សុខភាព​ស្រស់ថ្លា​… ដោយសារ​ផ្កា​ស្រស់​

បុប្ផា​ស្រស់​ៗជា​វត្ថុជា​ទីស្រឡាញ់​របស់​មនុស្សជា​ច្រើន​ ក្រៅពី​ភាព​ស្រស់​ស្អាត​ហើយ​ ផ្កា​ស្រស់​នៅ​អាច​ជួយ​ធ្វើ​ឱ្យ​សុខភាព​អ្នក​កាន់តែ​ល្អ​ប្រសើរ​ឡើង​បាន​ទៀតផង​… តើមាន​ផ្កា​អ្វីខ្លះ​ និង​ពណ៌​អ្វីខ្លះ​ដែល​ជួយ​ដល់​សុខភាព​ទាំង​កាយ​ និង​ចិត្ត​របស់​មនុស្ស​ខ្លះ​? សូម​ប្រិយមិត្ត​អ្នកអាន​តាមដាន​ជាមួយនឹង​អត្ត​បទ​ខាងក្រោម​នេះ​ទាំងអស់គ្នា​ដូចតទៅ​ ៖

ផ្កា​ពណ៌ក្រហម​ ស ផ្កាឈូក​… ផ្កា​កុលាប​
ទោះជា​មាន​បន្លា​មុត​ស្រួច​មែន​ តែ​កុលាប​ក៏​មាន​ពណ៌​ស្រស់​ស្អាត​ជាច្រើន​ដែរ​ ទាំង​ពណ៌ក្រហម​ ស ផ្កាឈូក​ និង​ពណ៍​លឿង​ទៀតផង​ ដែល​ផ្កា​កុលាប​ពណ៌​នី​មួយ​ៗសុទ្ធតែ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​មិន​ចេះ​ធុញទ្រាន់​ទាំងអស់​ ក្រៅពី​នេះ​ ក្លិន​របស់​កុលាប​នៅ​អាច​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​ភេទ​ស្រី​បាន​ទៀតផង​ ព្រោះ​ក្លិន​របស់​ផ្កា​កុលាប​មាន​ចំណែក​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស​ស្រី​ រួម​ទាំង​ជា​ចំណែក​ផ្សំ​មួយ​នៅក្នុង​គ្រឿងសម្អាង​ ដែល​ច្រើន​ឃើញ​មាននៅ​ក្នុង​គ្រី​មថែបំប៉ន​ស្បែក​ លុបបំបាត់​ស្លាកស្នាម​ ជួយ​ឱ្យ​ស្បែក​ឡើង​តឹង​ និង​ធ្វើ​ឱ្យ​សរសៃឈាម​រឹងមាំ​ទៀតផង​។

ផ្កា​ពណ៌ស​… ផ្កាម្លិះ​
ផ្កា​ពណ៌ស​បរិសុទ្ធ​ ផ្តល់​នូវ​អារម្មណ៍​ស្ងប់ស្ងាត់​ សប្បាយចិត្ត​ ក្លិនក្រអូប​ត្រជាក់​ ជួយ​ប្រឆាំង​អាការ​សោកសៅ​ ធ្វើ​ឱ្យ​ផ្លូវចិត្ត​រីករាយ​ស្រស់ស្រាយ​។ ក្រៅ​ពីនេះ​ ផ្កាម្លិះ​នៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការផលិត​ជា​ទឹកអប់​ដែល​ប្រកបដោយ​ក្លិនក្រអូប​រំ​-ជួល​ចិត្ត​ និង​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​ក្នុង​រូប​ភាពជា​ផលិតផល​បង្កើន​សម្រស់​សម្រាប់​មនុស្ស​ស្បែក​ស្ងួត​ទៀតផង​។

ផ្កា​ពណ៌ក្រហម​ ផ្កាឈូក​… ផ្កា​ជើ​រ៉ា​នៀម​ (Geranium​)
ពណ៌ក្រហម​ ពណ៌​ផ្កាឈូក​ ជួយ​បង្កើន​បរិយាកាស​ឱ្យ​ស្រស់ថ្លា​ និង​គួរ​ឱ្យ​ថ្នាក់ថ្នម​។ ទឹក​ប្រេង​ក្រអូប​ហើរ​តាម​ខ្យល់​ ដែល​ចម្រាញ់​ចេញពី​ក្លិន​ផ្កា​ ជើ​រ៉ា​នៀ​មនេះ​ មានគុណ​សម្បត្តិ​ជួយ​ធ្វើ​ឱ្យ​មនុស្ស​យើង​មាន​អារម្មណ៍​នឹងនរ​ ត្រជាក់​ និង​ជា​ចំណែក​ផ្សំ​សំខាន់​មួយ​ដែលគេ​តែងឃើញ​នៅក្នុង​សាប៊ូ​ ឡេ​ គ្រី​ម និង​ទឹកអប់​ទៀតផង​។ ផលិតផល​របស់​ផ្កា​ជើ​រ៉ា​នៀ​មនេះ​ ត្រូវ​នឹង​ស្បែក​មនុស្ស​ស្រី​គ្រប់​ប្រភេទ​។

ផ្កា​ពណ៌ស្វាយ​… ផ្កា​ឡា​វេន​ឌើរ៍​ (Lavender​)
គឺជា​ពណ៌ស្វាយ​មួយ​ដែល​មើលទៅ​មិន​សៅហ្មង​ តែ​បែរជា​ផ្តល់​នូវ​អា​រម្ម​ណ៍​សប្បាយ​ៗ និ​ងរ៉ូ​មែន​ទិ​កបន្តិច​ៗទៀតផង​។ ក្លិនក្រអូប​របស់​ផ្កា​ ឡា​វេន​ឌើរ៍​ ជួយ​ធ្វើ​ឱ្យ​ផ្លូវចិត្ត​នឹងនរ​ ស្ងប់​ត្រជាក់​ មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍​ និង​បន្ធូរ​អាការ​ឈឺក្បាល​ ជួយ​ឱ្យ​គេងលក់​ស្រួល​ និង​ត្រូវ​បាន​គេ​និយម​យក​ទៅ​ប្រើ​នៅក្នុង​ផលិតផល​រក្សា​សម្ផស្ស​ ជួយ​ឱ្យ​ស្បែក​នៅក្មេង​សខ្ចី​ និង​ថែមទាំង​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​ស្បែក​ និង​ជា​ថ្នាំ​ព្យាបាល​មុន​បាន​ទៀតផង​។

ផ្កា​ពណ៌លឿង​ទឹកមាស​… ផ្កាស្បៃរឿង​
ពណ៌លឿង​ច្រាល​ សម្លឹងឃើញ​ហើយ​ធ្វើ​ឱ្យ​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍​ថយ​ចុះ​ភ្លាម​តែម្ដង​។ សារធាតុ​ដែល​ចម្រាញ់​បាន​ពី​ផ្កាស្បៃរឿង​ (សារធាតុ​ ខា​លេន​ឌូ​ឡា​ Calendula​) ជួយ​កែ​បញ្ហា​ស្បែក​ ដូចជា​ ជំងឺ​រលាក​ស្បែក​ ស្លាកស្នាម​ និង​ស្បែក​ស្ងួត​ប្រេះ​ ជាដើម​។ ស្រទាប់ផ្កា​ស្បៃរឿង​អាច​ប្រើប្រាស់​ធ្វើជា​ថ្នាំ​លាង​ភ្នែក​ ហើយ​ក្លិន​ក្រអូប​ឈួល​របស់​វា​ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​ផ្ទះ​ស្រស់ថ្លា​ ប្រឆាំង​នឹង​ថាមពល​ដែល​ចេញពី​កុំព្យូទ័រ​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ និង​រាងកាយ​បាន​ទៀតផង​ ។

ផ្កា​ពណ៌លឿង​ស្រាល​… ផ្កា​ក្តាំងងា​
ស្រទាប់ផ្កា​មើលទៅ​ទន់​ម៉ដ្ឋខៃ​ គួរ​ឱ្យ​ស្រឡាញ់​ មាន​ពណ៌លឿង​ស្រាល​គួរ​ឱ្យ​គយគន់​។ ក្លិន​របស់​វា​ជួយ​ធ្វើ​ឱ្យ​រាងកាយ​ផលិត​សារធាតុ​ សេ​រ៉ូ​ថូ​និន​ (Serotonin​) ដែល​ជា​សារធាតុគីមី​ក្នុង​ខួរក្បាល​ដ៏​សំខាន់​បំផុត​ ធ្វើ​ឱ្យ​មាន​សេចក្តី​សុខ​ អារម្មណ៍​ស្ងប់ស្ងាត់​ មិន​វិលវល់​ បន្ធូរ​ភាព​នឿយ​ល្វើយ​ ជួយ​ឱ្យ​ខួរក្បាល​ធ្វើការ​បាន​ល្អ​ ការពារ​រោគ​ម៉ៃ​ក្រេ​ន និង​រោគ​ធុញថប់​បាន​។គ្រាន់តែ​ចេះ​ជ្រើសរើស​ប្រើ​ពណ៌​ស្អា​តៗ​ និង​ក្លិន​ក្រ​អូបៗ​របស់​ផ្កា​ស្រស់​ ក៏អាច​ជួយ​ឱ្យ​អ្នកនាង​កញ្ញា​ទាំងឡាយ​បាន​ធូរស្រាល​អារម្មណ៍​ និង​មាន​សុខភាព​ល្អ​ទាំង​កាយ​ និង​ចិត្តបាន​ដែរ​។

…ទាំង​ស្អាត​ ទាំង​ល្អ​បែបនេះ​ តើ​ឱ្យ​ទប់ចិត្ត​មិន​លង់​ស្នេហ៍​បុប្ផា​ទាំងនោះ​ម្ដេច​នឹង​បាន​ទៅ​…មែនទេ​មិត្ត​អ្នកអាន​?

Advertisement