គន្លឹះ​ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​

កែវភ្នែក​ គឺជា​មាត់​បង្អួច​របស់​បេះដូង​ កែវភ្នែក​ជា​អវយវៈ​ដែល​ជួយ​ក្នុង​ការ​មើលឃើញ​ និង​ទទួលដឹង​ព័ត៌មាន​ផ្សេង​ៗ ដូច្នេះ​យើង​គួរតែ​ថែរក្សា​ និង​ថ្នាក់ថ្នម​កែវភ្នែក​ ដើម្បី​ឱ្យ​ប្រើការ​បាន​យូរ​។ លេខ​នេះ​ ទំព័រ​សុខភាព​នៃ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន មាន​គន្លឹះ​ល្អ​ៗ ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ដើម្បី​សុខភាព​កែវភ្នែក​ដ៏​ល្អ​មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដូចតទៅ​៖

. គួរ​សម្រាក​ខ្សែភ្នែក​ ដោយ​ការ​សម្លឹង​មើល​វត្ថុ​ដែល​នៅ​ឆ្ងាយ​ៗ រៀងរាល់​ 40​ – 50នាទី​ម្តង​ ក្រោយពី​អាន​សៀវភៅ​ មើល​វី​ឌី​អូ​ ឬទូរ​ទស្សន៍​យូរ​ៗរួចមក​។
. គួរ​ជ្រើសរើស​អាន​សៀវភៅ​ណា​ដែល​ធ្វើ​ពី​ក្រដាស​ដែល​ចាំង​ពន្លឺ​តិច​បំផុត​ ឬអាន​សៀវភៅ​ណា​ដែល​ក្រដាស​មើល​ហើយ​ស្រួល​ភ្នែក​។. មិន​គួរ​សម្លឹង​ ឬសម្លក់​ពន្លឺ​ព្រះ​អា​ទិ​ត្យ​ចំៗ​ក្នុងរយៈពេល​យូរ​ឡើយ​។
. ខណៈ​ពេល​ចេញទៅ​នៅ​ក្រោម​ពន្លឺថ្ងៃ​ ឬខណៈ​ពេល​បើកបរ​ម៉ូតូ​ គួរ​ពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​ការពារ​កែវភ្នែក​។
. មិន​គួរ​ចុច​ សង្កត់​ ឬញី​កែវភ្នែក​ ដើម្បី​ឱ្យ​បាត់ឈឺ​ដោយ​មិន​ចាំបាច់​ឡើយ​។
. ការ​មើល​ទូរទស្សន៍​ គួរ​អង្គុយ​ឱ្យ​ឆ្ងាយ​ពី​អេក្រង់​ទូរទស្សន៍​ប្រមាណ​ជា​ 4 – 5ដង​នៃ​ទំហំ​ទទឹង​របស់​អេក្រង់​ទូរទស្សន៍​ និង​គួរ​ចៀសវាង​ពី​អេក្រង់​ ទូរទស្សន៍​ណា​ដែល​តូច​ជ្រុល​ពេក​ ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​ទៅ​អង្គុយ​មើល​ជិត​ និង​ខំប្រឹង​សម្លឹង​មើល​រហូត​អាច​ធ្វើ​ឱ្យ​ខូចភ្នែក​បាន​។
. មិន​គួរ​លេង​កីឡា​ ឬហាត់ប្រាណ​ក្នុង​ឥរិយាបថ​ណា​ដែល​ត្រូវ​គ្រវីក្បាល​ ឬឱនក្បាល​ទាប​ញឹកញាប់​ឡើយ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កែវភ្នែក​ទទួលរង​នូវ​ការ​ប៉ះពាល់​បាន​។. ក្នុង​ខណៈ​ចុះ​លេង​ទឹក​ ឬហែលទឹក​ គួរ​ពាក់​វ៉ែនតាការពារ​ទឹក​គ្រប់ពេល​ ដើម្បី​កុំឱ្យ​សារ​ធា​តុ​ក្ល​រីន​ ឬកម្ទេច​ដី​ដែល​នៅក្នុង​ទឹក​ចូលក្នុង​ភ្នែក​បាន​។
. មិន​គួរ​ទុកសក់វែង​បាំងមុខ​ឡើយ​ ព្រោះ​សក់​នឹង​មក​បាំង​ភ្នែក​ដែល​ នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ខំប្រឹង​សម្លឹង​មើល​ឡើង​។
. គេង​សម្រាក​បិទ​ភ្នែក​ និង​គេងលក់​ឱ្យ​បាន​គ្រប់គ្រាន់​។
. មិន​គួរ​អាន​សៀវភៅ​ពេល​ជិះ​នៅក្នុង​រថយន្ត​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ កែវភ្នែក​ខំ​រេ​តាម​តួអក្សរ​ជានិច្ច​។
. គួរ​អាន​សៀវភៅ​នៅក្នុង​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​ មិន​ងងឹត​ពេក​ និង​ក៏​មិន​ភ្លឺ​ជ្រុល​ពេក​ដែរ​។
. ពិនិត្យ​សុខភាព​កែវភ្នែក​ និង​វាស់​ខ្សែភ្នែក​ យ៉ាងតិច​បំផុត​ 1ឆ្នាំ​ឱ្យ​បាន​ 1ដង​។
. គួរ​ទទួលទាន​អាហារ​ឱ្យ​បាន​គ្រប់​ 5ប្រភេទ​ក្រុម​ ជាពិសេស​សារជាតិ​ អាហារ​ និង​វីតាមីន​ដែល​ចាំបាច់​ចំពោះ​កែវភ្នែក​។

អាហារ​បំប៉ន​កែវភ្នែក​
អាហារ​ដែល​បំប៉ន​កែវភ្នែក​ គឺ​អាហារ​ដែល​មាន​វីតាមីន​ A ដូចជា​ ផលិតផល​ធ្វើ​ពី​សាច់សត្វ​ ថ្លើម​សត្វ​ ទឹកដោះ​ ខ្លាញ់​ដែល​ចម្រាញ់​ចេញពី​ ថ្លើម​ត្រី​ ឬធញ្ញជាតិ​ដែល​មាន​សារធាតុ​ពណ៌បៃតង​ខ្លាំង​ ពណ៌លឿងទុំ​ ដូចជា​ ត្រកួន​ ស្លឹកបាស​ ប្រូ​ខូ​លី​ ល្ហុង​ទុំ​ ល្ពៅ​ មើម​ការ៉ុត​ និង​បន្លែ​ផ្សេងទៀត​ជាច្រើន​។

តម្រូវការ​សារជាតិ​អាហារ​បំប៉ន​កែវភ្នែក​ក្នុង​ 1ថ្ងៃ​
មិនថា​តែ​កុមារ​ ឬមនុស្ស​ធំ​ឡើយ​ សុទ្ធតែ​ត្រូវការ​វីតាមីន​ A ដែល​នឹង​ ទទួល​បាន​ពី​អា​ហារ​ផ្សេង​ៗដូច​ខាងក្រោម​នេះ​ ៖
កុមារ​ : ត្រូវការ​អាហារ​ដែល​ជួយ​បំប៉ន​ភ្នែក​ ដូចជា​ ថ្លើម​មាន់​ ថ្លើម​ជ្រូក​ មើម​ការ៉ុត​ ល្ពៅ​ ស៊ុត​ក្រហម​ ស្លឹកបាស​ ផ្ទី​ ក្តាម​សមុទ្រ​ ខាត់ណា​ និង​ប៊័រ​។
មនុស្ស​ធំ​ : តម្រូវការ​អាហារ​ដែល​ជួយ​ថែបំប៉ន​កែវភ្នែក​មនុស្ស​ធំ​មាន​ ដូចជា​ ស្លឹក​ញ ថ្លើម​មាន់​ ថ្លើម​គោ​ ស្លឹក​ជី​នាងវង​ ស្លឹកត្រចៀក​ក្រាញ់​ ស្លឹក​ស្អំ​ ត្រកួន​ ស្វាយទុំ​ ល្ហុង​ និង​គួរ​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង​ 5ប្រភេទ​ក្រុម​ ៕

Advertisement