និយមន័យ​របស់​ពាក្យ​ថា​ “គូព្រេង​” សម័យថ្មី​នេះ​ ការពិត​ទៅ​ គឺ​បែប​ណា​ហ្ន៎​?

ក្នុង​យុគសម័យ​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ និយមន័យ​របស់​ពាក្យ​ថា​គូព្រេង​របស់​អ្នក​អាច​នឹង​ធំ​ទូលាយ​ខ្លាំង​ណាស់​ ឧទាហរណ៍​ដូចជា​ មនុស្ស​ដែល​អ្នក​កំពុង​មាន​សម្ពន្ធភាព​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ មនុស្ស​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​កក់ក្ដៅ​ក្នុងចិត្ត​ និង​រីកធំឡើង​ ជា​មនុស្ស​ដែល​ល្អ​បំផុត​ ជាពិសេស​បើ​អ្នក​កំពុង​មាន​ឧប​សគ្គ​ផ្សេង​ៗដ៏​ច្រើន​ចូល​មក​ក្នុង​ជីវិត​ផង​នោះ​ តែ​ខណៈ​ពេល​ជាមួយគ្នា​ ខាងក្រោម​នេះ​ គឺ​និយមន័យ​របស់​ពាក្យ​ថា​ “គូព្រេង​” របស់​បណ្ដា​អ្នកជំនាញ​ខាង​ផ្នែក​សម្ពន្ធភាព​មនុស្ស​និង​មនុស្ស​។

សា​ម៉ុន​ថា​ រ៉ុ​ដមែន​ អ្នក​ចិត្តវិទ្យា​
គូព្រេង​ គឺ​មនុស្ស​ដែល​អ្នក​អាច​តភ្ជាប់​ទំនាក់ទំនង​បាន​យ៉ាង​ងាយស្រួល​ និង​ភ្លាម​ៗ តែ​ក៏​មិនមែន​មានន័យថា​ មិន​ចាំបាច់​ប្រើការ​ព្យាយាម​អ្វី​សោះ​នោះ​ដែរ​… “នាងខ្ញុំ​ជឿ​លើ​រឿង​គូព្រេង​ នៅពេល​អ្នក​ជួប​នរណា​ម្នាក់​ដែល​គិតថា​ត្រូវចិត្ត​ និង​មាន​អារម្មណ៍​ថា​មាន​សេចក្ដីសុខ​ខ្លាំង​ វា​អាច​ថា​ជា​អារម្មណ៍​របស់​គូព្រេង​ក៏បាន​ តែ​យ៉ាងណាក៏ដោយ​មាន​មនុស្សជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ​ដែល​អាច​នឹង​ត្រូវចិត្ត​សម្រាប់​អ្នក​ នៅពេល​បាន​ជួបគ្នា​។ ការពិត​គឺ​ មិនថា​អ្នក​នឹង​មាន​សេចក្ដីសុខ​ខ្លាំង​ប៉ុនណា​ ឬមនុស្សម្នាក់​នោះ​ចូលចុះ​ជាមួយ​អ្នក​បាន​ខ្លាំង​ប៉ុនណា​នោះ​ទេ​ តែ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​ទង្វើ​របស់​ខ្លួនឯង​ និង​កុំ​បង្ខំចិត្ត​គេ​ជាដាច់ខាត​”។

មិ​ឆេល​ វ៉ៃ​នើរ​-ដេ​វីស​ អ្នកនិពន្ធ​រឿង​ Divorce​ Busting​
ផ្នត់គំនិត​រឿង​គូព្រេង​ អាច​នឹង​ធ្វើ​ឱ្យ​មនុស្សយើង​នឹករំពឹង​ទុក​បែប​ខុស​ៗពាក់ព័ន្ធ​នឹង​ស្នេហា​…“មនុស្សយើង​នឹង​ព្រម​លះបង់​សម្ពន្ធភាព​ដទៃទៀត​ដើម្បី​តាម​រក​មនុស្ស​ “ដែល​ពួកគេ​ចង់​រស់នៅ​ជាមួយ​” ដែល​នេះ​គឺជា​ការ​នឹកស្រមើស្រមៃ​ម្យ៉ាង​។ អ្នក​អាច​សម្លឹង​រកមើល​មនុស្ស​ថ្មី​ៗបាន​ជាប់​ជានិច្ច​ តែ​នៅពេល​វេលា​កន្លងទៅ​ អ្នក​ក៏​ត្រូវតែ​ត្រឡប់ទៅ​រាប់​ពី​លេខ1​ មក​ជាថ្មី​ ដើម្បី​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើ​ឱ្យ​សេចក្ដីស្នេហា​គង់វង្ស​យូរអង្វែង​ដដែល​”។

សាស្ត្រា​ចារ្យ​ ឡូរី​ ស៊ូ​ ប្រ៊​ក់​វេយ៍​ អ្នកនិពន្ធ​រឿង​ Your​ Interfaith​ Wedding​
គូព្រេង​ គឺជា​មនុស្ស​ដែល​រស់នៅ​ជាមួយគ្នា​ បើ​ទោះជា​មាន​ឧបសគ្គ​ ឬក្ដី​ទុក្ខ​លំបាក​ដែល​ត្រូវ​ប្រឈម​ក៏ដោយ​… “ជា​គំនិត​ផ្ទាល់ខ្លួន​ ខ្ញុំ​ជឿ​លើ​រឿង​គូព្រេង​… គូ​អាពាហ៍​ពិពាហ៍​ភាគច្រើន​អាច​ឈាន​រំលង​រឿង​ការរើសអើង​ជាតិសាសន៍​ វប្បធម៌​ និង​សាសនា​បាន​ ពួកគេ​ដឹង​ថា​ ពួកគេ​គួរតែ​រស់នៅ​ជាមួយគ្នា​។ សម្ពន្ធភាព​របស់​ពួកគេ​ស៊ីជម្រៅ​ខ្លាំង​ ទោះជា​មក​ពី​ពិភព​ដែល​ខុសប្លែក​គ្នា​ក្ដី​”។“គូព្រេង​ថែមទាំង​ត្រូវ​ជម្រះបំណុល​ និង​ណាត់ជួប​គ្រូពេទ្យ​រួមគ្នា​ទៀតផង​។ ពួកគេ​ត្រូវ​ចិញ្ចឹម​កូន​ និង​ជួបនឹង​ភាព​រញ៉េរញ៉ៃ​ផ្សេង​ៗក្នុង​ជីវិត​ រួម​ទាំង​ធំធាត់​រហូតដល់​ចាស់​ទៅជាមួយ​គ្នា​ ព្រោះ​ពួកគេ​មាន​ខ្សែ​សម្ពន្ធ​ដែលកាត់​ចេញពី​គ្នា​មិនបាន​”។

ចេ​សស៍​ ខាន​ អ្នកអប់រំ​ និង​ជា​អគ្គនាយក​អង្គការ​ The​ Gender​ &​ Sexuality​ Therapy​ Collective​
គូព្រេង​ គឺ​និមិត្តសញ្ញា​នៃ​សេចក្ដីសង្ឃឹម​ថា​ មនុស្សម្នាក់​នឹង​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ​ ទោះជា​អ្នកមាន​រឿង​មិនល្អ​ និង​ចំណុច​អន់​ក៏ដោយ​… “ខ្ញុំ​មើលឃើញ​ថា​ គូព្រេង​ គឺជា​និមិត្តសញ្ញា​នៃ​ក្ដី​សង្ឃឹម​ ការ​ចងភ្ជាប់​សម្ពន្ធ​ និង​ការ​មើលថែ​ ដែល​មនុស្សយើង​ប្រាថ្នា​ និង​ត្រូវការ​… យើង​នឹង​ “ត្រូវចិត្ត​” មនុស្ស​ដែល​គួរ​នឹង​តភ្ជាប់​សម្ពន្ធភាព​ឱ្យ​សម្រេច​បាន​។ គូព្រេង​នឹង​សាង​បន្ថែម​ក្ដី​សង្ឃឹម​ និង​ក្ដី​ប្រាថ្នា​ក្នុង​ការ​ក្លាយជា​គូស្នេហ៍​ និង​ប្រគល់​ឱ្យ​នូវ​ការយល់​ចិត្ត​ ព្រម​ជាមួយ​អារម្មណ៍​ដ៏​មានតម្លៃ​ ទោះជា​យើង​មាន​ចំណុច​មិនល្អ​ក៏ដោយ​”។

អេ​រិកា​ ឃែប​លែន​ អ្នក​ប្រឹក្សា​បញ្ហា​រើស​គូស្រករ​នៃ​ស្ថាប័ន​ Three​ Days​ Rule
​“ពាក្យ​ថា​ គូព្រេង​ អាច​ឱ្យ​នូវ​អារម្មណ៍​ថា​ដូច​ការរៀបចំ​ផែនការ​បន្តិច​ដែរ​ តែ​ក៏​ជា​ផ្នត់គំនិត​ដែល​ស្រស់​ស្អាត​ និង​ជា​លេស​ក្នុង​ការ​បដិសេធ​សម្ពន្ធភាព​ដែល​មិន​ “ល្អឥតខ្ចោះ​” បាន​ ដោយសារតែ​សព្វថ្ងៃ​នេះ​ វិវឌ្ឍនភាព​ធ្វើ​ឱ្យ​យើង​គិតថា​ មាន​ជម្រើស​ដែល​ល្អ​ជាង​ជានិច្ច​ហ្នឹងឯង​ ដូច្នេះហើយ​ទើប​ផ្នត់គំនិត​រឿង​គូព្រេង​ក្លាយជា​បច្ច័យ​ដែល​មានកម្រិត​ដែល​ធ្វើ​ឱ្យ​ពួកគេ​គិតថា​ ពួកគេ​នឹង​បានអ្វី​គ្រប់យ៉ាង​ពី​មនុស្សម្នាក់​ទៀត​”។ “ការពិត​គឺ​ មនុស្ស​ដែល​ត្រូវចិត្ត​សម្រាប់​អ្នក​ នឹងជា​មនុស្ស​ឥត​ខ្ចោះ​ដែល​មិន​ឥត​ខ្ចោះ​ ខ្ញុំ​ជឿ​ថា​ មនុស្សយើង​អាច​មាន​គូព្រេង​បាន​ច្រើន​នាក់​ សុំ​ត្រឹមតែ​មានការ​យល់ចិត្ត​ដូចគ្នា​ ក៏​គ្រប់គ្រាន់​ហើយ​”។

ធី​ណា​ ថេ​សស៊ី​ណា​ អ្នក​ចិត្តវិទ្យា​ និង​ជា​អ្នកនិពន្ធ​រឿង​ Dr​. Romance’s​ Guide​ to​ Finding​ Love​ Today
​ជួនកាល​មនុស្សយើង​ក៏​យល់​ខុស​រវាង​ភាព​រំភើបញាប់ញ័រ​ពេល​មាន​ស្នេហា​ថ្មី​ ជាមួយនឹង​អារម្មណ៍​ដែល​បាន​ចង​សម្ពន្ធ​ជាមួយ​គូព្រេង​… “មនុស្ស​ភាគច្រើន​គិតថា​ សារធាតុគីមី​ដែល​នៅក្នុង​ខ្លួនមនុស្ស​យើង​ត្រូវគ្នា​ គឺជា​ស្នេហា​ពិត​ ចំណែក​សារធាតុគីមី​ដែល​មិន​ត្រូវគ្នា​ មិនមែន​សេចក្ដីស្នេហា​ទេ​ តែ​យើង​មិនដឹង​ថា​ បែប​ណា​គឺ​បែប​ណា​ឱ្យ​ប្រាកដ​ទេ​។ ញឹកញាប់​ណាស់​ដែល​អ្នក​ភ្លាត់ភ្លាំង​ គ្រាន់តែ​ដោយសារ​បណ្ដោយ​ឱ្យ​សារធាតុគីមី​នាំ​ផ្លូវ​ទៅ​ដោយ​មិន​រិះគិត​ឱ្យ​បាន​ល្អិតល្អន់​ ផ្ទុយទៅវិញ​សម្ពន្ធភាព​អស់មួយជីវិត​ ក៏អាច​ចាប់ផ្ដើម​បាន​ដោយ​គ្មាន​រឿង​សារធាតុគីមី​ចូល​មក​ពាក់ព័ន្ធ​ដែរ​”។“បើ​អ្នក​រវល់​តែ​ Focus​ ថា​ ខ្លួនឯង​រំភើប​ ឬមិន​រំភើប​ជាមួយ​មនុស្សម្នាក់​នោះ​ខ្លាំង​ជ្រុល​ពេក​ អ្នក​ក៏អាច​អស់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​សម្ពន្ធភាព​ដែល​ថា​នោះ​តទៅទៀត​បាន​ដែរ​”។

ហួន​ អូ​លមី​ដូ​ អ្នក​ចិត្តវិទ្យា
ការ​ចង​សម្ពន្ធ​ជាមួយ​គូព្រេង​ គឺ​ការ​តាម​រក​មនុស្ស​ដែល​មើល​ឃើញ​អ្នក​ និង​ស្រឡាញ់​អ្នក​ក្នុង​បែប​ដែល​ជា​រូប​អ្នក​ពិ​តៗ​… “អ្នក​គួរ​ដឹង​ថា​ “ចិត្តគំនិត​” គឺ​ការចែក​រំលែក​ខ្លួនឯង​ជាមួយ​មនុស្សម្នាក់​ទៀត​ ដែល​រួម​ទាំង​ “រូបកាយ​ដែល​ពិតប្រាកដ​ និង​ល្អ​បំផុត​របស់​អ្នក​” ផង​ដែរ​។ ឧទាហរណ៍​ដូចជា​ អ្វី​ដែល​អ្នក​ត្រូវការ​ពី​មនុស្ស​ម្ខាងទៀត​គឺ​ គុណ​សម្បត្តិ​ផ្សេង​ៗ ដូចជា​ចង​សម្ពន្ធភាព​ សុវត្ថិភាព​ និង​ការ​ជឿចិត្ត​ជាដើម​”៕

Advertisement