធំល្មម​សមនឹង​ផ្ទៃ​ជញ្ជាំង​ក៏​កាន់តែ​ប្រសើរ​។ ដោយឡែក​នៅក្នុង​បន្ទប់គេង​ ក៏​គួរ​មាន​តុ​តូច​មួយ​សម្រាប់​អង្គុយ​មើលសៀវភៅ​ ជាមួយ​ថូផ្កា​ស្រស់​ស្អាត​តូចល្មម​ ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត​នៅក្នុង​បន្ទប់​ និង​មាន​ក្លិនក្រអូប​នៃ​ផ្កា​ស្រស់​ ដែល​កាន់តែ​ធ្វើ​ឱ្យ​អារម្មណ៍​លោកអ្នក​កាន់តែ​រីករាយ​ស្រស់ថ្លា​ មាន​ភាព​ផ្អែមល្ហែម​ជាមួយ​ដៃគូ​ជីវិត​មិន​អាច​បំភ្លេច​បាន​រាល់​រាត្រី​។

របៀប​បញ្ចៀស​លក្ខណៈ​បន្ទប់​មិន​នាំ​ជោគ​សំណាង​
-ទ្វារផ្ទះ​មិន​គួរ​ឱ្យ​ស្ថិតនៅ​ទល់មុខគ្នា​ជាមួយ​បន្ទប់​ម្ខាងទៀត​។
-កុំ​ជ្រើសរើស​បន្ទប់​សម្រាប់​ស្នាក់នៅ​ ដែល​នៅ​ចុង​ខាងក្រោយ​នៃ​ផ្ទះ​។
-ពេល​បើកទ្វារ​ចូលផ្ទះ​ មិន​គួរ​ឃើញ​បន្ទប់ទឹក​នៅ​ផ្នែក​ខាងមុខ​បន្ទប់ដេក​។
-បន្ទប់បាយ​ ឬធ្នើរ​ធ្វើម្ហូប​ មិន​គួរ​នៅ​ជាប់​បន្ទប់គេង​។ ក្រៅពី​នេះ​ មិន​ត្រូវ​ឱ្យ​ទ្វារ​បន្ទប់ទឹក​ បែរមុខ​ជល់គ្នា​ជាមួយ​ទ្វារ​បន្ទប់ដេក​ ឬចុងជើង​គ្រែ​គេង​នោះ​ទេ​។
-ទីតាំង​របស់​ឆ្នាំង​ ឬឆ្នាំងខ្ទះ​ មិន​គួរ​នៅ​ជិត​ជាមួយ​ក្បាលម៉ាស៊ីន​ទឹក​នោះ​ទេ​។
-បន្ទប់គេង​មិន​អាច​អត់មាន​បង្អួច​នោះ​ទេ​។
-កន្លែង​ធ្វើម្ហូប​មិន​គួរ​នៅ​ចំ​ត្រង់់​បន្ទប់ទឹក​។
-គួរ​ចៀសវាង​ដាក់​អាងទឹក​ ឬធុងទឹក​នៅ​ពីលើ​បន្ទប់គេង​។
-បើកទ្វារ​ចូលបន្ទប់​ មិន​គួរ​ឃើញ​គ្រែ​ជ្រងោ​ៗទេ​ ត្រូវ​រក​វាំងនន​មក​បិទបាំង​ខ្លះ​ទើប​ល្អ​។

បន្ទប់​ដែល​គ្មាន​ជោគ​សំណាង​
មនុស្សជា​ច្រើន​តែង​ចូលចិត្ត​ជ្រើសរើស​បន្ទប់គេង​នៅត្រង់​កន្លែង​មើលទៅ​ស្ងប់ស្ងាត់​សម្រាប់​ការរស់នៅ​របស់​ខ្លួន​ ដូចជា​ទីតាំង​ដែល​គ្មាន​មនុស្ស​ដើរ​ឆ្លងកាត់​ច្រើន​នាំ​រំខាន​អារម្មណ៍​។ ប៉ុន្តែ​ ទោះបី​យ៉ាងណា​ បន្ទប់​ដែល​នៅ​ចុង​ខាងក្រោយ​នៃ​ផ្ទះ​ ជា​បន្ទប់​ដែល​មិនបាន​នាំ​ជោគ​លាភ​សំណាង​អ្វី​ឡើយ​ ហើយ​បើ​អាស្រ័យ​រស់នៅ​ តែង​មាន​ឧបសគ្គ​ និង​អពមង្គល​ចូល​មក​យាយី​ច្រើន​មិនខាន​។ បើ​បន្ទប់គេង​របស់​អ្នក​ស្ថិតនៅ​ចុង​ខាងក្រោយ​នៃ​ផ្ទះ​ ហើយ​ចង់​បំបាត់​រាល់​ឧប​ទ្រ​ពទ​ចង្រៃ​នេះ​ចេញ​ខ្លះ​ អ្នក​គួរ​ធ្វើ​បង្អួច​ធំ​មួយ​នៅត្រង់​ជញ្ជាំង​នោះ​ ដើម្បី​បំបាត់​ភាព​មិនល្អ​បាន​មួយ​កម្រិត​ដែរ​ តែ​មិន​ច្រើន​នោះ​ឡើយ​ ៕

Advertisement