8វិធី​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​

ក្លិន​មាត់​បាន​សាង​នូវ​ភាព​លែង​ជឿជាក់​លើ​ខ្លួនឯង​ចំពោះ​សាមីខ្លួន​យ៉ាង​ខ្លាំង​ ទោះជា​ខំ​ថែរក្សា​ព្យាបាល​ប្រអប់មាត់​ និង​ធ្មេញ​ល្អល្អះ​ប៉ុនណា​ក្ដី​ តែ​ជួនកាល​ក៏​នៅតែ​មាន​ក្លិន​មាត់​សាយភាយ​ចេញ​មក​បែប​មិនដឹង​ខ្លួន​ដែរ​ ដូច្នេះ​ពេលនេះ​ យើង​នាំគ្នា​មក​ដឹងពី​មូលហេតុ​ជាច្រើន​ប្រការ​ដែល​ធ្វើ​ឱ្យ​កើត​ក្លិន​មាត់​ និង​វិធី​កម្ចាត់​ក្លិន​មាត់​ឱ្យ​បាន​លទ្ធផល​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​មក​ដូច​ខាងក្រោម​នេះ​…។

មូលហេតុ​របស់​ការ​កើតមាន​ក្លិន​មាត់​
ក្លិន​មាត់​ មាន​មូលហេតុ​មក​ពី​ច្រើន​រឿង​ណាស់​ តាំងពី​ការ​ញ៉ាំ​កាហ្វេ​ និង​ស្រា​ ការ​ទទួលទាន​អាហារ​ដែល​ប្រកបដោយ​ខ្ទឹមបារាំង​ ខ្ទឹមក្រហម​ ខ្ទឹមស​ និង​គ្រឿងទេស​ជាដើម​ តែ​មូលហេតុ​ចម្បង​វិញ​ បណ្ដាលមកពី​ការ​ដុស​សម្អាត​ធ្មេញ​មិនបាន​ស្អាត​ ធ្វើ​ឱ្យ​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ទៅ​រំលាយ​កម្ទេចកម្ទី​អាហារ​ដែល​នៅ​ជាប់​សេសសល់​ក្នុង​ប្រអប់មាត់​ និង​បំពង់ក​ ដែល​ក្រៅពី​នឹង​ធ្វើ​ឱ្យ​កើត​ក្លិនស្អុយ​ហើយ​ នៅ​បង្ក​ឱ្យ​មាន​បញ្ហា​ក្នុង​ប្រអប់មាត់​ទៀតផង​ ដូចជា​មាន​បន្ទះ​ផ្សិត​ពណ៌ស​ៗនៅ​លើ​អណ្ដាត​ និង​គល់​អណ្ដាត​ផ្នែក​ខាងក្នុង​ ពុក​ធ្មេញ​ ជំងឺ​រលាក​អញ្ចាញ​ដោយសារ​កំណក​អតិសុខុម​ប្រាណ​ និង​កំណកកំបោរ​ប្រមូល​សន្សំ​នៅ​តាម​មុខតំណ​របស់​អញ្ចាញ​ និង​ធ្មេញ​។ បើ​មិនបាន​ទទួលការ​ព្យាបាល​ទេ​ ជំងឺ​រលាក​អញ្ចាញធ្មេញ​នឹង​រីក​រាលដាល​ខ្លាំង​ឡើង​ ក្លាយជា​ជំងឺ​រលាក​ជុំវិញ​ធ្មេញ​ដែល​នឹង​បង្ក​ឱ្យ​មាន​ក្លិន​កាន់តែ​ស្អុយ​ខ្លាំង​ឡើង​។

មូលហេតុ​សំខាន់​ 1ប្រការ​ទៀត​របស់​ការ​កើតមាន​ក្លិន​មាត់​គឺ​ សភាវ​មាត់​ស្ងួត​ មាន​ទឹកមាត់​តិច​ ដែល​កើត​ពី​ការ​ញ៉ាំទឹក​មិនបាន​គ្រប់គ្រាន់​។ នៅពេល​មាន​ទឹកមាត់​តិច​ មេ​រោ​គផ្សេង​ៗជាច្រើន​នឹង​នៅ​សេសសល់​ក្នុង​ប្រអប់មាត់​ ធ្វើ​ឱ្យ​កើតមាន​ក្លិន​មិន​ប៉ងប្រាថ្នា​កាន់តែ​ច្រើនឡើង​។ ក្រៅពី​នេះ​ ក៏​មាន​មូលហេតុ​មក​ពី​ប្រព័ន្ធ​រំលាយអាហារ​ដែល​មាន​មេរោគ​បាក់តេរី​ប្រភេទ​មិនល្អ​ក្នុង​ក្រពះ​ និង​ពោះវៀនតូច​ដែល​បង្ក​ឱ្យ​កើត​អាការ​ឆ្អល់​ណែន​ក្នុង​ពោះ​ និង​ភើ​មាន​ក្លិនស្អុយ​ចេញ​មក​ រួម​ទាំង​អាការ​ទល់លាមក​ច្រើន​ៗថ្ងៃ​ ក៏​ធ្វើ​ឱ្យ​កើតមាន​ក្លិន​មាត់​មិនល្អ​បាន​ដែរ​។

វិធី​កម្ចាត់​ក្លិន​ក្នុង​ប្រអប់មាត់
​អាច​ប្រើ​វិធី​ណាមួយ​ ឬប្រើ​រួម​ទាំងអស់​ក៏បាន​…

1. ប្រើ​ម្សៅ​បេ​កឃីង​សូ​ដា​
វិធី​នេះ​នឹង​ជួយ​សម្លាប់​មេរោគ​បាក់តេរី​ខាងក្នុង​មាត់​ អាច​ធ្វើ​បាន​ដោយ​ការ​លាយ​ម្សៅ​បេ​កឃីង​សូ​ដា​(អាច​រក​ទិញ​បាន​នៅក្នុង​ផ្សារ​ទំនើប​) កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុងទឹក​ 1កែវ​ ហើយ​ខ្ពុរ​ក្នុង​មាត់​រយៈពេល30វិនាទី​ រួច​ខ្ជាក់​ចេញ​។

2. ប្រើ​ប្រទាល​កន្ទុយក្រពើ
​ប្រទាល​កន្ទុយក្រពើ​ ក្រៅពី​មានគុណ​សម្បត្តិ​ក្នុង​ការ​ព្យាបាល​មុខ​របួស​រលាកភ្លើង​ ឬទឹក​ក្ដៅ​ហើយ​ វា​ក៏​មានគុណ​សម្បត្តិ​ក្នុង​ការ​បំបាត់​ក្លិន​មាត់​បាន​ដោយ​ការកាត់បន្ថយ​បរិមាណ​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ និង​ជួយ​បង្កើន​បរិមាណ​ទឹកមាត់​។ វិ​ធី​ងាយ​ៗ គឺ​គ្រាន់តែ​ខ្ពុរមាត់​ដោយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ 1ថ្ងៃ​ 2ដង​ ព្រឹក​ និង​ល្ងាច​។

3. ញ៉ាំទឹក​ឱ្យ​បាន​គ្រប់គ្រាន់
​ការ​ញ៉ាំទឹក​តិច​ នឹង​ធ្វើ​ឱ្យ​លំហូរ​វិល​របស់​ទឹកមាត់​មាន​តិច​ និង​នាំ​ឆ្ពោះទៅ​រក​ការ​មាន​ក្លិន​មាត់​មិនល្អ​។ ក្នុង​ 1ថ្ងៃ​ គួរ​ញ៉ាំទឹក​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​បង្កើន​លំហូរ​វិល​របស់​ទឹកមាត់​នៅក្នុង​ប្រអប់មាត់​។

4. ញ៉ាំ​ស្រា​ទំ​ពាំ​បាយជូរ​ក្រហម​ 1ថ្ងៃ​ 1កែវ​
តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ការ​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​ក្រហម​ 1ថ្ងៃ​ 1កែវ​ នឹង​ជួយ​កាត់បន្ថយ​ការ​រីកចម្រើន​របស់​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ តែ​ទាំងអស់​នេះ​ ដើម្បី​ការពារ​ពណ៌​របស់​ស្រាក្រហម​ប្រឡាក់​ជាប់​ធ្មេញ​ គួរ​ដុស​សម្អាត​ធ្មេញ​ ឬខ្ពុរមាត់​ក្រោយពេល​ញ៉ាំ​ស្រា​នេះ​រួច​។

5. ទទួលទាន​បន្លែ​ និង​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិកា​កសរសៃ​
ការ​ទំពា​បន្លែ​ ឬផ្លែឈើ​ដែល​សម្បូរទៅដោយ​កាក​សរសៃ​អាហារ​ ដូចជា​ ស្ពៃក្ដោប​ សាលាដ​ ការ៉ុត​ ឃឹន​ឆាយ​ ផ្លែ​ប៉ោម​ និង​ផ្លែ​ត្របែក​ ក្រៅ​-ពី​បាន​សាង​នូវ​ភាព​ស្រស់ថ្លា​ដល់ពេល​ហូប​អាហារ​ហើយ​ ការ​ទំពា​បន្លែ​ និង​ផ្លែឈើ​ទាំងនោះ​ នឹង​ជួយ​លាង​ជម្រះ​វត្ថុ​កខ្វក់​នៅក្នុង​មាត់​ និង​បន្ថែម​ការ​បញ្ចេញ​ទឹកមាត់​ទៀតផង​។

6. ទទួលទាន​ក្រូចឆ្មារ​ និង​ផ្លែ​បួយ​ត្រាំ
​ផ្លែក្រូច​ឆ្មារ​ និង​ផ្លែ​បួយ​ត្រាំ​មាន​អាស៊ីត​អតិសុខុម​ប្រាណ​ដែល​ជួយ​បង្កើន​ការ​បញ្ចេញ​ទឹកមាត់​ និង​បង្កើន​ការ​រំលាយ​របស់​ប្រូ​តេ​អុី​នដែល​ជា​ប្រភព​ធ្វើ​ឱ្យ​កើត​ក្លិនអាក្រក់​ក្នុង​មាត់​ និង​ថែមទាំង​ជួយការ​ពារ​មិន​ឱ្យ​កម្ទេច​អាហារ​ដែល​ជាប់​នៅក្នុង​កន្លៀត​ធ្មេញ​រលួយ​ស្អុយ​ក្នុងករណី​ដែល​មិនបាន​ដុស​សម្អាត​ធ្មេញ​ក្រោយពេល​បាយ​បា​នភ្លាមៗ​។

7. ញ៉ាំទឹក​តែ​
ទឹកតែ​ភាគច្រើន​ប្រកបដោយ​សារធាតុ​ ហ្វ្លា​វ៉ូ​ណយដ៍​ ដែល​មាន​ឫទ្ធិ​ក្នុង​ការកាត់បន្ថយ​ក្លិន​មាត់​ និង​ជួយ​កម្ចាត់​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​។ វិធីការ​ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​ជួយ​កាត់បន្ថយ​ក្លិន​មាត់​បាន​ល្អ​បំផុត​ គឺ​ការ​ញ៉ាំទឹក​តែ​ក្រោយពេល​បាយ​រួច​។

8. ទទួលទាន​យ៉ា​អួ​(ទឹកដោះគោ​ជូរ​)ជាប្រចាំ​
មួយ​ក្នុងចំណោម​មូលហេតុ​សំខាន់​របស់​ក្លិន​មាត់​ គឺ​ការ​មាន​មេរោគ​បាក់តេរី​ច្រើនលើស​នៅក្នុង​ក្រពះ​ និង​ពោះវៀនតូច​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​ខុសប្រក្រតី​។ ការ​ទទួលទាន​យ៉ា​អួ​ជាប្រចាំ​ នឹង​ជួយ​កែសម្រួល​ប្រព័ន្ធ​ទូទៅ​ក្នុង​ពោះវៀន​ឱ្យ​ល្អ​ឡើង​ ហើយ​មានការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ការ​ទទួលទាន​យ៉ា​អួ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ 1ថ្ងៃ​ 1ពែង​ នឹង​ជួយ​បន្ថយ​បរិមាណ​សារធាតុ​ដែល​ធ្វើ​ឱ្យ​កើត​ក្លិនស្អុយ​ក្នុង​មាត់​ ដូចជា​ ហៃ​ដ្រូ​ចេ​នសាល់​ហ្វៃ​ដ៍​ បាន​ទៀតផង​។

បើសិនជា​បាន​ដុស​សម្អាត​ធ្មេញ​ និង​មើលថែ​ទាំ​សុខភាព​ប្រអប់មាត់​បាន​ល្អ​ហើយ​ តែ​ក៏​នៅតែ​មាន​អារម្មណ៍​ថា​ នៅតែ​មាន​ក្លិន​មាត់​មិនល្អ​ទៀត​នោះ​ ចូរ​សាកល្បង​ប្រើ​វិធី​ណាមួយ​ដូច​ខាងលើ​-លមើល​ក៏បាន​៕

Advertisement