ចង់ឱ្យ​គូស្នេហ៍​ស្តាប់​ពី​អ្វី​ដែល​អ្នក​ចង់និយាយ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ​?

November 19, 2019​ ម៉ោង 4:08 pm

សុភាពនារី​ទាំងឡាយ​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា​ ពេល​យើង​ចង់និយាយ​អ្វីមួយ​ជាមួយ​គូស្នេហ៍​ តែ​ហេតុម៉េច​បាន​ជា​គេ​ហាក់ដូចជា​មិនសូវ​ចង់​ស្តាប់​រឿង​ដែល​យើង​ចង់និយាយ​នោះ​ ឬធ្វើឫក​ជា​តាំងចិត្ត​ស្តាប់​ តែ​ការពិត​វិញ​ គេ​បែរជា​លួច​នឹក​ទៅ​រឿង​ឯណា​ផ្សេង​ទៅវិញ​ រហូត​ធ្វើ​ឱ្យ​នារី​ជាច្រើន​មាន​អារម្មណ៍​ធុញទ្រាន់​ និង​រអា​ចំពោះ​ទង្វើ​បែបនេះ​របស់​គូស្នេហ៍​ ឬស្វាមី​របស់​ខ្លួន​ជា​ខ្លាំង​។ បើ​សុភាពនារី​ណា​ម្នាក់​កំពុង​ធ្លាក់​ក្នុង​ស្ថានការណ៍​បែបនេះ​ សូមកុំ​អាល​ឆេវឆាវ​ និង​សូម​នាំគ្នា​មក​មើល​ពី​គន្លឹះ​ល្អ​ៗក្នុង​ការ​និយាយ​ឱ្យ​គូស្នេហ៍​ ឬស្វាមី​តាំងចិត្ត​ចង់​ស្តាប់​វិញ​ម្តង​ប្រសើរ​ជាង​។

1. និ​យាយ​ចំៗ​ត្រង់​ៗ
មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​បុ​រសៗ​មិនសូវ​ចូលចិត្ត​ស្តាប់​នា​រីៗ​និយាយ​នោះ​ គឺ​ព្រោះតែ​នា​រីៗ​ច្រើនតែ​និយាយ​កាច់កុង​ហូរហែ​បូរបាច់​ច្រើនពេក​ ឬអ្នកខ្លះ​ទៀត​និយាយ​ត្រឡប់​ត្រ​ឡឹ​នរ​ហូត​មិន​ដឹង​ថា​ចង់និយាយ​អំពី​ស្អី​ក៏មានដែរ​ ដូច្នេះ​បើ​អ្នក​មាន​អ្វី​នៅក្នុង​ចិត្ត​ គួរតែ​និយាយ​ចេញ​មក​ឱ្យ​ត្រង់​ៗ ឬនិយាយ​ចូល​សាច់រឿង​តែម្តង​ទៅ​ប្រសើរ​ជាង​។

2. និយាយ​តែ​រឿង​ដែលគេ​ (លោក​ប្ដី​) ចាប់អារម្មណ៍
​នារី​ភាគច្រើន​ ច្រើន​ចូលចិត្ត​និយាយ​តែ​រឿង​របស់​ខ្លួនឯង​ ឬមិន​ទេ​ ក៏​និយាយ​តែ​រឿង​ដែល​ខ្លួនឯង​ចាប់អារម្មណ៍​ ដូចជា​រឿង​តារា​(តួកុន​) ម៉ូដ​ខោអាវ​ និង​រឿង​តុបតែង​ខ្លួន​ ដែល​រឿង​ពួក​នេះ​ បុ​រសៗ​គេ​មិនសូវ​ជា​យល់​ប៉ុន្មាន​ទេ​ ខ្លាំង​ណាស់​ក៏បាន​ត្រឹមតែ​អង្គុយងក់​ក្បាល​តាម​សម្ដី​របស់​អ្នក​ប៉ុណ្ណោះ​ ដូច្នេះ​អ្នក​គួរតែ​បបួល​គេ​និយាយ​ក្នុង​រឿង​ដែលគេ​មាន​ជំនាញ​ និង​ចាប់អារម្មណ៍​ខ្លះ​វិញ​ប្រសើរ​ជាង​ ដូចជា​រឿង​តិ​ចណូ​ឡូ​ជី​ រឿង​ឡាន​ រឿង​ហ្គេម​ ឬរឿង​បាល់ទាត់​អី​ជាដើម​-ល- ហើយ​បើ​នារី​ណា​អាច​និយាយ​ និង​ជជែក​ពី​រឿង​ទាំងអស់​នេះ​បាន​ គឺជា​នារី​ដែល​មើលទៅ​មាន​មន្ត​ស្នេហ៍​ និង​គួរ​ឱ្យ​ជជែក​លេង​ជាមួយ​ខ្លាំង​ណាស់​(សម្រាប់​បុរស​)។

3. និយាយ​ឱ្យ​ត្រូវពេល​ត្រូវ​វេលា​
ជួនកាល​ដែល​បុរស​មិន​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​នោះ​ មិនមែន​មក​ពី​គេ​មិន​ចាប់អារម្មណ៍​នោះ​ទេ​ តែ​អាច​ដោយសារតែ​ពេលនោះ​គេ​កំពុង​តែ​មានរឿង​ពិបាកចិត្ត​ ឬស្ថិតនៅ​ក្នុង​អារម្មណ៍​ដែល​ចង់​នៅ​ស្ងាត់​ៗតែម្នាក់ឯង​ ដូច្នេះ​បើ​អ្នក​ត្រូវការ​ពិភាក្សា​ និង​ជជែក​ជាមួយ​គេ​បែប​ច្បាស់លាស់​នោះ​ អ្នក​គួរតែ​ចេះ​ជ្រើសរើស​រក​ពេលវេលា​ណា​ដែលគេ​កំពុង​ស្ថិត​ក្នុង​អារម្មណ៍​ធម្មតា​ ទើប​ជា​ការ​ប្រសើរ​ជាង​ ព្រោះ​វា​ជា​ពេល​ដែលគេ​ព្រម​ទទួល​ និង​តាំងចិត្ត​ស្តាប់​អ្នក​ខ្លាំង​បំផុត​។

4. អធិប្បាយ​ពី​ហេតុផល​
ក្នុងករណី​ដែលគេ​មិន​ចាប់អារម្មណ៍​ ឬមិន​ព្រម​ទទួល​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​ អ្នក​គួរ​តែ​អធិប្បាយ​ ឬសម្តែង​ពី​អារម្មណ៍​របស់​អ្នក​ចេញ​ទៅ​ថា​ ពេលនេះ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ ឬកំពុងតែ​គិត​ពី​អ្វី​ ដូចជា​កំពុង​មាន​អារម្មណ៍​ព្រួយ​កង្វល់​សោក​ស្តាយ​ ឬព្រួយបារម្ភ​អំពី​គេ​ខ្លាំង​ប៉ុនណា​ ហើយ​សឹម​និយាយ​ចូល​សាច់រឿង​ ដើម្បី​ឱ្យ​គេ​បាន​យល់​ពី​អារម្មណ៍​ និង​បើក​ចិត្ត​ទទួល​ស្តាប់​ពាក្យ​រ៉ាយរ៉ាប់​របស់​អ្នក​កាន់តែ​ខ្លាំង​ឡើង​។

5. អរគុណ​ដែលគេ​ព្រម​ទទួល​ស្តាប់​អ្នក​
មើលទៅ​វា​អាច​ដូចជា​រឿង​ចម្លែក​បន្តិច​ហើយ​ដែល​ត្រូវ​អរគុណ​គូស្នេហ៍​ ឬស្វាមី​ បន្ទាប់ពី​គេ​ព្រម​ទទួល​ស្តាប់​រឿងរ៉ាវ​របស់​អ្នកនោះ​ តែ​នៅក្នុង​ការ​ពិត​វិញ​ រឿង​តូចតាច​កំប៉ិកកំប៉ុក​បែបនេះ​អាច​ជួយ​ឱ្យ​គេ​មាន​អារម្មណ៍ល្អ​ និង​ថែមទាំង​ជា​ការ​សម្តែង​ឱ្យ​គេ​បានដឹង​ដែរ​ថា​ គេ​មិនមែន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ទម្លាយ​អារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះទេ​ តែ​គេ​គឺជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​របស់​អ្នក​ដែល​ចាំ​ផ្តល់​នូវ​ពាក្យណែនាំ​ និង​ជា​អ្នក​ដែល​ចាំ​ផ្តល់​នូវ​កម្លាំងចិត្ត​ដល់​អ្នកជា​និច្ច​ទៀតផង​។សូម​សាកល្បង​នាំ​យក​វិធី​ខាងលើ​នេះ​ទៅ​អនុវត្ត​សាក​លមើល​ ធានា​ថា​ ចាប់ពី​ពេលនេះ​ទៅ​ ជីវិត​គូ​របស់​អ្នក​នឹង​ប្រកប​ទៅ​ដោយ​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា​ រស់នៅ​ដោយ​ភាព​ជឿជាក់​លើ​គ្នា​ទៅវិញទៅមក​ និង​មិន​អាច​អត់​គ្នា​បាន​ ប្រកបដោយ​សុភមង្គល​មិនខាន​៕